ពួកគេបានស្គាល់ យ៉ូសែប
តើយ៉ូសែប ស្ម៊ីធ ដែលជាព្យាការីនៃការស្តារឡើងវិញនេះជាមនុស្សបែបណា ? យើងអាចរៀនបន្ថែមទៀតពីលោក តាមរយៈការអាននូវអ្វីដែលអស់អ្នកដែលបានជួបលោក និង អស់អ្នកដែលបានស្គាល់លោកច្បាស់បាននិយាយអំពីលោក ។
អ្នកមិនមែនជាពួកមរមនដែលបានជួបយ៉ូសែប
មានអ្នកមិនមែនជាពួកមរមនជាច្រើនដែលបានជួបយ៉ូសែប មានការកោតសរសើរជាខ្លាំង ។ ឧទាហរណ៍ ហូសាយ ឃ្វីស៊ី ដែលរៀនចប់ពីសាលា ហាវើត ដែលមិនយូរប៉ុន្មានត្រូវបានជ្រើសរើសធ្វើជាចៅហ្វាយក្រុង បូស្តុន បានទៅលេងយ៉ូសែប ស្ម៊ីធ នៅទីក្រុង ណៅវូ ។ គាត់បាននិយាយថាយ៉ូសែបគឺជា« មនុស្សម្នាក់ដ៏អស្ចារ្យដែលអាចពន្យល់បានថា » គឺជាមនុស្សម្នាក់ដែលត្រូវបានកើតមកដើម្បីដឹកនាំ « ដ៏មានអំណាច … ដែលគួរឲ្យគោរព » ។ គាត់បាននិយាយថាសៀវភៅអាននាពេលខាងមុខអាចនិយាយពី យ៉ូសែប ស៊្មីធថាជាអ្នកដែល « មានឥទ្ធិពលខ្លាំងបំផុតលើជោគវាសនានៃប្រជាជនក្នុងប្រទេសរបស់លោក » ។១
អ្នកប្រែចិត្តជឿថ្មីដែលបានជួបលោក
អ្នកប្រែចិត្តជឿដែលបានជួបយ៉ូសែប ស្ម៊ីធ នៅលើកដំបូងក៏បានបង្ហាញការកោតសរសេរចំពោះលោកផងដែរ ។ ប្រាំថ្ងៃបន្ទាប់ពីមកដល់ទីក្រុង ណៅវូ វិលាម ខ្លេតុនដែលមកពីប្រទេសអង់គ្លេស បានសរសេរសំបុត្រទៅផ្ទះ ៖ « យប់មិញនេះ មានគ្នាយើងជាច្រើននាក់ [ បាននៅ ] ជាមួយបងប្រុសយ៉ូសែប ដួងចិត្តរបស់យើងរីករាយដោយបានស្តាប់គាត់និយាយអំពីនគរព្រះ លោកគឺជាមនុស្សម្នាក់ដែលមានសេចក្តីស្រឡាញ់ ហើយរួសរាយចំពោះពួកយើងគ្រប់គ្នា ។ យើងមានអារម្មណ៍ថាស្រឡាញ់គាត់ជាខ្លាំង ហើយអ្នកទាំងអស់គ្នាក៏នឹងស្រឡាញ់គាត់ផងដែរ » ។២
ម៉ារី អាលីស ខាណាន់ ឡាមប៊ើត ដែលមានអាយុ ១៤ ឆ្នាំពេលនាងបានមកដល់ទីក្រុងណៅវូ បាននិយាយថា « អ្នកដឹកនាំមួយចំនួនបាននៅទីនោះ ដើម្បីមកជួបពួកបរិសុទ្ធមួយក្រុមដែលបានមកតាមរយៈការជិះ [ ទូក ] ។ ក្នុងចំណោមនោះមានព្យាការីយ៉ូសែប ស្ម៊ីធ ។ ខ្ញុំបានដឹងភ្លាមនៅពេលខ្ញុំបានមើលឃើញលោក ហើយនៅពេលនោះខ្ញុំបានទទួលទីបន្ទាល់របស់ខ្ញុំថាលោកគឺជាព្យាការីរបស់ព្រះ » ។៣
អស់អ្នកដែលបានស្គាល់លោកច្បាស់
យ៉ូហាន អិម ប៊ើហ៊ីសែល ជាសមាជិកសាសនាចក្រនាសម័យមុនគឺជាវេជ្ជបណ្ឌិត ។ គាត់ជួលផ្ទះគ្រួសារស្ម៊ីធរស់នៅជាច្រើនខែ ។ គាត់បាននិយាយថា យ៉ូសែប ស៊្មីធ មាន « អំណាចដួងចិត្តរឹងមាំ » មានថាមពលច្រើន « មានចំណេះដឹងជ្រៅជ្រះពីលក្ខណៈមនុស្ស » « មានសុភវិនិច្ឆ័យ » « មានទស្សនវិស័យទូលំទូលាយ » និង « ស្រឡាញ់សេចក្តីយុត្តិធម៌ » ។ « លោកមានចិត្តល្អ ហើយចូលចិត្តយកអាសារគេ ចិត្តទូលាយ ហើយមានចិត្តមេត្តា រាក់ទាក់ ហើយរីករាយ ព្រមទាំងមានចរិតដែលគួរឲ្យកោតសរសើរ និង ចេះគិតចេះគូរ ។ គាត់ស្មោះត្រង់ ទៀងត្រង់ ក្លាហាន និង ឯករាជ្យ ព្រមទាំងគ្មាន [ អាការៈក្លែងបន្លំ ] ដូចជាមនុស្សផ្សេងឡើយ ជាមនុស្សកម្ររកបាន » ។៤
ហូវើត ខូរេ ជាស្មៀនម្នាក់របស់យ៉ូសែប មានការកោតសរសើរចំពោះសមត្ថភាពរបស់ព្យាការីពេលជួបនឹងមនុស្សគ្រប់ប្រភេទ — វេជ្ជបណ្ឌិត មេធាវី ពួកសង្ឃ និង មនុស្សផ្សេងទៀត — ដែលបានមក « សួរសំណួរពិបាកៗ »។ គាត់បានសរសេរថា យ៉ូសែប « មានឆន្ទៈធ្វើអ្វីគ្រប់យ៉ាងដែលតម្រូវឲ្យគាត់ធ្វើ ។ … ខ្ញុំពិតជារីករាយ នៅពេលឃើញថាលោកមានទំនាក់ទំនងយ៉ាងរលូនទោះជានៅក្នុងចំណោមពួកអ្នកវិទ្យាសាស្ត្រក្ដី ហើយលោក [ ត្រៀមខ្លួនជាស្រេច ] ដើម្បីឆ្លើយសំណួររបស់ពួកគេ » ។៥
ដានីយ៉ែល ឌី ម៉ាក់អរសើរ ដែលក្រោយមកបានដឹកនាំក្រុមរទេះរុញទៅជ្រលងភ្នំ សលត៍ លេក បាននិយាយថា « ទីបន្ទាល់របស់ខ្ញុំ គឺថា លោកគឺពិតជាព្យាការីនៃព្រះដ៏មានព្រះជន្មរស់ ហើយកាលណាខ្ញុំកាន់តែស្តាប់ពាក្យសម្តីរបស់លោក ហើយឃើញកិច្ចការដែលលោកធ្វើ នោះខ្ញុំកាន់តែជឿថា លោកពិតជាបានជួបព្រះគឺព្រះវរបិតា និង ព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទមែន » ។៦
ព្យាការីដែលបានស្គាល់លោក
យ៉ូហាន ថេលើរ ដែលក្លាយជាប្រធានទីបីនៃសាសនាចក្របានមានប្រសាសន៍ថា « បើសិនអ្នកសួរយ៉ូសែប … ពីលក្ខណៈរបស់អ័ដាម នោះលោកនឹងប្រាប់អ្នកភ្លាម លោកនឹងប្រាប់អ្នកពីទំហំ និង រូបរាង ព្រមទាំងអ្វីៗទាំងអស់របស់អ័ដាម ។ អ្នកអាចសួរលោកពីលក្ខណៈរបស់ ពេត្រុស យ៉ាកុប និង យ៉ូហាន នោះលោកអាចប្រាប់អ្នកបានទាំងអស់ ។ ហេតុអ្វី ? ដោយសារលោកបានឃើញពួកគេ » ។៧
ក្មួយប្រុសរបស់ព្យាការីគឺ យ៉ូសែប អែហ្វ ស្ម៊ីធ បានក្លាយជាប្រធានទីប្រាំមួយនៃសាសនាចក្រ ។ លោកបានសរសេរថាយ៉ូសែប ស្ម៊ីធ « ពោរពេញទៅដោយសេចក្តីថ្លៃថ្នូរ និង បរិសុទ្ធបំផុតក្នុងលក្ខណៈជាមនុស្ស ដែលតែងតែបង្ហាញភាពរីករាយដោយស្មោះស — ក្នុងការលេងបាល់ វាយចំបាប់ជាមួយបងប្អូនរបស់លោក … និងរីករាយចំពោះខ្លួនឯង … លោកពោរពេញដោយសេចក្តីអំណរ លោកពេញដោយសេចក្តីរីករាយ លោកពេញដោយសេចក្តីស្រឡាញ់ ហើយគ្រប់ចរិតថ្លៃថ្នូរផ្សេងៗទៀតដែលធ្វើឲ្យមនុស្សប្រែជាអស្ចារ្យ ហើយល្អ ព្រមទាំងមានភាពសាមញ្ញ និង បរិសុទ្ធស្របពេលជាមួយគ្នានោះ … ដោយព្រះគុណនៃព្រះ លោកមានអំណាច ដើម្បីយល់ដឹងពីគោលបំណងនៃព្រះដ៏មានគ្រប់ព្រះចេស្តាផងដែរ ។ នោះគឺជាអត្តចរិតរបស់ព្យាការីយ៉ូសែប ស្ម៊ីធ » ។៨