២០២២
ទាយ​ទៅមើល​ថា​អ្នកណា​ស្រឡាញ់​លោកស្រី លោកស្រី ប៊ែងស៍!
ខែ កញ្ញា / ខែ តុលា ឆ្នាំ ២០២២


ទាយ​ទៅមើល​ថា​អ្នកណា​ស្រឡាញ់​លោកស្រី លោកស្រី ប៊ែងស៍ !

រឿងទាំងអស់​ចាប់ផ្តើម​ពី​ផ្កា​មួយ​ទង …

old lady sitting outside her yellow house, holding flowers

រ៉កស៊ី ចូលចិត្ត​មើល​ផ្ទះ​អ្នកជិតខាង​ទាំងអស់​របស់​នាង ពេល​នាង​ដើរ​មក​ផ្ទះ​ពី​សាលារៀន​វិញ ។ មាន​ផ្ទះ​មួយ​មាន​ឆ្កែ​មួយ​ក្បាល​ដែល​ព្រុស និង​លោត​ចុះ​លោត​ឡើងៗ​នៅ​មាត់​បង្អួច ។ ផ្ទះ​មួយ​ទៀត​មាន​សត្វ​ចាប​យំ​នៅ​លើ​ដើមឈើ ។

ហើយ​បន្ទាប់​មក​ដល់​ផ្ទះ​លោកស្រី ប៊ែងស៍ ។ លោកស្រី ប៊ែងស៍ ធ្លាប់​ជា​គ្រូ​របស់​នាង​នៅ​ថ្នាក់​ទី​បី ហើយ​លោកស្រី​គឺជា​គ្រូ​ដែល រ៉កស៊ី ចូលចិត្ត​ជាងគេ ។ រ៉កស៊ី តែងតែ​បក់ដៃ​ដាក់​លោកស្រី ប៊ែងស៍ នៅពេល​ដែល​នាង​ឃើញ​លោកស្រី​អង្គុញ​នៅលើ​កៅអី នៅ​រានហាល​ខាង​មុខផ្ទះ​របស់​គាត់ ។ លោកស្រី ប៊ែងស៍ តែងតែ​រួសរាយ​រាក់ទាក់ និង​សប្បាយ​រីករាយ​ជានិច្ច ។

ប៉ុន្តែ​ថ្ងៃ​នេះ​កៅអី​នៅរានហាល​មុខ​ផ្ទះ​គឺ​នៅ​ទំនេរ ។ ផ្ទះ​ហាក់​ដូចជា​ស្ងាត់​ជ្រងំ ។ សូម្បី​តែ​ឆ្មា​របស់​លោកស្រី ប៊ែងស៍ ឆេស្ទើរ​ក៏​បាត់ដែរ ។

រ៉កស៊ី បាន​ចាំ​ថា​ម្តាយ​របស់​នាង​បាន​និយាយ​ថា លោកស្រី ប៊ែងស៍​ឈឺ ។ លោកស្រី​បាន​ទៅ​មន្ទីរ​ពេទ្យ​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ព្យាបាល ។ រ៉កស៊ី មាន​អារម្មណ៏​សោកសៅ ។ នាង​ចង់​ធ្វើ​អ្វី​មួយ​ពិសេស​សម្រាប់​លោកស្រី ប៊ែងស៍ ។ ប៉ុន្តែ​ធ្វើ​អ្វី​ទៅ ?

រ៉កស៊ី បាន​សម្លឹង​មើល​ទៅ​សត្វឃ្មុំ​ហើរ​ពី​ផ្កា​មួយ​ទៅ​ផ្កា​មួយទៀត ។ បន្ទាប់មក​នាង​បាន​មាន​គំនិត​មួយ !

រ៉កស៊ី បាន​រត់​ទៅ​ផ្ទះ ហើយ​បាន​បេះ​ផ្កា​កុលាប​មួយ​ទង​ពី​សួនច្បារ​របស់​នាង ។ នាង​បាន​ត្រឡប់​ទៅ​ផ្ទះ​លោកស្រី ប៊ែងស៍​វិញ ហើយ​បាន​ដាក់​ផ្កា​នោះ​នៅ​រានហាល​ខាង​មុខផ្ទះ ។

ថ្ងៃ​បន្ទាប់ រ៉កស៊ី ដាក់​ផ្កា​ឈូករ័ត្ន​នៅលើ​កៅអី​របស់​លោកស្រី​ប៊ែងស៍ ។ ហើយ​ថ្ងៃ​បន្ទាប់​ពី​នោះ​ទៀត នាង​ដាក់​ផ្កា​ដេហ្ស៊ី​នៅ​ក្បែរ​ទ្វារ​ខាងមុខ​ផ្ទះ​របស់​គាត់ ។ រ៉កស៊ី បានដាក់​ផ្កា​មួយ​ទង​ឲ្យ​លោកស្រី ប៊ែងស៍ ជា​រៀងរាល់​ថ្ងៃ​អស់​រយៈពេល​ពីរ​សបា្តហ៏ ។ នាង​បាន​ប្រុងប្រយ័ត្ន​ដោយ​មិន​ឲ្យ​អ្នកណា​ឃើញ​ទេ ។

girl hiding behind tree

ថ្ងៃ​មួយ​នៅតាម​ផ្លូវ​ទៅ​ផ្ទះ រ៉កស៊ី បាន​ឃើញ​លោកស្រី ប៊ែងស៍ កំពុង​អង្គុយ​នៅលើ​រានហាល​ខាងមុខ ។ លោកស្រី​កំពុង​កាន់​ផ្កា​មួយ​ចំនួន​នៅក្នុង​ដៃ ។

លោកស្រី ប៊ែងស៍ បាន​និយាយ​ថា « រ៉កស៊ី មើល​ផ្កា​ខ្ញុំ​នែ៎ ស្អាតៗ​ណាស់ ។ មាន​អ្នកណា​ម្នាក់​បាន​ដាក់​ផ្កា​ទាំង​នោះ​ឲ្យ​ខ្ញុំ ។ រៀងរាល់​ថ្ងៃ​មាន​ផ្កា​ថ្មី​នៅ​រង់ចាំ​ខ្ញុំ ពេល​ខ្ញុំ​ត្រឡប់​ពី​ពេទ្យ​មក​ផ្ទះ​វិញ » ។

រ៉កស៊ី បាន​ញញឹម ។ « តើ​ប្អូន​ដឹង​ថា​អ្នកណា​ទេ ?

លោកស្រី ប៊ែងស៍ ក៏បាន​ញញឹម​ត្រឡប់​ទៅវិញ ។ « ជា​អ្នកណា​ក៏ដោយ ខ្ញុំ​ចង់​អរគុណ​ដល់​ពួកគេ » ។

រ៉កស៊ី បាន​និយាយ​ថា « វា​ប្រហែលជា​អ្នក​ដែល​ស្រឡាញ់​លោកស្រី​ហើយ ! »

លោកស្រី ប៊ែងស៍ បាន​តប​ថា « អ៊ីចឹង ខ្ញុំ​រង់ចាំ​ទទួល​ផ្កា​ថ្មី​មួយ​រៀងរាល់​ថ្ងៃ​ហើយ ។ ផ្កា​ដំបូង​គឺ​នៅលើ​រានហាល​របស់​ខ្ញុំ » ។

រ៉កស៊ី បានសួរ​ថា « តើ​លោកស្រី​គិត​ថា ឆ្មា​របស់​លោកស្រី​ទុក​វា​នៅទី​នោះឬ ? »

« ឆេស្ទើរ​ចូលចិត្ត​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ណាស់ ប៉ុន្តែ​វា​មិន​ដែល​ទុក​ផ្កា​ឲ្យ​នោះទេ » ។ លោកស្រី​ប៊ែងស៍ បាន​សើច ។ « ចុះ​ផ្កា​នៅលើ​កៅអី​របស់​ខ្ញុំ​វិញ ? »

« ឆ្កែ​នៅ​ផ្លូវ​ខាងមុខ​មែន ? » រ៉កស៊ី បាន​ញញឹម​កាន់តែ​ស្រស់​ឡើង ។

« ហើយ​នៅ​ខាង​មុខ​ទ្វារ​របស់​ខ្ញុំ​ទៀត ? »

« កំប្រុក​ឬ ? »

លោកស្រី ប៊ែងស៍ និយាយ​ទាំង​សើច​ថា « លោក​អើយ ខ្ញុំ​ស្មាន​មិន​ដល់ថា មាន​សត្វ​ជាច្រើន​ចូលចិត្ត​ខ្ញុំ​សោះ ! ប៉ុន្តែ​ផ្កា​ទាំងនេះ​ពិតជា​បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៏​ថា ខ្ញុំ​សំខាន់​ណាស់ » ។

រ៉កស៊ី សប្បាយ​ស្ទើរតែ​ទប់មិន​បាន ។ នាង​រីករាយ​ដែល​នាង​ជួយ​ធ្វើ​ឲ្យ​លោកស្រី ប៊ែងស៍ ញញឹម​ម្តងទៀត ។

រចនា​រូបភាព​ដោយ Adobe Stock