« ក្លឹបនៃការធ្វើឲ្យអ្វីៗកាន់តែប្រសើរឡើង » ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៣ ទំព័រ ២០–២១ ។
ក្លឹបនៃការធ្វើឲ្យអ្វីៗកាន់តែប្រសើរឡើង
ចូស៊ីបានដឹងពីវិធីដែលនាងអាចធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ។
ដំណើររឿងនេះបានកើតឡើងនៅ ស.រ.អា. ។
ចូស៊ីអង្គុយនៅក្រោមដើមឈើនៅខាងក្រៅផ្ទះរបស់នាងជាមួយបងប្អូនជីដូនមួយរបស់នាងគឺអាសលីន ។
ចូស៊ីបាននិយាយថា ៖ « ខ្ញុំចង់មានអ្វីដែលសប្បាយ ដែលយើងអាចធ្វើបានដើម្បីរកប្រាក់ » ។
អាសលីនបាននិយាយថា « ប្រហែលជាយើងអាចរកប្រាក់បានដោយធ្វើអ្វីៗដើម្បីអ្នកដទៃ » ។
« ចុះ បើយើងបង្កើតវាជាក្លឹបមួយ ? » ចូស៊ី បានលោតឡើងដោយរំភើបចិត្ត ។ « ដូចជាក្លឹបនៃការមើលថែទាំសត្វចិញ្ចឹម ឬក្លឹបនៃការយកឆ្កែទៅដើរលេងខាងក្រៅជាដើម » ។
អាសលីន បាននិយាយថា « យើងអាចធ្វើអ្វីៗគ្រប់យ៉ាងបាន » ។ « មនុស្សតែងតែត្រូវការជំនួយ ។ ហើយពួកគេនឹងបង់ប្រាក់ឲ្យយើង » ។
អាសលីន គិតត្រូវហើយ ។ រៀងរាល់ថ្ងៃ ចូស៊ីឃើញអ្នកដែលត្រូវការជំនួយដែរ ។
ភ្លាមៗនោះ ចូស៊ី មានគំនិតមួយទៀត ។ នាងមានអារម្មណ៍កក់ក្តៅនៅក្នុងចិត្ត ។ វារំឭកនាងពីពិធីបុណ្យជ្រមុជទឹករបស់នាងកាលពីឆ្នាំមុន ។ នាងបានសន្យាថានឹងចងចាំព្រះយេស៊ូវជានិច្ច ហើយធ្វើតាមគំរូរបស់ទ្រង់ ។ នាងបានដឹងពីវិធីមួយដែលនាងអាចធ្វើរឿងនោះបាន ។
ចូស៊ីបានសួរថា « « ចុះបើយើងមានក្លឹបមួយដែលជួយអ្នកដទៃដោយឥតគិតថ្លៃវិញ ? » នាងមានអារម្មណ៍កក់ក្តៅកាន់តែកើនខ្លាំងឡើង ។
អាសលីន បើកភ្នែកធំៗ ។ នាងបានមាននិយាយថា « នោះច្បាស់ជាសប្បាយមិនខាន » ។ « យើងអាចជួយមនុស្សនៅសាលារៀន និងព្រះវិហារបាន—ស្ទើរតែគ្រប់កន្លែង » ។
ចូស៊ីបាននិយាយ « យើងអាចហៅវាថាក្លឹបនៃការធ្វើឲ្យអ្វីៗកាន់តែប្រសើរឡើង ! » « ចូរចាប់ផ្ដើមថ្ងៃស្អែកនៅសាលា » ។
នៅថ្ងៃបន្ទាប់នៅពេលសម្រាក អាសលីន និងចូស៊ី បានរត់ទៅក្បែរសួនកុមារ ។
« តើឯងឃើញនរណាម្នាក់ដែលយើងអាចជួយដែរទេ ? » អាសលីន ឈរចង្អឺតជើងរបស់នាង ហើយមើលទៅស្លាយរលាក់ឥន្ទធនូមួយ ។
« នៅទេ » ។ ចូស៊ី បានរកនៅរបារស្វា និងទោងយោលផងដែរ ។ ក្មេងៗកំពុងរអិលចុះស្លាយ និងយោលទោងលេង ។ ពួកគេកំពុងត្រេះបាល់ និងកំពុងលេងលោតអន្ទាក់ ។ មើលទៅហាក់ដូចជាគ្មាននរណាម្នាក់ដែលត្រូវការជំនួយនោះទេ ។ មនុស្សគ្រប់រូបហាក់ដូចជាមានមិត្តភក្ដិម្នាក់ ។ ពេលនោះនាងបានឃើញក្មេងស្រីម្នាក់លោតអន្ទាក់ម្នាក់ឯង ។
ចូស៊ី បានចាប់ដៃអាសលីន ។ « មើលទីនោះ ! »
ចូស៊ី និងអាសលីនបានរកខ្សែលោតអន្ទាក់ ហើយបានដើរទៅរកក្មេងស្រីនោះ ។
« សួស្តី ។ ខ្ញុំឈ្មោះ ចូស៊ី » ។
« ហើយខ្ញុំឈ្មោះ អាសលីន ។ តើឯងឈ្មោះអី ? »
ក្មេងស្រីបានមើលដោយភ្ញាក់ផ្អើល ។ « ខ្ញុំឈ្មោះ ឡេសលី » ។
« តើឯងចង់លេងជាមួយយើងទេ ? » ចូស៊ីលើកខ្សែលោតអន្ទាក់ឡើង ។
ឡេសលីបានញញឹម ។ « ចាស ! »
អាសលីន និងចូស៊ីបានបង្រៀនឡេសលី នូវរបៀបលោតអន្ទាក់ថ្មីមួយចំនួនផងដែរ ។ នៅពេលកណ្តឹងបានរោទិ៍ឡើង ពួកគេបានលាគ្នា ។ ចូស៊ី មានអារម្មណ៍ល្អនៅក្នុងចិត្ត ។ នាងដឹងថា អារម្មណ៍នោះមកពីព្រះវិញ្ញាណបរិសុទ្ធ ។
ចាប់ពីពេលនោះមក នៅពេលណាដែលចូស៊ី និងអាសលីនបានឃើញឡេសលីនៅសាលធំ ពួកគេបាននិយាយសួស្តីទៅកាន់នាង ។
ចូស៊ី និងអាសលីនបានរកមើលមនុស្សបន្ថែមទៀតដើម្បីជួយ ។ ពេលខ្លះពួកគេបាននិយាយអ្វីល្អៗទៅកាន់អ្នកដទៃ ហើយបានព្យាយាមលើកទឹកចិត្តពួកគេ ។ ពេលខ្លះពួកគេបានអញ្ជើញក្មេងៗឲ្យលេងជាមួយពួកគេ ។
ថ្ងៃមួយ ចូស៊ីញញឹមដាក់ក្មេងប្រុសម្នាក់នៅខាងក្រៅសាលា ។ នាងបាននិយាយថា « ខ្ញុំចូលចិត្តអាវដាយណូស័ររបស់ឯង » ។
ក្មេងប្រុសនោះបានញញឹម ហើយមើលទៅអាវរបស់គាត់ ។ « អរគុណ » ។
នៅពេលដែលចូស៊ីអង្គុយចុះ នាងបានភ្ញាក់ ដោយនាងមិនបានគិតថានឹងធ្វើរឿងនោះសម្រាប់ក្លឹបនោះទេ ! តែនាងទើបតែធ្វើវា ។
ចូស៊ីបានគិតពីមិត្តភក្តិទាំងអស់ដែលនាងបានរាប់អានតាំងពីនាង និងអាសលីន បានចាប់ផ្តើមក្លឹបរបស់ពួកគេ ។ ចូស៊ីពិតជាចូលចិត្តជួយមនុស្សណាស់ ។ វាបានធ្វើឲ្យនាងចង់ធ្វើរឿងល្អៗបន្ថែមទៀតសម្រាប់អ្នកដទៃ ។ ក្លឹបនៃការធ្វើឲ្យអ្វីៗកាន់តែប្រសើរឡើង កំពុងធ្វើឲ្យ នាង កាន់តែប្រសើរឡើង ។ ហើយមានអារម្មណ៍ល្អណាស់ ។