ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 5


កណ្ឌ​ទី ៥

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ​យ៉ូសែប ស្ម៊ីធ ជា​ព្យាការី នៅ​ភូមិហាម៉ូនី រដ្ឋផែន​សិល​វេញ៉ា នៅ​ខែ​មីនា ឆ្នាំ​១៨២៩ តាម​សំណូមពរ​នៃ​ម៉ាទិន ហារិស (History of the Church, ១:២៨–៣១)។

១–១០, តំណ​នេះ​នឹង​បាន​ទទួល​ព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់ តាម​រយៈ​យ៉ូសែប ស្ម៊ីធ; ១១–១៨, សាក្សី​បី​នាក់​នឹង​ធ្វើ​បន្ទាល់​អំពី​ព្រះ​គម្ពីរ​មរមន; ១៩–២០, ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់​នឹង​ត្រូវ​បាន​បញ្ជាក់​ដូច​កាលពីដើម; ២១–៣៥, ម៉ាទិន ហារិស អាច​ប្រែ​ចិត្ត ហើយ​អាច​បាន​ធ្វើ​ជា​សាក្សី​ម្នាក់។

មើល​ចុះ យើង​ប្រាប់​អ្នក​ថា ដរាបណា​ម៉ាទិន ហារិស ជា​អ្នក​បម្រើ​របស់​យើង មាន​បំណង​ចង់​បាន​សាក្សី​ពី​ព្រះ​ហស្ត​របស់​យើង ថា​អ្នក គឺ​យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង មាន​ផ្ទាំង​ចារិក ដែល​អ្នក​បាន​ធ្វើ​បន្ទាល់ ហើយ​បាន​ធ្វើ​សាក្សី​ថា​អ្នក​បាន​ទទួល​ពី​យើង​នោះ

ហើយ​ឥឡូវ​នេះ មើល​ចុះ នេះ​ជា​ពាក្យ​ដែល​អ្នក​នឹង​និយាយ​ទៅ​កាន់​លោក​ថា ព្រះ​ទ្រង់​ដែល​មាន​ព្រះ​បន្ទូល​មក​អ្នក ទ្រង់​មាន​ព្រះ​បន្ទូល​ដល់​អ្នក​ថា ៖ យើង​ជា​ព្រះ​អម្ចាស់ គឺជា​ព្រះ ហើយ​បាន​ប្រទាន​របស់​ទាំង​ឡាយ​នេះ​ដល់​អ្នក គឺ​យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង ហើយ​បាន​បញ្ជា​ដល់​អ្នក​ថា អ្នក​គប្បី​ឈរ​ជា​សាក្សី​ម្នាក់​ចំពោះ​របស់​ទាំង​ឡាយ​នេះ

ហើយ​យើង​បាន​ធ្វើ​ឲ្យ​អ្នក​ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​យើង ថា​អ្នក​មិន​គួរ​បង្ហាញ​របស់​ទាំង​ឡាយ​នេះ​ឡើយ លើក​លែងតែ​ដល់​អស់​អ្នក​ណា​ដែល​យើង​បាន​បញ្ជា​ឲ្យ​អ្នក​បង្ហាញ ហើយ​អ្នក​គ្មាន​អំណាច​លើ​របស់​ទាំង​ឡាយ​នេះ​ឡើយ លើក​លែងតែ​យើង​អនុញ្ញាត​ដល់​អ្នក ប៉ុណ្ណោះ។

ហើយ​អ្នក​មាន​អំណោយទាន​ឲ្យ​បកប្រែ​ផ្ទាំង​ចារិក​ទាំង​ឡាយ ហើយ​នេះ​ជា​អំណោយទាន​ទី​មួយ ដែល​យើង​បាន​ប្រទាន​មក​លើ​អ្នក ហើយ​យើង​បាន​បញ្ជា​ថា អ្នក​មិន​គួរ​ស្មានថា​មាន​អំណោយទាន​ឯណា​ទៀត​ឡើយ លុះ​ត្រា​គោលបំណង​របស់​យើង​បាន​សម្រេច អំពី​ការណ៍​នេះ​សិន ត្បិត​យើង​ពុំ​បាន​ប្រទាន​អំណោយទាន​ឯណា​ទៀត​ដល់​អ្នក​ឡើយ លុះ​ត្រា​ការណ៍​នេះ​ត្រូវ​បាន​សម្រេច។

យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា សេចក្ដី​វេទនា​នឹង​មក​ដល់​បណ្ដាជន​ទាំង​ឡាយ​នៅ​លើ​ផែនដី បើ​សិន​ជា​ពួក​គេ​មិន​ស្ដាប់​តាម​ព្រះ​បន្ទូល​របស់​យើង

ត្បិត​ពី​អំណឹះ​ត​ទៅ​អ្នក​នឹង​ត្រូវ​បាន​តែងតាំង​ឡើង ហើយ​ចេញ​ទៅ​ផ្សាយ​ព្រះ​បន្ទូល​របស់​យើង​ប្រាប់​ដល់​កូន​ចៅ​មនុស្ស។

មើល​ចុះ បើ​សិន​ជា​ពួក​គេ​មិន​ជឿ​តាម​ព្រះ​បន្ទូល​របស់​យើង​ទេ នោះ​ពួក​គេ​ក៏​នឹង​មិន​ជឿ​តាម​អ្នក​ដែរ យ៉ូសែប​ជា​អ្នក​បម្រើ​របស់​យើង​អើយ បើ​ធ្វើ​ទៅ​បាន ដែល​អ្នក​នឹង​បង្ហាញ​របស់​អស់​ទាំង​នេះ​ដល់​ពួក​គេ ដែល​យើង​បាន​ប្រទាន​ឲ្យ​ដល់​អ្នក​ក៏​ដោយ។

ឱ​តំណ​មនុស្ស​ដ៏​ឥត​ជំនឿ និង​ក្បាលរឹង​អើយ — សេចក្ដី​ក្រោធ​របស់​យើង​ឆួល​ទាស់​នឹង​ពួក​គេ​ហើយ។

មើល​ចុះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​បាន​រក្សា​របស់​ទាំង​ឡាយ​នោះ ដែល​យើង​បាន​ផ្ទុក​ផ្អែក​ដល់​អ្នក យ៉ូសែប​ជា​អ្នក​បម្រើ​របស់​យើង​អើយ សម្រាប់​គោលបំណង​មួយ​ដ៏​ប្រកប​ដោយ​ប្រាជ្ញា​វាងវៃ​ចំពោះ​យើង ហើយ​ការណ៍​នេះ​នឹង​ត្រូវ​បាន​ដឹង​ដល់​តំណ​ក្រោយ

១០ប៉ុន្តែ​តំណ​នេះ​នឹង​បាន​ព្រះ​បន្ទូល​របស់​យើង តាម​រយៈ​អ្នក

១១ហើយ​បន្ថែម​ទៅ​នឹង​ទី​បន្ទាល់​របស់​អ្នក នោះ​មាន​ទី​បន្ទាល់​នៃ​ពួក​អ្នក​បម្រើ​របស់​យើង​បី​នាក់​ទៀត ដែល​យើង​នឹង​ហៅ ហើយ​តែងតាំង ជា​ពួក​អ្នក​ដែល​យើង​នឹង​បង្ហាញ​របស់​ទាំង​ឡាយ​នេះ ហើយ​ពួក​គេ​នឹង​ចេញ​ទៅ​ដោយ​មាន​ព្រះ​បន្ទូល​របស់​យើង ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ​អ្នក។

១២មែន​ហើយ ពួក​គេ​នឹង​ដឹង​ជា​ប្រាកដ​ថា របស់​ទាំង​ឡាយ​នេះ​ពិត ត្បិត​យើង​នឹង​ប្រកាស​ប្រាប់​ដល់​ពួក​គេ​ពី​ស្ថានសួគ៌។

១៣យើង​នឹង​ប្រទាន​អំណាច​ដល់​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​អាច​មើល ហើយ​ឃើញ​របស់​ទាំង​ឡាយ​នេះ​ដោយ​ជាក់​ច្បាស់

១៤ហើយ​យើង​នឹង​មិន​ប្រទាន​អំណាច​នេះ​ដល់​នរណា​ទៀត​ឡើយ ឲ្យ​ទទួល​ទី​បន្ទាល់​ដដែល​នេះ​ក្នុង​ចំណោម​តំណ​នេះ ក្នុង​ការណ៍​នេះ ដែល​ជា​ដើមដំបូង​នៃ​ការ​តាំង​ឡើង និង​ការ​ចេញ​មក​នៃ​សាសនាចក្រ​របស់​យើង​ពី​ទី​រហោស្ថាន — គឺ​ភ្លឺ​ត្រចះ ដូច​ជា​ព្រះ​ចន្ទ ហើយ​ស្រស់​ដូច​ជា​ព្រះ​អាទិត្យ ហើយ​គួរ​ស្ញែង​ខ្លាច ដូច​ជា​ពល​ទ័ព​មាន​ទាំង​ទង់ជ័យ​ផង។

១៥ហើយ​ទី​បន្ទាល់​នៃ​ពួក​សាក្សី​បី​នាក់ ស្ដី​អំពី​ព្រះ​បន្ទូល​របស់​យើង​នេះ​ហើយ ដែល​យើង​នឹង​ផ្សាយ​ចេញ​ទៅ។

១៦ហើយ​មើល​ចុះ អស់​អ្នក​ណា​ដែល​ជឿ​តាម​ព្រះ​បន្ទូល​របស់​យើង ពួក​គេ​នោះ​ហើយ​ដែល​យើង​នឹង​មក​រក ដោយ​ការ​បើក​សម្ដែង​នៃ​ព្រះ​វិញ្ញាណ​របស់​យើង ហើយ​ពួក​គេ​នឹង​បាន​កើត​ពី​យើង គឺ​ពី​ទឹក និង​ពី​ព្រះ​វិញ្ញាណ —

១៧ហើយ​អ្នក​ត្រូវ​ចាំ​បន្តិច​ទៀត ត្បិត​អ្នក​មិនទាន់​បាន​តែងតាំង​នៅ​ឡើយ​ទេ —

១៨ហើយ​ទី​បន្ទាល់​របស់​ពួក​គេ​ក៏​នឹង​ចេញ​ទៅ​ដែរ ចំពោះ​ការ​ដាក់​ទោស​ដល់​តំណ​នេះ បើ​សិន​ជា​ពួក​គេ​ពង្រឹង​ចិត្ត​ទាស់​នឹង​ពួក​គេ​នោះ។

១៩ត្បិត​ការ​វាយ​ឲ្យ​សាបសូន្យ​នឹង​ចេញ​ទៅ​ក្នុង​ចំណោម​បណ្ដាជន​នៅ​លើ​ផែនដី ហើយ​នឹង​ធ្លាក់​មក​ម្ដង​ម្កាលៗ បើ​សិន​ជា​ពួក​គេ​មិន​ប្រែ​ចិត្ត​ទេ គឺ​រហូត​ដល់​អស់​រលីង​ពី​ផែនដី ហើយ​បណ្ដាជន​ទាំង​នោះ នឹង​ត្រូវ​វិនាស ហើយ​បំផ្លាញ​ចោល​ទាំង​ស្រុង ដោយ​សារ​ភាព​ចែងចាំង​នៃ​ការ​យាង​មក​របស់​យើង។

២០មើល​ចុះ យើង​ប្រាប់​អ្នក​នូវ​ការណ៍​ទាំង​នេះ គឺ​ដូច​ជា​យើង​បាន​ប្រាប់​ប្រជារាស្ត្រ អំពី​ការ​បំផ្លិចបំផ្លាញ​នៃ​ក្រុង​យេរូសាឡិម​ដែរ ហើយ​ព្រះ​បន្ទូល​របស់​យើង​នឹង​ត្រូវ​បាន​បញ្ជាក់​នៅ​ពេល​នេះ ដូច​ជា​បាន​បញ្ជាក់​ពី​កាល​នោះ​មក​ហើយ​ដែរ។

២១ហើយ​ឥឡូវ​នេះ យើង​បញ្ជា​អ្នក យ៉ូសែប​ជា​អ្នក​បម្រើ​របស់​យើង​អើយ ឲ្យ​ប្រែ​ចិត្ត ហើយ​ដើរ​ឲ្យ​តែ​ត្រង់​នៅ​ចំពោះ​យើង​ចុះ ហើយ​ចូរ​កុំ​ស្ដាប់​តាម​ការ​បញ្ចុះ​បញ្ចូល​នៃ​មនុស្ស​លោក​ទៀត​ឡើយ

២២ហើយ​ចូរ​ឲ្យ​អ្នក​នៅ​ខ្ជាប់​ខ្ជួន​ក្នុង​ការ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ដែល​យើង​បាន​បញ្ជា​ដល់​អ្នក ហើយ​បើ​សិន​ជា​អ្នក​ធ្វើ​យ៉ាង​ដូច្នេះ មើល​ចុះ យើង​ប្រទាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​អ្នក សូម្បីតែ​អ្នក​ត្រូវ​គេ​សម្លាប់​ក៏​ដោយ។

២៣ហើយ​ឥឡូវ​នេះ ជា​ថ្មី​ទៀត យើង​មាន​បន្ទូល​ដល់​អ្នក យ៉ូសែប​ជា​អ្នក​បម្រើ​របស់​យើង​អើយ ស្ដី​អំពី​មនុស្ស​ដែល​មាន​បំណង​ចង់​បាន​សាក្សី —

២៤មើល​ចុះ យើង​ប្រាប់​អ្នក​នោះ​ថា លោក​តម្កើង​ខ្លួន ហើយ​មិន​បន្ទាប​ខ្លួន​ឲ្យ​ល្មម​គ្រប់​គ្រាន់​នៅ​ចំពោះ​យើង​ឡើយ ប៉ុន្តែ​បើ​លោក នឹង​ក្រាប​ចុះ​នៅ​ចំពោះ​យើង ហើយ​បន្ទាប​ខ្លួន​ដោយ​នូវ​ការ​អធិស្ឋាន និង​សេចក្ដី​ជំនឿ​ដ៏​ខ្លាំង​ក្លា ឲ្យ​អស់​ពី​ដួង​ចិត្ត​លោក ខណៈ​នោះ យើង​នឹង​ប្រទាន​ដល់​លោក​ឲ្យ​មើល​របស់​ទាំង​ឡាយ ដែល​លោក​មាន​បំណង​ចង់​ឃើញ​នោះ។

២៥ហើយ​ខណៈ​នោះ លោក​នឹង​ប្រាប់​ដល់​បណ្ដាជន​នៃ​តំណ​នេះ​ថា ៖ មើល​ចុះ ខ្ញុំ​បាន​ឃើញ​របស់​ទាំង​ឡាយ ដែល​ព្រះ​អម្ចាស់ ទ្រង់​បាន​បង្ហាញ​ដល់​យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ហើយ​ខ្ញុំ​ដឹង​ជា​ប្រាកដ​ថា របស់​ទាំង​នោះ​ពិត ត្បិត​ខ្ញុំ​បាន​ឃើញ​របស់​ទាំង​នោះ​ហើយ ព្រោះ​របស់​ទាំង​នោះ​ត្រូវ​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ ហើយ​ពុំ​មែន​ដោយ​មនុស្ស​ទេ។

២៦ហើយ​យើង​ជា​ព្រះ​អម្ចាស់ បញ្ជា​ដល់​លោក គឺ​ម៉ាទិន ហារិស ជា​អ្នក​បម្រើ​របស់​យើង ថា​លោក​មិន​ត្រូវ​ប្រាប់​អ្វី​ដល់​ពួក​គេ​ទៀត​ទេ អំពី​របស់​ទាំង​ឡាយ​នេះ លើក​លែងតែ​លោក​ត្រូវ​ថា ៖ « ខ្ញុំ​បាន​ឃើញ​របស់​ទាំង​ឡាយ ហើយ​របស់​ទាំង​ឡាយ​នោះ ត្រូវ​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ ដោយ​សារ​ព្រះ​ចេស្ដា​នៃ​ព្រះ » នេះ​ហើយ​ជា​ពាក្យ​ដែល​លោក​នឹង​ត្រូវ​និយាយ។

២៧ប៉ុន្តែ បើ​សិន​ជា​លោក​បដិសេធ​ការណ៍​នេះ នោះ​លោក​នឹង​បំបាក់​សេចក្ដី​សញ្ញា ដែល​លោក​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​យើង​ពីមុន ហើយ​មើល​ចុះ លោក​នឹង​ត្រូវ​ជាប់​ទោស។

២៨ហើយ​ឥឡូវ​នេះ លើក​លែងតែ​លោក​បន្ទាប​ខ្លួន ហើយ​សារ​ភាព​ដល់​យើង​ថា​អ្វីៗ​ដែល​លោក​បាន​ធ្វើ​នោះ គឺ​ខុសឆ្គង ហើយ​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​យើង ថា​លោក​នឹង​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង ហើយ​អនុវត្ត​សេចក្ដី​ជំនឿ​ជឿ​ដល់​យើង បើ​ពុំ​នោះ​សោត​ទេ មើល​ចុះ យើង​ប្រាប់​ដល់​លោក​ថា លោក​នឹង​មិន​បាន​ឃើញ​អ្វី​ទេ ត្បិត​យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​លោក​បាន​មើល​ឃើញ​របស់​ទាំង​ឡាយ ដែល​យើង​បាន​ពោល​ដល់​នោះ​ឡើយ។

២៩ហើយ​បើ​ករណី​នេះ​កើត​មែន យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង​អើយ យើង​បញ្ជា​ដល់​អ្នក​ថា អ្នក​ត្រូវ​ប្រាប់​ដល់​លោក​ថា លោក​មិន​ត្រូវ​ធ្វើ​ទៀត​ឡើយ ឬ​ក៏​រំខាន​ដល់​យើង​ទៀត​ឡើយ​អំពី​រឿង​នេះ។

៣០ហើយ​បើ​ករណី​នេះ​កើត​មែន មើល​ចុះ យ៉ូសែប​អើយ យើង​ប្រាប់​ដល់​អ្នក​ថា កាលណា​អ្នក​បាន​បកប្រែ​សន្លឹក​បន្តិចបន្តួច​ទៀត នោះ​អ្នក​ត្រូវ​ឈប់​មួយ​រដូវ​សិន​ចុះ គឺ​លុះ​ត្រា​ដល់​យើង​បញ្ជា​ដល់​អ្នក​ទៀត ខណៈ​នោះ​អ្នក​អាច​បកប្រែ​ម្ដង​ទៀត​បាន។

៣១ហើយ​លើក​លែងតែ​អ្នក​ធ្វើ​ដូច្នេះ មើល​ចុះ អ្នក​នឹង​ពុំ​មាន​អំណោយទាន​ឯ​ណា​ទៀត​ឡើយ ហើយ​យើង​នឹង​ដក​យក​របស់​ទាំង​ឡាយ ដែល​យើង​បាន​ផ្ទុក​ផ្អែក​នឹង​អ្នក។

៣២ហើយ​ឥឡូវ​នេះ ពី​ព្រោះ​យើង​បាន​ឃើញ​ជាមុន អំពី​ការ​លប​ពួន​ចាំ​បំផ្លាញ​អ្នក មែន​ហើយ យើង​បាន​ឃើញ​ជាមុន​ថា បើ​សិន​ជា ម៉ាទិន ហារិស ជា​អ្នក​បម្រើ​របស់​យើង មិន​បន្ទាប​ខ្លួន ហើយ​ទទួល​សាក្សី​ពី​ព្រះ​ហស្ត​របស់​យើង​ទេ នោះ​លោក​នឹង​ធ្លាក់​ទៅ​ក្នុង​ការ​រំលង​ហើយ។

៣៣ហើយ​មាន​មនុស្ស​ជា​ច្រើន​ដែល​ពួន​ចាំ​បំផ្លាញ​អ្នក​ចេញ​ពី​ផ្ទៃ​ផែនដី ហើយ​មក​ពី​ហេតុ​នេះ​ហើយ ដើម្បី​ឲ្យ​អ្នក​បាន​អាយុ​វែង បាន​ជា​យើង​ប្រទាន​បញ្ញត្តិ​ទាំង​នេះ​ដល់​អ្នក។

៣៤មែន​ហើយ មក​ពី​ហេតុ​នេះ​ហើយ បាន​ជា​យើង​និយាយ​ថា ៖ ចូរ​ឈប់ ហើយ​ឈរ​ឲ្យ​នឹង លុះ​ត្រា​យើង​បញ្ជា​ដល់​អ្នក ហើយ​យើង​នឹង​ឲ្យ​មធ្យោបាយ​ណាមួយ ដើម្បី​ឲ្យ​អ្នក​អាច​សម្រេច​នូវ​អ្វី ដែល​យើង​បាន​បញ្ជា​ដល់​អ្នក​សិន។

៣៥ហើយ​បើ​សិន​ជា​អ្នក​មាន​ចិត្ត​ស្មោះត្រង់​ក្នុង​ការ​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​អ្នក​នឹង​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់។ អាម៉ែន៕