ឆ្នាំ ២០២៣
វា​បាន​ចាប់ផ្តើម​នៅលើ​ទីលាន​កីឡា​បេស្បល !
ខែ កក្កដា ឆ្នាំ ២០២៣


« វា​បាន​ចាប់ផ្តើម​នៅលើ​ទីលាន​កីឡា​បេស្បល » ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៣ ទំព័រ ៣២ ។

មិត្ត​ទៅ​កាន់​មិត្ត

វា​បាន​ចាប់ផ្តើម​នៅលើ​ទីលាន​កីឡា​បេស្បល !

ដកស្រង់​មកពី​ការសម្ភាសមួយ​ជាមួយ​លូស៊ី​ស្ទីវ៉ែនសុន អេវែល ។

Alt text

រចនា​រូបភាព​ដោយ ប្រាយអិន ម៉ៃខល វីវើរ

នៅពេល​ខ្ញុំ​អាយុ ១៣ ឆ្នាំ ខ្ញុំ​បាន​លេង​ក្នុង​ក្រុមកីឡា​បេស្បល​ជាមួយ​មិត្តភក្តិ​មួយចំនួន ។ ខ្ញុំ​មិនមែន​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ទេ ប៉ុន្តែ​មិត្ត​រួមក្រុម​របស់​ខ្ញុំ​ពីរនាក់​ជា​សមាជិក ។ ពួកគេ​ជា​កូនភ្លោះ ។ ពួកគេ​មាន​ឈ្មោះ​ថា រ៉ប់ និង​ឡេន ។

ថ្ងៃមួយ​នៅពេល​ហ្វឹកហាត់ ពួកគេ​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ចូលរួម​រាត្រី​ជួបជុំ​ក្រុម គ្រួសារ​របស់​ពួកគេ ។ កាលនោះ​ខ្ញុំ​មិន​ដឹង​ថា​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ​ជាអ្វី​ទេ ដូច្នេះ​ខ្ញុំ​បាន​សួរ​ពី​រឿង​នោះ ។ ពួកគេ​បាន​ប្រាប់ខ្ញុំ​ថា យើង​នឹងរៀន​អំពី​រឿង​ក្នុង​ព្រះវិហារ ហើយ​ច្រៀង​ចម្រៀង ។ ខ្ញុំ​មិន​សូវ​ចាប់​អារម្មណ៍​អំពី​រឿង​នោះ​ទេ ។ ប៉ុន្តែ​ពួកគេ​សន្យា​ថា​នឹង​មាន​បង្អែម ដូច្នេះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ទៅ ។

គ្រួសារ​ខ្ញុំ​បាន​ទៅ​ផ្ទះ​ពួកគេ​នៅ​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ ។ ខ្ញុំ​មាន​អារម្មណ៍ថា​មាន​អ្វីប្លែក ។ ខ្ញុំ​មិន​ដឹងថា​វា​ជាអ្វី​ទេ ប៉ុន្តែ​វាមាន​អារម្មណ៍​ថា​ធ្លាប់​ស្គាល់ ។ វា​ជា​អារម្មណ៍​ល្អ ។ ម៉ាក់ខ្ញុំ​ក៏​មានអារម្មណ៍​ដូច្នោះ​ដែរ ។

កាលនោះ ខ្ញុំ​មិន​បាន​ដឹង​ថា ម៉ាក់​របស់​ខ្ញុំ​ជា​សមាជិក​នៃ​សាសនាចក្រ​នោះ​ទេ ។ គាត់​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​កាល​នៅជា​យុវនារី។ ប៉ុន្តែ​គាត់​ស្ទើរតែ​មិនដែល​ទៅ​ព្រះវិហារទេ ។

បន្ទាប់ពី​យប់​នោះ​មក ម៉ាក់​ខ្ញុំ​បាន​ចាប់ផ្ដើម​ទៅ​ព្រះវិហារ​ម្ដង​ទៀត ។ ខ្ញុំ​បានទៅ​ជាមួយ​គាត់​ដើម្បី​ស្វែងយល់​បន្ថែម​ទៀត ។ ប៉ុន្មាន​ខែ​ក្រោយមក ខ្ញុំ​បានទទួល​បុណ្យជ្រមុជទឹក​ដោយ​ប៉ា​របស់ រ៉ប់ និង​ឡេន ។

ខ្ញុំ​មាន​អំណរគុណ​យ៉ាងខ្លាំង​ដែល​រ៉ប់ និង​ឡេន យកចិត្ត​ទុកដាក់​ចំពោះ​ខ្ញុំ​គ្រប់គ្រាន់​ដើម្បី​ចែកចាយ​ដំណឹង​ល្អ ។ ថ្ងៃនេះ ខ្ញុំ​មាន​ពរជ័យ​ដែល​មាន​គ្រួសារ​ដ៏​អស់កល្ប​មួយ ។ ហើយ​រឿង​ទាំងអស់​បាន​ចាប់ផ្តើម​នៅលើ​ទីលាន​កីឡា​បេស្បល !

ដូចរ៉ប់ និង​ឡេន​ដែរ គឺ អ្នក​មាន​ឥទ្ធិពល​ខ្លាំងលើ​អ្នកដទៃ ។ អ្នក​អាច​ធ្វើ​ឲ្យ​មានភាព​ខុសប្លែក​គ្នា​នៅ​ក្នុង​គ្រួសារ​របស់​អ្នក ។ អ្នក​អាច​ចែកចាយ​ដំណឹងល្អ​ជាមួយ​មិត្តភក្តិ​របស់​អ្នក​បាន ។