ការបោះជំរំជាមិត្តភក្តិ
ដំបូង អេឌីសុនមានអារម្មណ៏ថាគាត់មិនស្គាល់អ្នកណាម្នាក់ទេ ។
អេឌីសុន បានឈរឈូសដី ។ ក្មេងប្រុសដទៃទៀតទាំងអស់កំពុងនិយាយគ្នា និងកំពុងរៀបចំតង់ ។ ប៉ុន្តែគាត់មិនស្គាល់អ្នកណាម្នាក់ទាល់តែសោះ ។
គ្រួសាររបស់អេឌីសុនបានឈប់ទៅព្រះវិហារ មិនយូរប៉ុន្មានក្រោយពីពួកគេផ្លាស់ទៅនៅប្រទេសអេស្ប៉ាញ ។ ប៉ុន្តែបន្ទាប់មក ក្មេងប្រុសៗមកពីវួដបានមកលេង ហើយបានអញ្ជើញអេឌីសុនឲ្យទៅបោះជំរំ ។ ការបោះជំរំស្តាប់ទៅដូចជាសប្បាយ ប៉ុន្តែឥឡូវនេះ អេឌីសុនមិនប្រាកដថា គាត់ចង់នៅទីនេះទៀតដែរឬអត់ ។ គាត់មានអារម្មណ៏ថាគាត់មិនស្គាល់អ្នកណាម្នាក់ទេ ។
មានក្មេងប្រុសពីរនាក់ ឈ្មោះឌីអេហ្គោ និង ហ័ន បានដើរសំដៅទៅរកគាត់ ។ « តើឯងចង់នៅក្នុងតង់ជាមួយពួកយើងទេ ? » ឌីអេហ្គោ បានសួរ ។
អេឌីសុន បានធូរទ្រូង ហើយញញឹម ។ « បាទ » ។
វ៉ន បានឆ្លើយថា « ល្អណាស់ ! » ។ « រួចហើយ យើងអាចទៅហែលទឹក » ។
ក្មេងប្រុសៗទាំងនោះបានរៀបចំតង់របស់ពួកគេ ហើយរត់ទៅទន្លេ ។ ទឹកត្រជាក់ ប៉ុន្តែឥឡូវអេឌីសុនកំពុងតែសប្បាយយ៉ាងខ្លាំង ហើយគាត់មិនបានចាប់អារម្មណ៍នោះទេ ។ ក្រោយពីអាហារថ្ងៃត្រង់រួច ក្មេងប្រុសៗ និងថ្នាក់ដឹកនាំបានទៅដើរឡើងភ្នំ ។ ពួកគេបានត្រឡប់មកវិញចំពេលព្រះអាទិត្យចាប់ផ្តើមរៀបលិច ដូច្នេះពួកគេបានជួយរៀបចំដុតភ្លើងក្នុងជំរំ ។
វ៉ន បានសួរថា « តើគ្រួសាររបស់ឯងយ៉ាងម៉េចដែរ ? »
អេឌីសុន បានទម្លាក់គំនរមែកឈើនៅក្បែរភ្នក់ភ្លើង ។ « ឪពុកម្តាយរបស់ខ្ញុំល្អណាស់ ។ ហើយបងស្រីរបស់ខ្ញុំ គឺជាមិត្តល្អបំផុតរបស់ខ្ញុំ ។ យើងបានផ្លាស់មកនៅទីនេះពីប្រទេសអេក្វាឌ័រ » ។
ឌីអេហ្គោ និង វ៉ន បានមើលមុខគ្នាដោយស្នាមញញឹមដ៏ស្រស់ប្រិមប្រិយ ។
វ៉ន បានឆ្លើយថា « យើងក៏មកពីប្រទេសអេក្វាឌ័រដែរ ! »
ឌីអេហ្គោ បានរូតអាវរបស់គាត់ចុះដើម្បីបង្ហាញអាវយឺតរបស់គាត់ ។ រូបនិមិត្តសញ្ញាប្រចាំក្រុមបាល់ទាត់ប្រទេសអេក្វាឌ័រ !
អេឌីសុន បានលាន់មាន់ថា « អស្ចារ្យណាស់ ! » « ដូច្នេះ តើឯងនឹកអ្វីជាងគេពីប្រទេសអេក្វាឌ័រ ? »
ឌីអេហ្គោ និង វ៉ន បានសើច ។ « ម្ហូប ! » ពួកគេទាំងពីរបានស្រែកព្រមគ្នា ។
ក្មេងប្រុសៗបានបន្តនិយាយអំពីអ្វីដែលពួកគេនឹកអំពីប្រទេសអេក្វាឌ័រ និងអ្វីដែលពួកគេចូលចិត្តអំពីការរស់នៅនៅក្នុងប្រទេសអេស្ប៉ាញ ។ អេឌីសុន ចូលចិត្តការដែលវាមានភាពងាយស្រួលក្នុងការនិយាយជាមួយនឹងឌីអេហ្គោ និង វ៉ន ។
បន្ទាប់មក អ្នកដឹកនាំម្នាក់ គឺបងប្រុស ស៊ីសណែរ៉ូស បានក្រោកឈរឡើង ។ « អេ៎ អ្នកទាំងអស់គ្នា ! យើងចង់បញ្ចប់យប់នេះជាមួយនឹងការប្រជុំថ្លែងទីបន្ទាល់មួយ » ។
ក្មេងប្រុសៗ និងថ្នាក់ដឹកនាំបានក្រោកឈរឡើងម្តងម្នាក់ៗ ហើយបានចែកចាយទីបន្ទាល់របស់ពួកគេ ។ ពាក្យទាំងឡាយរបស់ពួកគេបានធ្វើឲ្យដួងចិត្តរបស់ អេឌីសុន ហាក់ដូចជាត្រូវបានរុំដោយភួយដ៏កក់ក្ដៅមួយអ៊ីចឹង ។
ឌីអេហ្គោ បានក្រោកឈរ ។ « ខ្ញុំដឹងថា សាសនាចក្រនេះពិត ។ ខ្ញុំដឹងថា ព្រះគឺជាព្រះវរបិតារបស់ខ្ញុំ ហើយថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្រ្គោះរបស់ខ្ញុំ » ។
អារម្មណ៍កក់ក្តៅកាន់តែកើនខ្លាំងឡើង ។ អេឌីសុនបានគិតថា ខ្ញុំក៏ចង់ដឹងពីការណ៍នោះដែរ ។
នៅពេលអេឌីសុន ត្រឡប់ទៅផ្ទះវិញពីដំណើរកម្សាន្ត ពាក្យរបស់ឌីអេហ្គោបានស្ថិតនៅក្នុងចិត្តរបស់គាត់ ។ គាត់ចង់ត្រឡប់ទៅព្រះវិហារវិញ ហើយរៀនអំពីព្រះយេស៊ូវជាមួយ ឌីអេហ្គោ និង វ៉ន ។
យប់នោះនៅពេលអាហារពេលល្ងាច ប៉ាប៉ាបានសួរថា « តើការទៅបោះជំរំយ៉ាងម៉េចដែរ ? »
អេឌីសុនបានឆ្លើយថា « អស្ចារ្យណាស់ ! » « យើងបានទៅហែលទឹក ហើយដើរឡើងភ្នំ ហើយបានបង្កាត់ភ្លើង ។ ខ្ញុំថែមទាំងបានរាប់អានមិត្តភក្តិពីរនាក់ដែលមកពីប្រទេសអេក្វាឌ័រផងដែរ ! »
ម៉ាម៉ាបាននិយាយថា « ល្អណាស់ ! យើងនឹងអញ្ជើញពួកគេឲ្យមកលេងផ្ទះ » ។
អេឌីសុនបានរង់ចាំបន្តិច ។ « តើយើងអាចចាប់ផ្តើមទៅព្រះវិហារវិញបានទេ ? »
ម៉ាម៉ា និងប៉ាប៉ាបាននៅស្ងៀមមួយសន្ទុះ ។ បន្ទាប់មកម៉ាម៉ាបានគ្រហែមបន្តិច ។ គាត់បាននិយាយថា « បើកូនចង់ទៅ នោះមិនអីទេ » ។ « ប៉ុន្តែប៉ាប៉ា និងម៉ាម៉ាមិនទៅទេ » ។
អេឌីសុនបានទម្លាក់ខ្លួនចុះនៅលើកៅអីរបស់គាត់ ។ គាត់មិនចង់ទៅព្រះវិហារតែម្នាក់ឯងនោះទេ ។ ប្រហែលជាគាត់គួរតែនៅផ្ទះជាមួយគ្រួសាររបស់គាត់វិញ ។
បន្ទាប់មក អេឌីសុន បាននឹកចាំពីអារម្មណ៍ដ៏កក់ក្ដៅមកពីការប្រជុំថ្លែងទីបន្ទាល់នោះ ។ ទោះបីជាគ្រួសាររបស់គាត់មិនចង់ទៅព្រះវិហារក៏ដោយ តែអេឌីសុនចង់ទៅ ។
ក្រៅពីនេះ គាត់នឹងមិននៅឯកោនោះទេ ។ អេឌីសុន បានញញឹមពេលគាត់ទទួលទានអាហារពេលល្ងាចរបស់គាត់ ។ បន្ទាប់មកគាត់បានលើកទូរសព្ទឡើង ។ គាត់ស្គាល់មិត្តភក្តិខ្លះដែលគាត់អាចទៅព្រះវិហារជាមួយបាន !