ខុសគ្នា ប៉ុន្តែពុំឯកោទេ
មានពេលខ្លះ ការធ្វើជាសមាជិកសាសនាចក្រតែម្នាក់ឯងនៅសាលារៀន គឺឯកោណាស់ ។
សំឡេងកណ្ដឹងរោទ៍ ! កណ្ដឹងបានរោទ៍ឡើងសម្រាប់ថ្នាក់ចុងក្រោយនៅថ្ងៃនេះ ។ ឥឡូវដោយសារមេហ្គិននៅថ្នាក់មធ្យមសិក្សា នាងបានទៅថ្នាក់ផ្សេងៗទៀតពេញមួយថ្ងៃ ។ ហើយវាមានអ្វី ជាច្រើន ដែលត្រូវរៀន ។ មេហ្គិនសប្បាយចិត្តដែលថ្នាក់ចុងក្រោយរបស់នាងគឺជាម៉ោងសិក្សា ។ នោះមានន័យថា នាងអាចចាប់ផ្តើមធ្វើកិច្ចការផ្ទះរបស់នាងបាន ។
មេហ្គិនបានអង្គុយចុះក្បែរតុទំនេរមួយ ។ មានក្មេងប្រុសម្នាក់ឈ្មោះ បេនណេត បានដើរសំដៅទៅរកនាង ។
« អេ មេហ្គិន ឯងជាពួកមរមនមែនទេ ? »
មេហ្គិនបានតបទៅវិញ « ខ្ញុំគឺជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » ។
បេនណេត បានសួរថា « អ៊ីចឹង ឯងគិតថា យ៉ូសែប ស្ម៊ីធ បានសរសេរសៀវភៅមរមន ឬស្អីគេនោះ មែនទេ ? »
មេហ្គិនបានអធិស្ឋានស្ងាត់ៗយ៉ាងរហ័សមួយ ដើម្បីដឹងថាត្រូវឆ្លើយបែបណា ។ នាងបាននិយាយថា « លោក បានបកប្រែ ព្រះគម្ពីរមរមន ។ ព្រះបានហៅលោកឲ្យធ្វើជាព្យាការីដើម្បីជួយស្ដារសាសនាចក្ររបស់ព្រះគ្រីស្ទឡើងវិញ » ។
បេនណេត ធ្វើច្រមុះខើចខ្លី ។ គាត់បាននិយាយថា « ឆ្កួតហើយ » ។ គាត់បានសើច ហើយដើរចេញទៅ ។
មុខរបស់មេហ្គិនឡើងក្ដៅមុខ ។ នាងបានសម្លឹងចុះមើលទៅសៀវភៅរបស់នាង ។
« អេ៎ មេហ្គិន » ។
ម៉េចទៀតហើយ ? មេហ្គិនបានងើបមុខឡើង ។ « អូ ។ សួស្ដី ថាច » ។
ថាច បាននិយាយថា « សុំទោសចំពោះរឿងបេនណេត » ។ គាត់បានអង្គុយចុះចំពីមុខនាង ។ « អ្វីដែលឯងបាននិយាយហាក់ដូចជាសំខាន់ណាស់ចំពោះឯង » ។
មេហ្គិនបានពោលថា « អរគុណ ។ វាសំខាន់មែន » ។
ថាច បាននិយាយថា « ខ្ញុំគិតថា ខ្ញុំដឹងថាឯងមានអារម្មណ៍យ៉ាងណា ។ ខ្ញុំកាន់សាសនាហិណ្ឌូតែម្នាក់ឯងគត់នៅសាលានេះ ។ វាពិបាកណាស់ នៅពេលដែលពួកគេមិនព្យាយាមយល់ពីជំនឿរបស់យើង » ។
ពេលខ្លះមេហ្គិនមានអារម្មណ៍ឯកោ ដែលជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តែម្នាក់ឯងនៅសាលារៀនពួកគេ ។ ប៉ុន្តែនាងមិនធ្លាប់គិតថា មានក្មេងផ្សេងទៀតមានអារម្មណ៍បែបនោះដែរនោះទេ ។
មេហ្គិនបាននិយាយថា « ឪពុកម្តាយរបស់ខ្ញុំនិយាយថា នៅពេលនរណាម្នាក់ចិត្តអាក្រក់ វាមកពីពួកគេមិនមានអារម្មណ៍សប្បាយនៅក្នុងចិត្ត » ។ នាងបង្វិលខ្មៅដៃនៅចន្លោះម្រាមដៃរបស់នាង ។ « ខ្ញុំឆ្ងល់ថា តើបេនណេតមានអារម្មណ៍សោកសៅទេ ។ ឬឯកោទេ » ។
ថាច បានឱនក្បាលគាត់ចុះ ។ « ខ្ញុំគិតថាឯងប្រហែលជានិយាយត្រូវ ។ ប្រហែលជាគាត់ត្រូវការមិត្តម្នាក់ហើយ » ។
មេហ្គិន បានញញឹម ។ « ប្រហែលជាគាត់ត្រូវការមិត្តពីរនាក់ ! »
នៅថ្ងៃបន្ទាប់នៅម៉ោងសិក្សា មេហ្គិន និង ថាច បានឃើញ បេនណេត អង្គុយតែម្នាក់ឯងនៅតុមួយ ។
ថាច បាននិយាយថា « សួស្តី បេនណេត » ។
បេនណេតមើលទៅភ្ញាក់ផ្អើល ។ « សួស្តី » ។
« តើឯងកំពុងតែធ្វើអីហ្នឹង ? » មេហ្គិន បានសួរកាលកំពុងអង្គុយចុះលើកៅអី ។
« ប្រវត្តិវិទ្យា » ។
« សម្រាប់ការប្រលងនៅថ្ងៃស្អែកឬ ? » ថាច ក៏អង្គុយចុះដែរ ។
បេនណេត បាននិយាយថា « ហ្នឹងហើយ » ។
ថាច បាននិយាយថា « មានចំណុចជាច្រើនដែលត្រូវចងចាំ » ។ បេនណេត បានងក់ក្បាល ។
« ប្រហែលយើងអាចសួរគ្នាទៅវិញទៅមកបាន » ។ មេហ្គិន បានបើកសៀវភៅប្រវត្តិវិទ្យារបស់នាង ។ ពួកគេបានដាក់វេនគ្នាសួរ ហើយឆ្លើយសំណួរទាំងឡាយរហូតទាល់តែកណ្ដឹងរោទ៍ ។
ពេលពួកគេងើបឈររៀបដើរចេញ បេនណេត បាននិយាយថា « អេ៎ មេហ្គិន ឲ្យខ្ញុំសុំទោសពីរឿងម្សិលមិញ ។ ខ្ញុំបានឮរឿងខ្លះៗអំពីព្រះវិហាររបស់ឯង ហើយក៏ចង់ដឹង » ។ គាត់ឈររេទៅរេមក ។ « ខ្ញុំជឿខុសពីឯង ប៉ុន្តែខ្ញុំគួរតែមានអាកប្បកិរិយាល្អជាងនោះ » ។
មេហ្គិន បានញញឹម ។ « អរគុណ ។ ព្រះវិហាររបស់ខ្ញុំពិតជាសំខាន់ណាស់ចំពោះខ្ញុំ ប៉ុន្តែវាមិនអីនោះទេ បើយើងជឿលើរឿងផ្សេងគ្នានោះ » ។
ថាច បាននិយាយថា « ខ្ញុំគិតថាយើងជាក្រុមសិក្សាដ៏ល្អមួយ ទោះបីជាយើងមានជំនឿផ្សេងគ្នាក្តី » ។
បេនណេត បានញញឹម ។ « ខ្ញុំក៏យល់ស្របដែរ ។ ហើយខ្ញុំគិតថា យើងនឹងធ្វើបានល្អសម្រាប់ការប្រលងនោះ » ។