យើងនិយាយអំពីព្រះគ្រីស្ទ
អំណោយទាននៃជីវិត និង សេចក្តីស្រឡាញ់
អ្នកនិពន្ធរស់នៅរដ្ឋ យូថាហ៍ ស.រ.អា ។
អំណោយរបស់ម្តាយខ្ញុំ បានបង្ហាញយើងពីអត្ថន័យពិតនៃបុណ្យគ្រីស្ទម៉ាស់ ។
ឪពុកមារបស់ខ្ញុំ ឈ្មោះ អេត មានសេចក្តីស្រឡាញ់ច្រើនចំពោះមនុស្សទូទៅជានិច្ច ។ ជាអកុសល តម្រងនោមទាំងគូរបស់គាត់ខ្សោយ ។ អស់បីបួនឆ្នាំមកហើយដែល អេតបានពន្យារកុំឲ្យខ្សោយតម្រងនោមតាមរយៈការលាងឈាម ។ ការព្យាបាលនោះមានការឈឺចាប់ និង ច្រើនដង ។ ការព្យាបាលម្តងៗ ធ្វើឲ្យគាត់អស់កម្លាំងពីខ្លួនរហូតដល់ការព្យាបាលបន្ទាប់ទៀត ហើយនៅរដូវស្លឹកឈើជ្រុះឆ្នាំ ១៩៩៥ គាត់ហាក់បីដូចជាបាត់បង់ភាពក្លាហានដែលគាត់ធ្លាប់មានពីមុន ។
ទីបំផុត វេជ្ជបណ្ឌិតបានប្រាប់អេតថា បើសិនគាត់មិនដាក់តម្រងនោមថ្មីភ្លាមៗទេ នោះគាត់នឹងពុំអាចរស់នៅបានយូរតទៅមុខទៀតឡើយ ។ ទោះបីការមានតម្រងនោមតែមួយ មានភាពចំបាច់ដើម្បីឲ្យជីវិតខ្លួនរស់ នោះអេតពុំចង់សុំនរណាម្នាក់ឲ្យបរិច្ចាគតម្រងនោមមួយរបស់ពួកគេឡើយ ដោយសារខ្លាចមានគ្រោះថ្នាក់ជាមួយនឹងការវះកាត់នោះ ។ ប៉ុន្តែវាគ្មានជម្រើសឡើយ ។ មិត្តភក្ដិជិតស្និទ្ធ និង សមាជិកគ្រួសារបីបួននាក់បានធ្វើតេស្តដើម្បីដឹងថា តើតម្រងនោមរបស់ពួកគេត្រូវគ្នានឹងតម្រងនោមគាត់ឬអត់ ។ មានតែតម្រងនោមរបស់មនុស្សម្នាក់ប៉ុណ្ណោះដែលត្រូវគ្នាបំផុតត្រូវបានរកឃើញ ៖ គឺបងស្រីរបស់ អេត ឈ្មោះ ដូទី — ជាម្តាយរបស់ខ្ញុំ ។
នៅថ្ងៃទី ៧ ខែ ធ្នូ មិត្តភក្ដិជាច្រើន និង គ្រួសាររបស់អេតបានរួមគ្នាតមអាហារ និង អធិស្ឋានសម្រាប់ឪពុកមាខ្ញុំ និង ដូទី ។ សល្យពេទ្យដែលធ្វើការវះកាត់នោះគឺជាបងប្អូនភ្លោះនឹងគ្នា ។ រិតតែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺថា មានម្នាក់ក្នុងចំណោមពួកគេបានបរិច្ចាគតម្រងនោមឲ្យគ្នា ។ អេត និង ម្តាយរបស់ខ្ញុំមានការភ្ញាក់ផ្អើលដែលបានដឹងថាពេលវះកាត់ម្តងៗ វេជ្ជបណ្ឌិតទាំងពីររូបនេះបានប្រឹងប្រែងអស់ពីសមត្ថភាពខ្លួន និងឱនក្បាលរបស់ពួកគេអធិស្ឋាន ហើយទុកលទ្ធផលនៃការវះកាត់នោះនៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់ ។
នៅថ្ងៃវះកាត់ វេជ្ជបណ្ឌិតម្នាក់បានវះយកតម្រងនោមមួយរបស់ម្តាយខ្ញុំ ។ នៅពេលគាត់ដេរបិទខ្នងរបស់ម្តាយខ្ញុំ នោះបងប្រុសរបស់គាត់បានវះកាត់ភ្ជាប់តម្រងនោមដែលបានបរិច្ចាគនោះនៅក្នុងពោះរបស់អេត ។
ការវះកាត់បានទទួលជោគជ័យ ប៉ុន្តែត្រូវរង់ចាំមើលសិនថា តើរាងកាយរបស់អេតនឹងទទួលយកតម្រងនោមថ្មីនោះឬអត់ ។ អង់ទីគ័រនៅក្នុងប្រព័ន្ធការពារខ្លួនរបស់គាត់ត្រូវបានបង្ក្រាប ដើម្បីឲ្យឆាប់ជាសះស្បើយ ដូច្នេះអេតត្រូវបានដាក់ឲ្យនៅដោយឡែកក្នុងបន្ទប់ថែទាំអ្នកជំងឺ ដើម្បីការពារគាត់ពីមេរោគ ( វីរុស ) ។ ទោះបីជាបន្ទាប់ពីគាត់បានចេញពីមន្ទីរពេទ្យក្តី ក៏គាត់ត្រូវតែបន្តរស់នៅដាច់ដោយឡែកពីមនុស្សគ្រប់គ្នា លើកលែងតែសាច់ញាតិផ្ទាល់របស់គាត់ប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក្តី នៅយប់មុនថ្ងៃបុណ្យគ្រីស្ទម៉ាស់ អេតបានទទួលការអនុញ្ញាតពិសេសឲ្យចូលរួមពិធីបុណ្យយប់មុនថ្ងៃបុណ្យគ្រីស្ទម៉ាស់ប្រចាំឆ្នាំរបស់ជីតា និងជីដូនខ្ញុំ ។
អេតបានដើរចូលតាមទ្វារ ដោយមានពាក់របាំងមុខតម្រង់ឆ្ពោះទៅរក ដូទី ហើយបានឱបគាត់យ៉ាងណែន ។ នៅពេលពួកគេបានឱបគ្នា គ្រប់គ្នានៅក្នុងផ្ទះបានយំ ។ គ្រប់គ្នាបានយល់ពីសេចក្តីស្រឡាញ់ដែលចេញមកពីពួកគាត់ ។ បងស្រី ម្នាក់បានរងការឈឺចាប់ដើម្បីផ្តល់អំណោយនៃជីវិតដល់ប្អូនប្រុសរបស់ខ្លួន ។ វាគឺជាអំណោយនៃសេចក្តីស្រឡាញ់ អំណោយនៃការបូជា អំណោយដែលគាត់មិនអាចផ្តល់ឲ្យខ្លួនឯងបាន ។
នៅពេលខ្ញុំមើលពួកគាត់ ទាំងទឹកភ្នែកខ្ញុំហូរស្រក់ចុះមកនោះ ខ្ញុំបានដឹងអ្វីមួយ ៖ ការណ៍នេះគឺដូចទៅនឹងពេលដែលយើងនឹងជួបព្រះភក្ត្រព្រះអង្គសង្គ្រោះផ្ទាល់ ។ ទ្រង់ បានធ្វើអ្វីៗជាច្រើនសម្រាប់យើង ដែលយើងមិនអាចធ្វើដោយខ្លួនឯងបាន ។ មានតែទ្រង់ដែលជាអង្គដ៏ទេវភាពប៉ុណ្ណោះ ដែលអាចស៊ូទ្រាំនឹងការបូជាយ៉ាងអស្ចារ្យ ដែលក្រឹត្យវិន័យនៃភាពយុត្តិធម៌នឹងត្រូវបានបំពេញ ។ ហើយមានតែទ្រង់ប៉ុណ្ណោះដែលជាអង្គដ៏ល្អឥតខ្ចោះ ដែលសក្តិសមធ្វើឲ្យធួននឹងអំពើបាបរបស់មនុស្សលោកទាំងអស់ ដូច្នេះក្រឹត្យវិន័យនៃសេចក្តីមេត្តាករុណាអាចពង្រីកដល់មនុស្សទាំងអស់ដែលទទួលទ្រង់ ថាជាព្រះអង្គសង្គ្រោះរបស់ពួកគេ ។
នៅពេលខ្ញុំគិតយ៉ាងយកចិត្តទុកដាក់អំពីគំនិតទាំងនេះ ខ្ញុំបានតាំងចិត្តខ្លួនឯងជាថ្មីដើម្បីធ្វើអ្វីទាំងអស់ដែលខ្ញុំអាចធ្វើបាន ដើម្បីបង្ហាញអំណរគុណរបស់ខ្ញុំចំពោះព្រះអង្គសង្គ្រោះ និង ការបូជារបស់ទ្រង់ ។ ខ្ញុំនឹងព្យាយាមរស់នៅក្នុងនាមជាកូនសិស្សម្នាក់ ដូច្នេះនៅថ្ងៃណាមួយខ្ញុំអាចមានភាពសក្តិសមដើម្បីចូលទៅក្នុងវត្តមានរបស់ទ្រង់ ឱបទ្រង់ ហើយអរព្រះគុណទ្រង់ដោយផ្ទាល់ចំពោះការស្រឡាញ់ដល់រូបខ្ញុំគ្រប់គ្រាន់នឹងធ្វើការបូជាបែបនោះ ។