កណ្ឌទី ៥
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈយ៉ូសែប ស្ម៊ីធ ជាព្យាការី នៅភូមិហាម៉ូនី រដ្ឋផែនសិលវេញ៉ា នៅខែមីនា ឆ្នាំ១៨២៩ តាមសំណូមពរនៃម៉ាទិន ហារិស (History of the Church, ១:២៨–៣១)។
១–១០, តំណនេះនឹងបានទទួលព្រះបន្ទូលរបស់ព្រះអម្ចាស់ តាមរយៈយ៉ូសែប ស្ម៊ីធ; ១១–១៨, សាក្សីបីនាក់នឹងធ្វើបន្ទាល់អំពីព្រះគម្ពីរមរមន; ១៩–២០, ព្រះបន្ទូលនៃព្រះអម្ចាស់នឹងត្រូវបានបញ្ជាក់ដូចកាលពីដើម; ២១–៣៥, ម៉ាទិន ហារិស អាចប្រែចិត្ត ហើយអាចបានធ្វើជាសាក្សីម្នាក់។
១មើលចុះ យើងប្រាប់អ្នកថា ដរាបណាម៉ាទិន ហារិស ជាអ្នកបម្រើរបស់យើង មានបំណងចង់បានសាក្សីពីព្រះហស្តរបស់យើង ថាអ្នក គឺយ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង មានផ្ទាំងចារិក ដែលអ្នកបានធ្វើបន្ទាល់ ហើយបានធ្វើសាក្សីថាអ្នកបានទទួលពីយើងនោះ
២ហើយឥឡូវនេះ មើលចុះ នេះជាពាក្យដែលអ្នកនឹងនិយាយទៅកាន់លោកថា ព្រះទ្រង់ដែលមានព្រះបន្ទូលមកអ្នក ទ្រង់មានព្រះបន្ទូលដល់អ្នកថា ៖ យើងជាព្រះអម្ចាស់ គឺជាព្រះ ហើយបានប្រទានរបស់ទាំងឡាយនេះដល់អ្នក គឺយ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង ហើយបានបញ្ជាដល់អ្នកថា អ្នកគប្បីឈរជាសាក្សីម្នាក់ចំពោះរបស់ទាំងឡាយនេះ
៣ហើយយើងបានធ្វើឲ្យអ្នកចូលក្នុងសេចក្ដីសញ្ញាជាមួយយើង ថាអ្នកមិនគួរបង្ហាញរបស់ទាំងឡាយនេះឡើយ លើកលែងតែដល់អស់អ្នកណាដែលយើងបានបញ្ជាឲ្យអ្នកបង្ហាញ ហើយអ្នកគ្មានអំណាចលើរបស់ទាំងឡាយនេះឡើយ លើកលែងតែយើងអនុញ្ញាតដល់អ្នក ប៉ុណ្ណោះ។
៤ហើយអ្នកមានអំណោយទានឲ្យបកប្រែផ្ទាំងចារិកទាំងឡាយ ហើយនេះជាអំណោយទានទីមួយ ដែលយើងបានប្រទានមកលើអ្នក ហើយយើងបានបញ្ជាថា អ្នកមិនគួរស្មានថាមានអំណោយទានឯណាទៀតឡើយ លុះត្រាគោលបំណងរបស់យើងបានសម្រេច អំពីការណ៍នេះសិន ត្បិតយើងពុំបានប្រទានអំណោយទានឯណាទៀតដល់អ្នកឡើយ លុះត្រាការណ៍នេះត្រូវបានសម្រេច។
៥យើងប្រាប់អ្នកជាប្រាកដថា សេចក្ដីវេទនានឹងមកដល់បណ្ដាជនទាំងឡាយនៅលើផែនដី បើសិនជាពួកគេមិនស្ដាប់តាមព្រះបន្ទូលរបស់យើង
៦ត្បិតពីអំណឹះតទៅអ្នកនឹងត្រូវបានតែងតាំងឡើង ហើយចេញទៅផ្សាយព្រះបន្ទូលរបស់យើងប្រាប់ដល់កូនចៅមនុស្ស។
៧មើលចុះ បើសិនជាពួកគេមិនជឿតាមព្រះបន្ទូលរបស់យើងទេ នោះពួកគេក៏នឹងមិនជឿតាមអ្នកដែរ យ៉ូសែបជាអ្នកបម្រើរបស់យើងអើយ បើធ្វើទៅបាន ដែលអ្នកនឹងបង្ហាញរបស់អស់ទាំងនេះដល់ពួកគេ ដែលយើងបានប្រទានឲ្យដល់អ្នកក៏ដោយ។
៨ឱតំណមនុស្សដ៏ឥតជំនឿ និងក្បាលរឹងអើយ — សេចក្ដីក្រោធរបស់យើងឆួលទាស់នឹងពួកគេហើយ។
៩មើលចុះ យើងប្រាប់អ្នកជាប្រាកដថា យើងបានរក្សារបស់ទាំងឡាយនោះ ដែលយើងបានផ្ទុកផ្អែកដល់អ្នក យ៉ូសែបជាអ្នកបម្រើរបស់យើងអើយ សម្រាប់គោលបំណងមួយដ៏ប្រកបដោយប្រាជ្ញាវាងវៃចំពោះយើង ហើយការណ៍នេះនឹងត្រូវបានដឹងដល់តំណក្រោយ
១០ប៉ុន្តែតំណនេះនឹងបានព្រះបន្ទូលរបស់យើង តាមរយៈអ្នក
១១ហើយបន្ថែមទៅនឹងទីបន្ទាល់របស់អ្នក នោះមានទីបន្ទាល់នៃពួកអ្នកបម្រើរបស់យើងបីនាក់ទៀត ដែលយើងនឹងហៅ ហើយតែងតាំង ជាពួកអ្នកដែលយើងនឹងបង្ហាញរបស់ទាំងឡាយនេះ ហើយពួកគេនឹងចេញទៅដោយមានព្រះបន្ទូលរបស់យើង ដែលបានប្រទានឲ្យមកតាមរយៈអ្នក។
១២មែនហើយ ពួកគេនឹងដឹងជាប្រាកដថា របស់ទាំងឡាយនេះពិត ត្បិតយើងនឹងប្រកាសប្រាប់ដល់ពួកគេពីស្ថានសួគ៌។
១៣យើងនឹងប្រទានអំណាចដល់ពួកគេ ដើម្បីឲ្យពួកគេអាចមើល ហើយឃើញរបស់ទាំងឡាយនេះដោយជាក់ច្បាស់
១៤ហើយយើងនឹងមិនប្រទានអំណាចនេះដល់នរណាទៀតឡើយ ឲ្យទទួលទីបន្ទាល់ដដែលនេះក្នុងចំណោមតំណនេះ ក្នុងការណ៍នេះ ដែលជាដើមដំបូងនៃការតាំងឡើង និងការចេញមកនៃសាសនាចក្ររបស់យើងពីទីរហោស្ថាន — គឺភ្លឺត្រចះ ដូចជាព្រះចន្ទ ហើយស្រស់ដូចជាព្រះអាទិត្យ ហើយគួរស្ញែងខ្លាច ដូចជាពលទ័ពមានទាំងទង់ជ័យផង។
១៥ហើយទីបន្ទាល់នៃពួកសាក្សីបីនាក់ ស្ដីអំពីព្រះបន្ទូលរបស់យើងនេះហើយ ដែលយើងនឹងផ្សាយចេញទៅ។
១៦ហើយមើលចុះ អស់អ្នកណាដែលជឿតាមព្រះបន្ទូលរបស់យើង ពួកគេនោះហើយដែលយើងនឹងមករក ដោយការបើកសម្ដែងនៃព្រះវិញ្ញាណរបស់យើង ហើយពួកគេនឹងបានកើតពីយើង គឺពីទឹក និងពីព្រះវិញ្ញាណ —
១៧ហើយអ្នកត្រូវចាំបន្តិចទៀត ត្បិតអ្នកមិនទាន់បានតែងតាំងនៅឡើយទេ —
១៨ហើយទីបន្ទាល់របស់ពួកគេក៏នឹងចេញទៅដែរ ចំពោះការដាក់ទោសដល់តំណនេះ បើសិនជាពួកគេពង្រឹងចិត្តទាស់នឹងពួកគេនោះ។
១៩ត្បិតការវាយឲ្យសាបសូន្យនឹងចេញទៅក្នុងចំណោមបណ្ដាជននៅលើផែនដី ហើយនឹងធ្លាក់មកម្ដងម្កាលៗ បើសិនជាពួកគេមិនប្រែចិត្តទេ គឺរហូតដល់អស់រលីងពីផែនដី ហើយបណ្ដាជនទាំងនោះ នឹងត្រូវវិនាស ហើយបំផ្លាញចោលទាំងស្រុង ដោយសារភាពចែងចាំងនៃការយាងមករបស់យើង។
២០មើលចុះ យើងប្រាប់អ្នកនូវការណ៍ទាំងនេះ គឺដូចជាយើងបានប្រាប់ប្រជារាស្ត្រ អំពីការបំផ្លិចបំផ្លាញនៃក្រុងយេរូសាឡិមដែរ ហើយព្រះបន្ទូលរបស់យើងនឹងត្រូវបានបញ្ជាក់នៅពេលនេះ ដូចជាបានបញ្ជាក់ពីកាលនោះមកហើយដែរ។
២១ហើយឥឡូវនេះ យើងបញ្ជាអ្នក យ៉ូសែបជាអ្នកបម្រើរបស់យើងអើយ ឲ្យប្រែចិត្ត ហើយដើរឲ្យតែត្រង់នៅចំពោះយើងចុះ ហើយចូរកុំស្ដាប់តាមការបញ្ចុះបញ្ចូលនៃមនុស្សលោកទៀតឡើយ
២២ហើយចូរឲ្យអ្នកនៅខ្ជាប់ខ្ជួនក្នុងការកាន់តាមព្រះបញ្ញត្តិទាំងឡាយ ដែលយើងបានបញ្ជាដល់អ្នក ហើយបើសិនជាអ្នកធ្វើយ៉ាងដូច្នេះ មើលចុះ យើងប្រទានជីវិតដ៏នៅអស់កល្បជានិច្ចដល់អ្នក សូម្បីតែអ្នកត្រូវគេសម្លាប់ក៏ដោយ។
២៣ហើយឥឡូវនេះ ជាថ្មីទៀត យើងមានបន្ទូលដល់អ្នក យ៉ូសែបជាអ្នកបម្រើរបស់យើងអើយ ស្ដីអំពីមនុស្សដែលមានបំណងចង់បានសាក្សី —
២៤មើលចុះ យើងប្រាប់អ្នកនោះថា លោកតម្កើងខ្លួន ហើយមិនបន្ទាបខ្លួនឲ្យល្មមគ្រប់គ្រាន់នៅចំពោះយើងឡើយ ប៉ុន្តែបើលោក នឹងក្រាបចុះនៅចំពោះយើង ហើយបន្ទាបខ្លួនដោយនូវការអធិស្ឋាន និងសេចក្ដីជំនឿដ៏ខ្លាំងក្លា ឲ្យអស់ពីដួងចិត្តលោក ខណៈនោះ យើងនឹងប្រទានដល់លោកឲ្យមើលរបស់ទាំងឡាយ ដែលលោកមានបំណងចង់ឃើញនោះ។
២៥ហើយខណៈនោះ លោកនឹងប្រាប់ដល់បណ្ដាជននៃតំណនេះថា ៖ មើលចុះ ខ្ញុំបានឃើញរបស់ទាំងឡាយ ដែលព្រះអម្ចាស់ ទ្រង់បានបង្ហាញដល់យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ ហើយខ្ញុំដឹងជាប្រាកដថា របស់ទាំងនោះពិត ត្បិតខ្ញុំបានឃើញរបស់ទាំងនោះហើយ ព្រោះរបស់ទាំងនោះត្រូវបានបង្ហាញឲ្យខ្ញុំឃើញដោយព្រះចេស្ដានៃព្រះ ហើយពុំមែនដោយមនុស្សទេ។
២៦ហើយយើងជាព្រះអម្ចាស់ បញ្ជាដល់លោក គឺម៉ាទិន ហារិស ជាអ្នកបម្រើរបស់យើង ថាលោកមិនត្រូវប្រាប់អ្វីដល់ពួកគេទៀតទេ អំពីរបស់ទាំងឡាយនេះ លើកលែងតែលោកត្រូវថា ៖ « ខ្ញុំបានឃើញរបស់ទាំងឡាយ ហើយរបស់ទាំងឡាយនោះ ត្រូវបានបង្ហាញឲ្យខ្ញុំឃើញ ដោយសារព្រះចេស្ដានៃព្រះ » នេះហើយជាពាក្យដែលលោកនឹងត្រូវនិយាយ។
២៧ប៉ុន្តែ បើសិនជាលោកបដិសេធការណ៍នេះ នោះលោកនឹងបំបាក់សេចក្ដីសញ្ញា ដែលលោកបានធ្វើសេចក្ដីសញ្ញាជាមួយយើងពីមុន ហើយមើលចុះ លោកនឹងត្រូវជាប់ទោស។
២៨ហើយឥឡូវនេះ លើកលែងតែលោកបន្ទាបខ្លួន ហើយសារភាពដល់យើងថាអ្វីៗដែលលោកបានធ្វើនោះ គឺខុសឆ្គង ហើយធ្វើសេចក្ដីសញ្ញាជាមួយយើង ថាលោកនឹងកាន់តាមបញ្ញត្តិទាំងឡាយរបស់យើង ហើយអនុវត្តសេចក្ដីជំនឿជឿដល់យើង បើពុំនោះសោតទេ មើលចុះ យើងប្រាប់ដល់លោកថា លោកនឹងមិនបានឃើញអ្វីទេ ត្បិតយើងនឹងមិនអនុញ្ញាតឲ្យលោកបានមើលឃើញរបស់ទាំងឡាយ ដែលយើងបានពោលដល់នោះឡើយ។
២៩ហើយបើករណីនេះកើតមែន យ៉ូសែប ជាអ្នកបម្រើរបស់យើងអើយ យើងបញ្ជាដល់អ្នកថា អ្នកត្រូវប្រាប់ដល់លោកថា លោកមិនត្រូវធ្វើទៀតឡើយ ឬក៏រំខានដល់យើងទៀតឡើយអំពីរឿងនេះ។
៣០ហើយបើករណីនេះកើតមែន មើលចុះ យ៉ូសែបអើយ យើងប្រាប់ដល់អ្នកថា កាលណាអ្នកបានបកប្រែសន្លឹកបន្តិចបន្តួចទៀត នោះអ្នកត្រូវឈប់មួយរដូវសិនចុះ គឺលុះត្រាដល់យើងបញ្ជាដល់អ្នកទៀត ខណៈនោះអ្នកអាចបកប្រែម្ដងទៀតបាន។
៣១ហើយលើកលែងតែអ្នកធ្វើដូច្នេះ មើលចុះ អ្នកនឹងពុំមានអំណោយទានឯណាទៀតឡើយ ហើយយើងនឹងដកយករបស់ទាំងឡាយ ដែលយើងបានផ្ទុកផ្អែកនឹងអ្នក។
៣២ហើយឥឡូវនេះ ពីព្រោះយើងបានឃើញជាមុន អំពីការលបពួនចាំបំផ្លាញអ្នក មែនហើយ យើងបានឃើញជាមុនថា បើសិនជា ម៉ាទិន ហារិស ជាអ្នកបម្រើរបស់យើង មិនបន្ទាបខ្លួន ហើយទទួលសាក្សីពីព្រះហស្តរបស់យើងទេ នោះលោកនឹងធ្លាក់ទៅក្នុងការរំលងហើយ។
៣៣ហើយមានមនុស្សជាច្រើនដែលពួនចាំបំផ្លាញអ្នកចេញពីផ្ទៃផែនដី ហើយមកពីហេតុនេះហើយ ដើម្បីឲ្យអ្នកបានអាយុវែង បានជាយើងប្រទានបញ្ញត្តិទាំងនេះដល់អ្នក។
៣៤មែនហើយ មកពីហេតុនេះហើយ បានជាយើងនិយាយថា ៖ ចូរឈប់ ហើយឈរឲ្យនឹង លុះត្រាយើងបញ្ជាដល់អ្នក ហើយយើងនឹងឲ្យមធ្យោបាយណាមួយ ដើម្បីឲ្យអ្នកអាចសម្រេចនូវអ្វី ដែលយើងបានបញ្ជាដល់អ្នកសិន។
៣៥ហើយបើសិនជាអ្នកមានចិត្តស្មោះត្រង់ក្នុងការកាន់តាមបញ្ញត្តិទាំងឡាយរបស់យើង នោះអ្នកនឹងបានលើកឡើងនៅថ្ងៃចុងក្រោយបង្អស់។ អាម៉ែន៕