« សេចក្ដីក្លាហានមកពីព្រះវិញ្ញាណបរិសុទ្ធ » ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៣ ទំព័រ ២៩ ។
សំណេរដោយអ្នក
សេចក្ដីក្លាហានមកពីព្រះវិញ្ញាណបរិសុទ្ធ
កាលខ្ញុំនៅក្មេង គ្រូពេទ្យបានប្រាប់ឪពុកម្ដាយរបស់ខ្ញុំថា ខ្ញុំមានជំងឺភ័យខ្លាចក្នុងការនិយាយទៅកាន់អ្នកដទៃ ។ នោះជាជំងឺថប់បារម្ភដែលធ្វើឲ្យពិបាកនិយាយទៅកាន់អ្នកដទៃ ។ ខ្ញុំអាចនិយាយតែជាមួយសមាជិកក្រុមគ្រួសារជិតដិតរបស់ខ្ញុំប៉ុណ្ណោះ ។
ខ្ញុំមានអារម្មណ៍ខ្វល់ខ្វាយគ្រប់ពេលវេលា ជាពិសេសប្រសិនបើនរណាម្នាក់និយាយមកកាន់ខ្ញុំ ។ ការអធិស្ឋានតែងតែធ្វើឲ្យខ្ញុំមានអារម្មណ៍ធូរស្រាល ហើយឲ្យខ្ញុំស្ងប់ចិត្ត ។ ខ្ញុំក៏បានជួបអ្នកប្រឹក្សាម្នាក់នៅសាលាដើម្បីសុំជំនួយផងដែរ ។ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំមិនបានប្រសើរឡើងទាល់តែសោះ ។ ខ្ញុំស្ទើរតែមានអារម្មណ៍ថាចង់បោះបង់ ប៉ុន្តែខ្ញុំនៅតែបន្តមានជំនឿ ។
ខួបកំណើតទីប្រាំបីរបស់ខ្ញុំបានមកដល់ហើយ ។ ឪពុកម្ដាយរបស់ខ្ញុំបានជំរុញខ្ញុំឲ្យអានព្រះគម្ពីរមរមន ហើយអធិស្ឋាន ដើម្បីជួយខ្ញុំក្នុងការសម្រេចចិត្តថាត្រូវទទួលបុណ្យជ្រមុជទឹកឬអត់ ។ ជារៀងរាល់យប់ខ្ញុំបានអធិស្ឋានសួរថា តើខ្ញុំគួរទទួលពិធីបុណ្យជ្រមុជទឹកឬទេ ? ខ្ញុំតែងតែទទួលបានចម្លើយដូចគ្នា—អារម្មណ៍កក់ក្ដៅ និងស្ងប់ស្ងាត់ក្នុងចិត្តខ្ញុំ ។ ខ្ញុំដឹងថាព្រះវិញ្ញាណបរិសុទ្ធកំពុងប្រាប់ខ្ញុំថា ពិធីបុណ្យជ្រមុជទឹកគឺជាជម្រើសដ៏ត្រឹមត្រូវ ។
នៅពេលខ្ញុំបានប្រទានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធបន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ ខ្ញុំបានឮពាក្យនៃក្តីសង្ឃឹម សេចក្តីស្រឡាញ់ និង ការលើកទឹកចិត្ត ។ ខ្ញុំបានដឹងថា ព្រះវិញ្ញាណបរិសុទ្ធនឹងសម្រាលទុក្ខខ្ញុំ ហើយផ្តល់ភាពក្លាហានដល់ខ្ញុំ ។
ខ្ញុំបានសម្រេចចិត្តព្យាយាមនិយាយទៅកាន់មិត្តល្អបំផុតរបស់ខ្ញុំ ឆាលី ។ ខ្ញុំបានព្យាយាមពេញមួយសប្តាហ៍ ប៉ុន្តែវាពិបាកណាស់ ។ ប៉ុន្តែថ្ងៃមួយ ឆាលី និងខ្ញុំនៅម្នាក់ឯងក្នុងសួនច្បារសាលារៀន ។ ខ្ញុំបាននិយាយការអធិស្ឋានស្ងាត់មួយនៅក្នុងគំនិតរបស់ខ្ញុំ ។ ព្រះវរបិតាសួគ៌ សូមជួយខ្ញុំនិយាយយ៉ាងហោចណាស់មួយពាក្យផង ។
បន្ទាប់មក ខ្ញុំបើកមាត់ខ្ញុំនិយាយថា « ហេ ឆាលី ! » គាត់ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ !
បន្ទាប់ពីថ្ងៃនោះមក វាកាន់តែងាយស្រួលក្នុងការសម្រេចគោលដៅនានាបន្ថែមទៀត ។ មិនយូរប៉ុន្មាន ខ្ញុំបាននិយាយជាមួយមនុស្សគ្រប់គ្នា ! ខ្ញុំមានអំណរគុណដែលព្រះវិញ្ញាណបរិសុទ្ធបានប្រទានដល់ខ្ញុំនូវភាពក្លាហានដើម្បីនិយាយទៅកាន់ឆាលី ។