« ប៉មនៃសេចក្តីជំនឿ » ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៣ ទំព័រ ១០–១១ ។
ប៉មនៃសេចក្តីជំនឿ
ដាស្សានែលចង់ឲ្យសេចក្ដីជំនឿរបស់នាងទៅលើព្រះគ្រីស្ទខ្ពង់ខ្ពស់ ហើយរឹងមាំ ។
ដំណើររឿងនេះកើតឡើងនៅប្រទេសហ្សាម៉ាអ៊ីក ។
ដាស្សានែលបានជួយបងប្រុសនាងយកនំប៉័ងគ្រាប់ធញ្ញជាតិចេញពីចង្ក្រានដុតនំ ។ វាឈ្ងុយខ្លាំងណាស់ !
បន្ទាប់មក នាងឮសំឡេងគោះទ្វារ ។ បងស្រីនាងបានស្រែកថា « ពួកអ្នកផ្សព្វផ្សាយសាសនាមកដល់ហើយ » ។
ដាស្សានែលបានរត់ទៅបើកទ្វារ ។ នាងចូលចិត្តនៅពេលពួកអ្នកផ្សព្វផ្សាយសាសនាមកលេង ។ នាងតែងតែមានអារម្មណ៍ល្អនៅពេលពួកគាត់បានមកសួរសុខទុក្ខ ។ ពេលខ្លះ ពួកគាត់បានយកហ្គេមសម្រាប់លេងឲ្យនាង និងបងប្អូនបង្កើតនាង ។
ដាស្សានែលបាននិយាយថា « ថាយរែលបានធ្វើនំប៉័ងធញ្ញជាតិទៀតហើយ ! » បងប្រុសរបស់នាងចូលចិត្តធ្វើម្ហូបសម្រាប់ពួកអ្នកផ្សព្វផ្សាយសាសនា ។
អែលឌើរកូឡាសបាននិយាយថា « ខ្ញុំចង់សាកម្ហូបនឹងណាស់ » ។ គាត់ និងអែលឌើរយូសាគី បានចូលក្នុងផ្ទះ ហើយអង្គុយនៅលើកម្រាលឥដ្ឋ ។ ដាស្សានែល បងប្រុសរបស់នាង និងបងស្រី រួមទាំងម៉ាក់ បានអង្គុយទល់មុខពួកគាត់ ។
ដាស្សានែលបានសួរ « តើយើងនឹងធ្វើអ្វីសម្រាប់មេរៀនថ្ងៃនេះ ? » ។
អែលឌើរយូសាគីបានទាញពែងក្រដាសមួយដុំចេញមក ។ « យើងនឹងសង់ប៉មនៃសេចក្ដីជំនឿ ។ ពែងក្រដាសនីមួយៗទាំងនេះតំណាងឲ្យអ្វីដែលយើងអាចធ្វើ ដើម្បីស្ថាបនាសេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ » ។
អែលឌើរយូសាគីបានចាប់ផ្ដើមតម្រួតពែងទៅជាប៉មមួយ ។ ដាស្សានែលបានឃើញថាពែងទាំងនោះមានពាក្យដូចជា « អធិស្ឋាន » «ការសិក្សាព្រះគម្ពីរ » និង « ព្រះវិហារ » សរសេរលើវា ។
នាងបាននិយាយថា « ទាំងអស់នេះជាអ្វីដែលអែលឌើរបានសុំឲ្យពួកយើងធ្វើជាគ្រួសារ » ។
អែលឌើរ កូឡាស បាននិយាយថា « ត្រឹមត្រូវហើយ » ។ « នៅពេលបងប្អូនធ្វើរឿងទាំងនេះ បងប្អូនកំពុងតែសង់សេចក្ដីជំនឿរបស់បងប្អូនលើព្រះយេស៊ូវគ្រីស្ទហើយ » ។
ដាស្សានែល និងបងប្អូនរបស់នាងឆ្លាស់វេនគ្នាសង់ប៉មផ្ទាល់ខ្លួនរបស់ពួកគេជាមួយនឹងពែងទាំងនោះ អំឡុងពេលដែលពួកគេស្តាប់មេរៀន ។
បន្ទាប់ពីពួកអ្នកផ្សព្វផ្សាយសាសនាបានចេញទៅ ដាស្សានែលបានគិតពីអ្វីដែលពួកគាត់បានបង្រៀន ។ នាងចង់ឲ្យសេចក្ដីជំនឿរបស់នាងទៅលើព្រះគ្រីស្ទខ្ពស់ ហើយរឹងមាំដូចប៉មដែលនាងបានសង់នោះដែរ ។
ជាច្រើនខែកន្លងមក ដាស្សានែលបានរៀនច្រើនទៅៗពីដំណឹងល្អពីពួកអ្នកផ្សព្វផ្សាយសាសនា ។ នាងបន្តទៅព្រះវិហារជាមួយគ្រួសាររបស់នាង ។ នាងស្រមៃឃើញប៉មនៃសេចក្ដីជំនឿរបស់នាងខ្ពស់ទៅៗ ។
ថ្ងៃមួយបន្ទាប់ពីពួកអ្នកផ្សព្វផ្សាយសាសនាបានចាកចេញទៅ ដាស្សានែលបាននិយាយជាមួយម៉ាក់ ។ នាងបានសួរ « តើខ្ញុំអាចជ្រមុជទឹកបានទេ ? » ។
ម៉ាក់បានសួរ ថា « តើកូនប្រាកដទេ ថាកូនត្រៀមខ្លួនរួចហើយ ? » ។
ដាស្សានែល បានឆ្លើយថា « ចាស » ។ « ខ្ញុំចង់ធ្វើតាមព្រះយេស៊ូវ » ។
ម៉ាក់បានឆ្លើយថា « យល់ព្រម » ។ « បើកូនចង់ កូនអាចជ្រមុជទឹកបាន » ។
បងប្រុស និងបងស្រីរបស់ដាស្សានែលក៏បានជ្រើសរើសទទួលពិធីបុណ្យជ្រមុជទឹកផងដែរ ។ ម៉ាក់បាននិយាយថាគាត់មានអារម្មណ៍ថាមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីទទួលពិធីបុណ្យជ្រមុជទឹកនៅឡើយទេ ។
នៅថ្ងៃនៃពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ដាស្សានែល និងបងប្អូនរបស់នាងស្លៀកសម្លៀកបំពាក់ពណ៌ស ។ ពួកគេម្នាក់ៗរង់ចាំយ៉ាងអត់ធ្មត់ដើម្បីទទួលពិធីបុណ្យជ្រមុជទឹក ។
នៅពេលដល់វេនរបស់ដាស្សានែល អែលឌើរយូសាគីបានជួយនាងចុះក្នុងទឹក ។ បន្ទាប់មក គាត់បានពោលពាក្យអធិស្ឋាននៃពិធីបុណ្យជ្រមុជទឹក ហើយបន្ទាបនាងចុះទៅក្នុងទឹក ។ នៅពេលដាស្សានែលងើបឡើងវិញ នាងញញឹមមិនឈប់សោះ ! នាងមានអារម្មណ៍រីករាយ ហើយជ្រះថ្លា ។ នាងមិនចង់បំភ្លេចអារម្មណ៍នេះឡើយ ។
ដាស្សានែលបន្តធ្វើរឿងដែលសង់សេចក្តីជំនឿរបស់នាងលើព្រះយេស៊ូវគ្រីស្ទ ។ នាងបានអានព្រះគម្ពីរជាមួយគ្រួសាររបស់នាង ។ នាងបានអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ។ នាងបានធ្វើអំពើល្អសម្រាប់អ្នកដទៃទៀត ។ ហើយនាងបានចងចាំពីអារម្មណ៍ដែលនាងមាននៅពេលនាងបានទទួលពិធីបុណ្យជ្រមុជទឹក ។ នាងចង់ឲ្យម៉ាក់មានអារម្មណ៍បែបនោះដែរ ។
ថ្ងៃមួយដាស្សានែលបានសួរទៅម្តាយនាងថា « ម៉ាក់ ហេតុអ្វីម៉ាក់អត់ទទួលបុណ្យជ្រមុជទឹក ? » ។
ម៉ាក់បាននៅស្ងៀមមួយសម្ទុះ ។ ម៉ាក់បានតបថា « កូនបានធ្វើជាគំរូល្អដល់ម៉ាក់ ។ ឥឡូវម៉ាក់ត្រូវតែធ្វើជាគំរូដល់កូន » ។ « ម៉ាក់ចង់ធ្វើពិធីបុណ្យជ្រមុជទឹកដែរ » ។
នៅថ្ងៃពិធីបុណ្យជ្រមុជទឹករបស់ម៉ាក់ ដាស្សានែលសប្បាយចិត្តណាស់ ។ នៅពេលម៉ាក់ងើបឡើងពីទឹកវិញ ទាំងអស់គ្នាបានញញឹម ។ ឥឡូវគ្រួសាររបស់ដាស្សានែលទាំងមូលអាចសង់ប៉មនៃសេចក្ដីជំនឿរបស់ពួកគេជាមួយគ្នាហើយ ។