ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 127


កណ្ឌ​ទី ១២៧

សំបុត្រ​ពី យ៉ូសែប ស៊្មីធ ជា​ព្យាការី ទៅ​កាន់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នៅ​ទី​ក្រុង​ណៅវូ រដ្ឋ​អិលលីណោយ មាន​នូវ​ការ​ដឹកនាំ​អំពី​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​មនុស្ស​ស្លាប់ ចេញ​ពី​ទី​ក្រុង​ណៅវូ ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​១៨៤២ (History of the Church, ៥:១៤២–១៤៤)។

១–៤, យ៉ូសែប ស៊្មីធ សរសើរ​តម្កើង​នៅ​ក្នុង​សេចក្ដី​បៀតបៀន និង​សេចក្ដី​វេទនា; ៥–១២, បញ្ជី​ទាំង​ឡាយ​ត្រូវ​បាន​កត់​ទុក ដែល​ទាក់​ទង​ទៅ​នឹង​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​មនុស្ស​ស្លាប់។

ពី​ព្រោះ​ព្រះ​អម្ចាស់​ទ្រង់​បាន​បើក​សម្ដែង​ប្រាប់​ដល់​ខ្ញុំ ថា​ពួក​ខ្មាំងសត្រូវ​របស់​ខ្ញុំ នៅ​រដ្ឋ​មិសសួរី ព្រម​ទាំង​នៅ​រដ្ឋ​នេះ កំពុងតែ​តាម​រក​ខ្ញុំ​ទៀត ហើយ​ពី​ព្រោះ​ពួក​គេ​តាម​រក​ខ្ញុំ ដោយ​គ្មាន​ហេតុ ហើយ​ដោយ​គ្មាន​សេចក្ដី​យុត្តិធម៌ ឬ​សិទ្ធិ សូម្បីតែ​ស្រមោល ឬ​ពណ៌​តូច​តាច​ណា​មួយ​ឡើយ នៅ​ការ​គាំទ្រ​ខាង​ពួក​គេ ក្នុង​ការ​ញុះញង់​ឡើង​នូវ​ការ​ចោទ​ទោស​ដល់​ខ្ញុំ ហើយ​ពី​ព្រោះ​ការ​ចោទ​របស់​ពួក​គេ​ដែល​គ្មាន​ភស្តុតាង គឺ​សុទ្ធ​តែ​ទាក់​ទង​ទៅ​នឹង​ពាក្យ​កុហក​ដ៏​ខ្មៅ​បំផុត នោះ​ខ្ញុំ​គិត​ថា​ជា​ការ​ចាំ​បាច់ ហើយ​ប្រកប​ដោយ​ប្រាជ្ញា​វាងវៃ​ក្នុង​ខ្លួន​ខ្ញុំ ត្រូវ​ចេញ​ពី​ទី​កន្លែង​មួយ​រដូវ​ខ្លី​សិន​ចុះ សម្រាប់​សន្តិសុខ​ដល់​ខ្លួន​ខ្ញុំ​ផ្ទាល់ និង​សន្តិសុខ​ដល់​ប្រជារាស្ត្រ​នេះ។ ខ្ញុំ​សូម​ប្រាប់​ដល់​អស់​អ្នក​ណា ដែល​ខ្ញុំ​មាន​ធុរកិច្ច​ជាមួយ​ថា ខ្ញុំ​បាន​ទុក​កិច្ចការ​ទាំង​ឡាយ​របស់​ខ្ញុំ​ជាមួយ​ភ្នាក់​ងារ និង​ស្មៀន​ទាំង​ឡាយ ដែល​នឹង​ធ្វើ​កិច្ចការ​ទាំង​អស់​ដោយ​របៀបរៀបរយ និង​ទាន់​ពេល​វេលា ហើយ​នឹង​មើល​គន់​ថា​បំណុល​ខ្ញុំ​ទាំង​អស់ ត្រូវ​បាន​សង​ទាន់​ពេល​ដោយ​លក់​ដូរ​ទ្រព្យសម្បត្តិ ឬ​តាម​របៀប​ណា​ផ្សេង​ទៀត តាម​ការ​តម្រូវ ឬ​តាម​កាលៈទេសៈ​បណ្ដោយ។ នៅ​ពេល​ខ្ញុំ​ដឹង​ថា​ខ្យល់​ព្យុះ​បាន​បោក​ផុត​កាលណា នោះ​ខ្ញុំ​នឹង​វិល​មក​រក​អ្នក​វិញ។

ហើយ​រីឯ​គ្រោះ​ដែល​ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​ឆ្លងកាត់ នោះ​ហាក់​ដូច​ជា​ការ​តូច​តាច​ចំពោះ​ខ្ញុំ ពី​ព្រោះ​សេចក្ដី​ច្រណែន និង​សេចក្ដី​ក្រោធ​នៃ​មនុស្ស នោះ​សុទ្ធ​តែ​ជា​ការ​ធម្មតា​អស់​មួយ​ជីវិត​របស់​ខ្ញុំ ហើយ​ដោយ​មក​ពី​ហេតុ​អ្វី នោះ​ឃើញ​ថា​ពិបាក​យល់​ដែរ លើក​លែងតែ​ខ្ញុំ​ត្រូវ​បាន​តែងតាំង​ពី​កំណើត​លោកិយ​មក សម្រាប់​គោលបំណង​ល្អ ឬ​អាក្រក់​ណា​មួយ តាម​តែ​អ្នក​ពិចារណា​គិត​ចុះ។ ចូរ​អ្នក​រាល់​គ្នា​វិនិច្ឆ័យ​ដោយ​ខ្លួន​ឯង​ចុះ។ ព្រះ​ទ្រង់​ជ្រាប​សព្វ​គ្រប់ ទោះ​ជា​ការ​ល្អ ឬ​ការ​អាក្រក់​ក្ដី។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ទឹក​ជ្រៅ​នេះ ហើយ​ដែល​ខ្ញុំ​ធ្លាប់​ហែល​កាត់។ ការណ៍​ទាំង​អស់​នេះ​ក្លាយ​ទៅ​ជា​ការ​ធម្មតា​ចំពោះ​ខ្ញុំ ហើយ​ខ្ញុំ​គិត​ដូច​ប៉ុល ថា​ត្រូវ​សរសើរ​តម្កើង​ក្នុង​សេចក្ដី​វេទនា ត្បិត​រហូត​ដល់​ថ្ងៃ​នេះ​ហើយ ដែល​ព្រះ​នៃ​អយ្យកោ​ទាំង​ឡាយ​របស់​ខ្ញុំ​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការណ៍​ទាំង​អស់ ហើយ​នឹង​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​អំណឹះ​ត​ទៅ ត្បិត​មើល​ចុះ និង​មើល​ន៏ ខ្ញុំ​នឹង​មាន​ជ័យ​ជម្នះ​លើ​អស់​ទាំង​ពួក​ខ្មាំងសត្រូវ​របស់​ខ្ញុំ ព្រោះ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

ហេតុ​ដូច្នេះ​ហើយ ចូរ​ឲ្យ​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា​មាន​ចិត្ត​អរ​សប្បាយ ហើយ​មាន​ចិត្ត​ត្រេកអរ​ជា​អនេក​ចុះ ព្រោះ​ព្រះ​របស់​អ៊ីស្រាអែល គឺជា​ព្រះ​របស់​ពួក​គេ ហើយ​ទ្រង់​នឹង​វាល់​សំណង​ដ៏​ត្រឹម​ត្រូវ​ទុកជា​រង្វាន់​មក​លើ​ក្បាល​នៃ​អស់​ទាំង​ពួក​អ្នក​ដែល​សង្កត់សង្កិន​គេ។

ហើយ​ជា​ថ្មី​ទៀត ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ ចូរ​ឲ្យ​កិច្ចការ​នៃ​ព្រះ​វិហារ​របស់​យើង និង​កិច្ចការ​ទាំង​អស់​ដែល​យើង​បាន​ចាត់​ដល់​អ្នក មាន​ត​ទៅ ហើយ​កុំ​ឈប់​ឈរ​ឡើយ ហើយ​ចូរ​ឲ្យ​សេចក្ដី​ព្យាយាម​របស់​អ្នក និង​សេចក្ដី​ខ្ជាប់​ខ្ជួន និង​សេចក្ដី​អត់ធន់​របស់​អ្នក និង​កិច្ចការ​របស់​អ្នក​កើន​ទៅ​ជា​ពីរ ហើយ​អ្នក​ក៏​នឹង​ពុំ​ត្រូវ​បាត់បង់​រង្វាន់​របស់​ខ្លួន​ដែរ ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។ ហើយ​បើ​សិន​ជា​ពួក​គេ​បៀតបៀន​អ្នក ក៏​ពួក​គេ​បាន​បៀតបៀន​ពួក​ព្យាការី និង​ពួក​មនុស្ស​សុចរិត​ពី​មុន​អ្នក​ដែរ។ ត្បិត​ដោយ​ការណ៍​ទាំង​អស់​នេះ​ហើយ ទើប​មាន​រង្វាន់​នៅ​ស្ថាន​សួគ៌។

ហើយ​ជា​ថ្មី​ទៀត យើង​ប្រទាន​ដល់​អ្នក​នូវ​ព្រះ​បន្ទូល​អំពី​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​មនុស្ស​ស្លាប់។

ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ ដល់​អ្នក​អំពី​មនុស្ស​ស្លាប់​របស់​អ្នក​ថា ៖ កាលណា​អ្នក​ណា​មួយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​មនុស្ស​ស្លាប់​របស់​អ្នក នោះ​ចូរ​ឲ្យ​មាន​អ្នក​កត់​បញ្ជី​ទុក ហើយ​ចូរ​គាត់​ធ្វើ​សាក្សី​អំពី​បុណ្យ​ជ្រមុជ​ទឹក​ទាំង​ឡាយ​របស់​អ្នក ចូរ​ឲ្យ​គាត់​ឮ ដោយ​ត្រចៀក​គាត់ ប្រយោជន៍​ឲ្យ​គាត់​អាច​ធ្វើ​ទី​បន្ទាល់​អំពី​សេចក្ដី​ពិត ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ

ប្រយោជន៍​ឲ្យ​គ្រប់​ការ​កត់ត្រា​របស់​អ្នក​ទាំង​អស់ អាច​បាន​កត់ត្រា​ទុក​នៅ​ស្ថាន​សួគ៌​ដែរ អ្វី​ក៏​ដោយ​ដែល​អ្នក​ចង​នៅ​ផែនដី នោះ​អាច​បាន​ចង​នៅ​ស្ថាន​សួគ៌​ដែរ អ្វី​ក៏​ដោយ​ដែល​អ្នក​ស្រាយ​នៅ​ផែនដី នោះ​អាច​បាន​ស្រាយ​នៅ​ស្ថាន​សួគ៌​ដែរ

ព្រោះ​យើង​បម្រុង​នឹង​សាង​ឡើង​វិញ​នូវ​ការណ៍​ជា​ច្រើន​ដល់​ផែនដី ដែល​ទាក់​ទង​ទៅ​នឹង​បព្វជិតភាព ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

ហើយ​ជា​ថ្មី​ទៀត ចូរ​ទុក​គ្រប់​បញ្ជី​ទាំង​អស់​ឲ្យ​មាន​របៀបរៀបរយ ប្រយោជន៍​ឲ្យ​របស់​ទាំង​នោះ​អាច​បាន​ទុក​នៅ​ក្នុង​ប័ណ្ណ​សារ​នៃ​ព្រះ​វិហារ​បរិសុទ្ធ​របស់​យើង ដើម្បី​ទុកជា​ទី​រំឭក​ពី​តំណ​មួយ​ទៅ​តំណ​មួយ ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

១០ខ្ញុំ​នឹង​ប្រាប់​ដល់​ពួក​បរិសុទ្ធ​ទាំង​អស់​គ្នា​ថា ខ្ញុំ​មាន​សេចក្ដី​ប្រាថ្នា ដោយ​សេចក្ដី​ប្រាថ្នា​ដ៏​ធំ​បំផុត ចង់​មាន​វាចា​ទៅ​កាន់​ពួក​គេ​ពី​វេទិកា នូវ​កម្មវត្ថុ​អំពី​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​មនុស្ស​ស្លាប់ នៅ​ថ្ងៃ​ឈប់​សម្រាក​ខាង​មុខ។ ប៉ុន្តែ​ពី​ព្រោះ​វា​ហួស​ពី​អំណាច​ខ្ញុំ​ដើម្បី​ធ្វើ​ការ​នេះ ទើប​ខ្ញុំ​នឹង​សរសេរ​នូវ​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់ តាម​កាល​វេលា​អំពី​កម្មវត្ថុ​នោះ ហើយ​ផ្ញើ​ទៅ​ឲ្យ​អ្នក ព្រម​ទាំង​ការណ៍​ផ្សេងៗ​ទៀត​ជា​ច្រើន​ផង។

១១ឥឡូវ​នេះ ខ្ញុំ​សូម​បញ្ចប់​សំបុត្រ​ខ្ញុំ​នៅ​ពេល​នេះ​សិន​ចុះ ព្រោះ​ត្រូវ​ការ​ពេល​ទៀត ត្បិត​ខ្មាំងសត្រូវ​កំពុងតែ​រង់ចាំ ហើយ​ក៏​ដូច​ជា​ព្រះ​អង្គ​សង្គ្រោះ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ដែរ​ថា ចៅហ្វាយ​របស់​លោកិយ​នេះ​ជិត​មក​ដល់​ហើយ តែ​វា​គ្មាន​អ្វី​នៅ​ក្នុង​ខ្ញុំ​ទេ។

១២មើល​ចុះ ការ​អធិស្ឋាន​របស់​ខ្ញុំ​ដល់​ព្រះ សូម​ឲ្យ​អ្នក​ទាំង​អស់​គ្នា​បាន​សង្គ្រោះ។ ហើយ​ខ្ញុំ​ចុះ​ឈ្មោះ​ខ្លួន​ថា ជា​អ្នក​បម្រើ​របស់​អ្នក​នៅ​ក្នុង​ព្រះ​អម្ចាស់ គឺជា​ព្យាការី និង​អ្នក​មើល​ឆុត នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ។

យ៉ូសែប ស៊្មីធ។