ព្រះគម្ពីរ
នីហ្វៃ ទី ២ 10


ជំពូក​ទី ១០

ពួក​សាសន៍​យូដា​នឹង​ឆ្កាង​ព្រះ​របស់​គេ — ពួក​គេ​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ ទាល់តែ​ពួក​គេ​ចាប់​ផ្ដើម​ជឿ​ដល់​ទ្រង់​វិញ — ទ្វីប​អាមេរិក​នឹង​បាន​ទៅ​ជា​ដែនដី​នៃ​ឥស្សរភាព​មួយ​ដែល​គ្មាន​ស្ដេច​គ្រប់គ្រង — ចូរ​សម្រុះសម្រួល​នឹង​ព្រះ ហើយ​ទទួល​សេចក្ដី​សង្គ្រោះ​តាម​រយៈ​ព្រះ​គុណ​របស់​ទ្រង់។ ប្រមាណ​ជា​ឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ឱ​បងប្អូន​ជាទី​ស្រឡាញ់​ទាំង​ឡាយ​អើយ ខ្ញុំ យ៉ាកុប និយាយ​ទៅ​អ្នក​រាល់​គ្នា​ម្ដង​ទៀត​ស្ដី​អំពី​មែក​ដ៏​សុចរិត​នេះ ដែល​ខ្ញុំ​បាន​និយាយ​មក។

ត្បិត​មើល​ចុះ សេចក្ដី​សន្យា​ទាំង​ឡាយ​ដែល​ពួក​យើង​បាន​ទទួល​នោះ គឺជា​សេចក្ដី​សន្យា​ដល់​យើង​ស្រប​តាម​សាច់ឈាម ហេតុ​ដូច្នោះ​ហើយ ដូច​ជា​តាម​ការណ៍​ដែល​បាន​បង្ហាញ​ដល់​ខ្ញុំ​ហើយ​ថា កូន​ចៅ​របស់​យើង​ជាច្រើន​នឹង​ត្រូវ​វិនាស​នៅ​ក្នុង​សាច់ឈាម ពី​ព្រោះ​តែ​ការ​ឥត​ជំនឿ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ព្រះ​ទ្រង់​នឹង​មាន​សេចក្ដី​មេត្តាករុណា​ដល់​មនុស្ស​ជាច្រើន ហើយ​កូន​ចៅ​របស់​យើង​នឹង​ត្រូវ​បាន​សាង​ឡើងវិញ ដើម្បី​ឲ្យ​ពួក​គេ​អាច​មក​ឯ​អ្វី ដែល​នឹង​ផ្ដល់​ដល់​ពួក​គេ​នូវ​ការ​ចេះ​ដឹង​ដ៏​ពិត​ពី​ព្រះ​ដ៏​ប្រោស​លោះ​របស់​ពួក​គេ។

ហេតុ​ដូច្នោះ​ហើយ ដូច​ជា​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​មក​ហើយ​នោះ​ថា គឺជា​ការ​ចាំបាច់​ថា​ព្រះ​គ្រីស្ទ — ត្បិត​កាល​យប់មិញ ទេវតា​បាន​និយាយ​មក​ខ្ញុំ​ថា នោះ​គឺជា​ព្រះ​នាម​របស់​ទ្រង់ — ថា​ទ្រង់​នឹង​យាង​មក​ក្នុង​ចំណោម​ពួក​សាសន៍​យូដា គឺ​នៅ​ក្នុង​ចំណោម​ផ្នែក​មនុស្ស​លោក​ដែល​ទុច្ចរិត​ជាង ហើយ​ពួក​គេ​នឹង​ឆ្កាង​ទ្រង់ — ត្បិត​ជា​ព្រះ​ហឫទ័យ​របស់​ព្រះ​របស់​យើង​យ៉ាង​ដូច្នោះ​ហើយ ហើយ​គ្មាន​សាសន៍​ណា​ទៀត​នៅ​លើ​ផែនដី​ដែល​នឹង​ឆ្កាងព្រះ​របស់​គេ​ឡើយ។

ព្រោះ​បើ​សិន​ជា​មាន​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ទាំង​នេះ​កើតឡើង​ក្នុង​ចំណោម​សាសន៍​ផ្សេងៗ​ទៀត នោះ​ពួក​គេ​នឹង​ប្រែចិត្ត ហើយ​ដឹង​ថា ទ្រង់​នឹង​ទៅ​ជា​ព្រះ​របស់​ពួក​គេ។

ប៉ុន្តែ​ពី​ព្រោះ​មក​ពី​ឧបាយកល​ផ្នែក​សង្ឃ និង​អំពើ​ទុច្ចរិត​ទាំង​ឡាយ ទើប​ពួក​អ្នក​ដែល​នៅ​ក្រុង​យេរូសាឡិម នឹង​ពង្រឹង​ក​របស់​ពួក​គេ​ទាស់​នឹង​ទ្រង់ រហូត​ដល់​ព្រះ​អង្គ​ត្រូវ​គេ​ឆ្កាង។

ហេតុ​ដូច្នោះ​ហើយ ពី​ព្រោះ​មក​ពី​អំពើ​ទុច្ចរិត​ទាំង​ឡាយ​របស់​គេ ទើប​ការ​បំផ្លិចបំផ្លាញ អំណត់​អត់ ជំងឺ​អាសន្នរោគ និង​ការ​ខ្ចាយ​ឈាម ត្រូវ​ធ្លាក់​មក​លើ​គេ ឯ​ពួក​អ្នក​ដែល​មិន​ត្រូវ​បាន​បំផ្លាញ នោះ​នឹង​ត្រូវ​ខ្ចាត់​ព្រាត់​ទៅ​ក្នុង​ចំណោម​អស់​ទាំង​សាសន៍។

ប៉ុន្តែ​មើល​ចុះ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ ដល់​ថ្ងៃ​ណា​ដែល​គេ​នឹង​ជឿ​ដល់​យើង​ថា យើង​ជា​ព្រះ​គ្រីស្ទ ខណៈ​នោះ​យើង​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ពួក​អយ្យកោ​របស់​គេ​ថា ពួក​គេ​នឹង​បាន​សាង​ឡើងវិញ​នៅ​ក្នុង​សាច់ឈាម នៅ​លើ​ផែនដី គឺ​ត្រឡប់​ទៅ​ឯ​ដែនដី​ទាំង​ឡាយ​នៃ​កេរ្តិ៍​អាករ​របស់​គេ​វិញ។

ហើយ​ហេតុការណ៍​នឹង​កើតឡើង​ថា ពួក​គេ​នឹង​ត្រូវ​បាន​ប្រមូល​មក​ពី​ការ​បែកខ្ញែក​ដ៏​យូរ ពី​ពួក​កោះ​ក្នុង​សមុទ្រ និង​ពី​ទិស​ទាំង​បួន​នៃ​ផែនដី រីឯ​សាសន៍​ទាំង​ឡាយ​នៃ​ពួក​សាសន៍​ដទៃ នឹង​បាន​ធំ​អស្ចារ្យ​ចំពោះ​ភ្នែក​យើង ក្នុង​ការ​នាំ​ពួក​គេ​ត្រឡប់​មក​ដែនដី ដែល​ជា​កេរ្តិ៍​អាករ​របស់​គេ​វិញ ព្រះ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

មែន​ហើយ អស់​ទាំង​មហាក្សត្រ​នៃ​ពួក​សាសន៍​ដទៃ នឹង​ធ្វើជា​ឪពុកចិញ្ចឹម​របស់​គេ ហើយ​អគ្គមហេសី​នៃ​គេ នឹង​ធ្វើជា​ម្ដាយ​បំបៅ​របស់​គេ ហេតុ​ដូច្នោះ​ហើយ សេចក្ដី​សន្យា​ទាំង​ឡាយ​របស់​ព្រះ​អម្ចាស់​ប្រសើរ​ណាស់​ចំពោះ​ពួក​សាសន៍​ដទៃ ត្បិត​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ហើយ​តើ​អ្នក​ណា​អាច​ប្រកែក​បាន?

១០ប៉ុន្តែ​មើល​ចុះ ព្រះ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ដែនដី​នេះ​នឹង​ទុកជា​ដែនដី​នៃ​កេរ្តិ៍​អាករ​របស់​អ្នក ឯ​ពួក​សាសន៍​ដទៃ គេ​នឹង​មាន​ពរ​នៅ​លើ​ដែនដី​នេះ។

១១ហើយ​ដែនដី​នេះ​នឹង​ត្រូវ​បាន​ទៅ​ជា​ដែនដី​នៃ​ឥស្សរភាព​មួយ​សម្រាប់​ពួក​សាសន៍​ដទៃ ហើយ​នឹង​ពុំ​មាន​ស្ដេច​នៅ​លើ​ដែនដី ដែល​នឹង​លើកឡើង​ចំពោះ​ពួក​សាសន៍​ដទៃ​ឡើយ។

១២ហើយ​យើង​នឹង​ពង្រឹង​ដែនដី​នេះ ដើម្បី​តទល់​នឹង​អស់​ទាំង​សាសន៍​ដទៃ។

១៣ហើយ​អ្នក​ណា​ដែល​ប្រឆាំង​នឹង​ក្រុង​ស៊ីយ៉ូន នោះ​នឹង​ត្រូវ​វិនាស ព្រះ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

១៤ត្បិត​អ្នក​ណា​ដែល​លើក​ស្ដេច​ឡើង​ឲ្យ​មក​ប្រឆាំង​នឹង​យើង នោះ​នឹង​ត្រូវ​វិនាស ព្រោះ​យើង​ជា​ព្រះ​អម្ចាស់ គឺជា​ស្ដេច​លើ​មេឃ ហើយ​ជា​ស្ដេច​របស់​ពួក​គេ ហើយ​យើង​នឹង​ធ្វើជា​ពន្លឺ​ដល់​គេ​ជា​ដរាប ដល់​អស់​អ្នក​ណា​ដែល​ស្ដាប់​តាម​ពាក្យ​ទាំង​ឡាយ​របស់​យើង។

១៥ហេតុ​ដូច្នោះ​ហើយ ដោយ​មក​ពី​ហេតុ​នេះ គឺ​ដើម្បី​ឲ្យ​សេចក្ដី​សញ្ញា​ទាំង​ឡាយរបស់​យើង​អាច​បាន​បំពេញ ដែល​យើង​បាន​ធ្វើជា​មួយ​នឹង​កូន​ចៅ​មនុស្ស​ថា យើង​ត្រូវ​ធ្វើ​នៅ​ពេល​គេ​នៅ​ក្នុង​សាច់ឈាម​នៅ​ឡើយ នោះ​យើង​ត្រូវ​តែ​បំផ្លាញ​ទាំង​កិច្ចការ​សម្ងាត់​ទាំង​ឡាយ​នៃ​សេចក្ដី​ងងឹត និង​ឃាតកម្ម ហើយ​នឹង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ។

១៦ហេតុ​ដូច្នោះ​ហើយ អ្នក​ណា​ដែល​ប្រឆាំង​នឹង​ក្រុង​ស៊ីយ៉ូន ទាំង​សាសន៍​យូដា និង​សាសន៍​ដទៃ ទាំង​បាវ​គេ និង​អ្នក​សេរី ទាំង​ប្រុស និង​ស្រី នឹង​ត្រូវ​វិនាស ព្រោះ​ពួក​គេ​នេះ​ហើយ​ដែល​ជា​ពេស្យា​នៃ​អស់​ទាំង​ផែនដី ព្រោះ​អ្នក​ណា​ដែល​មិន​តាម​យើង គឺ​ខ្មាំង​នឹង​យើង ព្រះ​របស់​យើង​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

១៧ត្បិត​យើង​នឹង​បំពេញ​ពាក្យ​សន្យា​ទាំង​ឡាយ​របស់​យើង ដែល​យើង​បាន​ធ្វើ​ជាមួយ​នឹង​កូន​ចៅ​មនុស្ស​ថា យើង​នឹង​ធ្វើ​នៅ​ពេល​ដែល​ពួក​គេ​នៅ​ក្នុង​សាច់ឈាម​នៅ​ឡើយ —

១៨ហេតុ​ដូច្នោះ​ហើយ ឱ​បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ព្រះ​របស់​យើង​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ យើង​នឹង​ធ្វើ​ទុក្ខ​ដល់​ពូជ​របស់​អ្នក​ដោយ​ដៃ​នៃ​ពួក​សាសន៍​ដទៃ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​យើង​នឹង​បន្ទន់ចិត្ត​ពួក​សាសន៍​ដទៃ ដើម្បី​ឲ្យ​ពួក​សាសន៍​ដទៃ​បាន​ទៅ​ដូច​ជា​ឪពុក​របស់​ពួក​គេ ហេតុ​ដូច្នោះ​ហើយ ពួក​សាសន៍​ដទៃ​នឹង​មាន​ពរ ហើយ​នឹង​ត្រូវ​បាន​រាប់​ក្នុង​ចំណោម​វង្ស​អ៊ីស្រាអែល​ដែរ។

១៩ហេតុ​ដូច្នោះ​ហើយ យើង​នឹង​ញែក​ដី​នេះ​ទុក​ឲ្យ​ពូជ​របស់​អ្នក និង​ពួក​អ្នក​ណា​ដែល​នឹង​ត្រូវ​បាន​រាប់​ក្នុង​ចំណោម​ពូជ​របស់​អ្នក​ជា​ដរាប គឺ​ទុកជា​ដែនដី​នៃ​កេរ្តិ៍​អាករ​របស់​ពួក​គេ ព្រោះ​ព្រះ​ទ្រង់​មាន​ព្រះ​បន្ទូល​ប្រាប់​ខ្ញុំ​ថា ដែនដី​នេះ​គឺជា​ដែនដី​ដ៏​ជម្រើស​មួយ គឺ​លើ​ដែនដី ឯ​ទៀត​ទាំង​អស់ ហេតុ​ដូច្នោះ​ហើយ យើង​នឹង​ឲ្យ​អស់​ទាំង​មនុស្ស​ដែល​នៅ​លើ​ដែនដី​នោះ​ថ្វាយបង្គំ​ដល់​យើង ព្រះ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

២០ហើយ​ឥឡូវ​នេះ ឱ​បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ដោយ​ឃើញ​ថា ព្រះ​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា ទ្រង់​បាន​ប្រទាន​ការ​ចេះ​ដឹង​ដ៏​ធំ​ដល់​យើង​ពី​រឿង​ទាំង​នេះ នោះ​ចូរ​យើង​នឹក​ចាំ​ដល់​ទ្រង់ ហើយ​ទម្លាក់​អំពើ​បាប​ទាំង​ឡាយ​របស់​យើង មួយអន្លើ​សិន ហើយ​កុំ​ជ្រប់​មុខ ត្បិត​យើង​មិន​ត្រូវ​បាន​បោះបង់​ចោល​ទេ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​យើង​ត្រូវ​បាន​ដេញ​ចេញ​ពី​ដែនដី​នៃ​កេរ្តិ៍​អាករ​របស់​យើង​ដែរ ប៉ុន្តែ​យើង​ត្រូវ​បាន​នាំ​មក​ឯ​ដែនដី​មួយ ដែល​ប្រសើរ​លើសលែង​ទៅ​ទៀត ព្រោះ​ព្រះ​អម្ចាស់​ទ្រង់​បាន​យក​សមុទ្រ​ធ្វើជា​ផ្លូវ​ឲ្យ​យើង ហើយ​យើង​នៅ​លើ​កោះ​ក្នុង​សមុទ្រ។

២១ប៉ុន្តែ​ពាក្យ​សន្យា​ទាំង​ឡាយ​របស់​ព្រះ​ធំ​ណាស់​ហ្ន៎ ចំពោះ​ពួក​អ្នក​ដែល​នៅ​លើ​កោះ​ទាំង​ឡាយ​ក្នុង​សមុទ្រ ហេតុ​ដូច្នោះ​ហើយ ពាក្យ​ថា​កោះ​ទាំង​ឡាយ នោះ​ច្បាស់​ជា​មាន​កោះ​ឯ​ទៀត​ក្រៅពី​នេះ ហើយ​កោះ​ទាំង​នោះ មាន​បងប្អូន​របស់​យើង​រស់នៅ​ដែរ។

២២ត្បិត​មើល​ចុះ មាន​ពេល​ខ្លះ​ដែល​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នាំ​ចេញ​ពី​វង្ស​អ៊ីស្រាអែល ស្រប​តាម​ព្រះ​ហឫទ័យ និង​បំណង​របស់​ទ្រង់។ ហើយ​ឥឡូវ​នេះ មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​នឹក​ចាំ​ដល់​ពួក​គេ​ទាំង​អស់​គ្នា​ដែល​ត្រូវ​បាន​កាត់​ចេញ ហេតុ​ដូច្នោះ​ហើយ ទ្រង់​ក៏​នឹក​ចាំ​ដល់​ពួក​យើង​ដែរ។

២៣ហេតុ​ដូច្នេះ​ហើយ ចូរ​រីករាយ​ក្នុង​ចិត្ត​ឡើង ហើយ​ចូរ​ចងចាំ​ថា អ្នក​រាល់​គ្នា​បាន​សេរីភាព ដើម្បី​ធ្វើ​អ្វីៗ​សម្រាប់​ខ្លួន​ឯង — គឺ​ដើម្បី​រើស​យក​ផ្លូវ​ទៅ​ឯ​សេចក្ដី​ស្លាប់​ដ៏​អស់​កល្ប​ជានិច្ច ឬ​ក៏​ផ្លូវ​ទៅ​ឯ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ។

២៤ហេតុ​ដូច្នោះ​ហើយ ឱ​បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ចូរ​សម្រុះសម្រួល​ខ្លួន​ទៅ​តាម​បំណង​នៃ​ព្រះ ហើយ​មិនមែន​តាម​បំណង​នៃ​អារក្ស និង​របស់​ខាង​សាច់ឈាម​ទេ ហើយ​ចូរ​ចងចាំ​ថា បន្ទាប់ពី​បងប្អូន​រាល់​គ្នា​បាន​ស្រុះស្រួល​ជាមួយ​នឹង​ព្រះ​ហើយ​នោះ គឺ​មាន​តែ​ដោយ​សារ និង​តាម​រយៈ​ព្រះ​គុណ​របស់​ព្រះ​ប៉ុណ្ណោះ ដែល​បងប្អូន​រាល់​គ្នា​បាន​សង្គ្រោះ។

២៥ហេតុ​ដូច្នោះ​ហើយ សូម​ព្រះ​ទ្រង់​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​រស់​ពី​សេចក្ដី​ស្លាប់ ដោយ​អំណាច​នៃ​ដំណើរ​រស់​ឡើងវិញ ហើយ​ព្រម​ទាំង​ពី​សេចក្ដី​ស្លាប់​ដ៏​អស់​កល្ប​ជានិច្ច​ដែរ ដោយ​អំណាច​នៃ​ដង្វាយ​ធួន ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ទទួល​ចូល​ក្នុង​នគរ​ដ៏​អស់​កល្ប​ជានិច្ច​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​សរសើរ​តម្កើង​ទ្រង់ តាម​រយៈ​ព្រះ​គុណ​ដ៏​ឧ​ត្ត​ម​របស់​ទ្រង់។ អាម៉ែន៕