ជំពូកទី ១០
ពួកសាសន៍យូដានឹងឆ្កាងព្រះរបស់គេ — ពួកគេនឹងត្រូវខ្ចាត់ខ្ចាយ ទាល់តែពួកគេចាប់ផ្ដើមជឿដល់ទ្រង់វិញ — ទ្វីបអាមេរិកនឹងបានទៅជាដែនដីនៃឥស្សរភាពមួយដែលគ្មានស្ដេចគ្រប់គ្រង — ចូរសម្រុះសម្រួលនឹងព្រះ ហើយទទួលសេចក្ដីសង្គ្រោះតាមរយៈព្រះគុណរបស់ទ្រង់។ ប្រមាណជាឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។
១ហើយឥឡូវនេះ ឱបងប្អូនជាទីស្រឡាញ់ទាំងឡាយអើយ ខ្ញុំ យ៉ាកុប និយាយទៅអ្នករាល់គ្នាម្ដងទៀតស្ដីអំពីមែកដ៏សុចរិតនេះ ដែលខ្ញុំបាននិយាយមក។
២ត្បិតមើលចុះ សេចក្ដីសន្យាទាំងឡាយដែលពួកយើងបានទទួលនោះ គឺជាសេចក្ដីសន្យាដល់យើងស្របតាមសាច់ឈាម ហេតុដូច្នោះហើយ ដូចជាតាមការណ៍ដែលបានបង្ហាញដល់ខ្ញុំហើយថា កូនចៅរបស់យើងជាច្រើននឹងត្រូវវិនាសនៅក្នុងសាច់ឈាម ពីព្រោះតែការឥតជំនឿ ទោះជាយ៉ាងណាក៏ដោយ គង់តែព្រះទ្រង់នឹងមានសេចក្ដីមេត្តាករុណាដល់មនុស្សជាច្រើន ហើយកូនចៅរបស់យើងនឹងត្រូវបានសាងឡើងវិញ ដើម្បីឲ្យពួកគេអាចមកឯអ្វី ដែលនឹងផ្ដល់ដល់ពួកគេនូវការចេះដឹងដ៏ពិតពីព្រះដ៏ប្រោសលោះរបស់ពួកគេ។
៣ហេតុដូច្នោះហើយ ដូចជាខ្ញុំបានប្រាប់អ្នករាល់គ្នាមកហើយនោះថា គឺជាការចាំបាច់ថាព្រះគ្រីស្ទ — ត្បិតកាលយប់មិញ ទេវតាបាននិយាយមកខ្ញុំថា នោះគឺជាព្រះនាមរបស់ទ្រង់ — ថាទ្រង់នឹងយាងមកក្នុងចំណោមពួកសាសន៍យូដា គឺនៅក្នុងចំណោមផ្នែកមនុស្សលោកដែលទុច្ចរិតជាង ហើយពួកគេនឹងឆ្កាងទ្រង់ — ត្បិតជាព្រះហឫទ័យរបស់ព្រះរបស់យើងយ៉ាងដូច្នោះហើយ ហើយគ្មានសាសន៍ណាទៀតនៅលើផែនដីដែលនឹងឆ្កាងព្រះរបស់គេឡើយ។
៤ព្រោះបើសិនជាមានអព្ភូតហេតុដ៏អស្ចារ្យទាំងនេះកើតឡើងក្នុងចំណោមសាសន៍ផ្សេងៗទៀត នោះពួកគេនឹងប្រែចិត្ត ហើយដឹងថា ទ្រង់នឹងទៅជាព្រះរបស់ពួកគេ។
៥ប៉ុន្តែពីព្រោះមកពីឧបាយកលផ្នែកសង្ឃ និងអំពើទុច្ចរិតទាំងឡាយ ទើបពួកអ្នកដែលនៅក្រុងយេរូសាឡិម នឹងពង្រឹងករបស់ពួកគេទាស់នឹងទ្រង់ រហូតដល់ព្រះអង្គត្រូវគេឆ្កាង។
៦ហេតុដូច្នោះហើយ ពីព្រោះមកពីអំពើទុច្ចរិតទាំងឡាយរបស់គេ ទើបការបំផ្លិចបំផ្លាញ អំណត់អត់ ជំងឺអាសន្នរោគ និងការខ្ចាយឈាម ត្រូវធ្លាក់មកលើគេ ឯពួកអ្នកដែលមិនត្រូវបានបំផ្លាញ នោះនឹងត្រូវខ្ចាត់ព្រាត់ទៅក្នុងចំណោមអស់ទាំងសាសន៍។
៧ប៉ុន្តែមើលចុះ ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ ដល់ថ្ងៃណាដែលគេនឹងជឿដល់យើងថា យើងជាព្រះគ្រីស្ទ ខណៈនោះយើងបានធ្វើសេចក្ដីសញ្ញាជាមួយនឹងពួកអយ្យកោរបស់គេថា ពួកគេនឹងបានសាងឡើងវិញនៅក្នុងសាច់ឈាម នៅលើផែនដី គឺត្រឡប់ទៅឯដែនដីទាំងឡាយនៃកេរ្តិ៍អាកររបស់គេវិញ។
៨ហើយហេតុការណ៍នឹងកើតឡើងថា ពួកគេនឹងត្រូវបានប្រមូលមកពីការបែកខ្ញែកដ៏យូរ ពីពួកកោះក្នុងសមុទ្រ និងពីទិសទាំងបួននៃផែនដី រីឯសាសន៍ទាំងឡាយនៃពួកសាសន៍ដទៃ នឹងបានធំអស្ចារ្យចំពោះភ្នែកយើង ក្នុងការនាំពួកគេត្រឡប់មកដែនដី ដែលជាកេរ្តិ៍អាកររបស់គេវិញ ព្រះទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៩មែនហើយ អស់ទាំងមហាក្សត្រនៃពួកសាសន៍ដទៃ នឹងធ្វើជាឪពុកចិញ្ចឹមរបស់គេ ហើយអគ្គមហេសីនៃគេ នឹងធ្វើជាម្ដាយបំបៅរបស់គេ ហេតុដូច្នោះហើយ សេចក្ដីសន្យាទាំងឡាយរបស់ព្រះអម្ចាស់ប្រសើរណាស់ចំពោះពួកសាសន៍ដទៃ ត្បិតទ្រង់មានព្រះបន្ទូលថាដូច្នោះ ហើយតើអ្នកណាអាចប្រកែកបាន?
១០ប៉ុន្តែមើលចុះ ព្រះទ្រង់មានព្រះបន្ទូលថា ដែនដីនេះនឹងទុកជាដែនដីនៃកេរ្តិ៍អាកររបស់អ្នក ឯពួកសាសន៍ដទៃ គេនឹងមានពរនៅលើដែនដីនេះ។
១១ហើយដែនដីនេះនឹងត្រូវបានទៅជាដែនដីនៃឥស្សរភាពមួយសម្រាប់ពួកសាសន៍ដទៃ ហើយនឹងពុំមានស្ដេចនៅលើដែនដី ដែលនឹងលើកឡើងចំពោះពួកសាសន៍ដទៃឡើយ។
១២ហើយយើងនឹងពង្រឹងដែនដីនេះ ដើម្បីតទល់នឹងអស់ទាំងសាសន៍ដទៃ។
១៣ហើយអ្នកណាដែលប្រឆាំងនឹងក្រុងស៊ីយ៉ូន នោះនឹងត្រូវវិនាស ព្រះទ្រង់មានព្រះបន្ទូលថាដូច្នោះ។
១៤ត្បិតអ្នកណាដែលលើកស្ដេចឡើងឲ្យមកប្រឆាំងនឹងយើង នោះនឹងត្រូវវិនាស ព្រោះយើងជាព្រះអម្ចាស់ គឺជាស្ដេចលើមេឃ ហើយជាស្ដេចរបស់ពួកគេ ហើយយើងនឹងធ្វើជាពន្លឺដល់គេជាដរាប ដល់អស់អ្នកណាដែលស្ដាប់តាមពាក្យទាំងឡាយរបស់យើង។
១៥ហេតុដូច្នោះហើយ ដោយមកពីហេតុនេះ គឺដើម្បីឲ្យសេចក្ដីសញ្ញាទាំងឡាយរបស់យើងអាចបានបំពេញ ដែលយើងបានធ្វើជាមួយនឹងកូនចៅមនុស្សថា យើងត្រូវធ្វើនៅពេលគេនៅក្នុងសាច់ឈាមនៅឡើយ នោះយើងត្រូវតែបំផ្លាញទាំងកិច្ចការសម្ងាត់ទាំងឡាយនៃសេចក្ដីងងឹត និងឃាតកម្ម ហើយនឹងអំពើគួរខ្ពើមឆ្អើមទាំងឡាយ។
១៦ហេតុដូច្នោះហើយ អ្នកណាដែលប្រឆាំងនឹងក្រុងស៊ីយ៉ូន ទាំងសាសន៍យូដា និងសាសន៍ដទៃ ទាំងបាវគេ និងអ្នកសេរី ទាំងប្រុស និងស្រី នឹងត្រូវវិនាស ព្រោះពួកគេនេះហើយដែលជាពេស្យានៃអស់ទាំងផែនដី ព្រោះអ្នកណាដែលមិនតាមយើង គឺខ្មាំងនឹងយើង ព្រះរបស់យើងទ្រង់មានព្រះបន្ទូលថាដូច្នោះ។
១៧ត្បិតយើងនឹងបំពេញពាក្យសន្យាទាំងឡាយរបស់យើង ដែលយើងបានធ្វើជាមួយនឹងកូនចៅមនុស្សថា យើងនឹងធ្វើនៅពេលដែលពួកគេនៅក្នុងសាច់ឈាមនៅឡើយ —
១៨ហេតុដូច្នោះហើយ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ព្រះរបស់យើងទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ យើងនឹងធ្វើទុក្ខដល់ពូជរបស់អ្នកដោយដៃនៃពួកសាសន៍ដទៃ ទោះជាយ៉ាងណាក៏ដោយ គង់តែយើងនឹងបន្ទន់ចិត្តពួកសាសន៍ដទៃ ដើម្បីឲ្យពួកសាសន៍ដទៃបានទៅដូចជាឪពុករបស់ពួកគេ ហេតុដូច្នោះហើយ ពួកសាសន៍ដទៃនឹងមានពរ ហើយនឹងត្រូវបានរាប់ក្នុងចំណោមវង្សអ៊ីស្រាអែលដែរ។
១៩ហេតុដូច្នោះហើយ យើងនឹងញែកដីនេះទុកឲ្យពូជរបស់អ្នក និងពួកអ្នកណាដែលនឹងត្រូវបានរាប់ក្នុងចំណោមពូជរបស់អ្នកជាដរាប គឺទុកជាដែនដីនៃកេរ្តិ៍អាកររបស់ពួកគេ ព្រោះព្រះទ្រង់មានព្រះបន្ទូលប្រាប់ខ្ញុំថា ដែនដីនេះគឺជាដែនដីដ៏ជម្រើសមួយ គឺលើដែនដី ឯទៀតទាំងអស់ ហេតុដូច្នោះហើយ យើងនឹងឲ្យអស់ទាំងមនុស្សដែលនៅលើដែនដីនោះថ្វាយបង្គំដល់យើង ព្រះទ្រង់មានព្រះបន្ទូលថាដូច្នោះ។
២០ហើយឥឡូវនេះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ដោយឃើញថា ព្រះរបស់យើងដែលប្រកបដោយសេចក្ដីមេត្តាករុណា ទ្រង់បានប្រទានការចេះដឹងដ៏ធំដល់យើងពីរឿងទាំងនេះ នោះចូរយើងនឹកចាំដល់ទ្រង់ ហើយទម្លាក់អំពើបាបទាំងឡាយរបស់យើង មួយអន្លើសិន ហើយកុំជ្រប់មុខ ត្បិតយើងមិនត្រូវបានបោះបង់ចោលទេ ទោះជាយ៉ាងណាក៏ដោយ គង់តែយើងត្រូវបានដេញចេញពីដែនដីនៃកេរ្តិ៍អាកររបស់យើងដែរ ប៉ុន្តែយើងត្រូវបាននាំមកឯដែនដីមួយ ដែលប្រសើរលើសលែងទៅទៀត ព្រោះព្រះអម្ចាស់ទ្រង់បានយកសមុទ្រធ្វើជាផ្លូវឲ្យយើង ហើយយើងនៅលើកោះក្នុងសមុទ្រ។
២១ប៉ុន្តែពាក្យសន្យាទាំងឡាយរបស់ព្រះធំណាស់ហ្ន៎ ចំពោះពួកអ្នកដែលនៅលើកោះទាំងឡាយក្នុងសមុទ្រ ហេតុដូច្នោះហើយ ពាក្យថាកោះទាំងឡាយ នោះច្បាស់ជាមានកោះឯទៀតក្រៅពីនេះ ហើយកោះទាំងនោះ មានបងប្អូនរបស់យើងរស់នៅដែរ។
២២ត្បិតមើលចុះ មានពេលខ្លះដែលព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នាំចេញពីវង្សអ៊ីស្រាអែល ស្របតាមព្រះហឫទ័យ និងបំណងរបស់ទ្រង់។ ហើយឥឡូវនេះ មើលចុះ ព្រះអម្ចាស់ទ្រង់នឹកចាំដល់ពួកគេទាំងអស់គ្នាដែលត្រូវបានកាត់ចេញ ហេតុដូច្នោះហើយ ទ្រង់ក៏នឹកចាំដល់ពួកយើងដែរ។
២៣ហេតុដូច្នេះហើយ ចូររីករាយក្នុងចិត្តឡើង ហើយចូរចងចាំថា អ្នករាល់គ្នាបានសេរីភាព ដើម្បីធ្វើអ្វីៗសម្រាប់ខ្លួនឯង — គឺដើម្បីរើសយកផ្លូវទៅឯសេចក្ដីស្លាប់ដ៏អស់កល្បជានិច្ច ឬក៏ផ្លូវទៅឯជីវិតដ៏នៅអស់កល្បជានិច្ចវិញ។
២៤ហេតុដូច្នោះហើយ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរសម្រុះសម្រួលខ្លួនទៅតាមបំណងនៃព្រះ ហើយមិនមែនតាមបំណងនៃអារក្ស និងរបស់ខាងសាច់ឈាមទេ ហើយចូរចងចាំថា បន្ទាប់ពីបងប្អូនរាល់គ្នាបានស្រុះស្រួលជាមួយនឹងព្រះហើយនោះ គឺមានតែដោយសារ និងតាមរយៈព្រះគុណរបស់ព្រះប៉ុណ្ណោះ ដែលបងប្អូនរាល់គ្នាបានសង្គ្រោះ។
២៥ហេតុដូច្នោះហើយ សូមព្រះទ្រង់ប្រោសឲ្យអ្នករាល់គ្នារស់ពីសេចក្ដីស្លាប់ ដោយអំណាចនៃដំណើររស់ឡើងវិញ ហើយព្រមទាំងពីសេចក្ដីស្លាប់ដ៏អស់កល្បជានិច្ចដែរ ដោយអំណាចនៃដង្វាយធួន ដើម្បីឲ្យអ្នករាល់គ្នាអាចបានទទួលចូលក្នុងនគរដ៏អស់កល្បជានិច្ចនៃព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចសរសើរតម្កើងទ្រង់ តាមរយៈព្រះគុណដ៏ឧត្តមរបស់ទ្រង់។ អាម៉ែន៕