កណ្ឌទី ១២៧
សំបុត្រពី យ៉ូសែប ស៊្មីធ ជាព្យាការី ទៅកាន់ពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅទីក្រុងណៅវូ រដ្ឋអិលលីណោយ មាននូវការដឹកនាំអំពីបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់ ចេញពីទីក្រុងណៅវូ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៨៤២ (History of the Church, ៥:១៤២–១៤៤)។
១–៤, យ៉ូសែប ស៊្មីធ សរសើរតម្កើងនៅក្នុងសេចក្ដីបៀតបៀន និងសេចក្ដីវេទនា; ៥–១២, បញ្ជីទាំងឡាយត្រូវបានកត់ទុក ដែលទាក់ទងទៅនឹងបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់។
១ពីព្រោះព្រះអម្ចាស់ទ្រង់បានបើកសម្ដែងប្រាប់ដល់ខ្ញុំ ថាពួកខ្មាំងសត្រូវរបស់ខ្ញុំ នៅរដ្ឋមិសសួរី ព្រមទាំងនៅរដ្ឋនេះ កំពុងតែតាមរកខ្ញុំទៀត ហើយពីព្រោះពួកគេតាមរកខ្ញុំ ដោយគ្មានហេតុ ហើយដោយគ្មានសេចក្ដីយុត្តិធម៌ ឬសិទ្ធិ សូម្បីតែស្រមោល ឬពណ៌តូចតាចណាមួយឡើយ នៅការគាំទ្រខាងពួកគេ ក្នុងការញុះញង់ឡើងនូវការចោទទោសដល់ខ្ញុំ ហើយពីព្រោះការចោទរបស់ពួកគេដែលគ្មានភស្តុតាង គឺសុទ្ធតែទាក់ទងទៅនឹងពាក្យកុហកដ៏ខ្មៅបំផុត នោះខ្ញុំគិតថាជាការចាំបាច់ ហើយប្រកបដោយប្រាជ្ញាវាងវៃក្នុងខ្លួនខ្ញុំ ត្រូវចេញពីទីកន្លែងមួយរដូវខ្លីសិនចុះ សម្រាប់សន្តិសុខដល់ខ្លួនខ្ញុំផ្ទាល់ និងសន្តិសុខដល់ប្រជារាស្ត្រនេះ។ ខ្ញុំសូមប្រាប់ដល់អស់អ្នកណា ដែលខ្ញុំមានធុរកិច្ចជាមួយថា ខ្ញុំបានទុកកិច្ចការទាំងឡាយរបស់ខ្ញុំជាមួយភ្នាក់ងារ និងស្មៀនទាំងឡាយ ដែលនឹងធ្វើកិច្ចការទាំងអស់ដោយរបៀបរៀបរយ និងទាន់ពេលវេលា ហើយនឹងមើលគន់ថាបំណុលខ្ញុំទាំងអស់ ត្រូវបានសងទាន់ពេលដោយលក់ដូរទ្រព្យសម្បត្តិ ឬតាមរបៀបណាផ្សេងទៀត តាមការតម្រូវ ឬតាមកាលៈទេសៈបណ្ដោយ។ នៅពេលខ្ញុំដឹងថាខ្យល់ព្យុះបានបោកផុតកាលណា នោះខ្ញុំនឹងវិលមករកអ្នកវិញ។
២ហើយរីឯគ្រោះដែលខ្ញុំត្រូវបានហៅឲ្យឆ្លងកាត់ នោះហាក់ដូចជាការតូចតាចចំពោះខ្ញុំ ពីព្រោះសេចក្ដីច្រណែន និងសេចក្ដីក្រោធនៃមនុស្ស នោះសុទ្ធតែជាការធម្មតាអស់មួយជីវិតរបស់ខ្ញុំ ហើយដោយមកពីហេតុអ្វី នោះឃើញថាពិបាកយល់ដែរ លើកលែងតែខ្ញុំត្រូវបានតែងតាំងពីកំណើតលោកិយមក សម្រាប់គោលបំណងល្អ ឬអាក្រក់ណាមួយ តាមតែអ្នកពិចារណាគិតចុះ។ ចូរអ្នករាល់គ្នាវិនិច្ឆ័យដោយខ្លួនឯងចុះ។ ព្រះទ្រង់ជ្រាបសព្វគ្រប់ ទោះជាការល្អ ឬការអាក្រក់ក្ដី។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គង់តែទឹកជ្រៅនេះ ហើយដែលខ្ញុំធ្លាប់ហែលកាត់។ ការណ៍ទាំងអស់នេះក្លាយទៅជាការធម្មតាចំពោះខ្ញុំ ហើយខ្ញុំគិតដូចប៉ុល ថាត្រូវសរសើរតម្កើងក្នុងសេចក្ដីវេទនា ត្បិតរហូតដល់ថ្ងៃនេះហើយ ដែលព្រះនៃអយ្យកោទាំងឡាយរបស់ខ្ញុំបានរំដោះខ្ញុំឲ្យរួចពីការណ៍ទាំងអស់ ហើយនឹងរំដោះខ្ញុំឲ្យរួចពីអំណឹះតទៅ ត្បិតមើលចុះ និងមើលន៏ ខ្ញុំនឹងមានជ័យជម្នះលើអស់ទាំងពួកខ្មាំងសត្រូវរបស់ខ្ញុំ ព្រោះព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៣ហេតុដូច្នេះហើយ ចូរឲ្យពួកបរិសុទ្ធទាំងអស់គ្នាមានចិត្តអរសប្បាយ ហើយមានចិត្តត្រេកអរជាអនេកចុះ ព្រោះព្រះរបស់អ៊ីស្រាអែល គឺជាព្រះរបស់ពួកគេ ហើយទ្រង់នឹងវាល់សំណងដ៏ត្រឹមត្រូវទុកជារង្វាន់មកលើក្បាលនៃអស់ទាំងពួកអ្នកដែលសង្កត់សង្កិនគេ។
៤ហើយជាថ្មីទៀត ប្រាកដមែន ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ ចូរឲ្យកិច្ចការនៃព្រះវិហាររបស់យើង និងកិច្ចការទាំងអស់ដែលយើងបានចាត់ដល់អ្នក មានតទៅ ហើយកុំឈប់ឈរឡើយ ហើយចូរឲ្យសេចក្ដីព្យាយាមរបស់អ្នក និងសេចក្ដីខ្ជាប់ខ្ជួន និងសេចក្ដីអត់ធន់របស់អ្នក និងកិច្ចការរបស់អ្នកកើនទៅជាពីរ ហើយអ្នកក៏នឹងពុំត្រូវបាត់បង់រង្វាន់របស់ខ្លួនដែរ ព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថាដូច្នោះ។ ហើយបើសិនជាពួកគេបៀតបៀនអ្នក ក៏ពួកគេបានបៀតបៀនពួកព្យាការី និងពួកមនុស្សសុចរិតពីមុនអ្នកដែរ។ ត្បិតដោយការណ៍ទាំងអស់នេះហើយ ទើបមានរង្វាន់នៅស្ថានសួគ៌។
៥ហើយជាថ្មីទៀត យើងប្រទានដល់អ្នកនូវព្រះបន្ទូលអំពីបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់។
៦ប្រាកដមែន ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះ ដល់អ្នកអំពីមនុស្សស្លាប់របស់អ្នកថា ៖ កាលណាអ្នកណាមួយទទួលបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់របស់អ្នក នោះចូរឲ្យមានអ្នកកត់បញ្ជីទុក ហើយចូរគាត់ធ្វើសាក្សីអំពីបុណ្យជ្រមុជទឹកទាំងឡាយរបស់អ្នក ចូរឲ្យគាត់ឮ ដោយត្រចៀកគាត់ ប្រយោជន៍ឲ្យគាត់អាចធ្វើទីបន្ទាល់អំពីសេចក្ដីពិត ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថាដូច្នោះ
៧ប្រយោជន៍ឲ្យគ្រប់ការកត់ត្រារបស់អ្នកទាំងអស់ អាចបានកត់ត្រាទុកនៅស្ថានសួគ៌ដែរ អ្វីក៏ដោយដែលអ្នកចងនៅផែនដី នោះអាចបានចងនៅស្ថានសួគ៌ដែរ អ្វីក៏ដោយដែលអ្នកស្រាយនៅផែនដី នោះអាចបានស្រាយនៅស្ថានសួគ៌ដែរ
៨ព្រោះយើងបម្រុងនឹងសាងឡើងវិញនូវការណ៍ជាច្រើនដល់ផែនដី ដែលទាក់ទងទៅនឹងបព្វជិតភាព ព្រះអម្ចាស់នៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថាដូច្នោះ។
៩ហើយជាថ្មីទៀត ចូរទុកគ្រប់បញ្ជីទាំងអស់ឲ្យមានរបៀបរៀបរយ ប្រយោជន៍ឲ្យរបស់ទាំងនោះអាចបានទុកនៅក្នុងប័ណ្ណសារនៃព្រះវិហារបរិសុទ្ធរបស់យើង ដើម្បីទុកជាទីរំឭកពីតំណមួយទៅតំណមួយ ព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថាដូច្នោះ។
១០ខ្ញុំនឹងប្រាប់ដល់ពួកបរិសុទ្ធទាំងអស់គ្នាថា ខ្ញុំមានសេចក្ដីប្រាថ្នា ដោយសេចក្ដីប្រាថ្នាដ៏ធំបំផុត ចង់មានវាចាទៅកាន់ពួកគេពីវេទិកា នូវកម្មវត្ថុអំពីបុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់ នៅថ្ងៃឈប់សម្រាកខាងមុខ។ ប៉ុន្តែពីព្រោះវាហួសពីអំណាចខ្ញុំដើម្បីធ្វើការនេះ ទើបខ្ញុំនឹងសរសេរនូវព្រះបន្ទូលនៃព្រះអម្ចាស់ តាមកាលវេលាអំពីកម្មវត្ថុនោះ ហើយផ្ញើទៅឲ្យអ្នក ព្រមទាំងការណ៍ផ្សេងៗទៀតជាច្រើនផង។
១១ឥឡូវនេះ ខ្ញុំសូមបញ្ចប់សំបុត្រខ្ញុំនៅពេលនេះសិនចុះ ព្រោះត្រូវការពេលទៀត ត្បិតខ្មាំងសត្រូវកំពុងតែរង់ចាំ ហើយក៏ដូចជាព្រះអង្គសង្គ្រោះទ្រង់បានមានព្រះបន្ទូលដែរថា ចៅហ្វាយរបស់លោកិយនេះជិតមកដល់ហើយ តែវាគ្មានអ្វីនៅក្នុងខ្ញុំទេ។
១២មើលចុះ ការអធិស្ឋានរបស់ខ្ញុំដល់ព្រះ សូមឲ្យអ្នកទាំងអស់គ្នាបានសង្គ្រោះ។ ហើយខ្ញុំចុះឈ្មោះខ្លួនថា ជាអ្នកបម្រើរបស់អ្នកនៅក្នុងព្រះអម្ចាស់ គឺជាព្យាការី និងអ្នកមើលឆុត នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។
យ៉ូសែប ស៊្មីធ។