« ការសម្អាតសួនច្បារ » ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៣ ទំព័រ ៤–៥ ។
ការសម្អាតសួនច្បារ
« តើនរណាដែលយើងអាចអញ្ជើញឲ្យជួយយើងបាន ? »
រឿងនេះបានកើតឡើងនៅក្នុងប្រទេសអង់គ្លេស ។
យ៉ូណាសបានញ៉ាំម្ហូបមួយម៉ាត់ចុងក្រោយ ហើយញញឹម ។ អាហារពេលល្ងាចតែងតែសប្បាយជាងមុននៅពេលពួកអ្នកផ្សព្វផ្សាយសាសនាមកចូលរួម ។
ស៊ីស្ទើរ ខេល បាននិយាយថា « យើងចង់ចែកចាយសារលិខិតមួយជាមួយបងប្អូនអំពីការបម្រើ » ។ « ហេតុអ្វីការបម្រើអ្នកដទៃជារឿងសំខាន់ ? »
ប្អូនស្រីរបស់យ៉ូណាស អេលីហ្សាបាននិយាយ « ពីព្រោះវាធ្វើឲ្យព្រះយេស៊ូវគ្រីស្ទសប្បាយព្រះទ័យ ! » ។
« ប្អូននិយាយត្រូវហើយ ! វាធ្វើឲ្យទ្រង់សប្បាយព្រះទ័យខ្លាំងណាស់ ។ ហើយនៅពេលយើងជួយដល់អ្នកដទៃទៀត វាធ្វើឲ្យយើងរីករាយផងដែរ » ស៊ីស្ទើរ គ្រីស្ទីនសិន បាននិយាយ ។ « តើប្អូនស្គាល់នរណាម្នាក់ដែលត្រូវការជំនួយដែរឬទេ ? »
យ៉ូណាស បានគិតមួយសន្ទុះ ។ « ខ្ញុំនឹកមិនឃើញពីអ្នកណាម្នាក់ទេ ប៉ុន្តែសួនច្បារនៅសាលារបស់យើងអាចត្រូវការជំនួយខ្លះ » ។
ម៉ាក់បានឆ្លើយថា « យោបល់ល្អកូន » ។
សាលារៀនរបស់យ៉ូណាសមានសួនច្បារមួយដែលពួកគេអាចធ្វើសកម្មភាពនៅខាងក្រៅបាន ។ តែគ្មាននរណាម្នាក់ថែទាំសួនច្បារនោះយូរហើយ ។ គុម្ពផ្កាដុះច្រូងច្រាងពេញ ។ ស្មៅក៏ដុះច្រើនដែរ ។
ស៊ីស្ទើរ ខេល បាននិយាយថា « យើងចង់ជួយប្អូនក្នុងការងារនោះ ! » ។ « តើនរណាដែលយើងអាចអញ្ជើញឲ្យជួយសម្អាតសួនច្បារជាមួយយើងបាន ? »
បងប្រុសរបស់យ៉ូនណាស យ៉ាកុបបាននិយាយ « បងប្អូនជីដូនមួយរបស់យើង ! » ។
« រួមទាំងថ្នាក់កុមាររបស់យើងផងដែរ » យ៉ូណាសបាននិយាយ ។
នៅថ្ងៃបន្ទាប់ ម៉ាក់បាននិយាយជាមួយនរណាម្នាក់ដែលនៅសាលាដើម្បីសុំការអនុញ្ញាត ។ ពួកគាត់រើសថ្ងៃដើម្បីសម្អាតសួនច្បារ ។ បន្ទាប់មកម៉ាក់បានជួយយ៉ូណាស និងបងប្អូនគាត់ទូរសព្ទទៅបងប្អូនជីដូនមួយរបស់ពួកគេ និងថ្នាក់កុមារផងដែរ ។
ពីរបីសប្ដាហ៍ក្រោយមក យ៉ូណាស និងគ្រួសាររបស់គាត់បានជួបពួកអ្នកផ្សព្វផ្សាយសាសនានៅសាលារៀន ។ បងប្អូនជីដូនមួយរបស់ពួកគេ រួមទាំងមិត្តភក្តិក្នុងថ្នាក់កុមារក៏នៅទីនោះដែរ ។ វាដល់ពេលធ្វើការហើយ !
យ៉ូណាសពាក់ស្រោមដៃថែសួនជ័រដ៏ធំមួយគូ ។ « ម៉ាក់ មើលនេះ ។ ដៃខ្ញុំឡើងធំ ! »
ម៉ាក់បានសើច ។ « កូនអាចប្រើដៃធំៗនោះជួយកាត់គុម្ពផ្កាទាំងនេះបាន » ។
គាត់បានហុចកន្ត្រៃកាត់ស្មៅមួយឲ្យទៅយ៉ូណាស ដែលមើលទៅដូចកន្ត្រៃយក្សអញ្ចឹង ។ បន្ទាប់មកគាត់បានជួយយ៉ូណាសកាត់មែកងាប់ៗចេញ ។
« វាសប្បាយតើ » យ៉ូណាសនិយាយ ។
អំឡុងពេលដែលយ៉ូណាសកំពុងកាត់គុម្ពផ្កា អេលីហ្សាបានជួយជីកជុំវិញសួនច្បារ ។ យ៉ាកុបបានជួយប៉ាធ្វើផ្ទះចាបថ្មីមួយ ។ អ្នកផ្សេងទៀតដកស្មៅ ហើយប្រមូលមែកឈើតូចៗ ។ ពួកគេដាក់វាក្នុងថង់ផ្លាស្ទិចពណ៌ខៀវធំមួយ ។ សូម្បីតែប្អូនប្រុសពៅរបស់យ៉ូណាស អ៊ីហ្ស្រាក៏បានជួយរើសដុំថ្មដែរ ។
មិនយូរប៉ុន្មានសួនច្បារបានសម្អាតស្អាត ។ យ៉ូណាសបានរាប់បាវសម្រាមដែលពេញទាំងនោះ ។ « មាន ១៣ បាវ ! » គាត់បាននិយាយ ។ « យើងបានសម្អាតសម្រាមច្រើនណាស់ » ។
ស៊ីស្ទើរ គ្រីស្ទីនសិនបានញញឹម ។ « ឥឡូវយើងត្រូវការអ្នកទាំងអស់ដែលមានសាច់ដុំធំៗជួយយើងលើកបាវទាំងនេះទៅឡាន » ។
យ៉ូណាស យ៉ាកុប រួមទាំងអេលីហ្សាម្នាក់ៗបានកាន់បាវម្នាក់មួយ ។ យ៉ូណាសមានអារម្មណ៍រីករាយដែលបានលើកបាវចុងក្រោយបង្អស់ដាក់ឡាន ។ ការជួយពួកអ្នកផ្សព្វផ្សាយសាសនាសប្បាយណាស់ ។ គាត់ក៏ចង់ធ្វើជាអ្នកផ្សព្វផ្សាយសាសនានៅថ្ងៃណាមួយផងដែរ ។ ទម្រាំពេលនោះមកដល់ មានវិធីជាច្រើនដែលគាត់អាចបម្រើ ។ គាត់អន្ទះសាយ៉ាងខ្លាំងពេលគិតដល់គម្រោងបន្ទាប់របស់គាត់ !