កណ្ឌទី ៩៥
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ថ្ងៃទី១ ខែមិថុនា ឆ្នាំ១៨៣៣ (History of the Church, ១:៣៥០–៣៥២)។ វិវរណៈនេះគឺជាការបន្តពីការដឹកនាំពីព្រះដើម្បីកសាងគេហដ្ឋានទាំងឡាយ សម្រាប់ថ្វាយបង្គំ និងការបង្គាប់ ជាពិសេស គឺដំណាក់នៃព្រះអម្ចាស់ (សូមមើល កណ្ឌទី ៨៨:១១៩–១៣៦ និងកណ្ឌទី ៩៤)។
១–៦, ពួកបរិសុទ្ធត្រូវបានវាយផ្ចាល ព្រោះតែការខកខានមិនបានកសាងដំណាក់នៃព្រះអម្ចាស់; ៧–១០, ព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យចង់ប្រើប្រាស់គេហដ្ឋានរបស់ទ្រង់ ដើម្បីប្រទានអំណោយទានដល់ប្រជារាស្ត្ររបស់ទ្រង់នូវអំណាចមកពីស្ថានលើ; ១១–១៧, គេហដ្ឋាននោះត្រូវតាំងជាកន្លែងនៃការថ្វាយបង្គំ ហើយទុកសម្រាប់ជាសាលានៃពួកសាវក។
១ប្រាកដមែន ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះដល់អ្នកដែលយើងស្រឡាញ់ និងដល់អ្នកណាដែលយើងស្រឡាញ់ នោះយើងវាយផ្ចាល ដើម្បីឲ្យអំពើបាបទាំងឡាយរបស់ពួកគេ អាចបានអត់ទោស ត្បិតដោយសារការវាយផ្ចាលនេះហើយ ដែលយើងរៀបចំផ្លូវឡើង សម្រាប់ការរំដោះដល់ពួកគេនៅគ្រប់ការណ៍ទាំងអស់ ឲ្យរួចពីការល្បួង ហើយយើងបានស្រឡាញ់អ្នក —
២ហេតុដូច្នោះហើយ អ្នករាល់គ្នាត្រូវតែបានវាយផ្ចាល ហើយបន្ទោសនៅចំពោះព្រះភក្ត្ររបស់យើង
៣ត្បិតអ្នករាល់គ្នាបានធ្វើបាបទាស់នឹងយើងនូវអំពើបាបដ៏ធ្ងន់ណាស់ ពីព្រោះអ្នករាល់គ្នាពុំបានគិតពិចារណាពីព្រះបញ្ញត្តិដ៏ធំគ្រប់ជំពូក ដែលយើងបានប្រទានដល់អ្នកអំពីការកសាងគេហដ្ឋានរបស់យើងឡើយ
៤ត្បិតការរៀបចំដែលយើងគ្រោងដើម្បីត្រៀមពួកសាវករបស់យើង ឲ្យកាត់មែកចម្ការទំពាំងបាយជូររបស់យើងនៅលើកចុងក្រោយបង្អស់ ប្រយោជន៍ឲ្យយើងអាចសម្រេចកិច្ចការប្លែកៗរបស់យើងបាន គឺប្រយោជន៍ឲ្យយើងអាចចាក់ព្រះវិញ្ញាណរបស់យើងទៅលើគ្រប់ទាំងមនុស្ស —
៥ប៉ុន្តែមើលចុះ យើងប្រាប់អ្នកជាប្រាកដថា មានមនុស្សជាច្រើនដែលត្រូវបានតែងតាំងឡើងនៅក្នុងចំណោមអ្នក ដែលយើងបានហៅ ប៉ុន្តែមានពួកគេតែបន្តិចទេ ដែលត្រូវបានរើសឡើង។
៦ពួកអ្នកណាដែលពុំបានរើសឡើង នោះបានធ្វើបាបដ៏ធ្ងន់ណាស់ ពីព្រោះពួកគេកំពុងតែដើរក្នុងសេចក្ដីងងឹតនៅពេលថ្ងៃត្រង់។
៧ហើយពីហេតុនេះ ទើបយើងបានប្រទានដល់អ្នកនូវព្រះបញ្ញត្តិមួយថា អ្នកគប្បីប្រកាសឲ្យមានជំនុំមុតមាំរបស់អ្នក ប្រយោជន៍ឲ្យការតមអាហារទាំងឡាយរបស់អ្នក និងការទួញសោករបស់អ្នក អាចបានឮឡើងទៅដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃសាបោត ដែលតាមការបកស្រាយថា ព្រះដ៏បង្កបង្កើតនៃថ្ងៃទីមួយ គឺជាដើម ហើយជាចុង។
៨មែនហើយ យើងប្រាប់អ្នកជាប្រាកដថា យើងបានប្រទានដល់អ្នកនូវព្រះបញ្ញត្តិមួយថា អ្នកគប្បីកសាងគេហដ្ឋានមួយ គឺនៅក្នុងគេហដ្ឋាននោះហើយ ដែលយើងគ្រោងនឹងប្រទានអំណោយទានដល់អស់អ្នកណា ដែលយើងបានរើសដោយព្រះចេស្ដាពីស្ថានលើ
៩ត្បិតនេះហើយជាសេចក្ដីសន្យាពីព្រះវរបិតាដល់អ្នក ហេតុដូច្នេះហើយ យើងបញ្ជាឲ្យអ្នកនៅ ដូចជាពួកសាវករបស់យើងនៅក្រុងយេរូសាឡិមដែរ។
១០ទោះជាយ៉ាងណាក៏ដោយ ក៏គង់តែពួកអ្នកបម្រើរបស់យើងបានធ្វើបាបដ៏ធ្ងន់ណាស់ ហើយការទាស់ទែងគ្នាបានកើតឡើងនៅក្នុងសាលានៃពួកព្យាការី ដែលជាការដ៏ធ្ងន់ធ្ងរដល់យើងណាស់ ព្រះអម្ចាស់របស់អ្នកបានមានព្រះបន្ទូលថាដូច្នោះហើយ ហេតុដូច្នេះហើយ យើងបានចាត់ពួកគេឲ្យចេញទៅដើម្បីបានត្រូវវាយផ្ចាល។
១១យើងប្រាប់អ្នកជាប្រាកដថា គឺជាព្រះហឫទ័យរបស់យើង ដែលអ្នកគប្បីកសាងគេហដ្ឋានមួយ។ បើសិនជាអ្នកកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើង នោះអ្នកនឹងមានអំណាច ដើម្បីកសាងគេហដ្ឋាននោះ។
១២បើសិនជាអ្នកមិនកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើងទេ នោះសេចក្ដីស្រឡាញ់នៃព្រះវរបិតានឹងមិននៅជាមួយអ្នកឡើយ ហេតុដូច្នេះហើយ អ្នកនឹងត្រូវដើរក្នុងសេចក្ដីងងឹត។
១៣ឥឡូវនេះហើយគឺជាប្រាជ្ញា និងព្រះហឫទ័យនៃព្រះអម្ចាស់ — ចូរកសាងគេហដ្ឋានមួយចុះ ពុំមែនតាមរបៀបនៃពិភពលោកទេ ត្បិតយើងពុំបានប្រទានដល់អ្នកថា អ្នករាល់គ្នានឹងត្រូវរស់នៅតាមរបៀបនៃពិភពលោកឡើយ
១៤ហេតុដូច្នេះហើយ ចូរកសាងគេហដ្ឋាននោះតាមរបៀប ដែលយើងនឹងបង្ហាញដល់អ្នកទាំងបីនាក់ចុះ ដែលអ្នករាល់គ្នានឹងតាំង ហើយតែងតាំងចំពោះអំណាចនេះ។
១៥ហើយទំហំនៃដំណាក់នោះគឺ ទទឹង ១៧ ម៉ែត្រ ហើយចូរឲ្យបណ្ដោយមាន ២០ ម៉ែត្រ នៅទីលានខាងក្នុងចុះ។
១៦ហើយចូរឲ្យផ្នែកខាងក្រោមទីលានខាងក្នុងបានថ្វាយដល់យើង សម្រាប់ជាដង្វាយសាក្រាម៉ង់ ហើយសម្រាប់ការផ្សាយរបស់អ្នក និងការតមអាហាររបស់អ្នក និងការអធិស្ឋានរបស់អ្នក និងការថ្វាយនូវសេចក្ដីប៉ងប្រាថ្នាដ៏ខ្ពង់ខ្ពស់បំផុតរបស់អ្នកឡើងមកដល់យើង គឺព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលថាដូច្នោះហើយ។
១៧ហើយចូរឲ្យផ្នែកខាងលើទីលានខាងក្នុងបានថ្វាយដល់យើង សម្រាប់ជាសាលានៃពួកសាវករបស់យើងចុះ គឺព្រះរាជបុត្រាអាម៉ាន ទ្រង់មានព្រះបន្ទូលថាដូច្នោះហើយ ឬម្យ៉ាងទៀតថា គឺអាលផា ឬម្យ៉ាងទៀតថា គឺអូមេកា គឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់អ្នក។ អាម៉ែន៕