សាក្សីម្នាក់អំពីព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ
អស់រយៈពេល ៥៤ឆ្នាំក្នុងនាមជាអ្នកមានសិទ្ធិអំណាចទូទៅ និង រយៈពេល ៤៥ ឆ្នាំក្នុងនាមជាសាវកម្នាក់ និងជាសាក្សីពិសេស « អំពីព្រះនាមនៃព្រះគ្រីស្ទនៅពេញសព្វក្នុងពិភពលោក » ( គ. និង ស. ១០៧:២៣ ), ប្រធាន ផាកកឺ បានថ្លែងទីបន្ទាល់យ៉ាងរាបទាប ។ មិនយូរប៉ុន្មានពីមុនមរណភាពរបស់លោកនៅថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០១៥ ប្រធានផាកកឺបានស្នើសុំថាសេចក្តីដកស្រង់ខាងក្រោមមកពីការបម្រើរបស់លោកគួរតែត្រូវចែកចាយនៅក្នុងលីអាហូណា ។ នៅក្នុងវិញ្ញាណនៃរដូវកាលនៃបុណ្យគ្រីស្ទម៉ាស់នេះ ការដកស្រង់នេះសង្កត់ធ្ងន់លើទីបន្ទាល់របស់លោកអំពីព្រះអង្គសង្គ្រោះ និង សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទ ។
ព័ត៌មានលម្អិតចេញពី ព្រះគ្រីស្ទ និង កុមារតូចៗ ដោយ ខាល ហៀនរីច ប្លូច
ខ្ញុំស្រឡាញ់ព្រះអម្ចាស់
« ខ្ញុំចូលចិត្តបុណ្យគ្រីស្ទម៉ាស់ ។ មានអារម្មណ៍ពិសេសក្នុងរដូវកាលបុណ្យគ្រីស្ទម៉ាស់ ។ វាបានចុះមកលើពិភពលោកនេះ — ពុំមែនគ្រាន់តែសម្រាប់សមាជិកនៃសាសនាចក្រនេះឡើយ ប៉ុន្តែសម្រាប់មនុស្សទូទាំងពិភពលោក — គឺជាទីបន្ទាល់មួយ និង សាក្សីមួយថាព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ ។ … ក្នុងនាមជាអ្នកបម្រើម្នាក់របស់ព្រះអម្ចាស់ ក្នុងនាមជាសាវកម្នាក់ក្នុងពួកដប់ពីរនាក់ ខ្ញុំដឹងថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។ …
« ខ្ញុំស្រឡាញ់ព្រះអម្ចាស់ ។ ខ្ញុំស្រឡាញ់កិច្ចការរបស់ទ្រង់ ។ ខ្ញុំស្រឡាញ់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយថ្លែងជាសាក្សីអំពីទ្រង់ដែលជាចៅហ្វាយ និង មិត្តភក្តិរបស់យើង » ។១
ខ្ញុំជាសាក្សីម្នាក់របស់ទ្រង់
« មានរឿងមួយចំនួនដែលវាពិសិដ្ឋជាខ្លាំង រហូតដល់មិនអាចយកមកពិភាក្សាបាន ។ …
« វាមិនមែនមកពីវាជាការណ៍សម្ងាត់នោះទេ ប៉ុន្តែវាជារឿងដ៏ពិសិដ្ឋ ដែលមិនត្រូវជជែកវែកញែកឡើយ ប៉ុន្តែវាតម្រូវឲ្យជឿ ហើយត្រូវតែការពារ និង កោតសរសើរដោយគារវភាពដ៏ជ្រាលជ្រៅបំផុត ។
« ខ្ញុំបានយល់អ្វីដែលព្យាការីអាលម៉ាបាននិយាយ ៖
« ‹ មានមនុស្សជាច្រើនដែលបានប្រទានឲ្យដឹងនូវសេចក្តីអាថ៌កំបាំងទាំងឡាយនៃព្រះ ទោះជាយ៉ាងណាក៏ដោយ គង់តែគេបានទទួលបញ្ជាយ៉ាងតឹងរឹងថា គេពុំត្រូវប្រាប់នរណាឲ្យសោះ លើកលែងតែមួយភាគនៃព្រះបន្ទួលរបស់ព្រះអង្គ ដែលព្រះអង្គបានប្រទានដល់កូនចៅមនុស្សស្របតាមការយកចិត្តទុកដាក់ និង ការព្យាយាមរបស់គេចំពោះព្រះអង្គប៉ុណ្ណោះ ។
« ‹ ហេតុដូច្នេះហើយ នរណាដែលធ្វើចិត្តរឹងរូស អ្នកនោះហើយដែលនឹងទទួលព្រះបន្ទូលរបស់ព្រះអង្គមួយភាគតិចប៉ុណ្ណោះ ឯនរណាដែលពុំធ្វើចិត្តរឹងរូសទេ អ្នកនោះហើយដែលនឹងបានទទួលព្រះបន្ទូលរបស់ព្រះអង្គមួយភាគច្រើនជាង រហូតដល់អ្នកនោះអាចដឹងនូវសេចក្តីអាថ៌កំបាំងទាំងឡាយនៃព្រះរហូតដល់អ្នកនោះដឹងគ្រប់សេចក្តី › ( អាលម៉ា ១២:៩–១០ ) ។ …
« ឥឡូវនេះខ្ញុំឆ្ងល់ដូចជាអ្នកដែរថា ហេតុអ្វីបានជាមនុស្សដូចជារូបខ្ញុំគួរតែត្រូវបានហៅទៅកាន់តំណែងនៃភាពជាសាវកដ៏បរិសុទ្ធនេះ ។ មានលក្ខណៈសម្បត្តិជាច្រើនដែលខ្ញុំគ្មាន ។ មានកិច្ចខិតខំយ៉ាងច្រើនក្នុងការបម្រើដែលខ្ញុំកំពុងតែចង់ធ្វើ ។ នៅពេលខ្ញុំបានគិតអំពីរឿងនេះ ខ្ញុំមានចំណុចតែមួយគត់ គឺគុណសម្បត្តិមួយដែលអាចជាហេតុផល ដែលនោះគឺជាអ្វីដែលខ្ញុំមាននូវសាក្សី នោះ ។
« ខ្ញុំសូមប្រកាសដល់អ្នកថា ខ្ញុំដឹងថាព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ ។ ខ្ញុំដឹងថាទ្រង់មានព្រះជន្មរស់ ។ ទ្រង់បានប្រសូតមកនៅក្នុងកាលដ៏ខ្ពង់ខ្ពស់បំផុត ។ ទ្រង់បានបង្រៀនដំណឹងល្អរបស់ទ្រង់ បានទទួលការសាកល្បង និងត្រូវបានគេឆ្កាង ។ ទ្រង់បានមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី ។ ទ្រង់គឺជាផលដំបូងនៃការរស់ឡើងវិញ ។ ទ្រង់មានរូបកាយជាសាច់ និង ឆ្អឹង ។ ខ្ញុំសូមថ្លែងទីបន្ទាល់នេះ ។ ខ្ញុំជាសាក្សីម្នាក់អំពីទ្រង់ » ។២
ទ្រង់បានទទួលយកទារុណកម្ម
ព័ត៌មានលម្អិតមកពី ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ ដោយ ហារី អែនឌើរសុន
« ពីមុន និងក្រោយការឆ្កាង មនុស្សជាច្រើនបានលះបង់ជីវិតខ្លួន ប្រកបដោយសុឆន្ទៈមិនគិតពីការធ្វើជាវីរជនអ្វីឡើយ ។ ប៉ុន្តែគ្មាននរណាម្នាក់បានជួបដូចអ្វីដែលព្រះគ្រីស្ទបានស៊ូទ្រាំឡើយ ។ បន្ទុកនៃអំពើរំលងរបស់មនុស្សទាំងអស់ ទោសរបស់មនុស្សទាំងអស់ត្រូវធ្លាក់លើទ្រង់ ។ ហើយត្រូវបានព្យួរឡើងដែលជាដង្វាយធួនដ៏អស្ចារ្យ ។ តាមរយៈព្រះឆន្ទៈរបស់ព្រះអង្គ សេចក្តី មេត្តា ករុណា និង សេចក្តី យុត្តិធម៌អាចត្រូវបានដោះស្រាយ ក្រឹត្យវិន័យដ៏អស់កល្បត្រូវបានបំពេញ ហើយការសម្រប សម្រួលបានសម្រេចថាគ្មានមនុស្សណាម្នាក់នឹងមិនអាចត្រូវបានប្រោសលោះឡើយ ។
« ទ្រង់បានជ្រើសទទួលយកទារុណកម្ម ជំនួសមនុស្សលោកទាំងអស់ ចំពោះអំពើទុច្ចរិតទាំងអស់ និង ចំពោះអំពើពុករលួយ អំពើឃោរឃៅ ភាពអសីលធម៌ អំពើខូចអាក្រក់ និង អំពើស្មោកគ្រោក ចំពោះការញៀន ចំពោះការកាប់សម្លាប់ និង ទារុណកម្ម ព្រមទាំងភាពចលាចល — ចំពោះអ្វីៗទាំងអស់ដែលធ្លាប់កើតឡើង ឬ អ្វីៗទាំងអស់ដែលកើតមានឡើងនៅលើផែនដីនេះ ។ ក្នុងការជ្រើសរើសនោះ ទ្រង់បានស៊ូទ្រាំនឹងអំណាចដ៏ខ្លាំងក្លារបស់អារក្សដែលវាមិនមាននៅក្នុងដែនកំណត់នៃសាច់ឈាម ហើយក៏មិនចុះចូលនឹងការឈឺចាប់នៃជីវិតរមែងស្លាប់ដែរ ។ អ្វីដែលខ្ញុំរៀបរាប់នេះគឺកើតនៅសួនគែតសេម៉ានី !
« ដង្វាយធួនបានសម្រេចទៅបានយ៉ាងអស្ចារ្យដោយយើងមិនបានដឹងឡើយ ។ គ្មានជីវិតរមែងស្លាប់ណាដែលត្រូវបានមើលថាអាក្រក់បានបែរចេញ ឬ លាក់បាំងដោយអាម៉ាស់នៅចំពោះពន្លឺដែលជាតួអង្គដ៏បរិសុទ្ធនោះឡើយ ។ មនុស្សទុច្ចរិតទាំងអស់ពុំស្រេកឃ្លានពន្លឺនោះឡើយ ។ នៅពេលអ្វីដែលត្រូវធ្វើ បានធ្វើរួចហើយនោះ តម្លៃលោះត្រូវបានបង់ ។ ទាំងសេចក្តីស្លាប់ និង ស្ថាននរកបានបោះបង់ការទាមទារយកអស់អ្នកដែលបានប្រែចិត្ត ។ នៅទីបំផុតមនុស្សមានសេរីភាព ។ បន្ទាប់មកទៀត គ្រប់ព្រលឹងដែលធ្លាប់បានរស់នៅអាចជ្រើសរើសធ្វើតាមពន្លឺនោះ ហើយត្រូវបានសង្គ្រោះ ។
« តាមរយៈការបូជាដ៏និរន្តរនេះ ‹ តាមរយៈដង្វាយធួន នៃព្រះគ្រីស្ទ [ នេះ ] នោះមនុស្សលោកទាំងអស់អាចបានសង្គ្រោះ ដោយសារការគោរពតាមក្រឹត្យវិន័យ និង ពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អ › ( មាត្រានៃសេចក្តីជំនឿ ១:៣ ) » ។៣
គ្រូបង្រៀនដ៏ឆ្នើម
« នៅក្នុងដំណើរការនៃកិច្ចខិតខំរបស់ខ្ញុំ ដើម្បីបង្រៀនដំណឹងល្អរបស់ទ្រង់ ខ្ញុំបានស្គាល់ទ្រង់ថាជា ព្រះយេស៊ូវគ្រីស្ទ ព្រះរាជបុត្រានៃព្រះ ជាបុត្របង្កើតតែមួយរបស់ព្រះវរបិតា ។ ខ្ញុំមានគារវភាពចំពោះទ្រង់ ដោយមានការកោត សរសើរយ៉ាងជ្រាលជ្រៅចំពោះអ្វីដែលទ្រង់បានបង្រៀន និង របៀបដែលទ្រង់បង្រៀន ។ វាមិនមែនមិនល្អទេ ចំពោះយើងម្នាក់ៗដែលព្យាយាមបង្រៀនដូចដែលទ្រង់បានបង្រៀន ។ វាមិនមែនមិនល្អទេ ចំពោះយើងម្នាក់ៗដែលប្រាថ្នាឲ្យបានដូចជាទ្រង់ ។ ទ្រង់មិនមែនគ្រាន់តែជាគ្រូបង្រៀនទេ ទ្រង់គឺជាគ្រូបង្រៀនដ៏ឆ្នើម » ។៤
ការដឹងពីសេចក្ដីពិតដ៏មានតម្លៃបំផុត
« ព្រោះយើងជាមនុស្សរមែងស្លាប់ យើងអាចមិនយល់ទាំងស្រុងពី របៀប ដែលព្រះអង្គសង្គ្រោះទ្រង់បានបំពេញពលិកម្មដ៏ធួនរបស់ទ្រង់នោះទេ ។ ប៉ុន្តែសម្រាប់ពេលឥឡូវនេះ របៀប ដែលទ្រង់រងទុក្ខគឺមិនសំខាន់ដូចជា មូលហេតុ ដែលទ្រង់រងទុក្ខនោះទេ ។ តើហេតុអ្វីទ្រង់ធ្វើការណ៍នោះសម្រាប់អ្នកសម្រាប់ខ្ញុំ សម្រាប់មនុស្សគ្រប់រូប ? ទ្រង់បានធ្វើបែបនេះ ដោយព្រោះក្ដីស្រឡាញ់ចំពោះព្រះជាព្រះវរបិតា និងចំពោះមនុស្សគ្រប់គ្នា ។ ‹ គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្ដូរជីវិតជំនួសពួកសំឡាញ់របស់ខ្លួននោះទេ › ( យ៉ូហាន ១៥:១៣ ) ។
« ក្នុងសួនគែតសេម៉ានី ព្រះគ្រីស្ទបានចេញពីពួកសាវករបស់ទ្រង់ទៅអធិស្ឋាន ។ អ្វីដែលបានកើតឡើងគឺហួសពីអំណាចរបស់យើងដើម្បីយល់ដឹង ! តែយើងពិតជាដឹងថា ទ្រង់បានសម្រេចនូវដង្វាយធួន ។ ទ្រង់ព្រមលើកដាក់មកលើអង្គទ្រង់នូវអស់ទាំងកំហុស និងអំពើបាប មន្ទិលសង្ស័យ និងការភ័យខ្លាចនៃពិភពលោកទាំងមួល ។ ទ្រង់បានរងទុក្ខជំនួសយើង ដើម្បីយើងមិនបាច់ត្រូវរងទុក្ខ ។ មនុស្សរមែងស្លាប់ជាច្រើនបានរងទារុណកម្ម ហើយស្លាប់ ដែលជាការស្លាប់ដ៏ឈឺចាប់ និងគួរឲ្យខ្លាចក្រៃលែង ។ តែការឈឺចាប់របស់ទ្រង់លើសពីការឈឺចាប់ទាំងអស់នោះទៅទៀត ។ …
« ការរងទុក្ខរបស់ទ្រង់ គឺខុសពីការរងទុក្ខផ្សេងទៀតទាំងអស់ពីមុនមក ឬតាំងពីនោះមក ដោយព្រោះទ្រង់បានលើកដាក់មកលើអង្គទ្រង់ នូវទោសទាំងអស់ដែល [ ធ្លាប់ ] មានលើគ្រួសារមនុស្សជាតិ ។ សូមស្រមៃពីការណ៍នោះ ! ទ្រង់គ្មានជំពាក់បំណុលដើម្បីនឹងសងសោះឡើយ ។ ទ្រង់ពុំបានធ្វើខុសសោះឡើយ ។ ទោះយ៉ាងណា បន្សំនៃអស់ទាំងកំហុស ទុក្ខព្រួយ ការឈឺចាប់ និងសេចក្ដីប្រមាថ ទារុណកម្មទាំងខាងផ្លូវចិត្ត អារម្មណ៍ និង ផ្លូវកាយទាំងអស់ដែលមនុស្សលោកស្គាល់ — គឺទ្រង់បានភ្លក់នូវបទពិសោធន៍ទាំងអស់ ។ មានតែមួយអង្គគត់នៅក្នុងកំណត់ត្រាប្រវត្តិសាស្រ្តមនុស្សទាំងអស់ ដែលគ្មានទោសសោះដែលមានអំណាចនឹងធ្វើឲ្យធួនដល់បាប និងការរំលងរបស់មនុស្សទាំងអស់ ហើយអាចស៊ូនឹងការឈឺចាប់ ដែលបានបង្រ្គប់បន្ថែមដោយការបង់ថ្លៃជំនួសពួកគេ ។
« ទ្រង់ព្រមលះបង់ជីវិតទ្រង់ ហើយមានបន្ទូលដ៏មានខ្លឹមសារថា « គឺយើងនេះហើយ ដែលទទួលយកអំពើបាបទាំងឡាយ នៃមនុស្សលោកមកលើខ្លួន » ( ម៉ូសាយ ២៦:២៣ ) ។ ទ្រង់ត្រូវបានគេឆ្កាង ទ្រង់បានសុគត ។ ពួកគេមិនអាចដកយកជីវិតពីទ្រង់បានឡើយ ។ គឺទ្រង់ទេតើដែលព្រមសុគតនោះ ។ …
« បើសិនអ្នកបានដួលចុះ ឬសូម្បីតែវង្វេងមួយរយៈ បើសិនអ្នកមានអារម្មណ៍ថាឥឡូវនេះបច្ចាមិត្តសង្កត់អ្នកជាប់នោះ អ្នកអាចឈានទៅមុខដោយជំនឿ និងដោយមិនវង្វេងទៅមកក្នុងលោកិយនេះទៀតឡើយ ។ មានពួកអ្នកដែលត្រៀមរួចជាស្រេច ដើម្បីដឹកនាំអ្នកឲ្យត្រឡប់ទៅភាពសុខសាន្ត និងសុវត្ថិភាពវិញ ។ ដូចដែលបានសន្យាក្នុងព្រះគម្ពីរថា សូម្បីព្រះគុណនៃព្រះបានមក ‹ បន្ទាប់ពីអ្វីៗទាំងអស់ដែលយើងអាចធ្វើបាន › ( នីហ្វៃទី ២ ២៥:២៣ ) ។ ចំពោះខ្ញុំ លទ្ធភាពក្នុងការសម្រេចបាននូវការណ៍នេះ គឺជាការដឹងពីសេចក្ដីពិតដ៏មានតម្លៃបំផុត ។
« ខ្ញុំសូមសន្យាថា ព្រឹកព្រលឹមដ៏ស្រស់បំព្រងនៃការអភ័យទោស អាចកើតមាន ។ ពេលនោះ‹ សេចក្ដីសុខសាន្តរបស់ព្រះដែលហួសលើសពីអស់ទាំងគំនិត › ( ភីលីព ៤:៧ ) ចូលមកក្នុងជីវិតអ្នកម្ដងទៀត ជាអ្វីមួយដែលដូចជាព្រះអាទិត្យរះ ហើយអ្នកដូចជាទ្រង់ដែរ ‹ នឹងលែងនឹកចាំពីអំពើបាបរបស់អ្នកទៀតជាដរាបទៅ › ( យេរេមា ៣១:៣៤ ) ។ តើអ្នកនឹងដឹងដោយរបៀបណា ? អ្នកនឹងដឹង ! ( សូមមើល ម៉ូសាយ ៤:១–៣ ) » ។៥
ទីបន្ទាល់របស់ខ្ញុំ
« បន្ទាប់ពីរាប់ឆ្នាំកន្លងទៅដែលខ្ញុំបានរស់នៅ និងបានបង្រៀន និងបានបម្រើ បន្ទាប់ពីរាប់រយគីឡូម៉ែត្រដែលខ្ញុំបានធ្វើដំណើរជុំវិញពិភពលោក ដោយបានពិសោធន៍នូវអ្វីៗទាំងអស់នោះវាមានសេចក្ដីពិតមួយដ៏អស្ចារ្យដែលខ្ញុំចង់ចែកចាយ ។ នោះគឺជាទីបន្ទាល់របស់ខ្ញុំអំពីព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ។
« យ៉ូសែប ស៊្មីធ និង ស៊ីឌនី រិកដុន បានកត់ត្រាដូចខាងក្រោម បន្ទាប់ពីមានបទពិសោធន៍ដ៏ពិសិដ្ឋមួយ ៖
« ‹ ហើយ ឥឡូវនេះបន្ទាប់ពីទីបន្ទាល់ជាច្រើនដែលបានថ្លែងអំពីទ្រង់នេះគឺជាទីបន្ទាល់ចុងក្រោយបង្អស់ដែលយើងខ្ញុំសូមថ្លែងអំពីទ្រង់ ៖ ថាទ្រង់មានព្រះជន្មរស់នៅ !
« ‹ ដ្បិតយើងបានឃើញទ្រង់ › ( គ. និង ស. ៧៦:២២–២៣ ) ។
« ប្រសាសន៍របស់ពួកលោកគឺជាពាក្យពេចន៍របស់ខ្ញុំ » ។៦
« នេះពិតជាឯកសិទ្ធិដ៏អស្ចារ្យ ដែលខ្ញុំមានពេញមួយជីវិតខ្ញុំ ដើម្បីថ្លែងទីបន្ទាល់ជាពិសេស ថាព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ ព្រះរាជាបុត្រារបស់ព្រះ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ដោយរាបសារបំផុត តែដោយភាពជឿជាក់ទាំងស្រុងថា ទ្រង់គឺជាព្រះរាជបុត្រាបង្កើតតែមួយរបស់ព្រះវរបិតា ។ នេះគឺជាសាសនាចក្ររបស់ទ្រង់ ទ្រង់ជាអធិបតីលើសាសនាចក្រនេះ ហើយដឹកនាំកិច្ចការនេះ ។ ទ្រង់គឺជាព្រះប្រោសលោះរបស់យើង ។ ខ្ញុំដឹងថាទ្រង់មានព្រះជន្មរស់នៅ ហើយខ្ញុំស្គាល់ទ្រង់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីការណ៍នេះនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន » ។៧