ព្រះគម្ពីរ
អ័ប្រាហាំ 1


គម្ពីរ​អ័ប្រាហាំ

ប នា​បកប្រែ​ចេញ​ពី​ឯកសារ​ប្របុស ដោយ​យ៉ូសែប ស៊្មីធ

ជា​ការ​បកប្រែ​ពី​បញ្ជី​បុរាណ​មួយ ដែល​បាន​ធ្លាក់​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង ចេញ​ពី​ផ្នូរ​ក្រោម​ដី​នៅ​ស្រុក​អេស៊ីព្ទ។ ជា​ការ​និពន្ធ​របស់​អ័ប្រាហាំ កាល​លោក​នៅ​ស្រុក​អេស៊ីព្ទ ហៅថា​គម្ពីរ​អ័ប្រាហាំ គឺ​បាន​សរសេរ​ដោយ​ដៃ​របស់​លោក​ផ្ទាល់​នៅ​លើ​ក្រាំង​ប្របុស។ (History of the Church, ២:២៣៥–២៣៦, ៣៤៨–៣៥១)។

ជំពូក​ទី ១

លោក​អ័ប្រាហាំ​ស្វែងរក​ព្រះ​ពរ​ទាំង​ឡាយ​ខាង​របៀប​អយ្យកោ — លោក​ត្រូវ​ពួក​សង្ឃ​ក្លែងក្លាយ​នៅ​ស្រុក​ខាល់ដេ​បៀតបៀន — ព្រះ​យេហូវ៉ា​ជួយសង្គ្រោះ​លោក — ដើមកំណើត និង​រដ្ឋាភិបាល​នៅ​ស្រុក​អេស៊ីព្ទ​ត្រូវ​បាន​រៀបរាប់​សារ​ឡើង​វិញ។

នៅ​ក្នុង​ដែនដី​នៃ​ពួក​សាសន៍​ខាល់ដេ គឺ​នៅ​ឯ​ទីលំនៅ​នៃ​ពួក​អយ្យកោ​របស់​ខ្ញុំ នោះ​ខ្ញុំ អ័ប្រាហាំ បាន​ឃើញ​ថា​ជា​ការ​ចាំ​បាច់​ឲ្យ​ខ្ញុំ​រក​ទី​លំនៅ​ផ្សេង​ទៀត

ហើយ​ដោយ​ឃើញ​ថា​មាន​សុភមង្គល និង​សេចក្ដី​សុខសាន្ត និង​សេចក្ដី​សម្រាក​ដ៏​ធំ​ជាង​ចំពោះ​ខ្ញុំ ទើប​ខ្ញុំ​ស្វែងរក​ព្រះ​ពរ​ទាំង​ឡាយ ខាង​ពួក​អយ្យកោ និង​សិទ្ធិ​ដែល​គួរ​ឲ្យ​ខ្ញុំ​បាន​តែងតាំង​ឡើង ដើម្បី​ចាត់ចែង​ពរ​នោះ ដោយ​ខ្លួន​ខ្ញុំ​ធ្លាប់​ធ្វើ​ជា​អ្នក​ដើរ​តាម​សេចក្ដី​សុចរិត ដោយ ព្រម​ទាំង​មាន​ប្រាថ្នា​ចង់​ធ្វើ​ជា​អ្នក​ដែល​មាន​ចំណេះ​ដ៏​ធំ ហើយ​ចង់​ធ្វើ​ជា​អ្នក​ដើរ​តាម​សេចក្ដី​សុចរិត​កាន់តែ​ខ្លាំង​ឡើង ហើយ​ចង់​បាន​ចំណេះ​ដ៏​ធំ​ឡើង​ទៅ​ទៀត ហើយ​ចង់​ធ្វើ​ជា​ឪពុក​លើ​សាសន៍​ជា​ច្រើន ជា​ម្ចាស់​នៃ​សេចក្ដី​សុខសាន្ត ហើយ​មាន​ប្រាថ្នា​ចង់​ទទួល​ការ បង្គាប់​ទាំង​ឡាយ ហើយ​ចង់​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ នោះ​ទើប​ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​អ្នក​គ្រង​មរតក​ដ៏​ត្រឹម​ត្រូវ គឺជា​សង្ឃ​ជាន់​ខ្ពស់ ដោយ​កាន់​នូវ​សិទ្ធិ​ដែល​ជា​របស់​ផង​ពួក​អយ្យកោ។

សិទ្ធិ​នោះ​ត្រូវ​បាន​ប្រគល់​មក​លើ​ខ្ញុំ​ពី​ពួក​អយ្យកោ សិទ្ធិ​នោះ​បាន​ចុះ​មក​ពី​ពួក​អយ្យកោ គឺ​ចាប់​តាំង​ពី​ដើមដំបូង​នៃ​ពេល​វេលា មែន​ហើយ គឺ​ចាប់​តាំង​ពី​ដើមដំបូង​មក ឬ​មុន​កំណើត​ផែនដី ចុះ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គឺជា​សិទ្ធិ​នៃ​កូន​ច្បង ឬ​មនុស្ស​ទី​មួយ ដែល​ជា អ័ដាម ឬ​ឪពុក​ទី​មួយ គឺ​តាម​រយៈ​ពួក​អយ្យកោ​រហូត​មក​ដល់​ខ្ញុំ។

ខ្ញុំ​បាន​ស្វែងរក​ការ​តែងតាំង​របស់​ខ្ញុំ​ចំពោះ​បព្វជិតភាព ស្រប​តាម​ការ​តែងតាំង​នៃ​ព្រះ ចំពោះ​ពួក​អយ្យកោ ដែល​ទាក់​ទង​ទៅ​នឹង​ពូជ។

ដោយ​ពួក​អយ្យកោ​របស់​ខ្ញុំ​បាន​បែរ​ចេញ​ពី​សេចក្ដី​សុចរិត​របស់​ពួក​គេ ហើយ​ចេញ​ពី​ព្រះ​បញ្ញត្តិ​ដ៏​បរិសុទ្ធ​ទាំង​ឡាយ ដែល​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​ពួក​គេ​បាន​ប្រទាន​ដល់​ពួក​គេ ចំពោះ​ការ​ថ្វាយ​បង្គំ​ដល់​ព្រះ​ទាំង​ឡាយ នៃ​ពួក​អ្នក​ឥត​សាសនា គឺ​មិន​ព្រម​ស្ដាប់​តាម​សំឡេង របស់​ខ្ញុំ​សោះឡើយ

ត្បិត​ចិត្ត​របស់​ពួក​គេ​បាន​តាំង​ធ្វើ​អំពើ​អាក្រក់ ហើយ​បាន​បែរ​ចេញ​ទាំង​ស្រុង​ទៅ​រក​ព្រះ​នៃ​អែលកេណា និង​ព្រះ​នៃ​លិបណា និង​ព្រះ​នៃ​ម៉ា​ម៉ាក់​រ៉ា និង​ព្រះ​នៃ​កូរ៉ាស និង​ព្រះ​នៃ​ផារ៉ោន ជា​ស្ដេច​នៃ​ស្រុក​អេស៊ីព្ទ

ហេតុ​ដូច្នេះ​ហើយ បាន​ជា​ពួក​គេ​បែរ​ចិត្ត​គេ​ទៅ​ឯ​យញ្ញ​បូជា​នៃ​ពួក​អ្នក​ឥត​សាសនា ក្នុង​ការ​យក​កូន​ចៅ​គេ​បូជា​ថ្វាយ​ដល់​រូប​ព្រះ​គ​ទាំង​ឡាយ ហើយ​មិន​ព្រម​ស្ដាប់​តាម​សំឡេង​របស់​ខ្ញុំ​ឡើយ ប៉ុន្តែ​ខំ​ព្យាយាម​ផ្ដាច់​ជីវិត​ខ្ញុំ ដោយ​ដៃ​សង្ឃ​នៃ​អែលកេណា​វិញ។ សង្ឃ​នៃ​អែលកេណា ក៏​ជា​សង្ឃ​នៃ​ផារ៉ោន​ដែរ។

ឥឡូវ នៅ​ពេល​នេះ​គឺជា​ទំនៀម​ទម្លាប់​របស់​សង្ឃ​នៃ​ផារ៉ោន គឺជា​ស្ដេច​នៃ​ស្រុក​អេស៊ីព្ទ ដើម្បី​យក​ពួក​មនុស្ស​ប្រុស ពួក​មនុស្ស​ស្រី និង​កូន​ក្មេង​ទៅ​បូជា​នៅ​លើ​អាសនា ដែល​បាន​សង់​ឡើង​នៅ​ដែនដី​ខាល់ដេ ទុកជា​ដង្វាយ​ថ្វាយ​ដល់​ព្រះ​ចម្លែកៗ​ទាំង​នេះ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា សង្ឃ​បាន​ថ្វាយ​ដង្វាយ​ដល់​ព្រះ​នៃ​ផារ៉ោន និង​ព្រម​ទាំង​ដល់​ព្រះ​នៃ​សាក្រេអែល គឺ​ស្រប​តាម​របៀប​នៃ​ពួក​សាសន៍​អេស៊ីព្ទ។ ឥឡូវ​នេះ ព្រះ​នៃ​សាក្រេអែល គឺជា​ព្រះ​អាទិត្យ។

១០គឺជា​អំណរគុណ​ជា​កូន​ក្មេង ដែល​សង្ឃ​នៃ​ផារ៉ោន​បាន​បូជា​លើ​អាសនា ដែល​ឈរ​នៅ​ក្បែរ​ភ្នំ​មួយ​ហៅថា ភ្នំ​ប៉ូទីផារ ដែល​នៅ​ទួល​វាល​អូលីសេម។

១១ឥឡូវ​នេះ សង្ឃ​នេះ​បាន​បូជា​លើ​អាសនា​នេះ​នូវ​ស្រី​ព្រហ្មចារី​បី​នាក់ នៅ​គ្រា​មួយ​នោះ ពួក​គេ​ជា​កូន​ស្រី​របស់​អូណៃតា ដែល​ជា​វង្សា​ពិត​ពី​ពោះ​នៃ​ហាំ។ ពួក​ស្រី​ព្រហ្មចារី​ទាំង​នេះ​ត្រូវ​បាន​បូជា​ថ្វាយ ដោយ​ព្រោះ​តែ​គុណធម៌​របស់​ពួក​គេ ពួក​គេ​មិន​ព្រម​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ធ្វើ​ពី​ឈើ ឬ​ធ្វើ​ពី​ថ្ម​ទាំង​ឡាយ​នោះ​ទេ ហេតុ​ដូច្នេះ​ហើយ បាន​ជា​ពួក​គេ​ត្រូវ​យក​មក​សម្លាប់​នៅ​លើ​អាសនា​នេះ ហើយ​ត្រូវ​បាន​ធ្វើ​តាម​របៀប​ពួក​សាសន៍​អេស៊ីព្ទ។

១២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​សង្ឃ​បាន​ចាប់​ខ្ញុំ​យ៉ាង​រឹង​តឹង ដើម្បី​ពួក​គេ​អាច​ប្រហារ​ខ្ញុំ ដូច​ជា​គេ​បាន​ធ្វើ​ដល់​ពួក​ស្រី​ព្រហ្មចារី​នៅ​លើ​អាសនា​នេះ​ដែរ ហើយ​ដើម្បី​ឲ្យ​អ្នក​អាច​ដឹង​អំពី​អាសនា​នេះ នោះ​ខ្ញុំ​នឹង​អធិប្បាយ​ប្រាប់​អ្នក អំពី​រូបគំនូរ​ដែល​នៅ​ដើម​បញ្ជី​នេះ។

១៣អាសនា​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដូច​ជា​រូប​គ្រែ ដែល​ដូច​ជា​មាន​នៅ​ក្នុង​ចំណោម​ពួក​ខាល់ដេ ហើយ​អាសនា​នោះ​ឈរ​នៅ​ខាង​មុខ​ព្រះ​ទាំង​ឡាយ​នៃ​អែលកេណា លិបណា ម៉ា​ម៉ាក់​រ៉ា កូរ៉ាស និង​ព្រម​ទាំង​ព្រះ​មួយ​អង្គ ដែល​មាន​រូបរាង​ដូច​ជា​ផារ៉ោន ជា​ស្ដេច​នៃ​ស្រុក​អេស៊ីព្ទ។

១៤ដើម្បី​ឲ្យ​អ្នក​អាច​យល់​អំពី​ព្រះ​ទាំង​ឡាយ​នេះ នោះ​ខ្ញុំ​បាន​គូស​គំនូរ​ប្រាប់​នៅ​ដើម​បញ្ជី គឺ​រូប​បែប​នេះ​ហៅ​ដោយ​ពួក​ខាល់ដេ​ថា រ៉ាលីណូស ដែល​បញ្ជាក់​ថា​ជា​វត្ថុ​លេខនា។

១៥ហើយ​នៅ​ពេល​ណា​ពួក​គេ​លើក​ដៃ​មក​លើ​ខ្ញុំ ដើម្បី​គេ​អាច​បូជា​ខ្ញុំ ហើយ​ផ្ដាច់​ជីវិត​ខ្ញុំ មើល​ចុះ ខ្ញុំ​បាន​បន្លឺ​សំឡេង​ខ្ញុំ​ឡើង​ដល់​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​ខ្ញុំ ហើយ​ព្រះ​អម្ចាស់​បាន​ស្ដាប់ ហើយ​ឮ ហើយ​ទ្រង់​បាន​បំពេញ​ទៅ​ដោយ​ការ​និមិត្ត​អំពី​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ ហើយ​ទេវតា​មួយ​រូប​មក​ពី​វត្ត​មាន​របស់​ទ្រង់​បាន​ឈរ​នៅ​ក្បែរ​ខ្ញុំ ហើយ​បាន​ស្រាយ​ដៃ​ខ្ញុំ​ភ្លាម

១៦ហើយ​សំឡេង​លោក​បាន​បន្លឺ​មក​ខ្ញុំ​ថា ៖ អ័ប្រាហាំ អ័ប្រាហាំ​អើយ មើល​ចុះ ឈ្មោះ​យើង​គឺជា​ព្រះ​យេហូវ៉ា ហើយ​យើង​បាន​ឮ​អ្នក​ហើយ ហើយ​បាន​ចុះ​មក​ដោះ​លែង​អ្នក ហើយ​នាំ​អ្នក​ចេញ​ទៅ​ឆ្ងាយ​ពី​ផ្ទះ​ឪពុក​អ្នក ហើយ​ចេញ​ពី​ញាតិ​សន្តាន​អ្នក​ទៅ​នៅ​ឯ​ដែនដី​ចម្លែក​មួយ ដែល​អ្នក​មិនដែល​ស្គាល់

១៧ហើយ​ការណ៍​នេះ​ក៏​ដោយ​ព្រោះ​ពួក​គេ​បាន​បែរ​ចិត្ត​គេ​ចេញ​ពី​យើង ទៅ​ថ្វាយ​បង្គំ​ដល់​ព្រះ​នៃ​អែលកេណា និង​ព្រះ​នៃ​លិបណា និង​ព្រះ​នៃ​ម៉ា​ម៉ាក់​រ៉ា និង​ព្រះ​នៃ​កូរ៉ាស និង​ព្រះ​នៃ​ផារ៉ោន ជា​ស្ដេច​នៃ​ស្រុក​អេស៊ីព្ទ ហេតុ​ដូច្នេះ​ហើយ បាន​ជា​យើង​ចុះ​មក​ពិនិត្យពិច័យ​ពួក​គេ ហើយ​មក​បំផ្លាញ​អ្នក​ណា​ដែល​បាន​លើក​ដៃ​ទាស់​នឹង​អ្នក គឺ​អ័ប្រាហាំ ជា​បុត្រ​របស់​យើង ដើម្បី​នឹង​ផ្ដាច់​ជីវិត​អ្នក​បង់។

១៨មើល​ចុះ យើង​នឹង​ដឹក​អ្នក​ដោយ​ដៃ​យើង ហើយ​យើង​នឹង​យក​អ្នក​ទៅ ដើម្បី​ដាក់​ព្រះ​នាម​យើង​មក​លើ​អ្នក គឺជា​បព្វជិតភាព​នៃ​ឪពុក​របស់​អ្នក ហើយ​ព្រះ​ចេស្ដា​របស់​យើង​នឹង​ស្ថិត​នៅ​លើ​អ្នក។

១៩ដូច​ជា​មួយ​ណូអេ​យ៉ាង​ណា នោះ​ក៏​នឹង​នៅ​ជាមួយ​អ្នក​យ៉ាង​នោះ​ដែរ ប៉ុន្តែ​តាម​រយៈ​ការងារ​បម្រើ​របស់​អ្នក នោះ​ព្រះ​នាម​របស់​យើង​នឹង​បាន​ស្គាល់​នៅ​លើ​ផែនដី​ជា​រៀង​ដរាប​ត​ទៅ ត្បិត​យើង​ជា​ព្រះ​របស់​អ្នក។

២០មើល​ចុះ ភ្នំ​ប៉ូទីផារ នៅ​ក្នុង​ដែនដី​អ៊ើរ នៃ​ស្រុក​ខាល់ដេ។ ហើយ​ព្រះ​អម្ចាស់​ទ្រង់​បាន​បំបាក់​អាសនា​នៃ​អែលកេណា និង​អាសនា​នៃ​ព្រះ​ទាំង​ឡាយ​នៃ​ដែនដី ហើយ​បាន​បំផ្លាញ​គេ​ចោល​អស់​រលីង ហើយ​បាន​វាយ​សង្ឃ នោះ​គាត់​ក៏​ស្លាប់​ទៅ ហើយ​មាន​ការ​ទួញ​សោក​ជា​ខ្លាំង​នៅ​ស្រុក​ខាល់ដេ ហើយ​ព្រម​ទាំង​នៅ​ក្នុង​វាំង​នៃ​ផារ៉ោន​ដែរ ឈ្មោះ​ថា​ផារ៉ោន បញ្ជាក់​ថា​ជា​ស្ដេច​ដោយ​លោហិត​ក្សត្រ។

២១ឥឡូវ ស្ដេច​នៃ​ស្រុក​អេស៊ីព្ទ​នេះ ត្រូវ​ជា​វង្សា​ពី​ពោះ​នៃ​ហាំ ហើយ​ជា​ពូជ​ពី​ឈាម​នៃ​ពួក​កាណាន​ដោយ​កំណើត។

២២ចេញ​ពី​ពូជ​នេះ​មក​ផុស​ឡើង​នូវ​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់ ហើយ​ឈាម​នៃ​ពួក​កាណាន​ត្រូវ​បាន​រក្សាទុក​នៅ​ដែនដី​យ៉ាង​ដូច្នេះ​ហើយ។

២៣ដែនដី​អេស៊ីព្ទ​ត្រូវ​បាន​រក​ឃើញ​ដោយ​ស្ត្រី​ម្នាក់ ដែល​ជា​កូន​ស្រី​នៃ​ហាំ ហើយ​ជា​កូន​ស្រី​នៃ​អេស៊ីព្ទុស ដែល​នៅ​ក្នុង​ភាសា​ខាល់ដេ បញ្ជាក់​ថា​ជា​អេស៊ីព្ទ ដែល​បញ្ជាក់​ពី​អ្វី​ដែល​ត្រូវ​បាន​ហាមឃាត់

២៤កាល​ស្ត្រី​នេះ​បាន​រក​ឃើញ​ដែនដី ដែនដី​នោះ​នៅ​ក្រោម​ទឹក ក្រោយ​មក​នាង​បាន​ដាក់​ពួក​កូន​ប្រុស​នាង​ឲ្យ​នៅ​ទី​នោះ ហើយ​ដូច្នេះ ចេញ​ពី​ហាំ​មក ទើប​មាន​ពូជ​នោះ​ដែល​រក្សា​បណ្ដាសា​ទុក​នៅ​លើ​ដែនដី។

២៥ឥឡូវ​នេះ រដ្ឋាភិបាល​ទី​មួយ​នៃ​ស្រុក​អេស៊ីព្ទ​ត្រូវ​បាន​តាំង​ឡើង​ដោយ​ផារ៉ោន ជា​កូន​ច្បង​នៃ​នាង​អេស៊ីព្ទុស ដែល​ជា​កូន​ស្រី​របស់​ហាំ ហើយ​ជា​រដ្ឋាភិបាល​តាម​របៀប​រដ្ឋាភិបាល​របស់​ហាំ ដែល​រាប់​តាម​អយ្យកោ។

២៦ផារ៉ោន​ជា​មនុស្ស​សុចរិត​ម្នាក់ បាន​តាំង​នគរ​ទ្រង់​ឡើង ហើយ​បាន​វិនិច្ឆ័យ​រាស្ត្រ​ទ្រង់​ដោយ​ប្រាជ្ញា​វាងវៃ និង​ដោយ​យុត្តិធម៌​អស់​មួយ​ជីវិត​ទ្រង់ ដោយ​ខំ​ព្យាយាម​ធ្វើ​តាម​របៀប​ដែល​បាន​តាំង​ឡើង​ដោយ​ពួក​អយ្យកោ នៅ​តំណ​ទី​មួយ នៅ​ថ្ងៃ​នៃ​រជ្ជកាល​របស់​អយ្យកោ​ទី​មួយ គឺ​នៅ​ក្នុង​រជ្ជកាល​នៃ​អ័ដាម និង​នៅ​ក្នុង​រជ្ជកាល​នៃ​ណូអេ ជា​ឪពុក​ទ្រង់​ផង ដែល​បាន​ប្រទាន​ពរ​ដល់​ទ្រង់​នូវ​ព្រះ​ពរ​ទាំង​ឡាយ​នៃ​ផែនដី និង​ព្រះ​ពរ​ទាំង​ឡាយ​ខាង​ប្រាជ្ញា ប៉ុន្តែ​បាន​ដាក់​បណ្ដាសា​ដល់​ទ្រង់ ដែល​ទាក់​ទង​ទៅ​ខាង​បព្វជិតភាព​វិញ។

២៧ឥឡូវ​នេះ ដោយ​ព្រោះ​ផារ៉ោន​ជា​ពូជ​ពង្ស​ដែល​ទ្រង់​ពុំ​អាច​មាន​សិទ្ធិ​ចំពោះ​បព្វជិតភាព ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ផារ៉ោន អាច​ទាមទារ​ពី​លោក​ណូអេ តាម​រយៈ​ហាំ ហេតុ​ដូច្នេះ​ហើយ បាន​ជា​ឪពុក​ខ្ញុំ​ត្រូវ​បាន​ទាញ​ចេញ ដោយ​សារ​ការ​ថ្វាយ​រូប​ព្រះ​របស់​ពួក​គេ

២៨ប៉ុន្តែ​ខ្ញុំ​នឹង​ខំ​ព្យាយាម​ចាប់​តាំង​ពី​ពេល​នេះ​ទៅ ដើម្បី​អធិប្បាយ​ប្រាប់​ពី​តំណ​ចាប់​ពី​ខ្ញុំ​រៀង​ទៅ​ដល់​ដើមការ​បង្ក​បង្កើត​វិញ ត្បិត​បញ្ជី​ទាំង​ឡាយ​ត្រូវ​បាន​ធ្លាក់​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ ដែល​ខ្ញុំ​កាន់​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។

២៩ឥឡូវ​នេះ បន្ទាប់​ពី​សង្ឃ​នៃ​អែលកេណា​ត្រូវ​បាន​វាយ ហើយ​គាត់​ក៏​ស្លាប់​ទៅ នោះ​មាន​ការ​សម្រេច​នូវ​ការណ៍​ទាំង​នោះ ដែល​បាន​ប្រាប់​ដល់​ខ្ញុំ អំពី​ដែនដី​ខាល់ដេ ថា​នឹង​មាន​អំណត់​អត់​នៅ​លើ​ដែនដី។

៣០ម្ល៉ោះ​ហើយ អំណត់​អត់​ក៏​មាន​ពាស​ពេញ​លើ​ដែនដី​ខាល់ដេ​ទាំង​អស់ ហើយ​ឪពុក​ខ្ញុំ​បាន​រង​ទុក្ខ​វេទនា​ជា​ខ្លាំង ដោយ​ព្រោះ​តែ​អំណត់​អត់​នោះ ហើយ​គាត់​បាន​ប្រែ​ចិត្ត​ពី​ការ​អាក្រក់​ដែល​គាត់​បាន​សម្រេច​នឹង​ធ្វើ​ទាស់​នឹង​ខ្ញុំ គឺ​ផ្ដាច់​ជីវិត​ខ្ញុំ​បង់។

៣១ប៉ុន្តែ​បញ្ជី​ទាំង​ឡាយ​នៃ​ពួក​ដូនតា គឺ​ពួក​អយ្យកោ​ស្ដី​អំពី​សិទ្ធិ​ចំពោះ​បព្វជិតភាព នោះ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​ខ្ញុំ ទ្រង់​បាន​រក្សាទុក​នៅ​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ ហេតុ​ដូច្នេះ​ហើយ ការ​ចេះ​ដឹង​អំពី​ដើមការ​បង្ក​បង្កើត ហើយ​ព្រម​ទាំង​អំពី​ពិភព​ទាំង​ឡាយ និង​ពី​តារា​ទាំង​ឡាយ ដូច​ជា​បាន​ស្គាល់​ដល់​ពួក​អយ្យកោ នោះ​ខ្ញុំ​បាន​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ហើយ​ខ្ញុំ​នឹង​ខំ​សរសេរ​អំពី​ការណ៍​ទាំង​ឡាយ​នេះ​ខ្លះៗ​ទុក​នៅ​លើ​បញ្ជី​នេះ សម្រាប់​ជា​ផល​ប្រយោជន៍​ដល់​ពូជ​ពង្ស​របស់​ខ្ញុំ ដែល​នឹង​មក​តាម​ក្រោយ​ខ្ញុំ ៕