« កូហ្វតាសម្រាប់អាហារថ្ងៃត្រង់ » ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៣ ទំព័រ ១២–១៣ ។
កូហ្វតាសម្រាប់អាហារថ្ងៃត្រង់
« តើឯងកំពុងញ៉ាំរបស់អ្វីចម្លែកម៉្លេះ ? »
ដំណើររឿងនេះបានកើតឡើងនៅ ស.រ.អា. ។
រ៉យអង្គុយចុះនៅតុអាហារ ហើយបានបើកកញ្ចប់បាយថ្ងៃត្រង់របស់គាត់ ។ គ្រួសាររបស់គាត់ទើបផ្លាស់លំនៅមក ហើយនេះជាថ្ងៃដំបូងរបស់គាត់នៅសាលារៀនថ្មី ។ ម៉ាក់គាត់បានធ្វើម្ហូបអាមេនីដែលគាត់ចូលចិត្ត គឺកូហ្វតា ។ គាត់រំភើបចិត្តនឹងញ៉ាំវា !
រ៉យបានបកក្រដាស ដែលរុំជុំវិញកូហ្វតានោះចេញ ។ វាដូចជាប្រហិតវែងស្ដើងមួយអញ្ចឹង ។ គាត់ចូលចិត្តក្លិនគ្រឿងទេសដែលដុតក្នុងសាច់នោះ ។ ហើយប្រហោងនៅកណ្តាលធ្វើឲ្យវាដូចជាកញ្ចែតូចមួយអ៊ីចឹង ។ គាត់បានដាក់វានៅបបូរមាត់ ហើយផ្លុំ ។ ហើយគាត់ខាំមួយម៉ាត់ ។ ឆ្ងាញ់ណាស់ !
ក្មេងប្រុសម្នាក់ដែលនៅតុទល់មុខនោះបាននិយាយថា« ហេ » ។ « តើឯងកំពុងញ៉ាំរបស់អីនោះចម្លែកម៉្លេះ ? »
រ៉យមានអារម្មណ៍ថាមុខគាត់ឡើងក្រហម ។ « វាជាអាហារថ្ងៃត្រង់របស់ខ្ញុំ » ។
« តែវាមើលទៅអត់ទំនងសោះ » ។ ក្មេងប្រុសនោះបានសើច ។
រ៉យគ្មានពាក្យនឹងថ្លែងឡើយ ។ គាត់មិនដឹងថាគ្មាននរណាម្នាក់នៅទីនេះញ៉ាំកូហ្វតាទេ ។ គាត់មិនចង់ឲ្យពួកគេគិតថាគាត់ចម្លែកនោះទេ ! ដូច្នេះ គាត់ទុកអាហារថ្ងៃត្រង់របស់គាត់វិញ ហើយរត់ទៅក្រៅដើម្បីសម្រាក ។
ពេលចេញពីរៀន រ៉យឃើញម៉ាក់បើកប្រអប់បាយ ។
រ៉យបាននិយាយថា « ខ្ញុំមិនចង់យកកូហ្វតាទៅសាលារៀនទៀតទេ » ។
« ហេតុអ្វី ? » ម៉ាក់បានសួរ ។ « វាជាម្ហូបដែលកូនចូលចិត្ត » ។
រ៉យបានប្រាប់ពីអ្វីដែលបានកើតឡើងនៅសាលារៀន ។ « វាខ្មាសគេណាស់ម៉ាក់ ! »
ម៉ាក់បាននិយាយថា « ម៉ាក់សោកស្តាយណាស់ដែលរឿងនេះបានកើតឡើង » ។ « មនុស្សភាគច្រើននៅទីនេះមិនធ្លាប់ញ៉ាំកូហ្វតាទេ ។ ចុះបើយើងឲ្យក្មេងផ្សេងទៀតសាកញ៉ាំខ្លះយ៉ាងម៉េចដែរ ? »
« ហេតុអ្វី ? » រ៉យបានសួរ ។ « ពួកគេមិនចង់ញ៉ាំទេ » ។
« តែកូនមិនដឹងទេ លុះត្រាតែកូនសួរគេសិន ! ម៉ាក់ដឹងថាវាពិបាកដើម្បីរាប់អានមិត្តភក្តិថ្មីៗ ។ ប៉ុន្តែយើងទាំងអស់គ្នាគឺជាបុត្រាបុត្រីរបស់ព្រះ ។ ពេលខ្លះយើងគ្រាន់តែត្រូវស្គាល់គ្នាបន្ថែមទៀត » ។
រ៉យបានគិតអំពីវា ។ គាត់មិនចង់ឲ្យគេសើចចំអក ។ ប៉ុន្តែគាត់ចង់ផ្ដល់ឱកាសយល់ពីក្មេងដែលនៅអាហារថ្ងៃត្រង់នោះកាន់តែប្រសើរឡើង ។ ហើយកូហ្វតានោះពិតជាឆ្ងាញ់ណាស់ ។
គាត់បានងក់ក្បាល ។ « យល់ព្រម ។ តោះធ្វើបន្ថែមទៀត » ។
នៅថ្ងៃបន្ទាប់នៅពេលអាហារថ្ងៃត្រង់ រ៉យបានដកដង្ហើមធំ ។ គាត់បានអង្គុយចុះជិតក្មេងប្រុសដែលបានសើចចំអកគាត់ ។
រ៉យបានបើកកញ្ចប់បាយថ្ងៃត្រង់របស់គាត់ ។ « តើមានអ្នកណាចង់សាកម្ហូបអាមេនីនេះខ្លះទេ ? »
ក្មេងៗផ្សេងទៀតមកជុំវិញនៅពេលរ៉យបានបកកញ្ចប់កូហ្វតា ។
« ខ្ញុំចង់សាកខ្លះ » ក្មេងប្រុសនោះបាននិយាយ ។
« ខ្ញុំក៏អ៊ីចឹងដែរ » ក្មេងស្រីម្នាក់បានបន្ថែម ។ រ៉យបានហុចកូហ្វតាតៗគ្នាដើម្បីឲ្យគ្រប់គ្នាអាចសាកញ៉ាំ ។ បន្ទាប់មកពួកគេទាំងអស់គ្នាខាំមួយម៉ាត់ ។
« ឆ្អាញ់ណាស់ » ក្មេងប្រុសនោះបាននិយាយ ។ « តើវាឈ្មោះអ្វីទៅ ? »
រ៉យ បាននិយាយថា « កូហ្វតា » ។
« ឆ្ងាញ់ណាស់ ! » ក្មេងប្រុសនោះបានញញឹម ។ « ខ្ញុំឈ្មោះ ចន ។ ចង់លេងជាមួយគ្នាពេលចេញលេងទេ ? »
រ៉យគ្រាន់តែអាចងក់ក្បាលដោយមាត់ពេញដោយម្ហូប ។ ម៉ាក់និយាយត្រូវហើយ—ពួកគេទាំងអស់គ្នាក៏ជាបុត្រាបុត្រីរបស់ព្រះដែរ ។ ហើយនៅទីបំផុតការចែករំលែកបានជួយគាត់មានមិត្តភក្តិ ។