« ប៉ាដ៏អស្ចារ្យរបស់មេកណូលៀ » ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៣ ទំព័រ ៤០–៤១ ។
ប៉ាដ៏អស្ចារ្យរបស់មេកណូលៀ
« ក្មេងមួយចំនួនបាននិយាយថា យើងមិនមែនជាគ្រួសារល្អទេ ដោយសារប៉ាមិនមែនជាសមាជិករបស់ព្រះវិហារយើង » ។
ដំណើររឿងនេះបានកើតឡើងនៅ ស.រ.អា. ។
ប៉ាបានហៅ « មេកណូលៀ ! លីលី ! » ។ « ដល់ពេលអានព្រះគម្ពីរ ហើយអធិស្ឋានហើយ ! »
មេកណូលៀអង្គុយចុះលើកម្រាលឥដ្ឋជិតឆ្កែរបស់ពួកគេឈ្មោះរេនដ្រប់ ។ លីលីបានគ្រលំភួយដែលនាងចូលចិត្ត ។
ពេលអានព្រះគម្ពីរជាគ្រួសារគឺសប្បាយណាស់ ។ ពេលខ្លះ ពួកគេបានធ្វើតម្រាប់តាមដំណើររឿងក្នុងព្រះគម្ពីរទាំងអស់គ្នា ។ វាបានជួយមេកណូលៀស្រមៃឃើញពីដំណើររឿង ។ លើសពីនោះទៅទៀត រេនដ្រប់តែងតែជួយនៅពេលមានសត្វនៅក្នុងដំណើររឿង !
ប៉ាបានបើកព្រះគម្ពីរ ហើយអានមួយខ ។ បន្ទាប់មក គាត់បានហុចព្រះគម្ពីរប៊ីបដ៏ធ្ងន់ ក្រាស់នោះទៅមេកណូលៀ ។ ពួកគេម្នាក់ៗបានឆ្លាស់វេនគ្នាអាន ។
មេកណូលៀអានថា « ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក »*។
នាងធ្វើមុខស្រពោន ។ សមាជិកមិនតែងតែចិត្តល្អចំពោះនាងនៅព្រះវិហារនោះទេ ។
នាងបានសួរថា « ម៉ាក់ ប៉ា តើខ្ញុំអាចនិយាយរឿងមួយប្រាប់ម៉ាក់ប៉ាបានទេ ? » ។
ម៉ាក់បានឆ្លើយថា « ពិតជាបាន កូន » ។ « តើមានរឿងអ្វី ? »
« កាលពីម្សិលមិញនៅថ្នាក់កុមារ ក្មេងមួយចំនួនបានប្រាប់ខ្ញុំថា យើងមិនមែនជាគ្រួសារល្អទេ ដោយសារប៉ាមិនមែនជាសមាជិករបស់ព្រះវិហារយើង » ។
ប៉ារបស់មេកណូលៀជាសមាជិកនៅព្រះវិហារផ្សេង ។ គាត់បានទៅការប្រជុំសាក្រាម៉ង់ជាមួយគ្រួសាររបស់ពួកគេនៅថ្ងៃអាទិត្យ ។ គាត់បានឡើងនិយាយពីព្រះវិញ្ញាណបរិសុទ្ធនៅពិធីបុណ្យជ្រមុជទឹករបស់លីលី និងមេកណូលៀ ។ មនុស្សគ្រប់គ្នាបាននិយាយថាគាត់ធ្វើបានល្អណាស់ ។ គាត់គឺជាប៉ាដ៏អស្ចារ្យ ។
« អ្វីដែលពួកគេបាននិយាយធ្វើឲ្យខ្ញុំចង់យំ » ។ មេកណូលៀបានដកដង្ហើមធំ ។ « ហេតុអ្វីមនុស្សចាំបាច់ចិត្តអាក្រក់យ៉ាងនេះ ? »
ម៉ាក់ និងប៉ាបានសម្លឹងមើលមុខគ្នាទៅវិញទៅមក ។
ប៉ាបាននិយាយថា « ប៉ាត្រេកអរណាស់ដែលកូនបានប្រាប់ប៉ាម៉ាក់ពីរឿងដែលបានកើតឡើងនេះ » ។ « ម៉ាក់ និងប៉ាស្រឡាញ់គ្នាទៅវិញទៅមកខ្លាំងណាស់ ។ ហើយគ្រួសាររបស់យើងគឺសំខាន់ណាស់ចំពោះពួកយើង » ។
ម៉ាក់បានងក់ក្បាល ។ « ហើយគ្រួសាររបស់យើងគឺសំខាន់ចំពោះព្រះវរបិតាសួគ៌ផងដែរ ។ ទ្រង់ស្រឡាញ់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់ » ។
រេនដ្រប់បានទៅដេកប្រកៀកនឹងមេកណូលៀ ។ នាងបានអេះត្រចៀករបស់វា ។
ប៉ាបាននិយាយថា « ព្រះវរបិតាសួគ៌ទ្រង់ស្គាល់យើង ហើយទ្រង់ជ្រាបថាយើងស្រឡាញ់គ្នាទៅវិញទៅមក » ។ « គ្មានគ្រួសារណាល្អឥតខ្ចោះនោះទេ ប៉ុន្តែយើងអាចបន្តព្យាយាមអស់ពីសមត្ថភាពរបស់យើង » ។
« ប៉ុន្តែវានៅតែឈឺចាប់នៅពេលមនុស្សនិយាយអាក្រក់ពីគ្រួសារយើង » មេកណូលៀបាននិយាយ ។ « ព្រះយេស៊ូវបានបង្រៀនយើងឲ្យមានសន្តានចិត្តល្អចំពោះមនុស្សទាំងអស់ ។ ការនិយាយអាក្រក់ហាក់ដូចជាមិនធ្វើតាមព្រះយេស៊ូវនោះទេ » ។
ប៉ាបាននិយាយថា « កូននិយាយត្រូវហើយ » « ប្រហែលពេលកូនចង់និយាយអ្វីអាក្រក់ កូនអាចចងចាំថាកូនមានអារម្មណ៍បែបណា នៅពេលអ្នកដទៃមានចិត្តអាក្រក់មកលើកូន ។ ដូច្នេះកូនអាចនិយាយអ្វីល្អជំនួសវិញ » ។
មេកណូលៀបានដកដង្ហើមធំ ។ « ចាសប៉ា » ។ នាងសប្បាយចិត្តដែលនាងអាចនិយាយជាមួយម៉ាក់ និងប៉ា ។
« ដល់ពេលឱបជាគ្រួសារហើយ ! » ប៉ាបានទាញលីលី និងមេកណូលីយ៉ាមក ហើយឱបពួកគេយ៉ាងណែន ។ ម៉ាក់ដាក់ដៃរបស់គាត់ជុំវិញពួកគេទាំងបីនាក់ ។ រេនដ្រប់រត់ជុំវិញពួកគេទាំងអស់គ្នា ។
« ខ្ញុំដកដង្ហើមមិនរួចទេ ! » លីលីនិយាយលេង ។ មេកណូលៀបានសើច ។
ប៉ាបានសួរ « ឥឡូវជួយរំឭកប៉ា—ដល់វេនអ្នកណាអានហើយ ? » ។ គាត់បានលែងកូនស្រីគាត់ ហើយបានកាន់ព្រះគម្ពីររបស់គាត់ឡើង ។
លីលីបាននិយាយថា « ដល់វេនខ្ញុំហើយ ! » ។ « ហើយវាដល់វេនប៉ាត្រូវអធិស្ឋាន » ។
នៅពេលពួកគេអានចប់ ទាំងអស់គ្នាបានលុតជង្គង់ចុះដើម្បីអធិស្ឋាន ។ មេកណូលៀមានអារម្មណ៍សុខសាន្តកាលដែលនាងបានស្ដាប់ប៉ាពោលពាក្យអធិស្ឋាន ។ នាងបានដឹងថា ព្រះវរបិតាសួគ៌ស្រឡាញ់គ្រួសាររបស់នាង ។