២០១៥
« ខ្ញុំ​បាន​ប្តេជ្ញាចិត្ត​ចំពោះ​ព្រះ »
December 2015


« ខ្ញុំ​បាន ប្តេជ្ញា​ចិត្ត ចំពោះ​ព្រះ »

សាសនាចក្រ​ត្រូវបាន​បង្កើត​ឡើង​នៅក្នុង ហ្គោយ៉ា​ខាណា អេក្វាឌ័រ ដោយ​សារ​មាន​ការខិតខំ​ដ៏​ខ្លាំង​ពី វើរជីលីអូ ស៊ីម៉ារ៉ុន ដែល​បាន​ធ្វើការសម្រេច​ចិត្ត​ដ៏​លំបាក​ដើម្បី​បន្ត​ស្មោះត្រង់​ចំពោះ​ទីបន្ទាល់​របស់​លោក ។

Group of people in the Guayacana, Ecuador Branch

រចនាលម្អរូបភាពនៃអ្នក​និពន្ធ

វើរជីលីអូ ស៊ីម៉ារ៉ុន សាលាស្សា គឺ​ជា​អ្នក​ដឹកនាំ​ម្នាក់​ក្នុង​តំបន់ ឆាឈី​ដែល​ជា​សហគមន៍​កំណើត​របស់​លោក​នៅ​ប្រទេស អេក្វាឌ័រ ភាគខាង​ជើង ។ មក​ដល់​សព្វថ្ងៃ​នេះ តំបន់​ឆាឈី រក្សា​របៀប​ពិសេស​នៃ​ជីវិត​របស់​ពួកគេ ព្រមទាំង​ប្រព័ន្ធ​យុត្តិធម៌​ផ្ទាល់​របស់​ពួកគេ​ជាមួយ​នឹង​ក្រុមប្រឹក្សា​ឃុំ អភិបាល និង តុលាការ ។ ជាទូទៅ តួនាទី​នៃ​ថ្នាក់ដឹកនាំ​ទាំង​នេះ​គឺ​ជា​មុខងារ​ដ៏​មាន​កិត្តិយស ដល់​ក្រុមគ្រួសារ​ដែល​បន្តកាន់តំណែង​ជាច្រើន​ជំនាន់ ហើយ​ដែល​ត្រូវបាន​ស្ថាបនា​ឡើង​លើ​គោលការណ៍​ដ៏​ស៊ីជម្រៅ​មួយ​នៃ​ការគោរព និង ការកោតសរសើរ​ពី​សហគមន៍ ។ ការគោរព​ដល់​មុខតំណែង​គឺ​ជា​ទំនុកចិត្ត​មួយ​ដែលត្រូវ​យកចិត្ត​ទុកដាក់ ហើយ​បន្ត​ទៅដល់​ជំនាន់​ក្រោយៗ​ទៀត ។

ប៉ុន្តែ​ផែនការ​របស់​វើរជីលីអូ ស៊ីម៉ារ៉ុន សម្រាប់​ជីវិត​របស់​គាត់​ត្រូវបាន​ផ្លាស់ប្តូរ​នៅ​ឆ្នាំ ១៩៩៦ នៅពេល​កូនប្រុស​របស់​គាត់ វិលសុន បាន​ត្រឡប់​ពី​ការសិក្សា​នៅ គ្វីនីនដេ ដោយ​មាន​ព្រះគម្ពីរ​មរមន ព្រមទាំង​ទីបន្ទាល់​ដ៏​រឹងមាំ​អំពី​សាសនាថ្មី​របស់​គាត់ ។ ពោរពេញ​ដោយ​សេចក្តីជំនឿ និង ការរំភើប​របស់​មនុស្ស​ម្នាក់​ដែល​បាន​រកឃើញ​សេចក្តីពិត វិលសុន បាន​ចែកចាយ​សារលិខិត​នៃ​ដំណឹង​ល្អ​ជាមួយ​គ្រួសារ​ខ្លួន ហើយ​ពួកគេ​បាន​ជ្រមុជទឹក​ភ្លាម​នៅក្នុង​ទឹក​ទន្លេ កាណានដេ ។

នៅពេល ស៊ីម៉ារ៉ុន​បាន​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​មិត្តភក្ដិ និង​អ្នក​ជិតខាង​នៅ​តំបន់ ឆាឈី​នោះ​បណ្តាល​ឲ្យ​មាន​ជម្លោះ​ដ៏​ខ្លាំងក្លា​មួយ​បាន​កើត​មាន​ឡើង ។ មនុស្ស​នៅក្នុង​តំបន់ ឆាឈី​នោះ​មាន​អារម្មណ៍​ថា ជំនឿ​របស់​វើរជីលីអូ ស៊ីម៉ារ៉ុន បាន​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​ជន​មាន​ជំនឿ​ក្លែងក្លាយ ហើយ​ថែមទាំង​គិត​ចង់​ធ្វើ​បាប​លោក​ទៀត​ផង ។ មនុស្ស​ផ្សេង​ទៀត​យល់​ថា ក្នុង​នាម​ជា​អភិបាល​ម្នាក់ លោក​ពុំ​គួរ​ចូលរួម​ក្នុង​ជំនឿ​សាសនា​ថ្មី​ដែល​អាច​ធ្វើ​ឲ្យ​ប្រជាជន​មាន​ការ​បែងចែក​បក្សពួក​ឡើយ ។ ដោយសារ​កង្វល់​នេះ នោះពួកគេ​បាន​យក​គាត់​ទៅ​ជំនុំជម្រះ​នឹង​ក្រុមប្រឹក្សា​ឃុំ ។ វា​គឺ​ជា​បទពិសោធន៍​មួយ​ដ៏​លំបាក​បំផុត​នៅក្នុង​ជីវិត​របស់ វើរជីលីអូ ។

វិលសុន​បាន​និយាយ​ពី​អ្វី​ដែល​បាន​កើត​ឡើង ៖ « ក្រុមប្រឹក្សា​ទាំង​មូល បាន​ប្រាប់​ឪពុក​ខ្ញុំ​ថា ‹ អ្នក​នឹង​នៅតែ​បន្ត​ធ្វើ​ជា​អភិបាល​របស់​យើង​ទៀត បើសិន​អ្នក​បោះបង់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នោះ​ចោល អ្នក​ត្រូវតែ​ដកពាក្យ​សម្តី​របស់​អ្នក​វិញ​ទៅ › ។ ឪពុក​របស់​ខ្ញុំ​បាន​និយាយ​ថា ‹ ខ្ញុំ​បាន​ប្តេជ្ញាចិត្ត​ចំពោះ​ព្រះ ហើយ​នៅពេល​មនុស្ស​ម្នាក់​បាន​ធ្វើ​ការតាំងចិត្ត​ចំពោះ​ព្រះ នោះ​ការតាំងចិត្ត​នោះ​ពុំ​អាច​ប្រែក្រឡាស់​វិញ​បាន​ទេ ។ ខ្ញុំ​ពុំ​អាច​បោះបង់​សាសនាចក្រ​ចោល​បាន​ឡើយ ។ បើសិន​អ្នក​គិត​ថា​ខ្ញុំ​គឺ​ជា​អភិបាល​ម្នាក់​ដែល​បាន​ធ្វើឲ្យ​ប្រជាជន ឆាឈី​បាក់បែក​គ្នា​នោះ ឱ បងប្អូន​ទាំងអស់​របស់​ខ្ញុំ​អើយ សូម​បងប្អូន​ជ្រើសរើស​មនុស្ស​ម្នាក់​ទៀត​ជំនួស​តំណែង​ខ្ញុំ​ក្នុង​ថ្ងៃ​នេះ​ចុះ › ។ បន្ទាប់មក​ខ្ញុំ​បាន​ឃើញ​ឪពុក​ខ្ញុំ​យំ ។ ក្រុមប្រឹក្សា​នោះ​នៅ​ស្ងៀម​ឈឹង​អស់​ពេល​ជាង​ប្រាំ​នាទី — ដោយ​គ្មាន​នរណា​ម្នាក់​និយាយ​អ្វី​ឡើយ ។ បន្ទាប់មក​មាន​ម្នាក់​បាន​និយាយ​ថា ‹ អញ្ចឹង​សូម​លោក​អភិបាល ដើរចេញ​ទៅ › ។ ឪពុក​ខ្ញុំ​បាន​ក្រោក​ឈរ​ឡើង​យឺតៗ ទាំង​ម្តាយ បងស្រី​ខ្ញុំ និង ខ្ញុំ​បាន​ដើរចេញ​ទៅ ហើយ​ចាកចេញ​ពីក្រុមប្រឹក្សា​នោះ » ។

បន្ទាប់​ពី​បងប្រុស ស៊ីម៉ារ៉ុន​ត្រូវបាន​ដកហូត​ចេញ​ពី​តំណែង​របស់​ខ្លួន​មក នោះ​មាន​ការលំបាក​ជាច្រើន​បាន​ធ្លាក់​មក​លើ​គ្រួសារ​លោក ។ ដោយ​មាន​អារម្មណ៍​ពី​ការមិនចូលចិត្ត​ពី​មនុស្ស​ជា​ច្រើន ដែល​ធ្លាប់​តែ​គោរព​ពួកគេ នោះ​ក្រុមគ្រួសារ​នេះ​បាន​បែរ​ទៅរក​សេចក្តីជំនឿ​ដែល​ពួកគេ​បាន​ទទួល​យក និង ផ្សព្វផ្សាយ​ដំណឹងល្អ​ដោយ​ការតាំងចិត្ត​ដ៏​មុតមាំ ។ ប្រធានស្តេក​របស់​ពួកគេ អូម៉ា អ៊ីនត្រាយអាហ្គោ សេសា ពន្យល់ ៖ « ពួកគេ​បាន​ចាប់ផ្តើម​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ពី​ផ្ទះមួយ​ទៅ​ផ្ទះ​មួយ​ទៀត ដល់​គ្រួសារ​និមួយៗ​ក្នុង​សហគមន៍​នេះ ។ សាខា ហ្គោយ៉ា​ខាណាណ បាន​ចាប់ផ្តើម​ជាមួយ​នឹង វើរជីលីអូ ស៊ីម៉ារ៉ុន និង កូនប្រុស​របស់​លោក​ឈ្មោះ វិលសុន ។ សាសនាចក្រ​ត្រូវបាន​ស្ថាបនា​ឡើង​ដោយសារ​តែ​សេចក្តី​ជំនឿ កម្លាំង និង ទីបន្ទាល់​របស់​លោក » ។

Baptism at the Canandé River

គ្រាន់តែ​រយៈពេល​ពីរបី​ឆ្នាំ​ប៉ុណ្ណោះ កិច្ចខិតខំ​របស់​គ្រួសារ ស៊ីម៉ារ៉ុន បាន​ទទួល​ផ្លែផ្កា​យ៉ាង​អស្ចារ្យ ។ នៅថ្ងៃ​ទី ៣០ ខែ ឧសភា ឆ្នាំ ១៩៩៩ គឺ​ជា​ថ្ងៃ​ប្រារព្ធ​ពីធី​បុណ្យ​ជ្រមុជទឹក​ដ៏​ធំ​មួយ​នៅ​ហ្គោយ៉ា​ខាណា ។ ប្រធាន អ៊ីនត្រាយអាហ្គោ បាន​ប្រាប់​ថា « យើង​បាន​ទៅ​ដល់​ទីនោះ​ជាមួយ​ប្រធាន​បេសកកម្ម រ៉ូប៊ើតូ ហ្គាសៀ ហើយ​យើង​ទាំងពីរ​នាក់​បាន​ចូលរួម​នៅក្នុង​ថ្ងៃ​ដ៏​រុងរឿង​នោះ ដែល​នៅ​លើ​ឆ្នេរ​នៃ​ទន្លេ កាណានដេ មាន​អ្នក​ផ្សព្វផ្សាយ​សាសនា​ពីរ​នាក់​ជ្រមុជទឹក​មនុស្ស​៦០​នាក់ ។ បន្ទាប់មក​ប្រធាន ហ្គាសៀ និង ខ្ញុំ​ឈរ​ម្ខាង​ម្នាក់​ធ្វើពិធីបព្ជាក់ដល់អស់​អ្នក​ដែល​បាន​ជ្រមុជទឹក​ហើយ​នោះ​ជា​សមាជិក​នៃ​សាសនាចក្រ ។ វា​គឺ​ជា​ឯកសិទ្ធិ​មួយ​ដែល​ខ្ញុំ​នឹង​មិន​អាច​បំភ្លេច​បាន​ក្នុង​មួយ​ជីវិត​របស់​ខ្ញុំ​ឡើយ » ។

ទោះបីជា វើរជីលីអូ បាន​បោះបង់​តំណែង​ជា​អភិបាល​របស់​លោក ដើម្បី​បន្ត​ស្មោះត្រង់​ចំពោះ​ទីបន្ទាល់​របស់​ខ្លួន​ក្តី ក៏​លោក​អាច​បន្ត​មរតក​មួយ​ផ្សេង​ទៀត​ដល់​ជំនាន់​ក្រោយៗ ៖ នោះ​គឺ​ការបម្រើ​មនុស្ស​ដោយ​ការស្ថាបនា​ដំណឹង​ល្អ​នៅក្នុង​ចំណោម​ពួកគេ ។ លោក​បាន​រស់នៅ​ឃើញ វិលសុន បម្រើ​បេសកកម្ម​ពេញ​ម៉ោង ហើយ​បន្ទាប់​មក​បាន​ត្រឡប់​មក​ហ្គោយ៉ា​ខាណា វិញ​រៀបការ​ជាមួយនឹង រុស ហើយ​មាន​កូន​ជា​ច្រើន​នាក់ ។ ជាច្រើន​ឆ្នាំ​ក្រោយមក វើរជីលីអូ បាន​ទទួល​មរណភាព​ទាំង​ភក្តីភាព​ចំពោះ​សាសនាចក្រ ។ ភរិយា​របស់​លោក លោក​ស្រី​ម៉ារៀ ជូណា អាប៉ា បាន​រស់នៅ​ឃើញ​ការហៅ​បម្រើ​របស់​កូនប្រុស​ខ្លួន​នៅ​ឆ្នាំ ២០១៤ បម្រើ​ជា​ប្រធាន​សាខា​នៅ​ហ្គោយ៉ា​ខាណា ។

វិលសុន ដឹង​យ៉ាង​ច្បាស់​ពីកេរមរតក​ដែល​ឪពុក​របស់​ខ្លួន​ចង់​ឲ្យ​លោក​មាន​ជានិច្ច ។ លោក​និយាយ​ថា « ជីដូនជីតា​របស់​ខ្ញុំ​សុទ្ធតែ​ធ្លាប់​ធ្វើ​ជា​អភិបាល មេបញ្ជាការ​ទាហាន ពលទ័ព​ដ៏​ខ្លាំង » ។ « ខ្ញុំ​មាន​អារម្មណ៍​ថា​លក្ខណៈ​ដែល​ជីដូនជីតា​ទាំងអស់​របស់​ខ្ញុំ​មាន គឺ​វា​នៅតែ​មាន​នៅក្នុង​ខ្លួន​ខ្ញុំ ។ ឥឡូវនេះ ខ្ញុំ​ជា​សមាជិក​សាសនាចក្រ​ម្នាក់ ភាពរឹងមាំ​ទាំងអស់​នោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ក្លាយ​ជា​ទាហាន​ដ៏​ល្អ​ម្នាក់​របស់​ព្រះ​យេស៊ូវគ្រីស្ទ » ។

Wilson and Ruth Simarrón Salazar in Guayacana, Ecuador Wilson is the son of Virgilio Salazar.

ខាងលើ ៖ អ្នក​ដឹកនាំ​ជំនាន់​ថ្មី រុស និង វិលសុន ស៊ីម៉ារ៉ុន​នៃ​សាខា ហ្គោយ៉ា​ខាណា ( ជាមួយ​សមាជិក​សាខា​នៅ​ខាង​ឆ្វេងដៃ ) ។