សួរសំណួរ ត្រឹមត្រូវតាមរបៀបដែលត្រឹមត្រូវ
អ្នកនិពន្ធរស់នៅរដ្ឋ កាលីហ្វូញ៉ា ស.រ.អា. ។
ក្នុងការរៀនពីរបៀបដើម្បីរៀបចំ បង្កើត សួរ និង ឆ្លើយទៅនឹងសំណួរនានាអាចមានការផ្លាស់ប្តូរដល់របៀបដែលយើងរៀន និង បង្រៀនដំណឹងល្អ ។
មានអ្វីៗជាច្រើនដែលអ្នកអាចប្រើបានដើម្បីបង្កើតមេរៀនដ៏អស្ចារ្យ ឬ ការសន្ទនាដ៏អស្ចារ្យក្នុងគ្រួសារ ។ សកម្មភាព ការសិក្សាស្ងាត់ស្ងៀម និង ការធ្វើការជាក្រុមគឺជារបៀបមួយចំនួនដែលគ្រូបង្រៀនដំណឹងល្អ — ទោះវាជាមួយនឹងអស់អ្នកដែលមានការបម្រើជាផ្លូវការ គ្រូបង្រៀនស្ម័គ្រចិត្តពីថ្នាក់សិក្ខាសាលា ឬ ថ្នាក់វិទ្យាស្ថាន ឬ ឪពុកម្តាយក្ដី — អាចត្រូវបានប្រើប្រាស់ដើម្បីពង្រីកការបង្រៀនរបស់ខ្លួន ។
ប៉ុន្តែរួមជាមួយនឹងជំនាញចាំបាច់ចម្បងៗពីរ ឬ បី ដែលគ្រូបង្រៀនទាំងអស់គួរតែមាននោះគឺជាសមត្ថភាពដ៏ពូកែជាមួយសំណួរ ៖ បង្កើតសំណួរ ឆ្លើយសំណួរ និង លើកទឹកចិត្តឲ្យឆ្លើយសំណួរដ៏មានអត្ថន័យ ។ ប្រធាន ហិនរី ប៊ី អាវរិង ទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយ មានប្រសាសន៍ថា « ដើម្បីសួរ និង ឆ្លើយសំណួរគឺជាចំណុចសំខាន់នៃគ្រប់ការរៀនសូត្រ និង ការបង្រៀនទាំងអស់ » ។១ ដើម្បីក្លាយជាគ្រូម្នាក់ដ៏មានប្រសិទ្ធិភាព វាចាំបាច់តម្រូវឲ្យមានជំនាញនេះ ។ នេះគឺជាយោបល់ប្រាំយ៉ាងសម្រាប់ការធ្វើបែបនោះ ។
ស្វែងរកចម្លើយដែលមានប្រសិទ្ធិភាពបំផុត
អង្គុយនៅក្នុងថ្នាក់ធ្វើជាសិស្ស ហើយស្តាប់សំណួរអស្ចារ្យរំឭកយើងពីអនុភាពនៃការបង្រៀនដ៏ល្អឥតខ្ចោះ ។ ប៉ុន្តែរបៀបបង្កើត និង សួរសំណួរដែលមានប្រសិទ្ធិភាពគឺមានភាពស្មុគស្មាញ ហើយអាចមានការពិបាកចំពោះគ្រូបង្រៀនជាច្រើន ។ សំណាងល្អ វាគឺជាជំនាញមួយដែលគ្រូបង្រៀនគ្រប់រូបអាចរៀនបាន ។
នៅពេលអ្នកបង្កើតសំណួរ សូមព្យាយាមគិតពីលទ្ធផលនៃប្រភេទចម្លើយដែលសំណួរនោះនឹងមាន ។ សំណួរមួយចំនួនទាមទារចម្លើយមួយបែបដែលជាក់លាក់ — ជាចម្លើយមួយដែលឆ្លើយតបចំៗនឹងសំណួរដែលបានសួរ ។ សំណួរទាំងនោះប្រើបានយ៉ាងល្អសម្រាប់ថ្នាក់គណិតវិទ្យា ( « តើក្រឡាផ្ទៃនៃការ៉េនេះមានប៉ុន្មាន ? » ) ឬ នៅក្នុងថ្នាក់វិទ្យាសាស្ត្រ ( តើទឹកពុះនៅសីតុណ្ហភាពប៉ុន្មាន ? » ) ពីព្រោះ វាមានតែចម្លើយមួយប៉ុណ្ណោះដែលអាចត្រូវបានរកឃើញ និង បញ្ជាក់ ។ សំណួរទាំងនោះក៏មានប្រយោជន៍ក្នុងការសិក្សាដំណឹងល្អផងដែរ ក្នុងរបៀបមួយដែលទទួលសេចក្តីពិតនៅពេលចាប់ផ្តើមការពិភាក្សាមួយ ប៉ុន្តែវាពុំសូវធ្វើឲ្យមានការពិភាក្សាច្រើនឡើយ ។ ទោះជាយ៉ាងណា សំណួរទាំងនោះមានប្រយោជន៍បំផុតដោយសារវាស្រួលរៀបចំ ។
យើងសួរសំណួរដូចជា « តើយើងបានរៀនអ្វីខ្លះកាលលើកមុន ? » ឬ « សូមប្រាប់ខ្ញុំពីឈ្មោះរបស់ … » ជាញឹកញាប់សំណួរទាំងនេះ បណ្តាលឲ្យអស់អ្នកដែលអ្នកបង្រៀននៅទ្រឹងស្ងៀម ។ ពួកគេគិតថាពួកគេដឹងពីចម្លើយ ប៉ុន្តែពុំប្រាកដ ហើយដូច្នេះពួកគេខ្លាចមិនហ៊ានចង់ទាយទេ ។ គ្រូបង្រៀនតែងយល់ថា ភាពស្ងាត់នេះគឺជាសញ្ញាមួយថាសំណួរនោះពិបាកពេក ខណៈដែលភាពពិតនោះគឺថាសំណួរនេះវាសាមញ្ញពេក ដើម្បីទទួលបានអ្វីដែលមានអត្ថន័យកាន់តែច្រើនពីអ្នករៀនជាជាងគ្រាន់តែបានចម្លើយភ្លាមៗ ។
ដើម្បីបង្កើតឲ្យមានការពិភាក្សាក្នុងថ្នាក់ សំណួរដែលមានប្រយោជន៍ខ្លាំងជាងនេះ គឺជាការអញ្ជើញឲ្យមានចម្លើយផ្សេងៗប្រកបដោយការសញ្ជឹងគិត ។ នៅពេលអ្នកសួរសំណួរបែបនេះ អ្នកអាចស្វែងយល់ដឹងពីប្រធានបទដែលអស់អ្នកដែលអ្នកសួរនោះកំពុងគិត ឬ អ្វីដែលពួកគេកំពុងឆ្ងល់អំឡុងពេលការពិភាក្សានោះ ។ ឧទាហរណ៍ មរ៉ូណៃជំពូក ១ មានខគម្ពីរបួនដែលខគម្ពីរនិមួយៗពោរពេញដោយអារម្មណ៍ដ៏ជ្រាលជ្រៅ ។ តើមានអ្វីកើតឡើង បើសិនអ្នកអានខគម្ពីរទាំងបួននោះជាមួយអស់អ្នកដែលអ្នកកំពុងបង្រៀន ហើយបន្ទាប់មកសួរ « តើខគម្ពីរណាមួយដែលបណ្តាលឲ្យអ្នកកាន់តែស្លុងអារម្មណ៍ខ្លាំងនោះ ? » សូមទុកពេលឲ្យពួកគេចាប់ផ្តើមជជែកគ្នា ។ ដោយសារអ្នក ពុំសួរដើម្បីចង់បានចម្លើយជាក់លាក់ នោះស្ទើរតែអ្វីៗទាំងអស់ដែលពួកគេនិយាយគឺសំខាន់ទាំងអស់ ។ ខ្ញុំធ្លាប់ប្រើជំពូកនោះជាមួយសំណួរបែបនោះ ហើយបានទទួលចម្លើយយ៉ាងអស្ចារ្យ ដែលបង្កើតឲ្យមានការពិភាក្សាកាន់តែស៊ីជម្រៅ ។
ទាំងនោះគឺជាសំណួរដែលអញ្ជើញឲ្យមានការគិត និង មានអារម្មណ៍ វាផ្ទុយនឹងសំណួរដែលតម្រូវឲ្យចាំអ្វីមួយ ឬ ថ្លែងសេចក្តីពិតសាមញ្ញ ។ មានពេល និង កន្លែងដែលត្រូវចងចាំ ប៉ុន្តែគ្រូបង្រៀនអាចនិយាយច្រើនពីអ្វីដែលត្រូវតែចងចាំ ដូចជា « ចាំថាកាលពីលើកមុនយើងបាននិយាយគ្នាពី មរ៉ូណៃ ១ និងរបៀបដែលខគម្ពីរនិមួយៗមាននូវមេរៀនដ៏មានអនុភាព … » ។ គ្រាន់តែខ្ញុំនិយាយបែបនេះ វានឹងរំជួលគំនិត ហើយអ្នករៀននឹងហាក់ដូចជាចង់ចូលរួម ហើយបន្តការពិភាក្សានោះ ។ ទោះជាយ៉ាងណាក៏ដោយ បើសិនខ្ញុំនិយាយថា « តើយើងបាននិយាយអ្វីខ្លះកាលពីលើកមុន ? » ខ្ញុំតែងតែឃើញមានការស្ងាត់ស្ងៀម និង ការធ្វើព្រងើយ ។
សួរសំណួរទីពីរ
សំណួរដែលគ្រូបង្រៀនដំណឹងល្អច្រើនប្រើគឺសំណួរមួយចំនួននេះ ៖ « ដូច្នេះ តើសេចក្តីជំនឿសំខាន់ប៉ុណ្ណានៅក្នុងជីវិតអ្នក ? » ស្តាប់ដំបូង វាហាក់បីដូចជាសំណួរដ៏មានអត្ថន័យមួយ ប៉ុន្តែនៅពេលអ្នកគិតអំពីវា វាមានចម្លើយតែមួយប៉ុណ្ណោះគឺ « សំខាន់ណាស់ » ។ ពិតណាស់ សេចក្តីជំនឿ ( និងគោលការណ៍ផ្សេងៗទៀតនៃដំណឹងល្អ ) គឺ សំខាន់ណាស់ ប៉ុន្តែជាទូទៅសំណួរបែបនោះវាមិនដឹកនាំទៅណាទៀតទេ ដោយសារអ្នកនៅតែត្រូវការសួរសំណួរតាមដានដូចជា ៖ « ហេតុអ្វីបានជាសំខាន់ ? » ឬ « តើអ្នកនឹងផ្តល់ឧទាហរណ៍មួយដល់យើងថា តើពេលណាវាសំខាន់នៅក្នុងជីវិតអ្នក ? » សំណួរទាំងនោះអាចធ្វើឲ្យថ្នាក់រៀនមានការពិភាក្សាល្អ ដូច្នេះសូមសួរសំណួរបែបនោះចំៗតែម្ដងទៅ ហើយរំលងសំណួរដំបូងនោះ ។ សួរសំណួរទីពីរមុននឹងចំណេញពេល ហើយរក្សាការពិភាក្សាឲ្យបន្តកាន់តែល្អ ។
សូមសរសេរសំណួរជាមុន
វាពិតជាមានប្រយោជន៍ដែលត្រូវធ្វើចំណុចពីរយ៉ាងនៅពេលអ្នករៀបចំមេរៀន ។ ទីមួយ សរសេរសំណួរលើក្រដាស ។ កុំគ្រាន់តែគិតពីសំណួរនោះឡើយ ត្រូវតែសរសេរវា ។ ជ្រើសរើសពាក្យដោយយកចិត្តទុកដាក់ ហើយអានវាពីរបីដងដើម្បីប្រាកដថាសំណួរដែលអ្នកសួរនោះគឺជាអ្វីដែលអ្នកចង់សួរក្នុងរបៀបមួយដ៏ច្បាស់លាស់ ។
ទីពីរ សួរខ្លួនឯង តើអស់អ្នកដែលខ្ញុំបង្រៀននឹងធ្វើអ្វីនៅពេលខ្ញុំសួរសំណួរនោះ ? មានពេលជាច្រើនដងដែលខ្ញុំគិតថា ខ្ញុំពិតជាមានសំណួរល្អមួយបានកត់ទុក បន្ទាប់មកខ្ញុំអានវាឮៗ ហើយពេលខ្ញុំគិតពីសិស្សក្នុងថ្នាក់ នោះខ្ញុំបានដឹងថាវាមិនដឹកនាំឲ្យមានការពិភាក្សាល្អឡើយ ។ សំណួរនេះអាចប្រើបាននៅក្នុងថ្នាក់ផ្សេងមួយទៀត ប៉ុន្តែសម្រាប់ថ្នាក់របស់ខ្ញុំ ខ្ញុំដឹងថាវាបានបរាជ័យ ដូច្នេះខ្ញុំបានចាប់ផ្តើមវាម្តងទៀត ។ ខ្ញុំដឹងថានៅពេលខ្ញុំបានគិតយ៉ាងហ្មត់ចត់ពីសំណួរពីរ ឬ បីនោះ ហើយសរសេរយ៉ាងល្អនៅក្នុងប្លង់មេរៀនរបស់ខ្ញុំ នោះខ្ញុំអាចចាប់ផ្តើមការពិភាក្សាបាន ។ សំណួរផ្សេងទៀតនឹងកើតមានឡើងដោយឯកឯង ប៉ុន្ដែខ្ញុំត្រូវតែរៀបចំចំណុចចាប់ផ្តើមដំបូងឲ្យបានល្អ ។
យុទ្ធសាស្ត្រនេះក៏អាចធ្វើនៅផ្ទះបានផងដែរ ។ យើងហាក់បីដូចជាមានការពិភាក្សាអំពីដំណឹងល្អដោយឯកឯងជាច្រើននៅក្នុងផ្ទះរបស់ខ្ញុំ នៅពេលដែលសំណួរ និង ចម្លើយឆ្លងឆ្លើយគ្នា ប៉ុន្តែក៏មានពេលខ្លះដែលមានអ្វីមួយដែលប្រាកដប្រជា និង ចំៗដែលត្រូវនិយាយចំពោះកូនណាម្នាក់ ។ នៅក្នុងករណីទាំងនោះខ្ញុំបានរៀនថា បើសិនខ្ញុំបានរៀបចំសំណួរជាក់លាក់ អនុវត្តការសួរសំណួរទាំងនោះ ហើយធ្វើតាមស្ថានភាពដែលលទ្ធផលអាចទទួលបាន នោះអ្វីៗនឹងបានល្អប្រសើរច្រើន ។ សំណួរទាំងនោះពុំបានសរសេរលើក្រដាសទេ សំណួរទាំងនោះត្រូវបានសរសេរនៅក្នុងដួងចិត្តខ្ញុំ ហើយខ្ញុំអាចប្រើវានៅពេលដែលចាំបាច់ ។
សូមកុំខ្លាចចំពោះការស្ងៀមស្ងាត់
បើសិនអ្នកបានបង្កើតសំណួរដែលពិតជាល្អមែននោះ ជាសំណួរដែលបណ្តាលឲ្យមានគំនិត ហើយធ្វើឲ្យមានចម្លើយដ៏ទូលំទូលាយ នោះសូមកុំភ្ញាក់ផ្អើលឡើយ បើសិនវាត្រូវចំណាយពេលបន្តិចដើម្បីឲ្យមនុស្សឆ្លើយនោះ ។ គួរតែមានភាពស្ងៀមស្ងាត់ សូមកុំបារម្ភ ។ សំណួរស្រាលៗ — សំណួរដែលគ្រាន់តែតម្រូវឲ្យមានចម្លើយជាក់លាក់ ( ឧទាហរណ៍ « តើមាត្រានៃសេចក្តីជំនឿមានប៉ុន្មានខគម្ពីរ ? » ) — ទទួលបានចម្លើយភ្លាមៗ ។ សំណួរពិបាកៗ — សំណួរទាំងនោះតម្រូវឲ្យមានចម្លើយ — ជាញឹកញាប់វាត្រូវការពេលវេលាឲ្យសិស្សគិតមុននឹងឆ្លើយ ។ នៅក្នុងករណីនេះ ភាពស្ងៀមស្ងាត់មានប្រយោជន៍សម្រាប់អ្នក ។ ចូរឲ្យកើតឡើងចុះ ហើយនៅពេលអស់អ្នកដែលអ្នកកំពុងបង្រៀនចាប់ផ្តើមឆ្លើយ នោះអ្នកនឹងភ្ញាក់ផ្អើលដោយក្ដីរីករាយចំពោះចម្លើយដែលពួកគេឆ្លើយ ។
សូមសួរអំពីខគម្ពីរទាំងឡាយ
បើសិនអ្នកពិតជាចង់ពង្រីកសមត្ថភាពរបស់ខ្លួនដើម្បីបង្កើត ហើយសួរសំណួរប្រកបដោយប្រសិទ្ធិភាព នោះអ្នកត្រូវតែរៀនសួរសំណួរអស្ចារ្យនានាពីខគម្ពីរអំឡុងពេលការសិក្សា និង ការរៀបចំរបស់អ្នក ។
របៀបមួយនៃវិធីសាស្ដ្រក្នុងការអានខគម្ពីរ គឺធ្វើវាសម្រាប់ជាការបំផុសគំនិតផ្ទាល់ខ្លួន ។ យើងអានជំពូក និង ខគម្ពីរទាំងឡាយដើម្បីរីករាយនឹងភាពអស្ចារ្យដែលមាននៅក្នុងនោះ ហើយដើម្បីត្រូវបានស្អាងឡើងជាមួយគោលលទ្ធិ និង សេចក្តីពិត ។ វិធីសាស្ត្រផ្សេងមួយទៀត ដែលកាន់តែល្អសម្រាប់ឪពុកម្តាយ ឬ គ្រូបង្រៀនដែលរៀបចំមេរៀន គឺអានខគម្ពីរ និង ស្រាវជ្រាវខគម្ពីរជាមួយនឹងសំណួរ ។ ខ្ញុំធ្វើដូច្នេះដើម្បីដាស់គំនិតខណៈដែលខ្ញុំព្យាយាមសម្រេចពីរបៀបដ៏ល្អបំផុតដើម្បីជួយអស់អ្នកដែលខ្ញុំបង្រៀនឲ្យយល់ពីខគម្ពីរ ។ នេះគឺជាឧទាហរណ៍ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០ មានឃ្លាមួយដែលស្គាល់ច្បាស់ និង លើកតម្កើងវិញ្ញាណរបស់យើង « ចូរចាំថាតម្លៃនៃព្រលឹងទាំងឡាយ គឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ » ។ ខ្ញុំចូលចិត្តគំនិតនោះថា បើសិនការបំផុសគំនិតមានមកលើខ្ញុំ នោះវានឹងមិនមានប្រយោជន៍ចំពោះថ្នាក់រៀនឡើយ ។
បើសិនខ្ញុំបានពិចារណាពីសំណួរនេះនៅពេលខ្ញុំបានសិក្សា និង រៀបចំ ៖ « ដូច្នេះតើអ្វីទៅគឺជាតម្លៃនៃព្រលឹងនោះ ? ខ្ញុំដឹងថាវាអស្ចារ្យ ប៉ុន្តែតើយើងអាចផ្តល់តម្លៃឲ្យវាបានទេ ? » យប់មួយពេលអាហារល្ងាច កូនស្រីម្នាក់របស់ខ្ញុំបានសួរសំណួរនោះ ហើយវាបានធ្វើឲ្យមានការពិភាក្សាយ៉ាងច្រើន ។ នេះគឺជាអ្វីដែលយើងបានពិភាក្សាគ្នា ៖ តម្លៃនៃព្រលឹងគឺជាអ្វីមួយដែលបុគ្គលម្នាក់នឹងបង់ថ្លៃសម្រាប់វា ហើយតើព្រះវរបិតារបស់យើងបានបង់ថ្លៃអ្វីខ្លះសម្រាប់ព្រលឹងយើង ? ទ្រង់បានបង់ថ្លៃដោយព្រះលោហិតរបស់ព្រះរាជបុត្រាដ៏ល្អឥតខ្ចោះរបស់ទ្រង់ ។ វាធ្វើឲ្យព្រលឹងយើងម្នាក់មានតម្លៃលើសពីអ្វីដែលអាចពិពណ៌នាបាន ។ យើងប្រហែលជាមិនអាចឈានមកដល់ការបញ្ចប់នោះ ដោយគ្មានសំណួរផ្ទាល់ទៅនឹងអត្ថបទនោះឡើយ ។
ការសន្ទនានៅតុអាហារល្ងាចនោះ អាចយកទៅប្រើនៅក្នុងការបង្រៀនផ្សេងទៀតជាច្រើនបាន ។ បើសិនអ្នកចង់សួរសំណួរកាន់តែប្រសើរអំពីអស់អ្នកដែលអ្នកបង្រៀន សូមសួរសំណួរពិតៗពីខគម្ពីរនៅពេលអ្នកសិក្សា និង អាន ហើយរៀបចំនោះ ។ ចូរពោរពេញដោយចម្ងល់ ហើយសូមកុំខ្លាចនឹងស្រាវជ្រាវឡើយ ។ ព្រះគម្ពីរកាន់តែពិតនៅពេលយើងពិនិត្យពិច័យវា ។ កាលណាអ្នកកាន់តែពូកែសួរសំណួរអំពីព្រះគម្ពីរខណៈដែលអ្នកកំពុងសិក្សានោះ អ្នកនឹងកាន់តែពូកែសួរសំណួរដ៏អស្ចារ្យដូចគ្នានោះដល់អស់អ្នកដែលអ្នកបង្រៀន ។
បន្តពង្រីកសមត្ថភាពនៃការបង្រៀនរបស់អ្នក
មានភាពលំអៀងមួយដែលឃើញពីគ្រូបង្រៀនល្អ ហើយគិតថាពួកគេបានកើតមកជាមួយទេពកោសល្យនោះ ។ ពួកគេមានអំណោយទានមួយដែលមនុស្សមធ្យមៗពិបាកទទួលបាន ។ ពិតណាស់ សមត្ថភាពបង្រៀនគឺជាអំណោយទានមួយនៃព្រះវិញ្ញាណ ( សូមមើល មរ៉ូណៃ ១០:៩–១០ ) ដូច្នេះជំនាញមួយចំនួនដែលអ្នកកំពុងឃើញអាចជាអំណោយទានមួយមកពីឋានសួគ៌ — ប៉ុន្តែវាគឺជាអំណោយទានមួយដែលបើកទូលាយដល់មនុស្សទាំងអស់ដែលស្វែងរកវា ។ មានអ្វីជាច្រើនដែលគ្រូបង្រៀនដ៏អស្ចារ្យធ្វើ ក៏មានសម្រាប់អ្នកផងដែរតាមរយៈការសិក្សា និង ការអនុវត្តន៍ ។ ការរៀនសួរសំណួរដែលប្រកបដោយប្រសិទ្ធិភាពគឺជាជំនាញមួយ ។ នៅពេលអ្នកស្វែងរកសមត្ថភាពនោះប្រកបដោយការអធិស្ឋាន ដើម្បីធ្វើការណ៍នេះ នោះអ្នកនឹងឃើញថាវាពិតជាមានតម្លៃក្នុងការបង្កើតសំណួរដែលជម្រុញចិត្តនៃអស់អ្នកដែលអ្នកបង្រៀនឲ្យគិត ហើយសមត្ថភាពរបស់អ្នកក្នុងការធ្វើការណ៍នេះនឹងរីកចម្រើនឡើង ។