២០១៥
ខ្ញុំ​មាន​អារម្មណ៍​ថា​អសមត្ថភាព​ធ្វើ​ជា​ប្រធាន​ថ្នាក់​យុវនារី ។ តើ​ខ្ញុំ​អាច​ក្លាយ​ជា​អ្នក​ដឹកនាំ​ដ៏​ល្អ​ប្រសើរ​ម្នាក់​ដោយ​របៀប​ណា ?
December 2015


សំណួរ និង ចម្លើយ

« ខ្ញុំ​មាន​អារម្មណ៍​ថា​អសមត្ថភាព​ធ្វើ​ជា​ប្រធាន​ថ្នាក់​យុវនារី ។ តើ​ខ្ញុំ​អាច​ក្លាយ​ជា​អ្នក​ដឹកនាំ​ល្អ​ប្រសើរ​ម្នាក់​ដោយ​របៀប​ណា ? »

បើសិន​អ្នក​មាន​អារម្មណ៍​ថា​អ្នក​អសមត្ថភាព នៅពេល​អ្នក​ទទួល​ការហៅបម្រើ​អ្វី​មួយ នោះ​វា​ជា​រឿង​សាមញ្ញ​ទៅហើយ ។ យេរេមា អេណុក និង យ៉ូសែប ស៊្មីធ សុទ្ធ​តែ​នៅក្មេង ហើយ​ទាំងអស់​គ្នា​មាន​អារម្មណ៍​ថា​អសមត្ថភាព​នៅពេល​ពួកលោក​បាន​ទទួល​ការហៅមប្រើ​ធ្វើ​ជា​ព្យាការី ប៉ុន្តែ​ព្រះអម្ចាស់​នៅតែ​ប្រើពួកលោក​ដើម្បី​ពង្រីក​នគរ​របស់​ទ្រង់ ។ គឺ​ដូច​ជា​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រើ​ពួកព្យាការី​ពី​បុរាណ​ដើម្បី​សម្រេច​បាន​នូវ​រឿង​អស្ចារ្យ​នានា នៅពេល​អ្នក​អធិស្ឋាន ហើយ​ពឹង​ផ្អែក​លើ​ទ្រង់ នោះ​ទ្រង់​អាច​ប្រើ​អ្នក ។

ប្រហែល​ជា​អ្វី​មួយ​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើ​បាន​សម្រាប់​សមាជិក​ក្នុង​ថ្នាក់​របស់​អ្នក​នោះ​គឺ​ជា​ធ្វើ​ជា​មិត្តភក្តិ​របស់​ពួកគេ ។ សូម​រៀន​ស្គាល់​ឈ្មោះ​របស់​ពួកគេ ។ អ្នក​អាច​អធិស្ឋាន​សម្រាប់​ពួកគេ​រាល់ថ្ងៃ ហើយ​ប្រហែល​ជា​តមអាហារ​សម្រាប់​ពួកគេ បើសិន​ពួកគេ​មាន​ការលំបាក ។ សូម​គិត​ពី ការសួរសំណួរ​អំពី​ជីវិត​របស់​ពួកគេ​ក្រៅ​ពី​ជីវិត​នៅ​ក្នុង​ព្រះវិហារ ញញឹម ហើយ​ស្វាមគមន៍​ពួកគេ នៅទីណា​ដែល​អ្នក​ជួប​ពួកគេ ហើយ​អង្គុយ​ជាមួយ​ពួកគេ​នៅ​ព្រះវិហារ ឬ នៅ​សាលា​រៀន ។ សូម​ព្យាយាម​រក​មើល​ឲ្យ​ឃើញ​នូវ​អស់​អ្នក​ដែល​ត្រូវការ​សេចក្តី​ស្រឡាញ់ និង ការគាំទ្រ​បន្ថែម ។

ហើយ​សូម​កុំ​ខ្លាច​ដើម្បី​សុំ​ជំនួយ​ឡើយ ។ ព្រះវរបិតាសួគ៌​នឹង​មិន​ទុក​ឲ្យ​អ្នក​នៅតែ​ឯង​ឡើយ — ទ្រង់​បាន​ប្រទាន​ទីប្រឹក្សា និង អ្នក​ប្រឹក្សា​ពួក​យុវមជ្ឈិមវ័យ​ដល់​អ្នក ។ ពួកគេ​នឹង​ជួយ​អ្នក ហើយ​ទ្រង់​ក៏​នឹង​ជួយ​អ្នក​ដែរ ។

ដូច​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ១៩១០–២០០៨ ) បាន​មាន​ប្រសាសន៍ ៖ « សូម​លុតជង្គង់​ចុះ ហើយ​សុំ​ពរជ័យ​ពី​ព្រះអម្ចាស់ បន្ទាប់មក​ឈរ​យ៉ាង​រឹងប៉ឹង ហើយ​ធ្វើ​នូវ​អ្វី​ដែល​អ្នក​ត្រូវបាន​ស្នើ​ឲ្យ​ធ្វើ ។ បន្ទាប់មក​សូម​ទុក​បញ្ហា​នោះ​នៅក្នុង​ព្រះហស្ត​របស់​ព្រះអម្ចាស់​ចុះ ។ អ្នក​នឹង​ឃើញ​ថា​អ្នក​បាន​សម្រេច​នូវ​អ្វីៗ​ជា​ច្រើន​ដែល​លើស​ពី​តម្លៃ » ( « To the Women of the Church » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ១១៤ ) ។

ធ្វើ​ជា​មិត្តភក្ដិ​នឹង​គ្នា

ក្នុងនាម​ជា​ប្រធាន​ថ្នាក់ ខ្ញុំ​ក៏​មាន​អារម្មណ៍​អសមត្ថភាព​ផងដែរ។ ប៉ុន្តែ​វា​សំខាន់​ដើម្បី ព្យាយាម​ធ្វើ​ឲ្យ​យុវនារី​មាន​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់ និង រួម​ចំណែក ។ សូម​ធ្វើ​ជា​មិត្តភក្តិ​ដែល​គាំទ្រ ហើយ​ស្តាប់​ទីប្រឹក្សា​របស់​អ្នក​នៅពេល​ធ្វើការ​សម្រេច​ចិត្ត​នានា ។ សូម​ធ្វើ​ជា​គំរូ​សុចរិត ហើយ​ព្យាយាម​រស់នៅ​តាម​គុណសម្បត្តិ​នៃ​ក្រុម​យុវនារី ប៉ុន្តែ​កុំ​រំពឹង​ថា​ខ្លួន​ឯង​ក្លាយ​ជា​ល្អឥតខ្ចោះ​ឡើយ ។ អ្វីៗ​ទាំងអស់​ដែល​ព្រះវរបិតាសួគ៌​រំពឹង​ចង់​បាន​ពី​អ្នក​នោះ គឺ​ព្យាយាម ។ បើសិន​អ្នក​អំពាវនាវ​ដល់ទ្រង់ នោះ​ទ្រង់​នឹង​ផ្តល់​កម្លាំង​ដល់​អ្នក និង ការណែនាំ​ដែល​អ្នក​ត្រូវការ ។

រ៉េបេកា អែន អាយុ ១៦ ឆ្នាំ រដ្ឋ នូវ ហាំស្វែរ ស.រ.អា.

បម្រើ​ដោយ​មាន​ឆន្ទៈ

ខ្ញុំ​មាន​អារម្មណ៍​ដូចគ្នា​ផងដែរ ចាប់តាំង​ពី​ខ្ញុំ​បានក្លាយជា​ប្រធាន​ថ្នាក់ ម៉ៃម៉េត ។ ខ្ញុំ​នៅតែ​ចាំ​ពី​អារម្មណ៍​ដែល​ខ្ញុំ​បាន​មាន នៅពេល​ខ្ញុំ​ចូល​ទៅ​ការិយាល័យ​របស់​ប៊ីស្សព​សម្រាប់​ការសម្ភាសន៍ ។ ខ្ញុំ​អាច​បដិសេធ​បាន ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា​វា​មិនមែន​ជា​ការចាត់តាំង​មក​ពី​ប៊ីស្សព​របស់​ខ្ញុំ​ឡើយ — វា​គឺ​ជា​ការហៅបម្រើ​មក​ពី​ព្រះ ។ ព្រះវរបិតាសួគ៌​នឹង​ជួយ​យើង​បំពេញ​ការហៅបម្រើ​របស់​យើង បើសិន​យើង​មាន​ឆន្ទៈ​ចុះចូល​ខ្លួន​យើង​ចំពោះ​ទ្រង់ ហើយ​បន្ទាបខ្លួន ។

នីខូល ភី អាយុ ១៦ ឆ្នាំ ប្រទេស ហ្វីលីពីន

ស្រឡាញ់​អ្នក​ទាំងឡាយ​ដែល​អ្នក​បម្រើ

ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំ​កាន់តែ​ប្រសើរ នោះ​អ្នក​ត្រូវតែ​ស្រឡាញ់​មនុស្ស​ដែល​អ្នក​បម្រើ ។ សូម​បោះបង់​ចោល​នូវ​ការច្រណែន​ឈ្នានីស ហើយ​មាន​ការអភ័យទោស​គឺ​ជា​រឿង​ចំបាច់​ណាស់ ។ អ្នក​អាច​អធិស្ឋាន​ដើម្បី​ឃើញ​ពី​ភាពសក្តិសម​របស់​ពួកគេ​ដូច​ដែល​ព្រះ​ទត​ឃើញ ។ សូម​អធិស្ឋាន​សុំ​សេចក្តីស្រឡាញ់​ដែល​ទ្រង់​មាន​ចំពោះ​អ្នក ព្រម​ទាំង​ចំពោះ​សមាជិក​ក្នុង​ថ្នាក់​របស់​អ្នក​ផងដែរ ។ ខ្ញុំ​ដឹង​ពី​បទពិសោធន៍​នេះ​ថា ការអភិវឌ្ឍន៍​ខ្លួន​អាច​ជួយ​អ្នក​បង្កើន​គុណសម្បត្តិ និង គុណតម្លៃ​ដ៏​ចាំបាច់​ដើម្បី​បំពេញ​ការហៅ​របស់​អ្នក ។ ព្រះ​នឹង​ប្រទាន​​អំណាច​ដល់​អ្នក បើសិន​អ្នក​នឹង​សុំ​ជំនួយ​នោះ ។

ម៉ារី ប៊ី អាយុ ១៦ ឆ្នាំ រដ្ឋ វ៉ាស៊ីនតោន ស.រ.អា.

សូម​ចាប់ផ្តើម​ពី​ខ្លួន​អ្នក

អ្នក​អាច​ក្លាយ​ជា​អ្នក​ដឹកនាំ​កាន់តែ​ប្រសើរ ដោយ​អនុវត្ត​គុណសម្បត្តិ​នានា​ដែល​អ្នក​ចង់​មាន ។ សូម​អធិស្ឋាន​សុំ​ព្រះវិញ្ញាណ​ឲ្យ​គង់​នៅ​ជាមួយ​នឹង​អ្នក​នៅពេល​អ្នក​ធ្វើការសម្រេច​ចិត្ត ។ សូម​អធិស្ឋាន​ដើម្បី​ផ្តល់​ការយកចិត្ត​ទុកដាក់​លើ​តម្រូវការ​របស់​ពួក​យុវនារី ។ មាន​អ្វី​ជា​ច្រើន​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំ​កាន់តែ​ប្រសើរ ប៉ុន្តែ​ខ្ញុំ​យល់​ថា​ជំហាន​ដំបូង​នោះ​គឺ​ការជឿ​ថា​អ្នក​អាច​ធ្វើ​បាន​ជានិច្ច ។

សាវ៉ាន់​ណា ភី អាយុ ១៥ ឆ្នាំ នៅ រដ្ឋ តិចសាស ស.រ.អា.

ចូលរួម​ព្រះវិហារ​បរិសុទ្ធ

កាលខ្ញុំ​ទើបតែ​បាន​ហៅ​ជា​ប្រធាន​កូរ៉ុម​ឌីកុន នោះ​ខ្ញុំ​ពុំ​ប្រាកដ​ឡើយ​ពីរបៀប​ដើម្បី​បង្កើន​សមត្ថភាព​ខាង​វិញ្ញាណ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ចាប់ផ្តើម​ធ្វើកិច្ចការ​ពង្សប្រវត្តិ ជាធម្មតា​នៅ​រាល់​ថ្ងៃ​អាទិត្យ ។ ខ្ញុំ​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​រាល់ពេល​ព្រឹក​ថ្ងៃ​សៅរ៍ ។ គោលដៅ​របស់​ខ្ញុំ​គឺ​យក​ឈ្មោះ​បុរសៗ ធ្វើ​បុណ្យ​ជ្រមុជទឹក និង ទទួល​ពិធី​បញ្ជាក់​ឲ្យ​កាន់តែ​ញឹកញាប់​តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ។ ក្រោយ​ពី​ខ្ញុំ​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​រាល់​សប្តាហ៍​មក ខ្ញុំ​មាន​អារម្មណ៍​ខាង​វិញ្ញាណ​កាន់តែ​ច្រើន​ជាង​មុន ហើយ​ថា​តាម​ការធ្វើ​របៀប​នោះ​ខ្ញុំ​អាច​ជួយ​កូរ៉ុម​របស់​ខ្ញុំ​បាន​កាន់តែ​ល្អ ។

ចូស ប៊ី អាយុ ១៣ ឆ្នាំ រដ្ឋ យូថាហ៍ ស.រ.អា.

សូម​ធ្វើ​តាម​ការបំផុស​គំនិត

បើសិន​ព្រះអម្ចាស់​បាន​ផ្តល់​ការហៅបម្រើ​មួយ​ដល់​អ្នក វា​គឺ​ដោយសារ​មាន​កិច្ចការ​មួយ​ដែល​អ្នក​អាច​ធ្វើ​បាន ។ យើង​ត្រូវតែ​ទូលសុំ​ដល់​ព្រះ ដូច យ៉ាកុប ១:៥ បាន​និយាយ ។ តាមរយៈ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​វា​នឹង​ត្រូវបាន​បើក​បង្ហាញ​ដល់​ពួកយើង​នូវ​អ្វី​ដែល​ពួកយើង​គួរតែ​ធ្វើ ( សូមមើល នីហ្វៃទី ២ ៣២:៥ ) ។ ដោយ​មាន​ជំនួយ​ពី​ទ្រង់ នោះ​យើង​អាច « នឹង​ដឹង​នូវ​សេចក្តីពិត​នៃ​គ្រប់​ការណ៍​ទាំងអស់ » ( មរ៉ូណៃ ១០:៥ ) ។ បន្ទាប់​មក​យើង​ត្រូវតែ​ធ្វើតាម​ការបំផុស​គំនិត​ដែល​យើង​ទទួល​បាន​នោះ ។ ខ្ញុំ​មាន​ការជឿជាក់​យ៉ាង​ជ្រាលជ្រៅ​ថា ដោយសារ​ព្រះអម្ចាស់​ជា​អង្គ​ដែល​ដឹកនាំ​ពួកយើង នោះ​យើង​អាច​តម្កើង​ការហៅ​របស់​យើង​ទាំងអស់​បាន ។

លូស៊ី ឌី អាយុ ១៧ នៅ​ប្រទេស បារាំង

ដាក់​ផែនការ​ធ្វើ​សកម្មភាព​ដែល​ស្អាង​គ្នា

សូម​ធ្វើ​ការប្រជុំ​ជា​ទៀងទាត់​ជាមួយ​គណៈប្រធាន​របស់​អ្នក ហើយ​ដាក់​ផែនការ​ធ្វើ​សកម្មភាព​ដែល​ស្អាង​គ្នា ដែល​បំពេញ​សេចក្តីត្រូវការ និង ចំណាប់​អារម្មណ៍​របស់​យុវនារី ។ នៅពេល​យុវនារី​ម្នាក់​នៅក្នុង​ថ្នាក់​របស់​អ្នក​ពុំ​បាន​ចូលរួម​ថ្នាក់ សូម​ឲ្យ​នាង​ដឹង​ថា​អ្នក​នឹក​នាង ។ ខគម្ពីរ​មួយ​ដែល​បាន​ជួយ​ខ្ញុំ​នោះ​គឺ ម៉ូសាយ ១៨:៩ ។

ការ៉ែន ភី អាយុ ១៦ ឆ្នាំ ប្រទេស ម៉ិកស៊ីកូ