« មានបញ្ហានៅសួនឧទ្យាន » ប្រិយមិត្ត ខែ សីហា ឆ្នាំ ២០២៣ ទំព័រ ៤៦–៤៧ ។
មានបញ្ហានៅសួនឧទ្យាន
ហាន់ធើ បានដកដង្ហើមធំ ។ « ខ្ញុំមិននិយាយពាក្យសម្តីទាំងនោះទេ » ។
ដំណើររឿងនេះបានកើតឡើងនៅ ស.រ.អា. ។
ហាន់ធើ បានរត់កាត់សួនជាមួយមិត្តភក្តិរបស់គាត់ ។ គាត់បានញញឹមនៅពេលគាត់មានអារម្មណ៍ថាខ្យល់បក់ប៉ះមុខគាត់ ។ គាត់មានអារម្មណ៍ថាពេលវេលាកន្លេងទៅលឿនហើយធូរស្រាល !
ខាយល៍បានប៉ះរបងមុន ។ គាត់បានស្រែកថា « ខ្ញុំឈ្នះហើយ ! » ។
ហាន់ធើ បានរត់ទៅដល់របងមួយសន្ទុះក្រោយមក ។ « មិនយុត្តិធម៌ទេ ! ឯងចាប់ផ្តើមមុន » ។
មីហ្គែល បានតបថា « មែនហើយ » ។ « តោះរត់ប្រណាំងទៅដើមឈើ ! »
ហាន់ធើ បានចាប់ផ្តើមរត់ម្តងទៀត ។ ពេលនេះគាត់បានរត់ទៅប៉ះដើមឈើមុន ។ ប៉ុន្តែ មីហ្គែល នៅពីក្រោយគាត់ជាប់ ។
មីហ្គែល បាននិយាយថា « ខ្ញុំឈ្នះហើយ » ។
ផែបភើ និយាយថា « ទេ ហាន់ធើ ឈ្នះ » ។
ខាយល៍ បាននិយាយថា « មែនហើយ » ។
មីហ្គែល បានឱបដៃគាត់ ។ បន្ទាប់មកគាត់ប្រើពាក្យសម្តីមិនល្អ ។
ក្មេងដទៃទៀតបានសើច ។ មីហ្គែល បាននិយាយពាក្យនេះម្តងទៀត ហើយពួកគេបានសើចបន្តទៀត ។
ហាន់ធើ មានអារម្មណ៍សោកសៅក្នុងចិត្ត ។ គាត់បានដឹងថាពាក្យសម្តីទាំងនោះមិនល្អទេ ។ ប៉ុន្តែគាត់មិនចង់អោយគេសើចចំអកទេ ។ តែគាត់មិនបាននិយាយអ្វីទាំងអស់ ។
ផែបភើ បាននិយាយពាក្យសម្តីអាក្រក់មួយផ្សេងទៀត ។ បន្ទាប់មក ខាយល៍ បាននិយាយពាក្យអាក្រក់មួយទៀត ។
ខាយល៍ បាននិយាយថា « ឥឡូវនេះឯងនិយាយម្តងទៅ ហាន់ធើ » ។
មីហ្គែល បាននិយាយ « មែនហើយនិយាយទៅ » ។ « និយាយពាក្យជេថ្មីមួយទៅ » ។
ហាន់ធើ បានដកដង្ហើមធំ ។ « ខ្ញុំមិននិយាយពាក្យសម្តីទាំងនោះទេ » ។
ខាយល៍ បាននិយាយថា « គ្រាន់តែនិយាយពាក្យមួយម៉ាត់វាមិនធ្វើឲ្យឈឺចាប់ទេ » ។
ហាន់ធើ បាននិយាយថា « ខ្ញុំមិនប្រើពាក្យទាំងនោះទេ » ។
« តើឯងខ្លាចមែនទេ ? » មីហ្គែល បានសើច ។
មុខរបស់ ហាន់ធើ ឡើងក្រហម ។ « ខ្ញុំនឹងទៅលេងកន្លែងផ្សេងទៀត » ។
ក្មេងៗដែលនៅសល់ទាំងប៉ុន្មានបានសើច ហើយនិយាយពាក្យសម្តីអាក្រក់ៗទៀត ។ ហាន់ធើ ចង់រត់ចេញ ។ ឥឡូវនេះសួនឧទ្យាននេះមិនធ្វើឲ្យមានអារម្មណ៍សប្បាយទេ ។ គាត់បាននិយាយដោយរាបសាថា « ជួបគ្នាពេលក្រោយ » ។
ហាន់ធើ លូកដៃដាក់ចូលក្នុងហោប៉ៅរបស់គាត់ ហើយបានដើរកាត់ក្មេងៗទាំងនោះយឺតៗ ។ គាត់មិនមានអារម្មណ៍ថាពេលវេលាកន្លងទៅលឿន ហើយធូរស្រាលទៀតទេ ! គាត់មានអារម្មណ៍ថាមានសម្ពាធ ។
គាត់បានរត់ទៅរកប៉ា និងម៉ាក់របស់គាត់នៅលើកៅអី ។ ប៉ាបានដាក់សៀវភៅរបស់គាត់ចុះ ។ « កូនមិនអីទេ មែនទេ ? »
ហាន់ធើ បានញាក់ស្មា ។ « ពួកគេចាប់ផ្ដើមនិយាយពាក្យអាក្រក់ៗ ។ ខ្ញុំមិនចង់និយាយអ៊ីចឹងទេ ដូច្នេះខ្ញុំក៏បានចាកចេញទៅ » ។
ម៉ាក់បានញញឹម ។ « កូនក្លាហានណាស់ » ។
ប៉ាបានតបថា « ប៉ាម៉ាក់មានមោទនភាពចំពោះកូនណាស់ » ។ « វាពិបាកក្នុងការធ្វើការជ្រើសរើសល្អ នៅពេលដែលមនុស្សនៅជុំវិញខ្លួនយើងមិនល្អ » ។
ហាន់ធើ បានដកដង្ហើមធំ ។ គាត់សប្បាយចិត្តដែលគាត់បានជ្រើសរើសត្រឹមត្រូវ ប៉ុន្តែគាត់នៅតែមានអារម្មណ៍មិនល្អទេ ។
ម៉ាក់បានសួរ « តើកូនចង់ទៅផ្ទះមែនទេ ? »
ហាន់ធើ បានគិតអំពីរឿងនោះ ។ គាត់បាននិយាយថា ៖ « មិនទាន់ចង់ទៅទេម៉ាក់ » ។ គាត់បានសម្លឹងមើលទៅក្រុមក្មេងៗមួយក្រុមផ្សេងទៀត ដែលកំពុងលេងទោងខ្សែកាប ។ « កូនចង់ទៅលេងទីនោះ » ។
នៅពេលដែល ហាន់ធើ បានដើរទៅ ក្មេងប្រុសម្នាក់បានលើកដៃគ្រវីរកគាត់ ។ « សួស្ដី ខ្ញុំឈ្មោះដេវីឌ » ។
« ខ្ញុំឈ្មោះ ហាន់ធើ ។ តើខ្ញុំអាចលោតលេងជាមួយឯងបានទេ ? »
« ប្រាកដជាបាន ! »
ហាន់ធើ បានដាក់វេនគ្នាជិះទោងខែ្សកាប ហើយមានអារម្មណ៍ថាមានខ្យល់បក់ប៉ះគាត់យ៉ាងខ្លាំង ។ នៅពេលគាត់លេងជាមួយដេវីឌ និងអ្នកផ្សេងទៀតគាត់មានអារម្មណ៍ថាពេលវេលាកន្លងទៅលឿន និងបានធូរស្រាលម្តងទៀត ។ គាត់បានធ្វើអ្វីដែលត្រឹមត្រូវទោះបីជាវាពិបាកក៏ដោយ ។ គាត់សប្បាយចិត្តដែលគាត់បានធ្វើការជ្រើសរើសត្រឹមត្រូវ ។