២០១៥
ខ្សែ​នៃ​ការបូជា
December 2015


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ខ្សែ​នៃ​ការបូជា

ខេនដាយ អេ ហ្គ្រូវើរ អៃដាហូ ស.រ.អា.

illustration of a dress and gift packages

រូបគំនូរដោយ អេលែន ហ្គាន

មាន​បុណ្យ​គ្រីស្ទម៉ាស់​មួយ​កាល​ពីប៉ុន្មាន​ឆ្នាំ​មុន ដែល​ធ្វើ​ឲ្យ​ខ្ញុំ​​មាន​បន្ទុក​ជាច្រើន ស្ទើរ​តែ​មិន​អាច​រីករាយ​បាន​នៅ​រដូវ​នោះ ។ ស្វាមី​របស់​ខ្ញុំ អែនឌី បាន​ក្អក​ខ្លាំងឡើងៗ​ដែល​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​វេជ្ជសាស្ត្រ​ភ្លាមៗ រហូតដល់​វាបាន​រាលដាល​ធ្វើ​ឲ្យ​សួត​ខូច វះកាត់ ត្រូវ​កែ​បំពង់​អាហារ​របស់​គាត់​ឡើង​វិញ និង​ច្រឹបសាច់​ទៅ​ពិសោធន៍ — « ដើម្បី​រក្សា​សុវត្ថិភាព » ។ ការវះកាត់​របស់​គាត់​បាន​ធ្វើ​ឡើង​មួយ​សប្តាហ៍​មុនពេល​យើង​បាន​ប្តូរ​ទីលំនៅ​ទៅ​ផ្ទះ​ថ្មី ។

ពីរបី​សប្តាហ៍​មុន​បុណ្យ​គ្រីស្ទម៉ាស់ ខ្ញុំ​បាន​ទៅ​លេង​អ្នក​ជិតខាង​ខ្ញុំ​ម្នាក់​ឈ្មោះ ចានេត ។ គាត់​បាន​សួរ​ថា តើ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ទទួល​បុណ្យ​គ្រីស្ទម៉ាស់​ហើយ​ឬ​នៅ ។ ខ្ញុំ​បាន​ឆ្លើយ​ថា​ខ្ញុំ​បាន​ត្រៀម​ខ្លួន​តាម​ដែល​ខ្ញុំ​ត្រូវ​ត្រៀម​ហើយ ។ ខ្ញុំ​បាន​និយាយ​ថា​យើង​តែងតែ​ធ្វើ​នំ​ឃុកឃី​នៃ​បុណ្យ​គ្រីស្ទម៉ាស់​ជាមួយ​យាយ​របស់​ខ្ញុំ​ពីមុន​បុណ្យ​គ្រីស្ទម៉ាស់ ហើយ​ថា​ខ្ញុំ​ចង់​ដេរ​អៀម​មួយ​ចំនួន​សម្រាប់​កូនស្រីៗ ប៉ុន្តែ​ប្រហែល​ជា​មិន​បាន​ធ្វើ​វា​ឡើយ ។

មួយ​សប្តាហ៍​ក្រោយ​មក ខ្ញុំ​បាន​អង្គុយលើកៅអី​ដែល​ដាក់ត្រួតលើ​គ្នា​​នៅក្បែរ​ដើម​គ្រីស្ទម៉ាស់​របស់​យើង ។ កូនស្រីៗ​បាន​ចូល​ដេក​អស់​ហើយ ហើយ​អែនឌី​កំពុង​ធ្វើការ​នៅក្នុង​ការិយាល័យ​របស់​គាត់ នៅពេល​ខ្ញុំ​បាន​ឮ​កន្តឹង​ទ្វារ​រោទិ៍​ឡើង ។ ខ្ញុំ​បាន​បើក​ទ្វារ ហើយ​ឃើញ ចានេត​នៅ​មាត់​ទ្វារ​នោះ ដោយ​មាន​កាន់​អំណោយ​បី​កញ្ចប់​ក្នុង​ដៃ ខណៈ​ដែល​ព្រិល​កំពុង​ធ្លាក់​ពីក្រោយ​នាង ។

ខ្ញុំ​បាន​និយាយ​ថា « សូម​អញ្ជើញ​ចូលមក » ដោយ​ដឹង​ប្រាកដ​ថា​នាង​អាច​ឃើញ​ពី​ភាពភ្ញាក់ផ្អើល​របស់​ខ្ញុំ ។

នាង​បាន​និយាយ​ថា « អរគុណ ប៉ុន្តែ​ខ្ញុំ​ត្រូវត្រឡប់​ទៅវិញ​ហើយ » ។ « អំណោយ​នេះ​សម្រាប់​កូនស្រីៗ​របស់​អ្នក » ។

ចានេត​បាន​ហុច​កញ្ចប់​ទាំង​នោះ​ឲ្យ​ខ្ញុំ ។

នាង​បាន​និយាយ​ថា « នេះ​គឺ​ជា​អៀម » ។ « វា​មិន​សូវ​ស្អាត​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ទើប​ដេរ​វា​ហើយ​នៅ​យប់​នេះ »។

នៅពេល​ដ៏​ស្រទន់​នោះ ខ្ញុំ​បាន​និយាយ​ដោយ​រាបទាប​ថា សូម​អរគុណ ។ យើង​បាន​ឱប​គ្នា ហើយ​ខ្ញុំ​បាន​មើល​នាង​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

នៅពេល​ខ្ញុំ​អង្គុយ​នៅលើ​កៅអី​វិញ ខ្ញុំ​បាន​ស្រាយ​ខ្សែ​បូរ​បើក​កាដូ​មួយ​ដោយ​ប្រុងប្រយ័ត្ន ។ នៅពេល​ខ្ញុំ​បើក​វា​ខ្ញុំ​បាន​ឃើញ​អៀម ដែល​ដេរ​ដោយ​ផ្ទាល់​ដៃ​ដែល​ធ្វើ​ពី​ក្រណាត់​បុណ្យ​គ្រីស្ទម៉ាស់ ។ ខ្ញុំ​បានយក​ដៃ​ខ្ញុំ​ច្បូត​លើ​ស្នាម​ថ្នេរ​នៃ​អៀម​នោះ នៅពេល​ខ្ញុំ​បាន​គិត​ពី​ចានេត ។ នាង​មាន​កូន​តូច​បួន​នាក់ រួម​ទាំង​កូនភ្លោះ​ដែល​ទើប​តែ​មាន​អាយុ​ជាង​មួយ​ខួប ។ នាង​បង្រៀន​លេង​ព្យាណូ ហើយ​នាង​មាន​ការហៅបម្រើ​ដែល​រវល់ និង​សំខាន់​នៅក្នុង​វួដ​របស់​ខ្ញុំ ។

ខ្ញុំ​បាន​គិត​ពី​ពេល​ដែល​នាង​អាច​នឹង​មាន​ពេល​ដើម្បី​ដេរ​អៀម​ទាំង​នេះ ហើយ​ខ្ញុំ​បាន​ដឹង​ភ្លាម​ថា​នាង​គ្មាន​ពេល​នោះ​ទេ ។ នាង​បាន​ឆ្លៀត​ពេល​ដេរ​វា ។

ខ្ញុំ​បាន​យំ នៅពេល​ខ្ញុំ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​ពី​ព្រះវរបិតាសួគ៌​តាមរយៈ ចានេត — ជា​ភាពកក់ក្តៅ និង ការលួងលោម​ដែល​មិន​អាច​វាស់វែង​បាន នៅពេល​ខ្ញុំ​ត្រូវបាន​ឱប​ក្រសោប​ដោយ « ព្រះពាហុ​នៃ​សេចក្តី​ស្រឡាញ់​របស់[ ទ្រង់ ] » ( គ. និង ស. ៦:២០ ) ។

ពេលវេលា​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​ហើយ​តាំង​ពី​យើង​បាន​ទទួល​អៀម​ទាំងនោះ ។ កូនៗ​របស់​ខ្ញុំ​ធំ​ជាង​អៀម​ទាំង​នោះ ប៉ុន្តែ​ខ្ញុំ​បាន​ទុក​វា​នៅក្នុង​ទូ​របស់​ខ្ញុំ ព្យួរ​វា​ដោយ​ប្រើ​ខ្សែ​របស់​វា​ចងជាប់​នឹង​ទំពក់​រលោង​ស្អាត​ខាង​ក្រោម​ខោអាវ​ថ្មីៗ ។ គ្រប់ពេល​ដែល​ខ្ញុំ​បាន​ឃើញ​អំណោយ​របស់​ចានេត ខ្ញុំ​នឹក​ឃើញ​ពី​ភាពកក់ក្តៅ និង សេចក្ដី​ស្រឡាញ់​ដែល​ខ្ញុំ​បាន​ទទួល​នៅ​យប់​នោះ ។ អំណោយ​នោះ​បាន​រំឭក​ខ្ញុំ​ពី​អ្វី ដែល​ខ្ញុំ​ចង់​ប្រែក្លាយ​ខ្លួន​ខ្ញុំ — ជា​កូន​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ​សក្តិសម​នឹង​វិវរណៈ និង មាន​ឆន្ទៈ​បម្រើ ។