ប្រិយមិត្ត
សកម្មភាព​ដំណើរ​រឿង​គ្រួសារ
ពិធី​បុណ្យជ្រមុជ​ទឹក និង​ពិធីបញ្ជាក់


« សកម្មភាព​ដំណើរ​រឿង​គ្រួសារ » ប្រិយមិត្ត ខែ សីហា ឆ្នាំ ២០២៣ ទំព័រ ៣០–៣១ ។

សកម្មភាព​ដំណើរ​រឿង​គ្រួសារ

ឡូរ៉េន បានសួរថា « តើ​ម៉ាក់​អាច​ប្រាប់​កូន​អំពី​ដំណើរ​រឿង​គ្រួសារ​មួយ​ទៀត​បាន​ទេ ? »

រឿង​នេះ​បាន​កើតឡើង​នៅ វ៉ានូអាទូ ។

ឡូរ៉េន ញញឹម​ពេល​នាង​ច្រៀង​ពាក្យ​ចុង​ក្រោយ​នៃ​បទ​ចម្រៀង ។ ពួក​គេ​ទើប​តែ​បាន​បញ្ចប់​ពេល​ច្រៀង​នៅ​ក្នុង​អង្គការ​បឋមសិក្សា ។ ឥឡូវ​នេះ​ដល់ពេល​ចូល​រៀន​ហើយ ។

តែដំបូង​បងស្រី ថាឡេអូ បាន​ក្រោកឈរ ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​ចង់​ប្រាប់​ប្អូនៗ​អំពី​សកម្ម​ភាព​អង្គ​ការ​បឋម​សិក្សា ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ » ។ « យើង​ចង់​ឲ្យ​ប្អូនៗ​ម្នាក់ៗ​រៀន​អំពី​គ្រួសារ​របស់​ប្អូនៗ » ។ សូម​សួរ​ឪពុក​ម្ដាយ​របស់​ប្អូន​អំពី​ដំណើរ​រឿង​គ្រួសារ ។ បន្ទាប់​មក​នៅឯ​សកម្មភាព ប្អូនៗ​ម្នាក់ៗ​អាច​ចែក​ចាយ​នូវ​អ្វី​ដែល​ប្អូន​បាន​រៀន » ។

នៅ​ពេល ឡូរ៉េន ចេញ​ពី​ព្រះវិហារ​ត្រឡប់​មក​ផ្ទះ​វិញ នាង​រំភើប​ចិត្ត​ណាស់ ។ នាង​បាន​រក​ឃើញ​ក្រដាស​ធំ​មួយ ហើយ​ដាក់​វា​លើ​តុ ។ នាង​អន្ទះសា​ចង់​រៀន​អំពី​គ្រួសារ​របស់​នាង !

ឡូរ៉េន បាន​គូរ​មែកធាង​គ្រួសារ​នៅ​លើ​ក្រដាស​នោះ ។ ម៉ាក់ និង​ប៉ា​បាន​ជួយ​នាង​ឲ្យ​ប្រកប​ឈ្មោះ​ទាំងអស់ ។ បន្ទាប់​មក​នាង​បាន​បិទ​រូប​ភាព​របស់​សមាជិក​គ្រួសារ​របស់​នាង​នៅ​លើ​បដា​នោះ ។

alt text

ម៉ាក់​នាង​បាន​និយាយ​ថា « លោក​យាយ​តួត​របស់​កូន​ក៏ឈ្មោះ ឡូរ៉េន ដែរ » ។ « ប៉ាម៉ាក់​បាន​ដាក់​ឈ្មោះ​កូន​តាម​គាត់ » ។

ឡូរ៉េន បាន​លាន់​មាត់​ថា « អស្ចារ្យ​ណាស់ » ។

ម៉ាក់​បាន​និយាយ​ទាំងញញឹម​ថា « លោកយាយ​ឡូរ៉េន ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង​ណាស់ » ។ « នៅ​ពេល​ដែល​មនុស្ស​ដទៃ​ទៀត​នៅ​ក្នុង​ភូមិ​អស់​ឧស​សម្រាប់​ដុត លោក​យាយ​ឡូរ៉េន​បាន​ចែក​រំលែក​ជាមួយ​ពួក​គេ » ។

ការ​រៀន​អំពី​គ្រួសារ​របស់​នាង​គឺ​សប្បាយ​ណាស់ ! ឡូរ៉េន បានសួរថា « តើ​ម៉ាក់​អាច​ប្រាប់​កូន​អំពី​ដំណើរ​រឿង​គ្រួសារ​មួយ​ទៀត​បាន​ទេ ? »

ម៉ាក់​បាន​តប​ថា « ប៉ា​អាច​ប្រាប់​កូន​អំពី​ការ​ទៅ​ព្រះវិហារ​បរិសុទ្ធ​លើក​ដំបូង​របស់​គាត់ » ។ « កាល​នោះ​គាត់​មាន​អាយុ​ត្រឹម​តែ​ប្រាំមួយ​ឆ្នាំ​ប៉ុណ្ណោះ ។ គាត់ និង​ឪពុក​ម្តាយ​របស់​គាត់​បាន​ធ្វើ​ដំណើរ​យ៉ាង​វែង​ឆ្ងាយ​ទៅ​កាន់​ព្រះ​វិហារ​បរិសុទ្ធ​នៅ​នូវែលសេឡង់ » ។

ឡូរ៉េន ចូល​ចិត្ត​ស្តាប់​អំពី​ព្រះវិហារ​បរិសុទ្ធ ។ នាង​បាន​និយាយថា « ប៉ា​សូម​ប្រាប់​កូន​ពី​រឿង​នោះផង​ប៉ា ! » ។

« ដំបូង​យើង​បាន​ជិះ​យន្តហោះ ដើម្បី​ហោះ​ទៅ​កាន់​ប្រទេស នូវែលសេឡង់ ។ បន្ទាប់​មក​យើង​ជិះ​រថ​យន្ត​ក្រុង ។ វាគឺ​ជា​ដំណើរ​ដ៏វែង​ឆ្ងាយ​មួយ » ។ ប៉ា​បាន​បង្ហាញ​រូប​ភាព​របស់​ព្រះ​វិហារ​បរិសុទ្ធ​ដល់ ឡូរ៉េន ។ « នៅទីបំផុត​ប៉ា​បាន​ចូល​ទៅ​ក្នុង​ជាមួយ​ឪពុក​ម្ដាយ​ប៉ា ។ យើង​ត្រូវ​បាន​ផ្សារភ្ជាប់​ជា​គ្រួសារ ។ ដែល​មាន​ន័យថា យើង​អាច​រស់នៅ​ជាមួយគ្នា​ជានិរន្តរ៍ ! »

រឿង​នេះ​ធ្វើ​ឲ្យ ឡូរ៉េន មាន​អារម្មណ៍​កក់​ក្តៅ​ក្នុង​ចិត្ត ។ នាង​រីករាយ​ណាស់​ដែល​នាង​អាច​ឮ​ដំណើរ​រឿង​អំពី​គ្រួសារ​របស់​នាង ។

ទី​បំផុត​ព្រឹក​នៃ​សកម្មភាព​អង្គ​ការបឋម​សិក្សា​បាន​មក​ដល់ ។ ឡូរ៉េន បាន​ជួយ​ម៉ាក់ និង​បង​ស្រី ថាឡេអូ ​ឲ្យ​រៀប​ចំអ្វីៗ​គ្រប់យ៉ាង​នៅ​អគារ​ព្រះ​វិហារ ។

បន្ទាប់​មក​ពួកគេ​បាន​ឮ​ដំណឹង​ដ៏​រំភើប​មួយ ។ គឺ​ព្រះ​វិហារ​បរិសុទ្ធ​នឹង​សាងសង់​នៅលើ​កោះ​របស់​ពួកគេ ។

ឡូរ៉េន​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ។ នៅពេល​នាង​ពេញ​វ័យ​ល្មម​ដែលអាច​ចូល​ទៅ​ខាង​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​នាង​មិន​បាច់​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​ទេ !

យប់​នោះ​មិត្ត​ភក្តិ​របស់ ឡូរ៉េន ទាំង​អស់​បាន​នៅ​ក្នុង​សកម្ម​ភាព​អង្គការ​បឋម​សិក្សា ។ កុមារៗ​បាន​ផ្លាស់​ប្ដូរ​វេន​គ្នា​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​អំពី​គ្រួសារ​របស់​ពួកគេ ។ នៅ​ពេល​ដែល​ដល់​វេន​របស់ ឡូរ៉េន នាង​បាន​កាន់​បដា​មែក​ធាង​គ្រួសារ​របស់​នាង ។

នាង​បាន​និយាយ​ថា « ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​រៀន​អំពី​គ្រួសារ​របស់​ខ្ញុំ​ណាស់ » ។ « ខ្ញុំ​បាន​រៀន​ថា ឈ្មោះ​ខ្ញុំ​ត្រូវ​បាន​ដាក់​តាម​លោក​យាយ​តួត​របស់​ខ្ញុំ ។ ខ្ញុំ​ក៏​បាន​រៀន​អំពី​លើក​ដំបូង​ដែល​គ្រួសារ​របស់​ខ្ញុំ​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ផង​ដែរ ។ ព្រះវិហារ​បរិសុទ្ធ​អាច​ជួយ​ក្រុម​គ្រួសារ​យើង​ឲ្យ​រស់​នៅ​ជា​មួយ​គ្នា​ជា​និរន្តរ៍ » ។ អារម្មណ៍​កក់ក្ដៅ​នេះ​បាន​ត្រឡប់​មក​វិញ ។ « ខ្ញុំ​រំភើប​ចិត្ត​ខ្លាំង​ណាស់​ដែល​យើង​នឹង​មាន​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅ​ទីនេះ​ក្នុង​ប្រទេស វ៉ានូអាទូ » ។

ឡូរ៉េន បាន​អង្គុយ​ចុះ​វិញ ទាំង​មាន​ទឹកមុខ​ញញឹម​ពព្រាយ ។ នាង​មាន​អំណរគុណ​ដែល​នាង​អាច​រីកចម្រើន​កាន់តែ​ដូច​ព្រះយេស៊ូវ ។ ហើយ​នាង​មាន​អំណរ​គុណ​ចំពោះ​ព្រះវិហារ​បរិសុទ្ធ ! នាង​អន្ទះ​សា​ចង់​ចូល​ទៅ​ខាង​ក្នុង​នៅ​ថ្ងៃ​ណា​មួយ ។

alt text
alt text here

រចនា​រូបភាព​ដោយ អិមមីលី ដេវីស