ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 95


កណ្ឌ​ទី ៩៥

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​១៨៣៣ (History of the Church, ១:៣៥០–៣៥២)។ វិវរណៈ​នេះ​គឺជា​ការ​បន្ត​ពី​ការ​ដឹកនាំ​ពី​ព្រះ​ដើម្បី​កសាង​គេហដ្ឋាន​ទាំង​ឡាយ សម្រាប់​ថ្វាយ​បង្គំ និង​ការ​បង្គាប់ ជា​ពិសេស គឺ​ដំណាក់​នៃ​ព្រះ​អម្ចាស់ (សូម​មើល កណ្ឌ​ទី ៨៨:១១៩–១៣៦ និង​កណ្ឌ​ទី ៩៤)។

១–៦, ពួក​បរិសុទ្ធ​ត្រូវ​បាន​វាយ​ផ្ចាល ព្រោះ​តែ​ការ​ខកខាន​មិន​បាន​ក​សាង​ដំណាក់​នៃ​ព្រះ​អម្ចាស់; ៧–១០, ព្រះ​អម្ចាស់​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ចង់​ប្រើប្រាស់​គេហដ្ឋាន​របស់​ទ្រង់ ដើម្បី​ប្រទាន​អំណោយទាន​ដល់​ប្រជារាស្ត្រ​របស់​ទ្រង់​នូវ​អំណាច​មក​ពី​ស្ថាន​លើ; ១១–១៧, គេហដ្ឋាន​នោះ​ត្រូវ​តាំង​ជា​កន្លែង​នៃ​ការ​ថ្វាយ​បង្គំ ហើយ​ទុក​សម្រាប់​ជា​សាលា​នៃ​ពួក​សាវក។

ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ដល់​អ្នក​ដែល​យើង​ស្រឡាញ់ និង​ដល់​អ្នក​ណា​ដែល​យើង​ស្រឡាញ់ នោះ​យើង​វាយ​ផ្ចាល ដើម្បី​ឲ្យ​អំពើ​បាប​ទាំង​ឡាយ​របស់​ពួក​គេ អាច​បាន​អត់​ទោស ត្បិត​ដោយ​សារ​ការ​វាយ​ផ្ចាល​នេះ​ហើយ ដែល​យើង​រៀបចំ​ផ្លូវ​ឡើង សម្រាប់​ការ​រំដោះ​ដល់​ពួក​គេ​នៅ​គ្រប់​ការណ៍​ទាំង​អស់ ឲ្យ​រួច​ពី​ការ​ល្បួង ហើយ​យើង​បាន​ស្រឡាញ់​អ្នក —

ហេតុ​ដូច្នោះ​ហើយ អ្នក​រាល់​គ្នា​ត្រូវ​តែ​បាន​វាយ​ផ្ចាល ហើយ​បន្ទោស​នៅ​ចំពោះ​ព្រះ​ភក្ត្រ​របស់​យើង

ត្បិត​អ្នក​រាល់​គ្នា​បាន​ធ្វើ​បាប​ទាស់​នឹង​យើង​នូវ​អំពើ​បាប​ដ៏​ធ្ងន់​ណាស់ ពី​ព្រោះ​អ្នក​រាល់​គ្នា​ពុំ​បាន​គិតពិចារណា​ពី​ព្រះ​បញ្ញត្តិ​ដ៏​ធំ​គ្រប់​ជំពូក ដែល​យើង​បាន​ប្រទាន​ដល់​អ្នក​អំពី​ការ​កសាង​គេហដ្ឋាន​របស់​យើង​ឡើយ

ត្បិត​ការ​រៀបចំ​ដែល​យើង​គ្រោង​ដើម្បី​ត្រៀម​ពួក​សាវក​របស់​យើង ឲ្យ​កាត់​មែក​ចម្ការ​ទំពាំងបាយជូរ​របស់​យើង​នៅ​លើក​ចុង​ក្រោយ​បង្អស់ ប្រយោជន៍​ឲ្យ​យើង​អាច​សម្រេច​កិច្ចការ​ប្លែកៗ​របស់​យើង​បាន គឺ​ប្រយោជន៍​ឲ្យ​យើង​អាច​ចាក់​ព្រះ​វិញ្ញាណ​របស់​យើង​ទៅ​លើ​គ្រប់​ទាំង​មនុស្ស —

ប៉ុន្តែ​មើល​ចុះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា មាន​មនុស្ស​ជា​ច្រើន​ដែល​ត្រូវ​បាន​តែងតាំង​ឡើង​នៅ​ក្នុង​ចំណោម​អ្នក ដែល​យើង​បាន​ហៅ ប៉ុន្តែ​មាន​ពួក​គេ​តែ​បន្តិច​ទេ ដែល​ត្រូវ​បាន​រើស​ឡើង។

ពួក​អ្នក​ណា​ដែល​ពុំ​បាន​រើស​ឡើង នោះ​បាន​ធ្វើ​បាប​ដ៏​ធ្ងន់​ណាស់ ពី​ព្រោះ​ពួក​គេ​កំពុងតែ​ដើរ​ក្នុង​សេចក្ដី​ងងឹត​នៅ​ពេល​ថ្ងៃ​ត្រង់។

ហើយ​ពី​ហេតុ​នេះ ទើប​យើង​បាន​ប្រទាន​ដល់​អ្នក​នូវ​ព្រះ​បញ្ញត្តិ​មួយ​ថា អ្នក​គប្បី​ប្រកាស​ឲ្យ​មាន​ជំនុំ​មុតមាំ​របស់​អ្នក ប្រយោជន៍​ឲ្យ​ការ​តម​អាហារ​ទាំង​ឡាយ​របស់​អ្នក និង​ការ​ទួញ​សោក​របស់​អ្នក អាច​បាន​ឮ​ឡើង​ទៅ​ដល់​ព្រះ​កាណ៌​របស់​ព្រះ​អម្ចាស់​នៃ​សាបោត ដែល​តាម​ការ​បកស្រាយ​ថា ព្រះ​ដ៏​បង្ក​បង្កើត​នៃ​ថ្ងៃ​ទី​មួយ គឺជា​ដើម ហើយ​ជា​ចុង។

មែន​ហើយ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​បាន​ប្រទាន​ដល់​អ្នក​នូវ​ព្រះ​បញ្ញត្តិ​មួយ​ថា អ្នក​គប្បី​កសាង​គេហដ្ឋាន​មួយ គឺ​នៅ​ក្នុង​គេហដ្ឋាន​នោះ​ហើយ ដែល​យើង​គ្រោង​នឹង​ប្រទាន​អំណោយទាន​ដល់​អស់​អ្នក​ណា ដែល​យើង​បាន​រើស​ដោយ​ព្រះ​ចេស្ដា​ពី​ស្ថាន​លើ

ត្បិត​នេះ​ហើយ​ជា​សេចក្ដី​សន្យា​ពី​ព្រះ​វរបិតា​ដល់​អ្នក ហេតុ​ដូច្នេះ​ហើយ យើង​បញ្ជា​ឲ្យ​អ្នក​នៅ ដូច​ជា​ពួក​សាវក​របស់​យើង​នៅ​ក្រុង​យេរូសាឡិម​ដែរ។

១០ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​គង់តែ​ពួក​អ្នក​បម្រើ​របស់​យើង​បាន​ធ្វើ​បាប​ដ៏​ធ្ងន់​ណាស់ ហើយ​ការ​ទាស់ទែង​គ្នា​បាន​កើត​ឡើង​នៅ​ក្នុង​សាលា​នៃ​ពួក​ព្យាការី ដែល​ជា​ការ​ដ៏​ធ្ងន់ធ្ងរ​ដល់​យើង​ណាស់ ព្រះ​អម្ចាស់​របស់​អ្នក​បាន​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ​ហើយ ហេតុ​ដូច្នេះ​ហើយ យើង​បាន​ចាត់​ពួក​គេ​ឲ្យ​ចេញ​ទៅ​ដើម្បី​បាន​ត្រូវ​វាយ​ផ្ចាល។

១១យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា គឺជា​ព្រះ​ហឫទ័យ​របស់​យើង ដែល​អ្នក​គប្បី​កសាង​គេហដ្ឋាន​មួយ។ បើ​សិន​ជា​អ្នក​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​អ្នក​នឹង​មាន​អំណាច ដើម្បី​កសាង​គេហដ្ឋាន​នោះ។

១២បើ​សិន​ជា​អ្នក​មិន​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង​ទេ នោះ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​វរបិតា​នឹង​មិន​នៅ​ជាមួយ​អ្នក​ឡើយ ហេតុ​ដូច្នេះ​ហើយ អ្នក​នឹង​ត្រូវ​ដើរ​ក្នុង​សេចក្ដី​ងងឹត។

១៣ឥឡូវ​នេះ​ហើយ​គឺជា​ប្រាជ្ញា និង​ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់ — ចូរ​កសាង​គេហដ្ឋាន​មួយ​ចុះ ពុំ​មែន​តាម​របៀប​នៃ​ពិភពលោក​ទេ ត្បិត​យើង​ពុំ​បាន​ប្រទាន​ដល់​អ្នក​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​រស់នៅ​តាម​របៀប​នៃ​ពិភពលោក​ឡើយ

១៤ហេតុ​ដូច្នេះ​ហើយ ចូរ​កសាង​គេហដ្ឋាន​នោះ​តាម​របៀប ដែល​យើង​នឹង​បង្ហាញ​ដល់​អ្នក​ទាំង​បី​នាក់​ចុះ ដែល​អ្នក​រាល់​គ្នា​នឹង​តាំង ហើយ​តែងតាំង​ចំពោះ​អំណាច​នេះ។

១៥ហើយ​ទំហំ​នៃ​ដំណាក់​នោះ​គឺ ទទឹង ១៧ ម៉ែត្រ ហើយ​ចូរ​ឲ្យ​បណ្ដោយ​មាន ២០ ម៉ែត្រ នៅ​ទីលាន​ខាង​ក្នុង​ចុះ។

១៦ហើយ​ចូរ​ឲ្យ​ផ្នែក​ខាង​ក្រោម​ទីលាន​ខាង​ក្នុង​បាន​ថ្វាយ​ដល់​យើង សម្រាប់​ជា​ដង្វាយ​សាក្រាម៉ង់ ហើយ​សម្រាប់​ការ​ផ្សាយ​របស់​អ្នក និង​ការ​តម​អាហារ​របស់​អ្នក និង​ការ​អធិស្ឋាន​របស់​អ្នក និង​ការ​ថ្វាយ​នូវ​សេចក្ដី​ប៉ងប្រាថ្នា​ដ៏​ខ្ពង់​ខ្ពស់​បំផុត​របស់​អ្នក​ឡើង​មក​ដល់​យើង គឺ​ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ​ហើយ។

១៧ហើយ​ចូរ​ឲ្យ​ផ្នែក​ខាង​លើ​ទីលាន​ខាង​ក្នុង​បាន​ថ្វាយ​ដល់​យើង សម្រាប់​ជា​សាលា​នៃ​ពួក​សាវក​របស់​យើង​ចុះ គឺ​ព្រះ​រាជ​បុត្រា​អា​ម៉ាន ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ​ហើយ ឬ​ម្យ៉ាង​ទៀត​ថា គឺ​អាលផា ឬ​ម្យ៉ាង​ទៀត​ថា គឺ​អូមេកា គឺជា​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​របស់​អ្នក។ អាម៉ែន៕