អ្វីៗដែលខ្ញុំបានរៀនក្នុងនាមជា អ្នកប្រែចិត្តជឿវ័យក្មេង
កាលខ្ញុំទើបតែក្លាយសមាជិកថ្មីនៅក្នុងសាសនាចក្រ ខ្ញុំបានឃើញគំរូអស្ចារ្យនៃពលិកម្មពីយុវវ័យផ្សេងទៀតនៅក្នុងវួដរបស់ខ្ញុំ ។ ចាប់តាំងពីនោះមក ខ្ញុំបានរៀនមេរៀនដ៏អស្ចារ្យជាច្រើន ។
ខ្ញុំបានចូលរួមសាសនាចក្រកាលខ្ញុំអាយុ ១៧ ឆ្នាំ ។ មានពួកអាមេរិកដែលមកពីបន្ទាយទាហាននៅក្នុងទីក្រុងរបស់ខ្ញុំក្នុងប្រទេសអាល្លឺម៉ង់ បានណែនាំខ្ញុំឲ្យស្គាល់ព្រះវិហារនេះ ។ គ្មានវួដដែលនិយាយភាសាអាល្លឺម៉ង់នៅក្នុងតំបន់របស់ខ្ញុំ ឡើយ ដូច្នេះខ្ញុំបានចូលរួមព្រះវិហារជាមួយពួកអាមេរិកាំងនោះនៅឯបន្ទាយទាហាននៅក្នុងសាលាជំនុំពហុនិកាយសាសនាដ៏តូចមួយរបស់ពួកទាហាន ។
នៅថ្ងៃអាទិត្យមួយមិនយូរប៉ុន្មានក្រោយពី ខ្ញុំបានទទួលបុណ្យជ្រមុជទឹក នៅចប់ម៉ោងប្រជុំ ប៊ីស្សព បានក្រោកឡើង ហើយនិយាយថា « តើឪពុកម្តាយទាំងអស់ដែលមានកូនរៀនក្នុងសិក្ខាសាលាសូមអង្គុយសិនបានទេ ? » គាត់ក៏បានសុំឲ្យខ្ញុំចូលរួមជាមួយពួកគេផងដែរ ។
នៅពេលមានតែគ្រួសារទាំងនេះ ប៊ីស្សព និង ខ្ញុំដែលបន្តនៅក្នុងសាលាជំនុំ ប៊ីស្សពបានពន្យល់ថាខ្ញុំអាចចូលរួមថ្នាក់សិក្ខាសាលារបស់ពួកគេនៅឆ្នាំក្រោយ ។ ប៉ុន្តែខ្ញុំបានចូលរៀនសាលាអាល្លឺម៉ង់ក្នុងមូលដ្ឋាន ដែលចាប់ផ្តើមជាងមួយម៉ោងមុនសាលាអាមេរិកាំង ដែលមានយុវវ័យទាំងអស់មកពីបន្ទាយទាហានចូលរួមរៀន ។ ដើម្បីឲ្យខ្ញុំមានពេលគ្រប់គ្រាន់ធ្វើដំណើរទៅសាលារៀនទាន់ពេល ពួកគេត្រូវតែប្តូរថ្នាក់សិក្ខាសាលាទៅម៉ោង ៦ ព្រឹកវិញ គឺមួយម៉ោងមុនពួកគេប្រជុំ ។
ក្រោយមកប៊ីស្សព បានសូមឲ្យពួកគេបោះឆ្នោតថា តើពួកគេព្រមធ្វើពលិកម្មនេះដែរឬទេ ដើម្បីឲ្យខ្ញុំអាចចូលរួមថ្នាក់នោះបាន ។ ភ្លាមនោះ ឪពុកម្ដាយ និង សិស្សទាំងអស់បានលើកដៃពួកគេឡើងហើយនិយាយថាយល់ព្រម ។
នោះគឺជាពេលមួយដ៏រំភើបចំពោះខ្ញុំ ។ វាបានបង្រៀនខ្ញុំនូវមេរៀននៃការលះបង់ ។ សិស្សវ័យក្មេងទាំងនេះមានឆន្ទៈលះបង់ផ្ទាល់ខ្លួននូវភាពស្រណុកសុខស្រួលរបស់ខ្លួន — មិនមែនតែមួយថ្ងៃ ឬ មួយសប្តាហ៍ឡើយ ប៉ុន្តែគឺសម្រាប់មួយឆ្នាំពេញ — ជំនួសឲ្យអ្នកប្រែចិត្តជឿថ្មីម្នាក់ដែលពុំអាចនឹងចូលរួមថ្នាក់សិក្ខាសាលាបានឡើយ បើគ្មានការលះបង់នោះ ។
ខ្ញុំនៅតែមានអំណរគុណចំពោះការលះបង់របស់ពួកគេ ដោយដឹងថា មួយឆ្នាំសិក្សានៃថ្នាក់សិក្ខាសាលា ( សិក្សាគោលលទ្ធិ និង សេចក្តីសញ្ញា ) សំខាន់ខ្លាំងប៉ុណ្ណាសម្រាប់ជីវិតនៃការចូលព្រះវិហារដំបូងរបស់ខ្ញុំ ។ បើគ្មានថ្នាក់សិក្ខាសាលាទេ ខ្ញុំពុំមានការទាក់ទងជាមួយសាសនាចក្រឡើយលើកលែងតែថ្ងៃអាទិត្យ ។ ថ្នាក់សិក្ខាសាលាប្រចាំថ្ងៃគឺជាការរៀបចំដ៏អស្ចារ្យមួយសម្រាប់បេសកកម្ម ។ វាបានបង្រៀនខ្ញុំជាច្រើនអំពីការដាក់វិន័យ ហើយពិតមែនហើយ វាបានប្រទានពរដល់ខ្ញុំនូវចំណេះដឹងយ៉ាងច្រើនអំពីដំណឹងល្អ និង ព្រះគម្ពីរ ។ បើសួរខ្ញុំពីចំណេះចំណានខគម្ពីរទាំងអស់នៃគោលលទ្ធិ និង សេចក្តីសញ្ញា តាំងពីមុនមកដល់ឥឡូវនេះខ្ញុំនៅតែចេះខគម្ពីរទាំងនោះ ។ បទពិសោធន៍ទាំងនេះបានជួយខ្ញុំឲ្យខិតកាន់តែជិតទៅព្រះវរបិតាសួគ៌ ហើយក៏បានជួយខ្ញុំឲ្យដោះស្រាយឧបសគ្គនានា ដោយសារខ្ញុំគឺជាសមាជិកសាសនាចក្រតែម្នាក់ឯងគត់ដែលនិយាយភាសាអាល្លឺម៉ង់នៅក្នុងទីក្រុងរបស់ខ្ញុំ ។
ទំនាក់ទំនងជាមួយព្រះ
បន្ទាប់ពី ខ្ញុំរៀនចប់ ហើយពីមុនខ្ញុំបានទៅបេសកកម្ម ខ្ញុំបានបញ្ចប់វគ្គបម្រើទាហានដែលតម្រូវដោយច្បាប់ ។ ខណៈដែលខ្ញុំនៅក្នុងជួរទាហាន ខ្ញុំបានចាប់យកទម្លាប់មួយធ្វើមកដល់សព្វថ្ងៃនេះ ៖ គឺអធិស្ឋានជានិច្ច ។
ពិតណាស់ ស្ថានភាពនៅក្នុងជួរកងទ័ពពុំមានបទពិសោធន៍ខាងវិញ្ញាណជានិច្ចនោះទេ — ទូរដាក់ខោអាវ រូបភាព ការនិយាយស្តី និងរឿងកុននានាដែលពួកគេមើលនៅពេលយប់ ។ ប៉ុន្តែខ្ញុំដឹងថាខ្ញុំនឹងបានទៅបម្រើបេសកកម្ម ។ ខ្ញុំចង់បន្តនៅតែរឹងមាំ ។ ខ្ញុំមិនចង់ទន់ជ្រាយឡើយ ។ ខ្ញុំមិនចង់បណ្តោយខ្លួនទៅតាមសំពាធនៃមនុស្សជុំវិញខ្លួនឡើយ ។ ដូច្នេះខ្ញុំបានបង្កើនទម្លាប់នៃការអធិស្ឋាននៅក្នុងចិត្តខ្ញុំគ្រប់ពេល ។
ដោយដើរពីអគារមួយទៅអគារមួយទៀត ដើរចុះឡើងលើកូនភ្នំនៅក្នុងព្រៃ ដេកនៅក្នុងត្រង់សេ លេងល្បែងសង្គ្រាម — គ្រប់កន្លែងដែលខ្ញុំនៅនោះ ខ្ញុំបានទំនាក់ទំនងជាមួយព្រះវរបិតាសួគ៌ក្នុងការអធិស្ឋានតាមដែលខ្ញុំអាចធ្វើបាន ទោះគ្រប់នាទី ហើយពេលខ្លះជាច្រើនម៉ោង ដោយទាក់ទង ឬ ទូលទៅព្រះវរបិតាសួគ៌ដើម្បីខិតកាន់តែជិតទ្រង់ ហើយបន្តរឹងមាំ ។ ភាគច្រើនខ្ញុំបានអធិស្ឋានថ្លែងអំណរគុណ ។
ទម្លាប់នេះនៅជាប់នឹងខ្ញុំនៅឡើយ ។ នៅពេលខ្ញុំបើកបរទៅទីណា ឬ អង្គុយក្នុងឡានក្រុង ឬដើរទៅកន្លែងផ្សេងៗ វាក្លាយជារឿងសាមញ្ញសម្រាប់ខ្ញុំដើម្បីអធិស្ឋានរហូតនៅក្នុងចិត្ត ឬ « អធិស្ឋានជានិច្ច » ដូចដែលខគម្ពីរនិយាយ ( ឧទាហរណ៍សូមមើល នីហ្វៃទី ២ ៣២:៩ ) ។ នោះគឺជាទម្លាប់ល្អមួយដើម្បីបង្កើតវាតាំងពីនៅក្មេងមក ។
យើងដឹងថាយើងគួរតែអធិស្ឋាន ប៉ុន្តែនោះពុំមែនគ្រាន់តែមានន័យថាជាការលុតជង្គង់មួយសន្ទុះនៅពេលព្រឹក និង ពេលយប់ដើម្បីបំពេញព្រះទ័យព្រះវរបិតានោះទេ ។ ការអធិស្ឋានគួរតែជាការធ្វើវាដោយស្មោះត្រង់ ជ្រាលជ្រៅ និង ជាទំនាក់ទំនងឥតដាច់ជាមួយព្រះវរបិតារបស់អ្នក ដែលជារឿយនឹងជួយអ្នកខិតកាន់តែជិតទ្រង់ ។ ការបង្កើតទម្លាប់នៃការអធិស្ឋាននេះ នឹងជួយអ្នកឲ្យដោះស្រាយការល្បួងទាំងអស់នៅក្នុងពិភពលោកនេះ ( សូមមើល នីហ្វៃទី ៣ ១៨:១៥, ១៨ ) ។ ដូច្នេះនៅពេលអ្នកចេញពីចំណុចក ទៅ ចំណុចខ ឬ នៅពេលណាដែលអ្នកទំនេរ សូមគិតចំណាយពេលតិចតួចបានហើយដើម្បីស្តាប់តន្ត្រី ឬ ផ្ញើសារ ហើយបន្ថែមពេលខ្លះទៀតដើម្បីអធិស្ឋានក្នុងចិត្តរបស់អ្នក ។
អនុវត្តដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទគ្រប់ពេលវេលាទាំងអស់
នៅពេលយើងបន្តអធិស្ឋាន ហើយរៀនពីដំណឹងល្អ នោះយើងនឹងឃើញថាដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទមានសម្រាប់យើងគ្រប់ពេលរាល់ថ្ងៃដើម្បីជួយអ្នក « ទទួលការផ្តាច់បាបទាំងឡាយរបស់អ្នក » ( សូមមើល ម៉ូសាយ ៤:១១–១២ ) ។ អ្នកអាចទាក់ទងទ្រង់ដើម្បីទទួលបានអំណាចនេះ ហើយធ្វើឲ្យខ្លួនបានជ្រះស្អាតគ្រប់ពេលទាំងអស់ មិនមែនគ្រាន់តែថ្ងៃអាទិត្យនោះទេ មិនមែនគ្រាន់តែនៅពេលពេលអ្នកទៅជួបប៊ីស្សពសារភាពកំហុសធ្ងន់ៗនោះទេ ។
ព្រះអម្ចាស់ផ្តល់ផ្លូវនានាសម្រាប់អ្នកឲ្យផ្តោតលើដង្វាយធួនរាល់ថ្ងៃ ដូច្នេះអ្នកអាចប្រែកាន់តែជ្រះស្អាត ហើយសក្តិសម ទទួលអារម្មណ៍នៃព្រះវិញ្ញាណ ព្រមទាំងត្រូវបានដឹកនាំគ្រប់ពេល ជាជាងម្តងមាន ម្តងគ្មានព្រះវិញ្ញាណទ្រង់ ។ តាមរយៈការផ្តោតលើដង្វាយធួនរាល់ថ្ងៃ នោះអ្នកអាចមានពរជ័យនេះមិនថាអ្នកមានកំហុសអ្វី ដែលអ្នកបានធ្វើកាលពីអតីតកាលនោះទេ ។ យុវវ័យជាច្រើនមានអារម្មណ៍ថាការប្រែចិត្តគឺគ្រាន់តែជាការទៅជួបប៊ីស្សព ហើយប្រាប់គាត់ពីអំពើបាបធ្ងន់ធ្ងរនោះប៉ុណ្ណោះ ។ ប៉ុន្តែការប្រែចិត្តមានអត្ថន័យច្រើនជាងនេះឆ្ងាយណាស់ ។ វាមានន័យថាជាការខិតខំរាល់ថ្ងៃដោយបន្ទាបខ្លួន ភាពខ្ជាប់ខ្ជួន ពោរពេញដោយការអធិស្ឋាន ខិតខំរាល់ថ្ងៃដើម្បី ( ១ ) សិក្សាព្រះគម្ពីរ ជាពិសេស ខគម្ពីរដែលបង្រៀនអំពីដង្វាយធួនរបស់ព្រះគ្រីស្ទ ហើយបន្ទាប់មក ( ២ ) រៀនពីរបៀបដើម្បីអនុវត្តវាដោយពិតប្រាកដនៅក្នុងជីវិតរបស់អ្នកគ្រប់ពេលវេលាប្រចាំថ្ងៃ ។ នោះគឺជាអ្វី ដែលយើងត្រូវធ្វើ ។ សូមឲ្យព្រះវរបិតាសួគ៌ជ្រាបរាល់ថ្ងៃថានេះគឺជាអ្វីដែលអ្នកចង់បាន — គឺក្លាយខ្លួនកាន់តែប្រសើរជាងពីថ្ងៃម្សិលមិញ ។
សូមកុំបណ្តោយឲ្យឧបសគ្គធ្វើឲ្យអ្នកមានគម្លាតពីព្រះវរបិតាសួគ៌ដោយធ្វើឲ្យអ្នកមានអារម្មណ៍ថាអ្នកមិនល្អគ្រប់គ្រាន់ឡើយ ថាមានមនុស្សផ្សេងទៀតល្អប្រសើរជាងខ្លួន — ឬថាដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ និង សេចក្តីស្រឡាញ់របស់ទ្រង់ ព្រមទាំងការពេញចិត្តរបស់ទ្រង់ដែលមាននៅចំពោះមុខអ្នក ប៉ុន្ដែអ្នកពុំអាចឈោងចាប់បាន ។ នោះគឺពុំពិតទេ ។ ព្រះវរបិតាសួគ៌ស្រឡាញ់អ្នកដូចដែលអ្នកជាខ្លួនអ្នកនាពេលនេះ ប៉ុន្តែពិតណាស់ អ្នកត្រូវតែបន្តកែលម្អ និង ព្យាយាមគោរពតាមព្រះបញ្ញត្តិ ជានិច្ច ហើយអនុវត្តដង្វាយធួនរាល់ថ្ងៃ គ្រប់ពេលវេលាទាំងអស់ ។ ដូចសាវកប៉ុលបាននិយាយ « ពិចារណាខ្លួនឯងមើល » ( កូរិនថូសទី ២ ១៣:៥ ) ។ ប៉ុន្តែនៅពេលអ្នករៀនពីដង្វាយធួន និង របៀបផ្តោតលើវា នោះអ្នកនឹងឃើញថាអ្នកអាចមានអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ទោះបីជាអ្នកមានកំហុសក៏ដោយ ។
សូមស្គាល់ខ្លួនឯងឲ្យច្បាស់ ហើយស្គាល់ថាព្រះគ្រីស្ទជានរណា ហើយថាទ្រង់បានធ្វើអ្វីខ្លះសម្រាប់អ្នក ។ បន្ទាប់មកដាក់ចំណុចទាំងពីរនោះជាមួយគ្នា ដូច្នេះអ្នកអាចត្រូវបានជ្រះស្អាតគ្រប់ពេល ហើយមានទំនុកចិត្តលើខ្លួនឯង និង លើព្រះវរបិតាសួគ៌ និង ព្រះអង្គសង្គ្រោះ ។ បន្ទាប់ពីនោះអ្នកនឹងមានអារម្មណ៍ល្អនៃភាពសក្តិសមផ្ទាល់ខ្លួន និង មានទំនុកចិត្តលើខ្លួនឯង ។
ទាំងនេះគឺជាអ្វីៗដែលខ្ញុំបានចាប់ផ្តើមរៀនកាលខ្ញុំនៅជាអ្នកប្រែចិត្តជឿវ័យក្មេង ហើយវាបានប្រទានពរយ៉ាងច្រើនដល់ជីវិតខ្ញុំ ។ នៅពេលអ្នកធ្វើការលះបង់ សិក្សា ហើយព្យាយាមនៅជិតព្រះវរបិតាសួគ៌ នោះទ្រង់នឹងប្រទានពរដល់អ្នកផងដែរ ។ សូមកុំចុះចាញ់ឡើយ !