ជំពូកទី ១១
នីហ្វៃឃើញព្រះវិញ្ញាណនៃព្រះអម្ចាស់ ហើយត្រូវបានបង្ហាញឲ្យឃើញដើមជីវិតនៅក្នុងការនិមិត្ត — លោកឃើញមាតារបស់ព្រះរាជបុត្រានៃព្រះ ហើយដឹងអំពីការយាងចុះមកនៃព្រះ — លោកឃើញបុណ្យជ្រមុជទឹក, ការងារបម្រើ, និងការឆ្កាងកូនចៀមនៃព្រះ — លោកឃើញការរើស និងការងារបម្រើនៃពួកសាវក១២នាក់របស់កូនចៀម។ ប្រមាណជាឆ្នាំ ៦០០ — ៥៩២ ម.គ.ស.។
១ត្បិតហេតុការណ៍បានកើតឡើងថា បន្ទាប់ពីខ្ញុំបានប្រាថ្នាចង់ដឹងពីរឿងទាំងឡាយ ដែលឪពុកខ្ញុំបានឃើញមក ហើយដោយជឿថា ព្រះអម្ចាស់ទ្រង់អាចធ្វើឲ្យខ្ញុំដឹងរឿងនេះបាន កាលខ្ញុំអង្គុយរំពឹងគិតនៅក្នុងចិត្តខ្ញុំ នោះខ្ញុំត្រូវបាននាំទៅដោយព្រះវិញ្ញាណនៃព្រះអម្ចាស់ មែនហើយ នាំទៅឯភ្នំមួយដ៏ខ្ពស់អស្ចារ្យ ដែលខ្ញុំមិនដែលបានឃើញពីមុនមក ហើយដែលខ្ញុំមិនដែលបានដាក់ជើងលើភ្នំនោះពីមុនដែរ។
២ហើយព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ៖ មើលចុះ តើអ្នកប្រាថ្នាអ្វី?
៣ហើយខ្ញុំបានទូលថា ៖ ទូលបង្គំប្រាថ្នាចង់ឃើញអ្វីៗ ដែលឪពុកទូលបង្គំបានឃើញមក។
៤ហើយព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ៖ តើអ្នកជឿទេថាឪពុកអ្នកបានឃើញដើមឈើ ដែលឪពុកអ្នកបាននិយាយនោះ?
៥ហើយខ្ញុំបានទូលថា ៖ ព្រះពរ ព្រះអង្គជ្រាបហើយថាទូលបង្គំជឿនូវគ្រប់ពាក្យទាំងអស់របស់ឪពុកទូលបង្គំ។
៦ហើយនៅពេលដែលខ្ញុំបាននិយាយពាក្យទាំងនេះ នោះព្រះវិញ្ញាណ ទ្រង់ក៏បន្លឺសំឡេងជាខ្លាំងថា ៖ ហូសាណាដល់ព្រះអម្ចាស់ព្រះដ៏ខ្ពស់បំផុតអើយ ត្បិតទ្រង់ជាព្រះលើផែនដីទាំងមូល មែនហើយ គឺជាព្រះនៅលើ អ្វីៗទាំងអស់។ ឱនីហ្វៃអើយ អ្នកមានពរហើយ ព្រោះអ្នកជឿដល់ព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ហេតុដូច្នោះហើយ អ្នកនឹងបានឃើញនូវអ្វីៗ ដែលអ្នកប្រាថ្នា។
៧ហើយមើលចុះ ការណ៍នេះនឹងត្រូវបានប្រទានដល់អ្នក ទុកជាទីសម្គាល់មួយថា បន្ទាប់ពីអ្នកបានឃើញដើមឈើដែលផ្ដល់ផ្លែ ដែលឪពុកអ្នកបានភ្លក់ហើយ នោះអ្នកក៏នឹងឃើញបុរសម្នាក់ ដែលកំពុងយាងចុះមកពីលើមេឃ បុរសនោះហើយដែលអ្នកនឹងឃើញ ហើយបន្ទាប់ពីអ្នកបានឃើញទ្រង់ហើយ អ្នកនឹងធ្វើបន្ទាល់ថា ទ្រង់ជាព្រះរាជបុត្រានៃព្រះ។
៨ហើយហេតុការណ៍បានកើតឡើងថា ព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ៖ មើលន៏! ហើយខ្ញុំក៏សម្លឹងមើល ហើយឃើញដើមឈើមួយ ហើយដើមឈើនោះ ក៏ដូចជាដើមឈើដែលឪពុកខ្ញុំបានឃើញមក ហើយសម្រស់នៃដើមឈើនោះល្អដ៏លើសលប់ មែនហើយ ល្អជាងសម្រស់អ្វីៗទាំងអស់ ហើយសេចក្ដីសនៃដើមឈើនោះក៏សជាងហិមៈដែលរសាត់ទៅទៀត។
៩ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីខ្ញុំបានឃើញដើមឈើនោះហើយ ខ្ញុំក៏ទូលទៅព្រះវិញ្ញាណថា ៖ ទូលបង្គំបានឃើញថា ព្រះអង្គបានបង្ហាញឲ្យទូលបង្គំឃើញដើមឈើ ដ៏មានតម្លៃលើសជាងអ្វីៗទាំងអស់។
១០ហើយព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា ៖ តើអ្នកប្រាថ្នាអ្វីទៀត?
១១ហើយខ្ញុំបានទូលទ្រង់ថា ៖ ទូលបង្គំប្រាថ្នាចង់ដឹងពីការបកស្រាយនៃរឿងនេះ — ត្បិតខ្ញុំនិយាយជាមួយទ្រង់ដូចជាមនុស្សនិយាយ ត្បិតខ្ញុំបានឃើញថា ទ្រង់នៅក្នុងរូបរាងមនុស្ស ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គង់តែខ្ញុំបានដឹងថា នេះគឺជាព្រះវិញ្ញាណនៃព្រះអម្ចាស់ ហើយទ្រង់មានព្រះបន្ទូលមកខ្ញុំ ដូចជាមនុស្សម្នាក់និយាយជាមួយនឹងមនុស្សម្នាក់ទៀត។
១២ហើយហេតុការណ៍បានកើតឡើងថា ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ៖ មើលន៏! ហើយខ្ញុំក៏មើល ហាក់បីដូចជាមើលព្រះអង្គទ្រង់ ហើយខ្ញុំមើលមិនឃើញទ្រង់សោះ ត្បិតទ្រង់បានយាងចេញពីវត្តមានខ្ញុំបាត់ទៅ។
១៣ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានមើលហើយឃើញក្រុងយេរូសាឡិមដ៏ធំ និងព្រមទាំងក្រុងឯទៀតៗទាំងឡាយផង។ ហើយខ្ញុំបានឃើញភូមិណាសារ៉ែត ហើយនៅភូមិណាសារ៉ែត ខ្ញុំបានឃើញនាងព្រហ្មចារីម្នាក់ ហើយនាងស្រស់ល្អ ហើយសដ៏លើសលប់។
១៤ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានឃើញផ្ទៃមេឃបើកចំហ ហើយមានទេវតាមួយយាងចុះមក ហើយឈរនៅចំពោះមុខខ្ញុំ ហើយទេវតានោះមានបន្ទូលមកខ្ញុំថា ៖ ឱនីហ្វៃអើយ តើអ្នកឃើញអ្វី?
១៥ហើយខ្ញុំបានទូលទៅទេវតានោះថា ៖ ខ្ញុំឃើញនាងព្រហ្មចារីម្នាក់ស្អាតបំផុត ហើយស្រស់ល្អជាងនាងព្រហ្មចារីនានាទាំងអស់។
១៦ហើយទេវតាមានបន្ទូលមកខ្ញុំថា ៖ តើអ្នកយល់ពីការយាងចុះមកនៃព្រះឬទេ?
១៧ហើយខ្ញុំបានទូលទៅទេវតាថា ៖ ខ្ញុំដឹងថាព្រះអង្គទ្រង់ស្រឡាញ់កូនចៅរបស់ទ្រង់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គង់តែខ្ញុំមិនយល់ន័យនៃរឿងទាំងអស់នោះទេ។
១៨ហើយទេវតាមានបន្ទូលមកខ្ញុំថា ៖ មើលចុះ នាងព្រហ្មចារីដែលអ្នកឃើញនោះ គឺជាមាតារបស់ព្រះរាជបុត្រានៃព្រះ ស្របតាមខាងឯសាច់ឈាម។
១៩ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានឃើញថា នាងត្រូវបាននាំទៅដោយព្រះវិញ្ញាណ ហើយបន្ទាប់ពីនាងត្រូវបាននាំទៅដោយព្រះវិញ្ញាណអស់មួយរយៈហើយ នោះទេវតាក៏មានបន្ទូលមកខ្ញុំថា ៖ មើលន៏!
២០ហើយខ្ញុំក៏មើល ហើយបានឃើញនាងព្រហ្មចារីម្ដងទៀត នាងកំពុងតែបីព្រះឱរសក្នុងដៃរបស់នាង។
២១ហើយទេវតាមានបន្ទូលមកខ្ញុំថា ៖ មើលន៏ កូនចៀមនៃព្រះ មែនហើយ គឺជាព្រះរាជបុត្រានៃព្រះវរបិតាដ៏នៅអស់កល្បជានិច្ច! តើអ្នកយល់ន័យពីដើមឈើ ដែលឪពុកអ្នកបានឃើញនោះទេ?
២២ហើយខ្ញុំបានឆ្លើយតបទៅទេវតាថា ៖ ព្រះពរ នោះគឺជាសេចក្ដីស្រឡាញ់នៃព្រះ ដែលមានសាយសព្វនៅក្នុងចិត្តនៃកូនចៅមនុស្ស ហេតុដូច្នោះហើយ នោះគឺជាសេចក្ដីស្រឡាញ់ ដែលគួរឲ្យប្រាថ្នាដ៏លើសលប់ជាងអ្វីៗទាំងអស់។
២៣ហើយទេវតាមានបន្ទូលមកខ្ញុំថា ៖ មែនហើយ គឺជាសេចក្ដីរីករាយបំផុតដល់ព្រលឹង។
២៤ហើយបន្ទាប់ពីទេវតាមានបន្ទូលនូវពាក្យទាំងនេះហើយ លោកមានបន្ទូលមកខ្ញុំថា ៖ មើលន៏! ហើយខ្ញុំក៏មើល ហើយខ្ញុំបានឃើញព្រះរាជបុត្រានៃព្រះ កំពុងតែយាងចេញទៅក្នុងចំណោមកូនចៅមនុស្ស ហើយខ្ញុំបានឃើញមនុស្សជាច្រើន ក្រាបនៅជិតព្រះបាទទ្រង់ ហើយថ្វាយបង្គំទ្រង់។
២៥ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានឃើញថាដំបងដែក ដែលឪពុកខ្ញុំបានឃើញមកនោះ គឺជាព្រះបន្ទូលនៃព្រះ ដែលនាំទៅឯប្រភពទឹកនៃទឹករស់ ឬទៅឯដើមជីវិត ឯទឹកនោះគឺជាតួយ៉ាងអំពីសេចក្ដីស្រឡាញ់នៃព្រះ ហើយខ្ញុំក៏បានឃើញថា ដើមជីវិតនោះ គឺជាតួយ៉ាងអំពីសេចក្ដីស្រឡាញ់នៃព្រះដែរ។
២៦ហើយទេវតាមានបន្ទូលមកខ្ញុំទៀតថា ៖ នុ៎ះន៏ ចូរមើលការយាងចុះមកនៃព្រះ!
២៧ហើយខ្ញុំក៏មើល ហើយបានឃើញព្រះដ៏ប្រោសលោះនៃពិភពលោក គឺជាទ្រង់នេះហើយដែលឪពុកខ្ញុំបានពោលមកនោះ ហើយខ្ញុំក៏បានឃើញព្យាការី ដែលនឹងរៀបចំផ្លូវថ្វាយទ្រង់ដែរ។ ហើយកូនចៀមនៃព្រះ បានយាងទៅ ហើយបានទទួលបុណ្យជ្រមុជទឹកពីលោក ហើយបន្ទាប់ពីទ្រង់បានទទួលបុណ្យជ្រមុជទឹកហើយ ខ្ញុំបានឃើញផ្ទៃមេឃបើកចំហ ហើយព្រះវិញ្ញាណបរិសុទ្ធយាងចុះមកពីលើមេឃ ហើយសណ្ឋិតលើទ្រង់ មានរូបដូចជាព្រាប។
២៨ហើយខ្ញុំឃើញថា ទ្រង់បានយាងចេញទៅធ្វើការងារបម្រើដល់បណ្ដាជន ដោយនូវព្រះចេស្ដា និងសិរិល្អដ៏អស្ចារ្យ ហើយមនុស្សទាំងហ្វូងបានប្រមូលគ្នា ដើម្បីមកស្ដាប់ទ្រង់ ហើយខ្ញុំបានឃើញថា ពួកគេបណ្ដេញទ្រង់ចេញពីចំណោមពួកគេ។
២៩ហើយខ្ញុំបានឃើញមនុស្ស១២នាក់ទៀតដើរតាមទ្រង់ដែរ។ ហើយហេតុការណ៍បានកើតឡើងថា ពួកគេត្រូវបាននាំទៅដោយព្រះវិញ្ញាណចេញពីមុខខ្ញុំបាត់ទៅ ហើយខ្ញុំមើលមិនឃើញពួកគេសោះ។
៣០ហើយហេតុការណ៍បានកើតឡើងថា ទេវតាមានបន្ទូលមកខ្ញុំទៀតថា ៖ មើលន៏! ហើយខ្ញុំក៏មើល ហើយខ្ញុំបានឃើញផ្ទៃមេឃបើកចំហម្ដងទៀត ហើយខ្ញុំបានឃើញពួកទេវតាយាងចុះមកឯកូនចៅមនុស្ស ហើយពួកទេវតាបានធ្វើការងារបម្រើដល់ពួកគេ។
៣១ហើយលោកមានបន្ទូលមកកាន់ខ្ញុំទៀតថា ៖ មើលន៏! ហើយខ្ញុំក៏មើល ហើយខ្ញុំបានឃើញកូនចៀមនៃព្រះ កំពុងតែយាងចេញទៅក្នុងចំណោមកូនចៅមនុស្ស។ ហើយខ្ញុំបានឃើញមនុស្សទាំងហ្វូង គឺពួកអ្នកឈឺ និងពួកអ្នកដែលរងទុក្ខវេទនាដោយជំងឺគ្រប់មុខ និងដោយពួកអារក្ស និងដោយអារក្សអសោចិ៍ចូល ហើយទេវតានោះមានបន្ទូល ហើយបានបង្ហាញគ្រប់រឿងទាំងអស់នេះដល់ខ្ញុំ។ ហើយពួកគេត្រូវបានប្រោសឲ្យជា ដោយព្រះចេស្ដានៃកូនចៀមនៃព្រះ ឯពួកអារក្ស និងអារក្សអសោចិ៍ក៏ត្រូវបានបណ្ដេញចេញទៅ។
៣២ហើយហេតុការណ៍បានកើតឡើងថា ទេវតាមានបន្ទូលមកខ្ញុំទៀតថា ៖ មើលន៏ ហើយខ្ញុំក៏មើល ហើយបានឃើញកូនចៀមនៃព្រះថា ទ្រង់ត្រូវបណ្ដាជនចាប់យកទៅ មែនហើយ ព្រះរាជបុត្រានៃព្រះដ៏គង់នៅអស់កល្បជានិច្ច ត្រូវមនុស្សលោកជំនុំជំរះ នោះខ្ញុំបានឃើញ ហើយបានធ្វើបន្ទាល់។
៣៣ហើយខ្ញុំ នីហ្វៃ បានឃើញទ្រង់ត្រូវគេលើកឡើងលើឈើឆ្កាង ហើយធ្វើគតជំនួសអំពើបាបទាំងឡាយនៃមនុស្សលោក។
៣៤ហើយបន្ទាប់ពីទ្រង់ត្រូវគេធ្វើគតហើយ នោះខ្ញុំបានឃើញហ្វូងមនុស្សនៅលើផែនដី គឺពួកគេប្រមូលគ្នា ដើម្បីទៅច្បាំងនឹងពួកសាវកនៃកូនចៀម ព្រោះពួក១២នាក់នោះ ត្រូវទេវតានៃព្រះអម្ចាស់បានហៅថាដូច្នោះហើយ។
៣៥ហើយពួកបណ្ដាជននៅលើផែនដីបានប្រមូលគ្នា ហើយខ្ញុំបានឃើញថា ពួកគេនៅក្នុងអគារដ៏ធំ ហើយទូលាយ ដូចជាអគារ ដែលឪពុកខ្ញុំបានឃើញមកនោះ។ ហើយទេវតានៃព្រះអម្ចាស់មានបន្ទូលមកខ្ញុំទៀតថា ៖ មើលន៏ មនុស្សលោក ហើយនឹងប្រាជ្ញារបស់គេ មែនហើយ មើលន៏ វង្សអ៊ីស្រាអែលបានប្រមូលគ្នាទៅច្បាំងនឹងពួកសាវក១២នាក់នៃកូនចៀម។
៣៦ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានឃើញ ហើយបានធ្វើបន្ទាល់ថា អគារដ៏ធំ ហើយទូលាយ គឺជាសេចក្ដីឆ្មើងឆ្មៃនៃមនុស្សលោក ហើយអគារនោះរលំ ឯការរលំរបស់វាធំធ្ងន់ធ្ងរណាស់។ ហើយទេវតានៃព្រះអម្ចាស់មានបន្ទូលមកខ្ញុំទៀតថា ៖ សេចក្ដីបំផ្លិចបំផ្លាញនៃគ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា ហើយគ្រប់ទាំងប្រជាជន ដែលនឹងច្បាំងនឹងពួកសាវក១២នាក់នៃកូនចៀម នឹងកើតទៅយ៉ាងដូច្នោះ៕