កណ្ឌទី ៩៧
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ថ្ងៃទី២ ខែសីហា ឆ្នាំ១៨៣៣ (History of the Church, ១:៤០០–៤០២)។ ជាពិសេស វិវរណៈនេះទាក់ទងតែនិងកិច្ចការរបស់ពួកបរិសុទ្ធនៅស៊ីយ៉ូន ស្រុកចាកសុន រដ្ឋមិសសួរី ក្នុងការឆ្លើយចំពោះសំណូមពររបស់ព្យាការីចង់បានព័ត៌មានពីព្រះអម្ចាស់។ នៅពេលនេះ ពួកសមាជិកនៃសាសនាចក្រនៅរដ្ឋមិសសួរី កំពុងតែនៅក្រោមការបៀតបៀនដ៏ធ្ងន់ធ្ងរ ហើយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៨៣៣ ត្រូវបានបង្ខំឲ្យ ចុះឈ្មោះយល់ព្រមចេញពីស្រុកចាកសុន។
១–២, ពួកបរិសុទ្ធជាច្រើននៅក្រុងស៊ីយ៉ូន (ស្រុកចាកសុន រដ្ឋមិសសួរី) ត្រូវបានពរចំពោះការស្មោះត្រង់របស់ពួកគេ; ៣–៥, ប៉ាលី ភី ប្រាត្ត ត្រូវបានសរសើរចំពោះកិច្ចការរបស់គាត់នៅក្នុងសាលានៅក្រុងស៊ីយ៉ូន; ៦–៩, អស់អ្នកណាដែលគោរពតាមសេចក្ដីសញ្ញារបស់ខ្លួន នោះត្រូវបានទទួលដោយព្រះអម្ចាស់; ១០–១៧, ដំណាក់មួយត្រូវបានកសាងឡើងនៅស៊ីយ៉ូន ដើម្បីឲ្យអ្នកដែលមានចិត្តបរិសុទ្ធ អាចបានឃើញព្រះនៅទីនោះ; ១៨–២១, ស៊ីយ៉ូនគឺជាអ្នកដែលមានចិត្តបរិសុទ្ធ; ២២–២៨, ស៊ីយ៉ូននឹងបានរួចផុតពីរំពាត់របស់ព្រះអម្ចាស់ បើសិនជានាងមានចិត្តស្មោះត្រង់។
១មិត្តទាំងឡាយរបស់យើងអើយ យើងប្រាប់អ្នកជាប្រាកដថា យើងមានព្រះបន្ទូលដល់អ្នកដោយសំឡេងរបស់យើងគឺជាសំឡេងនៃព្រះវិញ្ញាណរបស់យើង ប្រយោជន៍ឲ្យយើងអាចបង្ហាញដល់អ្នកនូវព្រះហឫទ័យរបស់យើង អំពីបងប្អូនក្នុងសាសនារបស់អ្នកនៅក្នុងដែនដីស៊ីយ៉ូន គឺពួកគេជាច្រើនបានបន្ទាបខ្លួនយ៉ាងពិត ហើយកំពុងព្យាយាមស្វែងរកដើម្បីបានប្រាជ្ញា និងដើម្បីរកសេចក្ដីពិត។
២ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា អស់អ្នកនោះមានពរហើយ ត្បិតពួកគេនឹងបានមែន ត្បិតយើងជាព្រះអម្ចាស់ បង្ហាញសេចក្ដីមេត្តាករុណាដល់អស់ទាំងពួកស្លូតបូត និងមកលើអស់អ្នកណាដែលយើងអាចរាប់ថាសុចរិតក្នុងកាលយើងនឹងនាំពួកគេមកជំនុំជំរះ។
៣មើលចុះ យើងប្រាប់អ្នកអំពីសាលានៅស៊ីយ៉ូនថា យើងជាព្រះអម្ចាស់សព្វព្រះហឫទ័យជាខ្លាំង ដែលមានសាលានៅស៊ីយ៉ូន ហើយសព្វព្រះហឫទ័យនឹង ប៉ាលី ភី ប្រាត្ត ជាអ្នកបម្រើរបស់យើងជាខ្លាំង ត្បិតគាត់នៅជាប់និងយើង។
៤ហើយដរាបណាគាត់នៅជាប់នឹងយើងរហូត នោះគាត់នឹងត្រូវត្រួតត្រាលើសាលាតទៅទៀតនៅក្នុងដែនដីស៊ីយ៉ូន រហូតដល់យើងនឹងប្រទានដល់គាត់នូវព្រះបញ្ញត្តិផ្សេងទៀត។
៥ហើយយើងនឹងប្រទានពរដល់គាត់ដោយព្រះពរដ៏ច្រើនអនេក ក្នុងការពន្យល់ប្រាប់ពីអស់ទាំងបទគម្ពីរ និងការអាថ៌កំបាំងទាំងឡាយ ដើម្បីការស្អាងដល់សាលា និងដល់សាសនាចក្រនៅស៊ីយ៉ូន។
៦ហើយចំពោះពួកអ្នកដែលនៅសល់ទាំងប៉ុន្មាននៅក្នុងសាលា នោះយើងជាព្រះអម្ចាស់ សព្វព្រះហឫទ័យនឹងបង្ហាញសេចក្ដីមេត្តាករុណា ទោះជាយ៉ាងណាក៏ដោយ គង់តែមានពួកអ្នកដែលត្រូវការវាយផ្ចាល ហើយកិច្ចការរបស់ពួកគេនឹងត្រូវបានធ្វើឲ្យស្គាល់។
៧ពូថៅបានដាក់នៅឫសដើមឈើហើយ ហើយអស់ទាំងដើមណាដែលកើតផ្លែមិនល្អ នោះត្រូវកាប់ហើយបោះចោលទៅក្នុងភ្លើង។ យើងជាព្រះអម្ចាស់បានមានព្រះបន្ទូលហើយ។
៨យើងប្រាប់អ្នកជាប្រាកដថា អស់ទាំងមនុស្សនៅក្នុងចំណោមពួកគេណាដែលដឹងថាខ្លួនមានចិត្តទៀងត្រង់ ហើយមានចិត្តសង្រេង ហើយវិញ្ញាណរបស់ខ្លួនទន់ទាប ហើយយល់ព្រមគោរពតាមសេចក្ដីសញ្ញារបស់ខ្លួន ដោយការបូជា — មែនហើយ គឺគ្រប់ការបូជាដែលយើងជាព្រះអម្ចាស់នឹងបញ្ជា — នោះពួកគេត្រូវបានទទួលដោយយើងហើយ។
៩ត្បិតយើងជាព្រះអម្ចាស់នឹងបណ្ដាលឲ្យពួកគេបង្កើតឡើងនូវគ្រប់ដើមឈើដែលមានផ្លែណា ដែលបានដាំនៅលើដីល្អ គឺនៅក្បែរស្ទឹងសុទ្ធសាធ ដើម្បីឲ្យបង្កើតបានផ្លែវិសេសជាច្រើន។
១០យើងប្រាប់អ្នកជាប្រាកដថា ជាព្រះហឫទ័យរបស់យើង ដែលដំណាក់មួយត្រូវបានកសាងឡើងដល់យើងនៅដែនដីស៊ីយ៉ូន តាមគំរូដែលយើងបានប្រទានដល់អ្នក។
១១មែនហើយ ចូរកសាងដំណាក់នោះយ៉ាងឆាប់ ដោយដង្វាយ១ភាគ១០ ពីប្រជារាស្ត្ររបស់យើងចុះ។
១២មើលចុះ នេះជាដង្វាយ១ភាគ១០ និងការបូជាដែលយើងដ៏ជាព្រះអម្ចាស់តម្រូវពីដៃរបស់ពួកគេ ប្រយោជន៍ឲ្យអាចមានដំណាក់មួយបានកសាងឡើងដល់យើងសម្រាប់សេចក្ដីសង្គ្រោះនៃស៊ីយ៉ូន។
១៣សម្រាប់ជាកន្លែងនៃសេចក្ដីអំណរគុណចំពោះពួកបរិសុទ្ធទាំងអស់ និងសម្រាប់ជាកន្លែងនៃការបង្គាប់ដល់អស់អ្នកណា ដែលត្រូវបានហៅចំពោះកិច្ចការនៃការងារបម្រើ នៅគ្រប់ការហៅ និងតំណែងរបស់ពួកគេផ្សេងៗគ្នា។
១៤ប្រយោជន៍ឲ្យពួកគេអាចបានល្អឥតខ្ចោះ ក្នុងការយល់អំពីការងារបម្រើក្នុងទ្រឹស្ដី ក្នុងគោលការណ៍ និងក្នុងគោលលទ្ធិ ក្នុងគ្រប់ទាំងអស់ដែលទាក់ទងទៅនឹងនគរព្រះនៅលើផែនដី គឺកូនសោទាំងឡាយនៃនគរនេះត្រូវបានប្រទានមកលើអ្នកហើយ។
១៥ហើយដរាបណាប្រជារាស្ត្ររបស់យើងកសាងដំណាក់មួយដល់យើង ដោយនូវព្រះនាមនៃព្រះអម្ចាស់ ហើយមិនទ្រាំឲ្យរបស់មិនស្អាតចូលមកក្នុងទីនោះឡើយ ដើម្បីកុំឲ្យដំណាក់ស្មោកគ្រោក នោះសិរីល្អរបស់យើងនឹងសណ្ឋិតមកលើដំណាក់នោះ
១៦មែនហើយ វត្តមានរបស់យើងនឹងនៅទីនោះ ព្រោះយើងនឹងចូលមកទីនោះ ហើយគ្រប់អ្នកដែលមានចិត្តបរិសុទ្ធដែលនឹងចូលមកទីនោះ នោះនឹងបានឃើញព្រះ។
១៧ប៉ុន្តែបើសិនជាដំណាក់នោះស្មោកគ្រោក នោះយើងនឹងមិនចូលមកទីនោះទេ ហើយសិរីល្អរបស់យើងក៏នឹងមិននៅទីនោះដែរ ព្រោះយើងនឹងមិនចូលក្នុងព្រះវិហារទាំងឡាយណា ដែលមិនបរិសុទ្ធឡើយ។
១៨ហើយឥឡូវនេះ មើលចុះ បើសិនជាស៊ីយ៉ូនធ្វើការទាំងនេះ នោះនាងនឹងបានលូតលាស់ ហើយលាតខ្លួន ហើយត្រឡប់ជារុងរឿងមហិមា និងគួរឲ្យស្ញែងខ្លាចណាស់។
១៩ហើយសាសន៍ទាំងឡាយនៅលើផែនដីនឹងឲ្យកិត្តិយសដល់នាង ហើយនឹងនិយាយថា ៖ ពិតមែនហើយ ស៊ីយ៉ូនគឺជាទីក្រុងនៃព្រះរបស់យើង ហើយពិតមែនហើយ ស៊ីយ៉ូនពុំអាចរលំបានឡើយ ឬក៏ដកចេញពីកន្លែងនាងឡើយ ត្បិតព្រះទ្រង់គង់នៅទីនោះ ហើយព្រះ ហស្តនៃព្រះអម្ចាស់ក៏នៅទីនោះដែរ
២០ហើយទ្រង់បានស្បថដោយព្រះចេស្ដានៃកម្លាំងរបស់ទ្រង់ ដើម្បីធ្វើជាសេចក្ដីសង្គ្រោះរបស់នាង និងប៉មដ៏ខ្ពស់របស់នាង។
២១ហេតុដូច្នេះហើយ ប្រាកដមែន ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរឲ្យស៊ីយ៉ូនអរសប្បាយចុះ ត្បិតនេះហើយជាស៊ីយ៉ូន — ជាអ្នកដែលមានចិត្តល្អសុទ្ធសាធ ហេតុដូច្នេះហើយ ចូរឲ្យស៊ីយ៉ូនអរសប្បាយចុះ ក្នុងកាលគ្រប់ពួកទុច្ចរិតនឹងត្រូវទួញសោក។
២២ត្បិតមើលចុះ ហើយមើលន៏ សេចក្ដីសងសឹកនឹងឆាប់មកលើពួកទមិឡ «សូមមើល ទាំងអស់» ល្មើស ដូចជាព្យុះសង្ឃរា ហើយតើនរណានឹងរួចបាន?
២៣រំពាត់របស់ព្រះអម្ចាស់នឹងហូរកាត់ទាំងយប់ទាំងថ្ងៃ ហើយការឮដំណឹងអំពីរំពាត់នោះនឹងធ្វើឲ្យអស់ទាំងមនុស្សស្ញែងខ្លាច មែនហើយ រំពាត់នោះនឹងមិនឈប់ឈរឡើយ រហូតដល់ព្រះអម្ចាស់ទ្រង់យាងមក
២៤ត្បិតសេចក្ដីក្ដៅក្រហាយនៃព្រះអម្ចាស់ ត្រូវបានឆួលឡើងទាស់នឹងអំពើគួរខ្ពើមឆ្អើមរបស់ពួកគេ និងអស់ទាំងកិច្ចការទុច្ចរិតរបស់ពួកគេផង។
២៥ទោះជាយ៉ាងណាក៏ដោយ គង់តែស៊ីយ៉ូននឹងបានរួច បើសិនជានាងគោរពតាម ដើម្បីប្រព្រឹត្តនូវគ្រប់ទាំងអស់ ដែលយើងបានបញ្ជាដល់នាង។
២៦ប៉ុន្តែបើសិនជានាងមិនគោរពតាម ដើម្បីប្រព្រឹត្តនូវអ្វីៗដែលយើងបានបញ្ជាដល់នាងទេ នោះយើងនឹងពិនិត្យពិច័យនាង ស្របតាមកិច្ចការនាងទាំងអស់ គឺដោយសេចក្ដីទុក្ខវេទនាដ៏ធ្ងន់ ដោយអាសន្នរោគ ដោយសេចក្ដីវេទនា ដោយដាវ ដោយសេចក្ដីសងសឹក ដោយភ្លើងឆេះ។
២៧ទោះជាយ៉ាងណាក៏ដោយ ចូរអានឃ្លានេះតែម្ដងគត់ឲ្យត្រចៀកនាងឮ ថាយើងជាព្រះអម្ចាស់ បានទទួលដង្វាយរបស់នាងហើយ ហើយបើសិនជានាងមិនធ្វើបាបទៀតទេ នោះគ្មានអ្វីណាមួយពីសេចក្ដីទាំងនេះនឹងកើតមកលើនាងឡើយ
២៨ហើយយើងនឹងប្រទានពរដល់នាងនូវព្រះពរទាំងឡាយ ហើយចម្រើនពរដ៏ច្រើនអនេកមកលើនាង និងមកលើតំណទាំងឡាយរបស់នាងជារៀងដរាបតទៅ ព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ទ្រង់មានព្រះបន្ទូលថាដូច្នោះ។ អាម៉ែន៕