ស្មៅ និងពាក្យមិនល្អ
ម៉ាក់បានសួរថា « ហេតុអ្វីយើងមិនធ្វើការសន្យាជាគ្រួសារមួយ ? »
ចូណាសបានសួរម៉ាក់ថា « តើយើងអាចនិយាយគ្នាបានទេ ? » ចូណាសបានអង្គុយនៅលើស្មៅក្បែរកន្លែងដែលម៉ាក់គាត់កំពុងបោចស្មៅនៅក្នុងរងផ្កា ។
« បានកូន ។ ម៉ាក់បានសួរទៅចូណាស តើមានរឿងអី ? » ម៉ាក់បានដោះស្រោមដៃប្រឡាក់ពីធ្វើស្មៅនោះចេញ ។
ចូណាសបាននិយាយថា « ថ្ងៃនេះនៅឯសាលារៀន មានក្មេងមួយចំនួនបាននិយាយពាក្យមួយដែលខ្ញុំអត់ស្គាល់ ។ ពួកគេបានសើចនៅពេលពួកគេនិយាយវា ។ កូនគិតថា វាគឺជាពាក្យមិនល្អ » ។
ម៉ាក់បានសួរថា « តើកូនបានមានអារម្មណ៍យ៉ាងណាដែរ នៅពេលកូនបានឮពាក្យនោះ ? »
« វាពុំបានធ្វើឲ្យខ្ញុំមានអារម្មណ៍ល្អទេ » ។
ចូណាស ខ្សឹបពាក្យនោះទៅប្រាប់ម៉ាក់ ។ ម៉ាក់បានប្រាប់ចូណាសអំពីអត្ថន័យរបស់វា ។ ចូណាស គិតត្រូវហើយ ។ វាមិនមែនជាពាក្យល្អនោះទេ ។
ចូណាស បានសួរថា « ប៉ុន្តែហេតុអ្វីបានជាវាមិនល្អ ? »
« វាមិនល្អ ពីព្រោះវាគឺជាពាក្យមិនសមរម្យ និងមិនមានការគោរព ។ នៅពេលយើងប្រើពាក្យបែបនោះ វាធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធពិបាកគង់នៅជាមួយនឹងយើង ។ ព្រះវិញ្ញាណបរិសុទ្ធបានប្រាប់កូនថា វាគឺជាពាក្យមិនល្អ ។ នោះហើយជាមូលហេតុដែលកូនមិនមានអារម្មណ៍ល្អក្នុងចិត្ត » ។
ចូណាស ចងចិញ្ចើម ។ « ប៉ុន្តែក្មេងៗផ្សេងទៀតហាក់ដូចជាមានការសប្បាយ ។ « ហេតុអ្វីបានជាខ្ញុំតែម្នាក់មានអារម្មណ៍មិនស្រណុកចិត្ត ? »
ម៉ាក់បានសួរថា « តើកូនដឹងថាក្មេងផ្សេងទៀតមិនមានអារម្មណ៍ដូចគ្នាដោយរបៀបណា ? »
« ពីព្រោះពួកគេទាំងអស់នោះសើច និងញញឹម នៅពេលនរណាម្នាក់និយាយពាក្យនេះ » ។ ចូណាស មានអារម្មណ៍ច្របូកច្របល់ ។
ម៉ាក់បាននិយាយថា « ជួនកាលមនុស្សសើច ឬញញឹម នៅពេលពួកគេមានអារម្មណ៍មិនស្រណុកចិត្ត ។ ហើយពេលខ្លះនៅពេលពួកគេឮ ឬនិយាយពាក្យមិនល្អយូរៗទៅ វាលែងរំខានពួកគេទៀតហើយ ។ ប៉ុន្តែវានៅតែមិនត្រឹមត្រូវក្នុងការនិយាយពាក្យអស់ទាំងនោះដដែល ។ វាហាក់ដូចជាស្មៅទាំងអស់នេះអ៊ីចឹង ។ ម៉ាក់ដកវាចេញដើម្បីទុកឲ្យសួនច្បារស្អាត ហើយឲ្យរុក្ខជាតិល្អៗដុះលូតលាស់ » ។
ចូណាស បាននិយាយថា « ខ្ញុំរីករាយណាស់ដែលខ្ញុំពុំបាននិយាយពាក្យនោះ » ។
ម៉ាក់បាននិយាយថា « ម៉ាក់ក៏ដូចគ្នាដែរ ។ ម៉ាក់មានមោទនភាពចំពោះកូនណាស់ ។ ម៉ាក់មានគំនិតមួយ ។ ម៉េចដែរ បើយើងធ្វើការសន្យាជាគ្រួសារមួយ ? »
ចូណាស បានសួរថា « សន្យាអីគេម៉ាក់ ? »
« យើងសន្យាថានឹងប្រើតែពាក្យល្អៗ និងមិនប្រើពាក្យដែលមិនល្អនោះទេ ។ វាអាចជាកិច្ចសន្យាប្រចាំគ្រួសារមួយ » ។
ចូណាស ពេញចិត្តនឹងគំនិតនោះ ។ ចូណាស និងម៉ាក់បានចាប់ដៃគ្នាយល់ព្រម ។ ចូណាស មានអារម្មណ៍ល្អចំពោះការសន្យាដែលគាត់បានធ្វើជាមួយនឹងម៉ាក់ ។
ម៉ាក់បានសួរថា « ចុះឥឡូវនេះ កូនសន្យាជួយម៉ាក់ធ្វើស្មៅនេះឲ្យរួចយ៉ាងម៉េចដែរ? បន្ទាប់មកម៉ាក់សន្យាថានឹងយកកូនទៅលេងសួនកម្សាន្ដ » ។
ចូណាសញញឹម ហើយបានចាប់យកប៉ែលមួយឡើង ។ « យល់ព្រម » ។
នៅពេលចូណាសជួយម៉ាក់ នោះគាត់មានអារម្មណ៍ស្រស់ស្រាយជាមុន ។ គាត់បានដឹងថា ការសន្យាមិនប្រើពាក្យមិនល្អ គឺជាជម្រើសដ៏ល្អមួយសម្រាប់គ្រួសាររបស់ពួកគេ ។