« ថ្ងៃពិសេសរបស់ជរចា » ប្រិយមិត្ត ខែ សីហា ឆ្នាំ ២០២៣ ទំព័រ ៨–៩ ។
ថ្ងៃពិសេសរបស់ជរចា
ជរចា បាននិយាយថា « ខ្ញុំនឹងទទួលពិធីបុណ្យជ្រមុជទឹកក្នុងពេលឆាប់ៗនេះ » ។ « គឺដូចព្រះយេស៊ូវដែរ ! »
រឿងនេះបានកើតឡើងនៅក្នុងប្រទេស អូស្រ្តាលី ។
ជរចា បានរត់ទៅបន្ទប់របស់នាងជាមួយម៉ាធីលដា រត់ពីក្រោយនាង ។ វាតែងតែជាថ្ងៃដ៏សប្បាយរីករាយពេលមិត្តរបស់នាងមកលេង ។
« តើយើងអាចលេងជាមួយមនុស្សយន្តរបស់ឯងបានទេ ? » ម៉ាធីលដា បានសួរ
ជរចា ឆ្លើយថា « ចាស បាន ! » ។ នាងចូលចិត្តលេងមនុស្សយន្តណាស់ ។
ខណៈពេលដែលជរចា ទៅយកមនុស្សយន្ត ម៉ាធីលដា បានក្រឡេកមើលរូបភាពនៅលើជញ្ជាំងរបស់ ជរចា ។ នាងបានចង្អុលទៅរូបកណ្តាល ។
នាងបានសួរថា « តើនោះជារូបអ្វី ? »
ជរចា បានឆ្លើយថា « នោះគឺជារូបព្រះយេស៊ូវគ្រីស្ទកំពុងទទួលពិធីបុណ្យជ្រមុជទឹក » ។ « ហើយខ្ញុំនឹងទទួលពិធីបុណ្យជ្រមុជទឹកក្នុងពេលឆាប់ៗនេះ ។ ដូចទ្រង់ដែរ ! »
« ហេតុអ្វីបានជាឯងទទួលពិធីបុណ្យជ្រមុជទឹក ? » ម៉ាធីលដា បានសួរ
ជរចា បាននិយាយថា « ពីព្រោះខ្ញុំចង់ធ្វើតាមព្រះយេស៊ូវ » ។ « នោះគឺជាអ្វីដែលខ្ញុំសន្យាថានឹងធ្វើ ពេលដែលខ្ញុំទទួលពិធីបុណ្យជ្រមុជទឹក ! »
បន្ទាប់មក ជរចា មានគំនិតមួយ ។ « តើឯងចង់មកពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំដែរឬទេ ? »
ម៉ាធីលដា បាននិយាយថា « ខ្ញុំនឹងសុំម្តាយរបស់ខ្ញុំសិនបើខ្ញុំអាចទៅបានឬអត់ » ។
ថ្ងៃបុណ្យជ្រមុជទឹករបស់ជរចា កាន់តែខិតចូលមកដល់ ។ នាងបានអានសៀវភៅដំណើររឿងនៃព្រះគម្ពីររបស់នាង ហើយបានទៅអង្គការបឋមសិក្សាជារៀងរាល់សប្តាហ៍ ។ បន្ទាប់ពីនាងបានពោលពាក្យអធិស្ឋានមុនពេលចូលគេង នាងបានមើលរូបភាពរបស់ព្រះយេស៊ូវ ។ នាងចូលចិត្តស្រមៃថាតើពិធីបុណ្យជ្រមុជទឹកនឹងមានលក្ខណៈបែបណា ។
ថ្ងៃអាទិត្យមុនពិធីបុណ្យជ្រមុជទឹករបស់នាង ជរចាបានទទួលការសម្ភាសសម្រាប់ពិធីបុណ្យជ្រមុជទឹករបស់នាង ។ នាង និងឪពុកម្ដាយរបស់នាងបាននិយាយជាមួយប៊ីស្សពនៅក្នុងការិយាល័យរបស់គាត់ ។ គាត់បានសួរសំណួរមួយចំនួនដល់នាង ដើម្បីជួយនាងឲ្យប្រាកដថាបានត្រៀមខ្លួនជាស្រេច ដើម្បីទទួលពិធីបុណ្យជ្រមុជទឹក ។
លោកបានសួរថា « តើក្មួយជឿថាព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះដែរឬទេ ? »
នាងជឿ ! នាងឆ្លើយ « ចាស » ។
ប៊ីស្សពបានញញឹមដាក់នាង ។ « ពិធីបុណ្យជ្រមុជទឹក គឺជាជម្រើសដ៏សំខាន់ ។ តើក្មួយចង់ទទួលបុណ្យជ្រមុជទឹកទេ ? »
ជរចា បានគិតអំពីក្តីស្រឡាញ់ដ៏ធំធេងរបស់នាងចំពោះព្រះយេស៊ូវ ហើយនាងចង់ធ្វើតាមទ្រង់ ។ នាងឆ្លើយ « ចាស ! » ។
នៅទីបំផុតថ្ងៃដ៏ពិសេសរបស់ជរចាបានមកដល់ ។ នៅពេលដែលនាងឈានជើងចូលទៅក្នុងទឹក នាងបានឃើញមិត្តភក្តិ និងគ្រួសាររបស់នាងសម្លឹងមើលនាង ។ ម៉ាធីលដា ក៏នៅទីនោះដែរ !
នៅពេលដែលប៉ារបស់នាងពោលពាក្យនៃការអធិស្ឋានពិធីបុណ្យជ្រមុជទឹក ពាក្យពេចន៍ទាំងនោះធ្វើឲ្យជរចាមានអារម្មណ៍សុខសាន្តនិងសប្បាយរីករាយក្នុងចិត្ត ។ បន្ទាប់មកគាត់បានជ្រមុជនាងដោយប្រុងប្រយ័ត្នចូលទៅក្នុងទឹក ហើយលើកនាងឡើងវិញ ។ ពេលនាងងើបពីក្នុងទឹកនាងមានអារម្មណ៍សប្បាយរីករាយ និងជ្រះស្អាត ។
ប៉ាបានឱបនាងយ៉ាងណែន ។ ម៉ាក់កំពុងរង់ចាំនាងនៅមាត់ជណ្តើរខាងលើទាំងញញឹម ជាមួយនឹងកន្សែង ។
ជរចាមានអារម្មណ៍កក់ក្តៅក្នុងចិត្ត ។ វាជាថ្ងៃដ៏ពិសេសមួយ ។ នាងបានជ្រើសរើសធ្វើតាមព្រះយេស៊ូវ ។ ហើយនាងចង់បន្តធ្វើតាមទ្រង់ជារៀងរាល់ថ្ងៃ !