« ជាអំណោយទានពិសេសមួយ » ប្រិយមិត្ត ខែ សីហា ២០២៣ ទំព័រ ១៨–១៩ ។
ជាអំណោយទានពិសេសមួយ
មេរ៉ាយម៉ា បានគិតថា « នេះពិតជាព្រះវិញ្ញាណបរិសុទ្ធហើយ » ។
រឿងនេះបានកើតឡើងនៅក្នុងប្រទសបារាំង ។
« មេរ៉ាយម៉ា ! ហ្វាទីម៉ា ! ពួកអ្នកផ្សព្វផ្សាយសាសនាមកដល់ហើយ » ម៉ាក់បានស្រែកហៅ ។
មេរ៉ាយម៉ា បានបិទសៀវភៅដំណើររឿងក្នុងព្រះគម្ពីររបស់នាង ហើយបានរត់ទៅបន្ទប់ទទួលភ្ញៀវ ។ ពួកអ្នកផ្សព្វផ្សាយសាសនាបានបង្រៀនក្រុមគ្រួសាររបស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។ មេរ៉ាយម៉ា និងគ្រួសាររបស់នាងនឹងទទួលពិធីបុណ្យជ្រមុជទឹកក្នុងពេលឆាប់ៗនេះ ។ នាងមិនអាចរង់ចាំបានទេ !
មេរ៉ាយម៉ា បានអង្គុយជាមួយគ្រួសាររបស់នាង ។
អែលឌើរ ម៉ូអេអ៊ីបាននិយាយថា « ថ្ងៃនេះយើងនឹងពិភាក្សាអំពីព្រះវិញ្ញាណបរិសុទ្ធ » ។ « ទ្រង់ជួយយើងឲ្យមានអារម្មណ៍សុខសាន្ត និងការលួងលោមពីព្រះវរបិតាសួគ៌ » ។
អែលឌើរ ខេមប៊ែល បានបន្ថែមថា « ទ្រង់ក៏លើកទឹកចិត្តយើងឲ្យធ្វើកិច្ចការល្អផងដែរ » ។ « ហើយទ្រង់ជួយយើងឲ្យដឹងថាអ្វីជាការពិត ។ បងប្អូនប្រហែលជាមានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធពីមុនមក » ។
មេរ៉ាយម៉ា បានគិតអំពីពេលដែលនាងបានរៀនអំពីព្រះគម្ពីរមរមន ។ នាងមានអារម្មណ៍សុខសាន្ត និងសប្បាយរីករាយ ។ នោះគឺជារបៀបដែលនាងបានដឹងថាវាជាការពិត ។ តើនោះជាព្រះវិញ្ញាណបរិសុទ្ធឬ ?
អែលឌើរម៉ូអេអ៊ី បាននិយាយថា « បន្ទាប់ពីបងប្អូនបានទទួលបុណ្យជ្រមុជទឹកហើយ បងប្អូននឹងត្រូវបានទទួលអំណោយនៃព្រះវិញ្ញាណបរិសុទ្ធ » ។ « នោះមានន័យថាទ្រង់អាចគង់នៅជាមួយបងប្អូន ជានិច្ច ដើម្បីជួយបងប្អូន និងណែនាំបងប្អូន » ។
អែលឌើរ ខេមប៊ែល បាននិយាយថា « សប្តាហ៍នេះសូមយកចិត្តទុកដាក់ទៅលើគំនិត និងអារម្មណ៍របស់បងប្អូន » ។ « សូមរកមើលពេលដែលព្រះវិញ្ញាណបរិសុទ្ធកំពុងមានបន្ទូលមកកាន់បងប្អូន » ។
យប់នោះនៅក្នុងអំឡុងពេលអធិស្ឋានជាគ្រួសារ មេរ៉ាយម៉ា បានកត់សម្គាល់ពីអារម្មណ៍នៅក្នុងចិត្តនាង ។ នាងមានអារម្មណ៍ស្ងប់ស្ងាត់ និងសុខសាន្ដ ។ វាមានអារម្មណ៍ហាក់ដូចជាមាននរណាម្នាក់កំពុងឱបនាងយ៉ាងណែន ។ នាងគិតថា,នេះពិតជាព្រះវិញ្ញាណបរិសុទ្ធហើយ ។
នៅសាសនាចក្រក្នុងថ្ងៃអាទិត្យ មេរ៉ាយម៉ា បានស្ដាប់បទចម្រៀងមួយអំពីព្រះយេស៊ូវគ្រីស្ទ ។ នាងមានអារម្មណ៍សប្បាយរីករាយ ។ វាធ្វើឲ្យនាងចង់ជួយមនុស្សដទៃ ។ នាងបានគិតថា,នេះពិតជាព្រះវិញ្ញាណបរិសុទ្ធដែរហើយ ។
មុនពេលចូលគេង មេរ៉ាយម៉ា អានដំណើររឿងក្នុងព្រះគម្ពីររបស់នាង ។ ប្អូនស្រីរបស់នាង ហ្វាទីម៉ា សុំអានម្តង ។ មេរ៉ាយម៉ា បាននិយាយថាទេ ។
មេរ៉ាយម៉ា បន្តអាន ។ ប៉ុន្តែនាងមានអារម្មណ៍មិនល្អចំពោះការមិនចែករំលែក ។
នាងបានប្រាប់ហ្វាទីម៉ាថា « បងសូមទោស » ។ ហ្វាទីម៉ាអង្គុយក្បែរនាង ។
« តើឯងចង់អានជាមួយគ្នាទេ ? » ពួកគេបានដាក់វេនគ្នាអាន ។ មេរ៉ាយម៉ា បានទទួលអារម្មណ៍កក់ក្តៅ និងរីករាយ ។ នាងគិតថា,នេះពិតជាព្រះវិញ្ញាណបរិសុទ្ធហើយ ។
នៅទីបំផុតថ្ងៃពិធីបុណ្យជ្រមុជទឹករបស់ពួកគេបានមកដល់ ។ មេរ៉ាយម៉ា និងគ្រួសាររបស់នាងបានទៅអគារសាសនាចក្រ ហើយបានផ្លាស់ប្តូរសម្លៀកបំពាក់ពណ៌ស ។
មេរ៉ាយម៉ា បានទទួលពិធីបុណ្យជ្រមុជទឹកមុន ។ ទឹកត្រជាក់ ប៉ុន្តែនាងរីករាយដែលបានធ្វើសេចក្តីសញ្ញាមួយជាមួយព្រះវរបិតាសួគ៌ ។ ម៉ាក់បានរុំកន្សែងនៅជុំវិញខ្លួននាង ។ បន្ទាប់មកនាងបានមើលម៉ាក់ប៉ា និងហ្វាទីម៉ាទទួលពិធីបុណ្យជ្រមុជទឹកម្តង ។
មេរ៉ាយម៉ា បានផ្លាស់សម្លៀកបំពាក់របស់នាងវិញ ។ ឥឡូវនេះវាដល់ពេលដែលនាងត្រូវទទួលពិធីបញ្ជាក់ ។
ពួកអ្នកផ្សព្វផ្សាយសាសនាបានដាក់ដៃលើក្បាលរបស់ មេរ៉ាយម៉ា ។ អែលឌើរខេមប៊ែល បាននិយាយថា « យើងសូមធ្វើពិធីបញ្ជាក់ថាអ្នកជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយនិយាយទៅកាន់អ្នកថាចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ » ។ មេរ៉ាយម៉ា មានអារម្មណ៍កក់ក្តៅនៅពេលដែលនាងបានស្តាប់ពរជ័យទាំងមូល ។
បន្ទាប់ពីមេរ៉ាយម៉ា បានទទួលពិធីបញ្ជាក់ហើយ ម្តាយនាងបានឱបនាង ។ « តើកូនមានអារម្មណ៍បែបណា ? »
មេរ៉ាយម៉ាតបថា « មានអារម្មណ៍ល្អណាស់ម៉ាក់ » ។ « បន្ទាប់ពីពួកគាត់បានដាក់ដៃលើក្បាលកូន កូនមានអារម្មណ៍មួយ ហើយវាដូចជាអារម្មណ៍សុខសាន្ត » ។ នាងបានញញឹម ។ « វាមានអារម្មណ៍ដូចជាមាននរណាម្នាក់ប្រាប់ខ្ញុំឲ្យរស់នៅក្នុងជីវិតដ៏ល្អ ជួយមនុស្សនិង គោរពតាមព្រះបញ្ញត្តិ » ។
« តើកូនដឹងទេនោះជាអារម្មណ៏អ្វី ? » ម៉ាក់ បានសួរ ។
មេរ៉ាយម៉ា បាននិយាយថា « ចាសកូនដឹង » ទាំងមានពន្លឺក្នុងកែវភ្នែកនាងផង ។ « នោះគឺជាព្រះវិញ្ញាណបរិសុទ្ធ ! »