២០១៥
ចូរ​ទុក​ពេល​សម្រាប់​ព្រះអង្គ​សង្គ្រោះ​
December 2015


សារលិខិត​ពី​គណៈ​ប្រធាន​ទី​មួយ

ចូរ​ទុក​ពេល​សម្រាប់ ព្រះអង្គ​សង្គ្រោះ

Illustration depicting a man visiting an elderly woman in a hospital.

រចនាលម្អ​រូបថត​ដោយ ដាវីឌ ស្តូឃឺ

រដូវកាល​បុណ្យ​គ្រីស្ទម៉ាស់​មក​ដល់​ជា​ថ្មី​ទៀត​ហើយ ហើយ​វា​ក៏​ជិត​ដល់​បុណ្យ​ចូលឆ្នាំ​ថ្មី​ដែរ ។ វា​ហាក់បី​ដូចជា​យើង​ទើបតែ​ប្រារព្ធ​ពិធី​ប្រសូត​របស់​អង្គ​សង្គ្រោះ និង ធ្វើ​ការតាំងចិត្ត​នានា​កាល​ពី​ម្សិលមិញ​អញ្ចឹង ។

នៅក្នុង​ការតាំងចិត្ត​របស់​យើង​សម្រាប់​ឆ្នាំ​នេះ តើ​យើង​បាន​តាំងចិត្ត​ទុកពេល​ក្នុង​ជីវិត និង ដួងចិត្ត​របស់​យើង​សម្រាប់​ព្រះអង្គ​សង្គ្រោះ​ឬ​ទេ ? មិន​ថា​យើង​មាន​ជោគជ័យ​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ យើង​ប្រហែលជា​បាន​ធ្វើ​ការតាំងចិត្ត​មួយ​បែប​នោះ ខ្ញុំ​មាន​ទំនុកចិត្ត​ថា យើង​ទាំងអស់​គ្នា​មាន​បំណង​ចង់​ធ្វើ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ។ រដូវកាល​បុណ្យ​គ្រីស្ទម៉ាស់​នេះ​គឺ​ជា​ពេល​ដ៏​ល្អ​បំផុត​ដើម្បី​ពិនិត្យ និង រំឭក​ពី​កិច្ចខិតខំ​នានា​របស់​យើង​ឡើង​វិញ ។

នៅក្នុង​ជីវិត​ដ៏​មមាញឹក​របស់​យើង ដែល​មាន​កិច្ចការ​ផ្សេង​ទៀត​ជា​ច្រើន​ដែល​ប្រទាញប្រទង់​យក​ការផ្តោតចិត្ត​ទុក​ដាក់​របស់​យើង វា​ចាំបាច់​ថា យើង​ធ្វើការ​តាំងចិត្ត​ដោយ​មាន​បំណង​នាំយក​ព្រះគ្រីស្ទ​ចូល​មក​ក្នុង​ជីវិត និង គេហដ្ឋាន​របស់​យើង ។ ដូចជា​ហោរា​ដែល​មក​ពី​ទិស​ខាង​កើត​ដែរ វា​ចាំបាច់​ថា យើង​នៅតែ​បន្ត​ដើរជាប់​តាម​ផ្កាយ​របស់​ទ្រង់ ហើយ « មក​ថ្វាយ​បង្គំ​ទ្រង់ » ។

ពីមួយ​ជំនាន់​ទៅ​មួយ​ជំនាន់ សារលិខិត​អំពី​ព្រះយេស៊ូវ​គឺ​នៅតែ​ដដែល ។ ទ្រង់​បាន​មាន​បន្ទូល​ទៅ​ពេត្រុស និង អនទ្រេ នៅក្បែរ​ឆ្នេរ​សមុទ្រ​កាលីឡេ​ថា « ចូរ​មក​តាម​ខ្ញុំ » ។ ចំពោះ​ភីលីព​ទ្រង់​ហៅ « ចូរ​មក​តាម​ខ្ញុំ » ។ ចំពោះ​លេវី​ដែល​អង្គុយ​នៅ​កន្លែង​យក​ពន្ធ​បាន​ផ្តល់​ការណែនាំ​ថា « ចូរ​មក​តាម​ខ្ញុំ » ។​ ហើយ​ចំពោះ​អ្នក​និង រូប​ខ្ញុំ បើសិន​យើង​គ្រាន់តែ​ស្តាប់ នោះ​យើង​នឹង​បាន​ឮ​ការកោះ​អញ្ជើញ​ដូចគ្នា​គឺ « ចូរ​មក​តាម​ខ្ញុំ » ។​

នៅពេល​យើង​ដើរតាម​ដាន​ព្រះបាទា​ទ្រង់​នា​ពេលសព្វថ្ងៃនេះ ហើយ​នៅពេល​យើង​ប្រឹង​ធ្វើ​តាម​គំរូ​របស់​ទ្រង់ នោះ​យើង​នឹង​មាន​ឱកាស​ប្រទាន​ពរជ័យ​ដល់​មនុស្ស​ដទៃ​ជា​ច្រើន​ទៀត ។ ព្រះយេស៊ូវ​អញ្ជើញ​យើង​ឲ្យ​លះបង់​ខ្លួន​យើង ៖ « មើល​ចុះ​ព្រះអម្ចាស់​ទ្រង់​តម្រូវចិត្ត និង គំនិត​ដែល​ស្ម័គ្រ​តាម » ។

តើ​មាន​នរណា​ម្នាក់​ដែល​អ្នក​គួរតែ​បម្រើ​នៅ​ពេល​បុណ្យ​គ្រីស្ទម៉ាស់​នេះ​ឬ​ទេ ? តើ​មាន​នរណា​ម្នាក់​ដែល​រង់ចាំ​អ្នក​ទៅ​សួរសុខទុក្ខ​ឬទេ ?

ច្រើន​ឆ្នាំ​កន្លង​មកហើយ ខ្ញុំ​បាន​ទៅ​សួរសុខទុក្ខ​ដល់​ផ្ទះ​ស្ត្រី​មេម៉ាយ​ចំណាស់​ម្នាក់​នៅ​ពេល​បុណ្យ​គ្រីស្ទម៉ាស់​នោះ ។ ខណៈ​ដែល​ខ្ញុំ​កំពុង​នៅ​ទីនោះ កន្ដឹង​ទ្វារ​បាន​រោទិ៍​ឡើង ។ មាន​វេជ្ជបណ្ឌិត​ដ៏​សែន​រវល់ និង ល្បីល្បាញ​ម្នាក់​ឈរ​នៅមាត់​ទ្វារ​នោះ ។ គេ​មិន​បាន​ហៅ​គាត់​ឲ្យ​មក​ឡើយ ប៉ុន្តែ​គាត់​គ្រាន់តែ​មាន​អារម្មណ៍​បំផុស​គំនិត​ថា​ចង់​មក​លេង​អ្នក​ជំងឺ​ដែល​ឯកោ​នេះ ។

អំឡុង​ពេល​នៃ​រដូវកាល​បុណ្យ​គ្រីស្ទម៉ាស់​នេះ អស់​អ្នក​ដែល​ឈឺ​នៅ​ផ្ទះ ចង់​ឲ្យ​គេ​ជួយ និង ចង់​ឲ្យ​គេ​ទៅ​សួរសុខទុក្ខ​ខ្លួន ។ មាន​បុណ្យ​គ្រីស្ទម៉ាស់​ម្តង​នោះ ខណៈ​ខ្ញុំ​កំពុង​ទៅ​សួរសុខទុក្ខ​នៅ​មជ្ឈមណ្ឌល​ចាស់​ជរា នោះ​ខ្ញុំ​បាន​អង្គុយ ហើយ​ជជែក​គ្នា​ជាមួយ​ស្ត្រី​ចំណាស់ៗ​ប្រាំនាក់ ម្នាក់​ដែល​ចាស់​ជាង​គេ​នោះ​អាយុ ១០១ ឆ្នាំ ។ គាត់​ងងឹត​ភ្នែក ប៉ុន្តែ​គាត់​ស្គាល់​សំឡេង​ខ្ញុំ ។

គាត់​បាន​និយាយ​ថា « ប៊ីស្សព លោក​បាន​មក​យឺត​បន្តិច​ហើយ​ឆ្នាំ​នេះ ! » ។ « ខ្ញុំ​គិត​ថា​លោក​នឹង​ពុំ​មក​ទេ » ។

យើង​បាន​មាន​ពេលវេលា​ដ៏​រីករាយ​ជាមួយ​គ្នា ។ ប៉ុន្តែ មាន​អ្នក​ជំងឺ​ម្នាក់​ដែល​មើល​ទៅ​ខាង​ក្រៅ​បង្អួច​យ៉ាង​យូរ ហើយ​និយាយ​ច្រំដែលៗ​ថា « ខ្ញុំ​ដឹង​ថា​កូនប្រុស​របស់​ខ្ញុំ នឹង​មក​លេង​ខ្ញុំ​ថ្ងៃ​នេះ » ។ ខ្ញុំ​ឆ្ងល់​ថា តើ​កូនប្រុស​នោះ​នឹង​មក​ឬ​ទេ ដ្បិត​គាត់​ពុំ​ដែល​មក​លេង​នៅ​រដូវកាល​បុណ្យ​គ្រីស្ទម៉ាស់​ជា​ច្រើនដង​មក​ហើយ ។

ប៉ុន្តែ​មាន​ពេលវេលា​នៃ​ឆ្នាំ​នេះ​ដើម្បី​ឈោង​ជួយ បើក​ដួងចិត្ត​ស្រឡាញ់ និង មាន​ស្មារតី​នៃ​ឆន្ទៈ — និយាយ​ម្យ៉ាង​ទៀត​ថា ធ្វើ​តាម​គំរូ​ដែល​បាន​គូស​ដោយ​ព្រះអង្គ​សង្គ្រោះ ព្រមទាំង​បម្រើ​ដូច​ដែល​ទ្រង់​ចង់​ឲ្យ​ពួកយើង​បម្រើ ។ នៅពេល​យើង​បម្រើ​ទ្រង់ នោះ​យើង​នឹង​មិន​បោះបង់​ឱកាស​របស់​យើង ដូច​ដែល​ម្ចាស់​ផ្ទះ​សំណាក់​កាល​ពី​បុរាណ​បាន​ធ្វើ​ចំពោះ​ទ្រង់​ឡើយ គឺ​យើង​ទុកពេល​សម្រាប់​ទ្រង់​ឲ្យ​គង់​នៅក្នុង​ជីវិត​យើង និង ដួងចិត្ត​របស់​យើង ។

តើ​យើង​អាច​យល់​ពី​ការសន្យា​ដ៏​អស្ចារ្យ ដែល​មាន​នៅក្នុង​សារលិខិត​របស់​ទេវតា ដែល​បាន​ប្រាប់​ដល់​ពួក​អ្នក​គង្វាល​ចៀម​នៅ​ទីវាល​ដែល​ថា « ខ្ញុំ​មក​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា​ពី​សេចក្តី​អំណរ​យ៉ាង​អស្ចារ្យ ។ … ដ្បិត​នៅ​ថ្ងៃ​នេះ មាន … ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ ប្រសូត​ដល់​អ្នក​រាល់​គ្នា គឺ​ជា​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ ? »

នៅពេល​យើង​ប្តូរ​អំណោយ​គ្នា នៅពេល​បុណ្យ​គ្រីស្ទម៉ាស់​នេះ សូម​ឲ្យ​យើង​ចងចាំ មាន​អំណរគុណ ហើយ​ទទួល​អំណោយ​ដ៏​អស្ចារ្យ​បំផុត​ជាង​អំណោយ​ផ្សេង​ទៀត — គឺ​អំណោយ​នៃ​ព្រះអង្គ​សង្គ្រោះ និង ព្រះ​ដ៍​ប្រោសលោះ​របស់​យើង ដែល​យើង​អាច​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

« ដ្បិត​តើ​មាន​ប្រយោជន៍​អ្វី​ដល់​មនុស្ស បើសិន​ជា​បាន​ប្រទាន​អំណោយ​ទាន​មក​ដល់​គេ ហើយ​គេ​ពុំ​ទទួល​យក​អំណោយ​ទាន​សោះ ? មើល​ចុះ អ្នក​នោះ​ពុំ​ត្រេកអរ​ចំពោះ​អ្វី​ដែល​បាន​ប្រទាន​ដល់​គេ ឬ ក៏​ត្រេកអរ​ចំពោះ​ម្ចាស់​ដែល​ប្រទាន​អំណោយ​ទាន​នោះដែរ » ។

ចូរ​យើង​ធ្វើ​តាម​ទ្រង់ បម្រើ​ទ្រង់ គោរព​ទ្រង់ ហើយ​ទទួល​អំណោយទាន​របស់​ទ្រង់​មក​ក្នុង​ជីវិត​របស់​យើង ដែល​យើង​អាច​បាន​ដូច​ជា​ពាក្យ​របស់​លោក​លីហៃ « ត្រូវបាន​ឱបក្រសោប​ជា​អង្វែង​តទៅ​ដោយ​ព្រះពាហុ​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ » ។១០