សម្រាប់កុមារតូចៗ
ដំណើររឿងនៃព្រះប្រសូតិកម្ម
ជាយូរលង់ណាស់មកហើយ មានស្ត្រីម្នាក់ឈ្មោះថា ម៉ារី និងមានបុរសម្នាក់ឈ្មោះថា យ៉ូសែប ដែលនឹងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ។ ម៉ារី និង យ៉ូសែប គឺមនុស្សល្អ ដែលបានធ្វើអ្វីៗដែលព្រះបានមានព្រះទ័យចង់ឲ្យពួកគេធ្វើ ។
នៅថ្ងៃមួយ មានទេវតាមួយអង្គបានយាងមកជួបម៉ារី ហើយប្រាប់គាត់ថា គាត់នឹងមានកូន ! ទេវតានោះបានប្រាប់គាត់ថា គាត់គួរដាក់ឈ្មោះបុត្រនោះថាយេស៊ូវ ។ បុត្រនោះគឺជាព្រះរាជបុត្រានៃព្រះ ជាព្រះអង្គសង្រ្គោះ ។
ម៉ារី និង យ៉ូសែប ត្រូវធ្វើដំណើរទៅទីក្រុងមួយហៅថា បេថ្លេហិម ដើម្បីបង់ពន្ធ ។
ទីក្រុងនោះ មានមនុស្សកកកុញ ។ ដូច្នេះម៉ារី និង យ៉ូសែប បានសម្រាកនៅកន្លែងមួយដែលគេទុកឲ្យសត្វដេក ។ នៅយប់នោះព្រះឱរសយេស៊ូវបានប្រសូតមក !
ផ្កាយថ្មីមួយបានរះឡើងនៅលើមេឃ ។
អ្នកគង្វាលកំពុងថែទាំចៀមនៅវាលជិតនោះ ។ ទេវតាបានយាងមក ហើយប្រាប់អ្នកគង្វាលថាព្រះអង្គសង្គ្រោះបានប្រសូតហើយ ។ អ្នកគង្វាលបានទៅជួប ហើយថ្វាយបង្គំព្រះឱរសយេស៊ូវ ។
នៅទីដ៏សែនឆ្ងាយ ពួកហោរាបានឃើញផ្កាយថ្មីនោះ ។ ពួកគេបានដឹងច្បាស់ថា នោះគឺជាសញ្ញាដែលបង្ហាញថាព្រះអង្គសង្រ្គោះបានប្រសូតហើយ ។ ពួកគេបានធ្វើដំណើរតាមផ្កាយនោះរហូតដល់ពួកគេបានជួបព្រះយេស៊ូវ ។ ពួកគេបានថ្វាយអំណោយដល់ទ្រង់ ហើយបានថ្វាយបង្គំទ្រង់ ។
បន្ទាប់ពីពួកហោរាបានចាកចេញទៅ នោះទេវតាបានយាងមកជួបយ៉ូសែប ។ ទេវតានោះបាននិយាយថា ស្តេចអាក្រក់មួយអង្គចង់ធ្វើបាបព្រះយេស៊ូវ ។ ទេវតានោះបាននិយាយថា គ្រួសាររបស់ពួកគេគួរតែប្តូរទីលំនៅទៅប្រទេសអេស៊ីបដើម្បីមានសុវត្ថិភាព ។
យ៉ូសែប ម៉ារី និង ព្រះយេស៊ូវ បានរស់នៅក្នុងប្រទេសអេស៊ីបរហូតដល់មានសុវត្ថិភាពដើម្បីអាចត្រឡប់មកប្រទេសអ៊ីស្រាអែលវិញបាន ។ ព្រះយេស៊ូវបានចម្រើនវ័យធំឡើងនៅក្នុងទីក្រុងមួយហៅថា ណាសារ៉ែត ។ ទ្រង់បានរៀនដើម្បីជួយមនុស្ស មានចិត្តសប្បុរស និង ចេះគោរពប្រតិបត្តិ ។ ទ្រង់បានរៀនអ្វីៗគ្រប់យ៉ាងដែលទ្រង់ត្រូវតែរៀនដើម្បីធ្វើជាព្រះអង្គសង្គ្រោះរបស់ពួកយើង ។ ទ្រង់ធ្វើតាមផែនការរបស់ព្រះសម្រាប់ទ្រង់ជានិច្ច ។
នៅពេលបុណ្យគ្រីស្ទម៉ាស់យើងប្រារព្ធពិធីបុណ្យប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមចង្អុលរូបភាពនៃមនុស្សទាំងនេះ ដែលមាននៅក្នុងរឿងព្រះប្រសូតិកម្ម ។
យើងអាចធ្វើដូចជា ម៉ារី និង យ៉ូសែប តាមរយៈការធ្វើអ្វីៗដែលព្រះមានព្រះទ័យចង់ឲ្យពួកយើងធ្វើ ។
យើងអាចធ្វើដូចជា អ្នកគង្វាល និង ពួកហោរា ដោយដើរតាមព្រះយេស៊ូវគ្រីស្ទ ។
យើងអាចធ្វើដូចជា ទេវតា តាមរយៈការប្រាប់មនុស្សដទៃពីរឿងពិតនៃបុណ្យគ្រីស្ទម៉ាស់ ។
ហើយយើងអាចធ្វើដូចជា ព្រះយេស៊ូវ តាមរយៈការធ្វើតាមគំរូរបស់ទ្រង់ !