ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 97


កណ្ឌ​ទី ៩៧

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​១៨៣៣ (History of the Church, ១:៤០០–៤០២)។ ជា​ពិសេស វិវរណៈ​នេះ​ទាក់​ទង​តែ​និង​កិច្ចការ​របស់​ពួក​បរិសុទ្ធ​នៅ​ស៊ីយ៉ូន ស្រុក​ចាកសុន រដ្ឋ​មិសសួរី ក្នុង​ការ​ឆ្លើយ​ចំពោះ​សំណូមពរ​របស់​ព្យាការី​ចង់​បាន​ព័ត៌មាន​ពី​ព្រះ​អម្ចាស់។ នៅ​ពេល​នេះ ពួក​សមាជិក​នៃ​សាសនាចក្រ​នៅ​រដ្ឋ​មិសសួរី កំពុងតែ​នៅ​ក្រោម​ការ​បៀតបៀន​ដ៏​ធ្ងន់ធ្ងរ ហើយ​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​១៨៣៣ ត្រូវ​បាន​បង្ខំ​ឲ្យ ចុះ​ឈ្មោះ​យល់​ព្រម​ចេញ​ពី​ស្រុក​ចាកសុន។

១–២, ពួក​បរិសុទ្ធ​ជា​ច្រើន​នៅ​ក្រុង​ស៊ីយ៉ូន (ស្រុក​ចាកសុន រដ្ឋ​មិសសួរី) ត្រូវ​បាន​ពរ​ចំពោះ​ការ​ស្មោះត្រង់​របស់​ពួក​គេ; ៣–៥, ប៉ាលី ភី ប្រាត្ត ត្រូវ​បាន​សរសើរ​ចំពោះ​កិច្ចការ​របស់​គាត់​នៅ​ក្នុង​សាលា​នៅ​ក្រុង​ស៊ីយ៉ូន; ៦–៩, អស់​អ្នក​ណា​ដែល​គោរព​តាម​សេចក្ដី​សញ្ញា​របស់​ខ្លួន នោះ​ត្រូវ​បាន​ទទួល​ដោយ​ព្រះ​អម្ចាស់; ១០–១៧, ដំណាក់​មួយ​ត្រូវ​បាន​កសាង​ឡើង​នៅ​ស៊ីយ៉ូន ដើម្បី​ឲ្យ​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ អាច​បាន​ឃើញ​ព្រះ​នៅ​ទី​នោះ; ១៨–២១, ស៊ីយ៉ូន​គឺជា​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ; ២២–២៨, ស៊ីយ៉ូន​នឹង​បាន​រួច​ផុត​ពី​រំពាត់​របស់​ព្រះ​អម្ចាស់ បើ​សិន​ជា​នាង​មាន​ចិត្ត​ស្មោះត្រង់។

មិត្ត​ទាំង​ឡាយ​របស់​យើង​អើយ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា យើង​មាន​ព្រះ​បន្ទូល​ដល់​អ្នក​ដោយ​សំឡេង​របស់​យើង​គឺជា​សំឡេង​នៃ​ព្រះ​វិញ្ញាណ​របស់​យើង ប្រយោជន៍​ឲ្យ​យើង​អាច​បង្ហាញ​ដល់​អ្នក​នូវ​ព្រះ​ហឫទ័យ​របស់​យើង អំពី​បង​ប្អូន​ក្នុង​សាសនា​របស់​អ្នក​នៅ​ក្នុង​ដែនដី​ស៊ីយ៉ូន គឺ​ពួក​គេ​ជា​ច្រើន​បាន​បន្ទាប​ខ្លួន​យ៉ាង​ពិត ហើយ​កំពុង​ព្យាយាម​ស្វែងរក​ដើម្បី​បាន​ប្រាជ្ញា និង​ដើម្បី​រក​សេចក្ដី​ពិត។

ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អស់​អ្នក​នោះ​មាន​ពរ​ហើយ ត្បិត​ពួក​គេ​នឹង​បាន​មែន ត្បិត​យើង​ជា​ព្រះ​អម្ចាស់ បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​អស់​ទាំង​ពួក​ស្លូតបូត និង​មក​លើ​អស់​អ្នក​ណា​ដែល​យើង​អាច​រាប់​ថា​សុចរិត​ក្នុង​កាល​យើង​នឹង​នាំ​ពួក​គេ​មក​ជំនុំ​ជំរះ។

មើល​ចុះ យើង​ប្រាប់​អ្នក​អំពី​សាលា​នៅ​ស៊ីយ៉ូន​ថា យើង​ជា​ព្រះ​អម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ជា​ខ្លាំង ដែល​មាន​សាលា​នៅ​ស៊ីយ៉ូន ហើយ​សព្វ​ព្រះ​ហឫទ័យ​នឹង ប៉ាលី ភី ប្រាត្ត ជា​អ្នក​បម្រើ​របស់​យើង​ជា​ខ្លាំង ត្បិត​គាត់​នៅ​ជាប់​និង​យើង។

ហើយ​ដរាបណា​គាត់​នៅ​ជាប់​នឹង​យើង​រហូត នោះ​គាត់​នឹង​ត្រូវ​ត្រួតត្រា​លើ​សាលា​ត​ទៅ​ទៀត​នៅ​ក្នុង​ដែនដី​ស៊ីយ៉ូន រហូត​ដល់​យើង​នឹង​ប្រទាន​ដល់​គាត់​នូវ​ព្រះ​បញ្ញត្តិ​ផ្សេង​ទៀត។

ហើយ​យើង​នឹង​ប្រទាន​ពរ​ដល់​គាត់​ដោយ​ព្រះ​ពរ​ដ៏​ច្រើន​អនេក ក្នុង​ការ​ពន្យល់​ប្រាប់​ពី​អស់​ទាំង​បទគម្ពីរ និង​ការ​អាថ៌កំបាំង​ទាំង​ឡាយ ដើម្បី​ការ​ស្អាង​ដល់​សាលា និង​ដល់​សាសនាចក្រ​នៅ​ស៊ីយ៉ូន។

ហើយ​ចំពោះ​ពួក​អ្នក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​នៅ​ក្នុង​សាលា នោះ​យើង​ជា​ព្រះ​អម្ចាស់ សព្វ​ព្រះ​ហឫទ័យ​នឹង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​មាន​ពួក​អ្នក​ដែល​ត្រូវ​ការ​វាយ​ផ្ចាល ហើយ​កិច្ចការ​របស់​ពួក​គេ​នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​ស្គាល់។

ពូថៅ​បាន​ដាក់​នៅ​ឫស​ដើម​ឈើ​ហើយ ហើយ​អស់​ទាំង​ដើម​ណា​ដែល​កើត​ផ្លែ​មិន​ល្អ នោះ​ត្រូវ​កាប់​ហើយ​បោះ​ចោល​ទៅ​ក្នុង​ភ្លើង។ យើង​ជា​ព្រះ​អម្ចាស់​បាន​មាន​ព្រះ​បន្ទូល​ហើយ។

យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា អស់​ទាំង​មនុស្ស​នៅ​ក្នុង​ចំណោម​ពួក​គេ​ណា​ដែល​ដឹង​ថា​ខ្លួន​មាន​ចិត្តទៀងត្រង់ ហើយ​មាន​ចិត្ត​សង្រេង ហើយ​វិញ្ញាណ​របស់​ខ្លួន​ទន់​ទាប ហើយ​យល់​ព្រម​គោរព​តាម​សេចក្ដី​សញ្ញា​របស់​ខ្លួន ដោយ​ការ​បូជា — មែន​ហើយ គឺ​គ្រប់​ការ​បូជា​ដែល​យើង​ជា​ព្រះ​អម្ចាស់​នឹង​បញ្ជា — នោះ​ពួក​គេ​ត្រូវ​បាន​ទទួល​ដោយ​យើង​ហើយ។

ត្បិត​យើង​ជា​ព្រះ​អម្ចាស់​នឹង​បណ្ដាល​ឲ្យ​ពួក​គេ​បង្កើត​ឡើង​នូវ​គ្រប់​ដើម​ឈើ​ដែល​មាន​ផ្លែ​ណា ដែល​បាន​ដាំ​នៅ​លើ​ដី​ល្អ គឺ​នៅ​ក្បែរ​ស្ទឹង​សុទ្ធសាធ ដើម្បី​ឲ្យ​បង្កើត​បាន​ផ្លែ​វិសេស​ជា​ច្រើន។

១០យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ជា​ព្រះ​ហឫទ័យ​របស់​យើង ដែល​ដំណាក់​មួយ​ត្រូវ​បាន​កសាង​ឡើង​ដល់​យើង​នៅ​ដែនដី​ស៊ីយ៉ូន តាម​គំរូ​ដែល​យើង​បាន​ប្រទាន​ដល់​អ្នក។

១១មែន​ហើយ ចូរ​កសាង​ដំណាក់​នោះ​យ៉ាង​ឆាប់ ដោយ​ដង្វាយ​១​ភាគ​១០ ពី​ប្រជារាស្ត្រ​របស់​យើង​ចុះ។

១២មើល​ចុះ នេះ​ជា​ដង្វាយ​១​ភាគ​១០ និង​ការ​បូជា​ដែល​យើង​ដ៏​ជា​ព្រះ​អម្ចាស់​តម្រូវ​ពី​ដៃ​របស់​ពួក​គេ ប្រយោជន៍​ឲ្យ​អាច​មាន​ដំណាក់​មួយ​បាន​កសាង​ឡើង​ដល់​យើង​សម្រាប់​សេចក្ដី​សង្គ្រោះ​នៃ​ស៊ីយ៉ូន។

១៣សម្រាប់​ជា​កន្លែង​នៃ​សេចក្ដី​អំណរគុណ​ចំពោះ​ពួក​បរិសុទ្ធ​ទាំង​អស់ និង​សម្រាប់​ជា​កន្លែង​នៃ​ការ​បង្គាប់​ដល់​អស់​អ្នក​ណា ដែល​ត្រូវ​បាន​ហៅ​ចំពោះ​កិច្ចការ​នៃ​ការងារ​បម្រើ នៅ​គ្រប់​ការ​ហៅ និង​តំណែង​របស់​ពួក​គេ​ផ្សេងៗ​គ្នា។

១៤ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​ល្អ​ឥត​ខ្ចោះ ក្នុង​ការ​យល់​អំពី​ការងារ​បម្រើ​ក្នុង​ទ្រឹស្ដី ក្នុង​គោលការណ៍ និង​ក្នុង​គោល​លទ្ធិ ក្នុង​គ្រប់​ទាំង​អស់​ដែល​ទាក់​ទង​ទៅ​នឹង​នគរ​ព្រះ​នៅ​លើ​ផែនដី គឺ​កូន​សោ​ទាំង​ឡាយ​នៃ​នគរ​នេះ​ត្រូវ​បាន​ប្រទាន​មក​លើ​អ្នក​ហើយ។

១៥ហើយ​ដរាបណា​ប្រជារាស្ត្រ​របស់​យើង​កសាង​ដំណាក់​មួយ​ដល់​យើង ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​អម្ចាស់ ហើយ​មិន​ទ្រាំ​ឲ្យ​របស់​មិន​ស្អាត​ចូល​មក​ក្នុង​ទី​នោះ​ឡើយ ដើម្បី​កុំ​ឲ្យ​ដំណាក់​ស្មោក​គ្រោក នោះ​សិរី​ល្អ​របស់​យើង​នឹង​សណ្ឋិត​មក​លើ​ដំណាក់​នោះ

១៦មែន​ហើយ វត្ត​មាន​របស់​យើង​នឹង​នៅ​ទី​នោះ ព្រោះ​យើង​នឹង​ចូល​មក​ទី​នោះ ហើយ​គ្រប់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ​ដែល​នឹង​ចូល​មក​ទី​នោះ នោះ​នឹង​បាន​ឃើញ​ព្រះ។

១៧ប៉ុន្តែ​បើ​សិន​ជា​ដំណាក់​នោះ​ស្មោក​គ្រោក នោះ​យើង​នឹង​មិន​ចូល​មក​ទី​នោះ​ទេ ហើយ​សិរី​ល្អ​របស់​យើង​ក៏​នឹង​មិន​នៅ​ទី​នោះ​ដែរ ព្រោះ​យើង​នឹង​មិន​ចូល​ក្នុង​ព្រះ​វិហារ​ទាំង​ឡាយ​ណា ដែល​មិន​បរិសុទ្ធ​ឡើយ។

១៨ហើយ​ឥឡូវ​នេះ មើល​ចុះ បើ​សិន​ជា​ស៊ីយ៉ូន​ធ្វើ​ការ​ទាំង​នេះ នោះ​នាង​នឹង​បាន​លូតលាស់ ហើយ​លាត​ខ្លួន ហើយ​ត្រឡប់​ជា​រុងរឿង​មហិមា និង​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់។

១៩ហើយ​សាសន៍​ទាំង​ឡាយ​នៅ​លើ​ផែនដី​នឹង​ឲ្យ​កិត្តិយស​ដល់​នាង ហើយ​នឹង​និយាយ​ថា ៖ ពិតមែន​ហើយ ស៊ីយ៉ូន​គឺជា​ទី​ក្រុង​នៃ​ព្រះ​របស់​យើង ហើយ​ពិត​មែន​ហើយ ស៊ីយ៉ូន​ពុំ​អាច​រលំ​បាន​ឡើយ ឬ​ក៏​ដក​ចេញ​ពី​កន្លែង​នាង​ឡើយ ត្បិត​ព្រះ​ទ្រង់​គង់នៅ​ទី​នោះ ហើយ​ព្រះ ហស្ត​នៃ​ព្រះ​អម្ចាស់​ក៏​នៅ​ទី​នោះ​ដែរ

២០ហើយ​ទ្រង់​បាន​ស្បថ​ដោយ​ព្រះ​ចេស្ដា​នៃ​កម្លាំង​របស់​ទ្រង់ ដើម្បី​ធ្វើ​ជា​សេចក្ដី​សង្គ្រោះ​របស់​នាង និង​ប៉ម​ដ៏​ខ្ពស់​របស់​នាង។

២១ហេតុ​ដូច្នេះ​ហើយ ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ចូរ​ឲ្យ​ស៊ីយ៉ូន​អរ​សប្បាយ​ចុះ ត្បិត​នេះ​ហើយ​ជា​ស៊ីយ៉ូន — ជា​អ្នក​ដែល​មាន​ចិត្ត​ល្អ​សុទ្ធសាធ ហេតុ​ដូច្នេះ​ហើយ ចូរ​ឲ្យ​ស៊ីយ៉ូន​អរ​សប្បាយ​ចុះ ក្នុង​កាល​គ្រប់​ពួក​ទុច្ចរិត​នឹង​ត្រូវ​ទួញ​សោក។

២២ត្បិត​មើល​ចុះ ហើយ​មើល​ន៏ សេចក្ដី​សងសឹក​នឹង​ឆាប់​មក​លើ​ពួក​ទមិឡ «សូមមើល ទាំងអស់» ល្មើស ដូច​ជា​ព្យុះសង្ឃរា ហើយ​តើន​រណា​នឹង​រួច​បាន?

២៣រំពាត់​របស់​ព្រះ​អម្ចាស់​នឹង​ហូរ​កាត់​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ការ​ឮ​ដំណឹង​អំពី​រំពាត់​នោះ​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​មនុស្ស​ស្ញែង​ខ្លាច មែន​ហើយ រំពាត់​នោះ​នឹង​មិន​ឈប់​ឈរ​ឡើយ រហូត​ដល់​ព្រះ​អម្ចាស់​ទ្រង់​យាង​មក

២៤ត្បិត​សេចក្ដី​ក្ដៅ​ក្រហាយ​នៃ​ព្រះ​អម្ចាស់ ត្រូវ​បាន​ឆួល​ឡើង​ទាស់​នឹង​អំពើ​គួរ​ខ្ពើម​ឆ្អើម​របស់​ពួក​គេ និង​អស់​ទាំង​កិច្ចការ​ទុច្ចរិត​របស់​ពួក​គេ​ផង។

២៥ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ស៊ីយ៉ូន​នឹង​បាន​រួច បើ​សិន​ជា​នាង​គោរព​តាម ដើម្បី​ប្រព្រឹត្ត​នូវ​គ្រប់​ទាំង​អស់ ដែល​យើង​បាន​បញ្ជា​ដល់​នាង។

២៦ប៉ុន្តែ​បើ​សិន​ជា​នាង​មិន​គោរព​តាម ដើម្បី​ប្រព្រឹត្ត​នូវ​អ្វីៗ​ដែល​យើង​បាន​បញ្ជា​ដល់​នាង​ទេ នោះ​យើង​នឹង​ពិនិត្យពិច័យ​នាង ស្រប​តាម​កិច្ចការ​នាង​ទាំង​អស់ គឺ​ដោយ​សេចក្ដី​ទុក្ខ​វេទនា​ដ៏​ធ្ងន់ ដោយ​អាសន្នរោគ ដោយ​សេចក្ដី​វេទនា ដោយ​ដាវ ដោយ​សេចក្ដី​សងសឹក ដោយ​ភ្លើង​ឆេះ។

២៧ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចូរ​អាន​ឃ្លា​នេះ​តែ​ម្ដង​គត់​ឲ្យ​ត្រចៀក​នាង​ឮ ថា​យើង​ជា​ព្រះ​អម្ចាស់ បាន​ទទួល​ដង្វាយ​របស់​នាង​ហើយ ហើយ​បើ​សិន​ជា​នាង​មិន​ធ្វើ​បាប​ទៀត​ទេ នោះ​គ្មាន​អ្វី​ណា​មួយ​ពី​សេចក្ដី​ទាំង​នេះ​នឹង​កើត​មក​លើ​នាង​ឡើយ

២៨ហើយ​យើង​នឹង​ប្រទាន​ពរ​ដល់​នាង​នូវ​ព្រះ​ពរ​ទាំង​ឡាយ ហើយ​ចម្រើន​ពរ​ដ៏​ច្រើន​អនេក​មក​លើ​នាង និង​មក​លើ​តំណ​ទាំង​ឡាយ​របស់​នាង​ជា​រៀង​ដរាប​ត​ទៅ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។ អាម៉ែន៕