« បេនយ៉ាមីននិយាយអំពីពង្សប្រវត្តិ » ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៣ ទំព័រ ៣៦–៣៧ ។
បេនយ៉ាមីន និយាយអំពីពង្សប្រវត្តិ
បេនយ៉ាមីនមកពីទីក្រុង ប៊ុយណូហ្សែ ប្រទេស អាហ្សង់ទីន ។ យើងបានសួរគាត់នូវសំណួរខ្លះៗអំពីពង្សប្រវត្តិ ។
តើប្អូនចាប់ផ្ដើមធ្វើពង្សប្រវត្តិដោយរបៀបណា ?
ខ្ញុំបានចាប់ផ្តើមធ្វើពង្សប្រវត្តិ ជាមួយប៉ារបស់ខ្ញុំ ។ យើងបានធ្វើវាជាមួយគ្នារៀងរាល់ថ្ងៃអាទិត្យ ។ ប៉ារបស់ខ្ញុំបានជួយខ្ញុំរៀនពីរបៀបប្រើកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ។ ខ្ញុំត្រូវតែអនុវត្តហើយអនុវត្តទៀត ។ ឥឡូវខ្ញុំធ្វើពង្សប្រវត្តិជាមួយប៉ារបស់ខ្ញុំ ឬប្អូនជីដូនមួយខ្ញុំ ចាស៊្មីណា ។
តើប្អូនចូលចិត្តអ្វីខ្លាំងបំផុតអំពីពង្សប្រវត្តិ ?
ខ្ញុំចូលចិត្តរកមនុស្សថ្មីៗដើម្បីបន្ថែមទៅក្នុងមែកធាងគ្រួសាររបស់ខ្ញុំ ។ ពីដំបូង ខ្ញុំរកកំណត់ត្រាចាស់ៗ ។ បន្ទាប់មក ខ្ញុំរកឈ្មោះបុព្វការីជនរបស់ខ្ញុំ ។ ខ្ញុំរកថ្ងៃខែឆ្នាំកំណើតរបស់ពួកលោក និងកន្លែងដែលពួកលោកបានកើត ។ ខ្ញុំរកកន្លែងផ្សេងៗទៀតដែលពួកលោកបានរស់នៅផងដែរ ។
តើប្អូនបានរៀនអ្វីខ្លះអំពីបុព្វការីជនរបស់ប្អូន ?
ខ្ញុំបានរៀនថាខ្ញុំមានបុព្វការីជនមកពីប្រទេសអ៊ីតាលី និងប្រទេសអាល្លឺម៉ង់ ។ បុព្វការីជនរបស់ខ្ញុំមួយរូបមកពីប្រទេសអ៊ីតាលីមានឈ្មោះដូចប្អូនប្រុសខ្ញុំអ៊ីចឹង ! ឈ្មោះរបស់ប្អូនប្រុសខ្ញុំគឺ « សាន់ត្យាហ្គោ » ដែលត្រូវនឹង « ហ្គីកូម៉ូ » ជាភាសាអ៊ីតាលី ។ ខ្ញុំក៏បានរៀនដែរថា ឈ្មោះត្រកូលរបស់យើងធ្លាប់ប្រកបខុសពីនេះ ។
តើប្អូនជួយអ្នកដទៃធ្វើពង្សប្រវត្តិដោយរបៀបណា ?
ខ្ញុំជួយយាយរបស់ខ្ញុំប្រើកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ។ ខ្ញុំបង្រៀនគាត់ពីរបៀបបន្ថែមកម្រងអនុស្សាវរីយ៍ ។ ខ្ញុំក៏បានជួយគាត់បន្ថែមមនុស្សដែលបាត់ ទៅក្នុងមែកធាងគ្រួសាររបស់គាត់ផងដែរ ។ សាច់ញាតិរបស់គាត់មួយចំនួនមានឈ្មោះច្រើនណាស់ ! វាត្រូវចំណាយពេលយូរដើម្បីដាក់ឈ្មោះទាំងអស់នោះចូល ។ ប៉ុន្ដែ ខ្ញុំពិតជារីករាយណាស់ ដែលខ្ញុំអាចជួយគាត់រៀនប្រើកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ដូចប៉ាខ្ញុំបានជួយខ្ញុំដែរ ។
តើគម្រោងពង្សប្រវត្តិអ្វីដែលប្អូនចង់ធ្វើបន្ទាប់ ?
ខ្ញុំចង់ធ្វើវីដេអូសម្រាប់គ្រួសារ និងមិត្តភក្តិរបស់ខ្ញុំ ដើម្បីជួយពួកគេរៀនពីរបៀបប្រើកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ។ ពេលខ្ញុំចាប់ផ្តើមធ្វើ ខ្ញុំបានរៀនច្រើនណាស់ ។ ខ្ញុំចង់បង្រៀនអ្នកដទៃទៀត ដើម្បីពួកគេអាចធ្វើដូច្នេះដែរ ។