សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
អព្ភូតហេតុនៃបុណ្យគ្រីស្ទម៉ាស់របស់ខ្ញុំ
ចូអាន ប៊ើតុន ស្តត់ រដ្ឋ កាលីហ្វ័រញ៉ា ស.រ.អា.
អំឡុងពេលនៃរដូវស្លឹកឈើជ្រុះ ឆ្នាំ ១៩៦៨ ប៊ីស្សពរបស់យើងបានសួរឪពុកម្តាយរបស់ខ្ញុំ បើសិនពួកគេយល់ព្រមបរិច្ចាគប្រាក់ ដើម្បីសាងសង់ព្រះវិហារបរិសុទ្ធ ប្រូវ៉ូ យូថាហ៍ ។ វួដផ្សេងពុំធ្វើដូច្នេះឡើយក្នុងសម័យយើងនេះ ប៉ុន្តែសម័យនោះគឺគេធ្វើដូច្នេះ ។ ឪពុកខ្ញុំបានយល់ព្រមបរិច្ចាគ ១០០០ ដុល្លារអាមេរិក ។ ទឹកប្រាក់នោះហាក់បីដូចជាពុំច្រើនឡើយ ប៉ុន្តែសម្រាប់ពួកយើងគឺវាច្រើនណាស់ ។ ឪពុករបស់ខ្ញុំបានធ្វើការងារពីរ ដើម្បីជួយឧបត្ថម្ភកូនប្រុសម្នាក់ឲ្យរៀនមហាវិទ្យាល័យ កូនប្រុសម្នាក់ទៀតកំពុងបម្រើបេសកកម្ម និង កូនប្រាំនាក់ផ្សេងទៀតនៅផ្ទះ ។
នៅពេលឪពុកខ្ញុំបានអង្គុយប្រឹក្សាជាមួយគ្រួសារ ហើយបានប្រាប់យើងថាគាត់បានយល់ព្រមបរិច្ចាគទឹកប្រាក់ ១០០០ដុល្លារទៅកាន់ព្រះវិហារបរិសុទ្ធ ខ្ញុំចាំថាខ្ញុំបានគិតថា « ប៉ាអាចត្រូវបានសុំឲ្យបរិច្ចាគ ១ លានដុល្លារផងដែរដោយសារចំនួនទឹកប្រាក់ទាំងពីរនេះពុំអាចរកបានឡើយ » ។ ខ្ញុំមិនគិតថាគាត់ហ៊ានបរិច្ចាគច្រើនបែបនោះឡើយ ហើយយើងមានពេលតិចជាងបួនខែដើម្បីរកប្រាក់បរិច្ចាគនោះ ។
យើងបានរើសយកផ្លូវបួនយ៉ាងដើម្បីប្រមូលប្រាក់ ៖ យើងនឹងមិនទិញអំណោយដែលត្រូវជូននៅបុណ្យគ្រីស្ទម៉ាស់ឆ្នាំនេះទេ ហើយបរិច្ចាគប្រាក់ដែលយើងនឹងចំណាយលើអំណោយទាំងនោះ ប្អូនស្រីខ្ញុំ និង រូបខ្ញុំត្រូវបរិច្ចាគប្រាក់ដែលរកបានពីការមើលក្មេង ប្អូនប្រុសពៅរបស់ខ្ញុំត្រូវធ្វើការផ្សេងៗដើម្បីរកប្រាក់ ហើយយើងនឹងត្រូវទៅកសិដ្ឋានមួយកន្លែងក្នុងមូលដ្ឋានជាក្រុមគ្រួសារ បេះផ្លែប៉ោមរាល់ថ្ងៃរយៈពេលពីរបីសប្តាហ៍ ហើយបរិច្ចាគប្រាក់ដែលរកបាននោះ ។
យើងបានធ្វើប្រអប់មួយដាក់អំណោយដែលអាចដាក់ប្រាក់បញ្ញើនោះ បិទរូបព្រះវិហារបរិសុទ្ធ និង រូបព្រះយេស៊ូវគ្រីស្ទលើវា ហើយដាក់ប្រអប់នោះនៅលើតុតូចមួយ ។ ក្តីរំភើបបានកើតមាន នៅពេលប្រាក់បរិច្ចាគរបស់យើងបានកើនឡើង ។ ការផ្តោតយកចិត្តទុកដាក់របស់យើងបានប្តូរពីអំណោយដែលយើងចង់បានទៅជាអំណោយសម្រាប់ព្រះអង្គសង្គ្រោះវិញ ។ ខ្ញុំពិតជាមានអំណរគុណចំពោះអំណោយដែលទ្រង់បានប្រទានដល់កូនចៅរបស់ព្រះ — ជាព្រះជន្មរបស់ទ្រង់ — ដែលខ្ញុំចង់ថ្វាយអ្វីមួយត្រឡប់ទៅទ្រង់វិញ ។
ការបេះផ្លែប៉ោមបានក្លាយជាការណ៍មួយយ៉ាងលំបាកបំផុត និង មិនគួរឲ្យពេញចិត្តក្នុងការរកប្រាក់ទេ ។ វាមានការនឿយហត់ណាស់ ប៉ុន្តែយើងត្រូវបានពង្រឹង និង ទទួលរង្វាន់ នៅពេលយើងចំណាយពេលជាមួយគ្នាជាគ្រួសារ ។ យើងបានចាប់ផ្តើម « មានចិត្តចងក្រងរួមគ្នាដោយសាមគ្គី ហើយស្រឡាញ់គ្នាទៅវិញទៅមក » ( ម៉ូសាយ ១៨:២១ ) ។
នៅពេលបុណ្យគ្រីស្ទម៉ាស់មកដល់ ខ្ញុំបានមើលទៅក្នុងប្រអប់បរិច្ចាគនោះ ប៉ុន្តែខ្ញុំតែងខកចិត្តជានិច្ច ។ ទោះបីជាយើងខិតខំយ៉ាងណាក្តី យើងនៅតែពុំមានប្រាក់គ្រប់គ្រាន់តាមគោលដៅរបស់យើងឡើយ ។
ប៉ុន្ដែខ្ញុំមានអារម្មណ៍ថា វាអស្ចារ្យចំពោះការសម្រេចរបស់យើងដើម្បីលះបង់អំណោយទាំងនោះ ។ ខ្ញុំដឹងថាការពលិកម្មរបស់យើងគឺតិចតួចណាស់ ប៉ុន្តែខ្ញុំមានសេចក្តីជំនឿថាព្រះអង្គសង្គ្រោះនឹងសព្វព្រះហទ័យ ។
នៅថ្ងៃមួយឪពុករបស់ខ្ញុំបានប្រកាសថា យើងបានសម្រេចគោលដៅរបស់យើង ហើយថាគាត់បានបរិច្ចាគប្រាក់នោះហើយ ។ ខ្ញុំពុំបានដឹងថាតើយើងបានប្រាក់មកបង្គ្រប់បានយ៉ាងលឿនដោយរបៀបណានោះទេ ។
ការបំពេញតាមការយល់ព្រមបរិច្ចាកគរបស់ឪពុកខ្ញុំនៅបុណ្យគ្រីស្ទម៉ាស់នោះគឺជាអព្ភូតហេតុ ។ ប៉ុន្តែសម្រាប់ខ្ញុំ អព្ភូតហេតុពិតគឺថាតាមរយៈការផ្តល់ឲ្យជាជាងការទទួលយក ខ្ញុំបានខិតកាន់តែជិតទ្រង់ ។ នោះគឺជាអំណោយនៃបុណ្យគ្រីស្ទម៉ាស់ដែលល្អជាងគេដែលខ្ញុំធ្លាប់បានទទួល ។ ប្រាំពីរឆ្នាំក្រោយមកអំណោយនោះបានប្រទានត្រឡប់មកដល់ខ្ញុំវិញ នៅពេលខ្ញុំបានលុតជង្គង់ចុះលើអាសនានៅក្នុងព្រះវិហារបរិសុទ្ធ ប្រូវ៉ូ ដើម្បីផ្សារភ្ជាប់សម្រាប់វេលាកាល និង អស់ទាំងភាពដ៏អស់កល្បជានិច្ចជាមួយនឹងស្វាមីរបស់ខ្ញុំ ។