ប្រិយមិត្ត
ខ្សែក​ដ៏ចែងចាំង
ពិធី​បុណ្យជ្រមុជ​ទឹក និង​ពិធីបញ្ជាក់


« ខ្សែក​ដ៏ចែងចាំង » ប្រិយមិត្ត ខែ សីហា ឆ្នាំ ២០២៣ ទំព័រ ៤២–៤៣ ។

ខ្សែក​ដ៏ចែងចាំង

ខារ៉ូឡាញណា គ្រាន់​តែ​ចង់​រក្សា​ខ្សែក​ឲ្យ​យូរ​បន្តិច​ប៉ុណ្ណោះ ។

រឿង​នេះ​បាន​កើតឡើង​នៅក្នុង​ប្រទេស​អាហ្សង់ទីន ។

alt text

ខារ៉ូឡាញណា បាន​លោត​កាត់​ទីធ្លា ។ មិត្ត​របស់​នាង អ៊ីសាបេឡា នៅ​ខាង​ក្រៅ​ផ្ទះ ។

អ៊ីសាបេឡា បាន​លើ​ដៃ​គ្រវី ។ « ចូល​មក​លេង​មក ! »

ខារ៉ូឡាញណា បាន​ដើរកាត់​ទីធ្លា​ទៅ​ផ្ទះ​របស់​អ៊ីសាបេឡា ។

អ៊ីសាបេឡា បាន​ដាក់​ដៃ​ចូល​ទៅ​ក្នុង​ហោប៉ៅ​របស់​នាង ។ នាង​បាន​និយាយ​ថា « ខ្ញុំ​ចង់​បង្ហាញ​ឯង​របស់​មួយ » ។ បន្ទាប់​មក​នាង​បាន​ទាញ​ខ្សែក​ដ៏​ស្រស់​ស្អាត​បំផុត​ដែល ខារ៉ូឡាញណា មិន​ធ្លាប់​ឃើញ​ពីមុន​មក​ទេ ! គ្រឿង​អលង្ការ​តូច​នេះ​មាន​ពន្លឺ និង​ភ្លឺ​ចែង​ចាំង​ខ្លាំង​ណាស់ ។

អ៊ីសាបេឡា បាន​និយាយ​ថា « វា​ជា​របស់​ម៉ាម៉ា​ខ្ញុំ » ។ « នាង​បាន​និយាយ​ថា​ខ្ញុំ​អាច​លេង​ជាមួយ​វា​បាន​នៅ​ថ្ងៃ​នេះ ។ យក​វា​ទៅ​មើល​ក្រោម​ពន្លឺ​ព្រះ​អាទិត្យ » ។

អ៊ីសាបេឡា បាន​កាន់​ខ្សែក​នោះ​ទៅ​រក​ពន្លឺ ។ ឥន្ទធនូ​រាប់​រយ​បាន​ចាំង​ចេញ​ពី​គ្រឿង​អលង្ការ​នោះ ។ វា​ស្រស់​ស្អាត​ខ្លាំង​ណាស់ ។

អ៊ីសាបេឡា បាន​និយាយថា « ឥឡូវ​តោះ​យើង​លេង​បិទ​ពួន ! »

ខារ៉ូឡាញណា និយាយថា « យល់​ព្រម ! » ។ « ខ្ញុំ​អាច​ជួយ​ថែ​រក្សា​ខ្សែក​ឲ្យ​មាន​សុវត្ថិភាព » ។

« ចាស​អរគុណ ! » អ៊ីសាបេឡា បាន​ប្រគល់​ខ្សែក​ទៅ​ឲ្យ ខារ៉ូឡាញណា ហើយ ខារ៉ូឡាញណា បាន​ដាក់​វា​នៅ​ក្នុង​ហោប៉ៅ​របស់​នាង ។

មិន​យូរ​ប៉ុន្មាន​ក៏ដល់​ពេល​ដែល ខារ៉ូឡាញណា ទៅផ្ទះ​វិញ ។ នៅ​ពេល​ដែល​នាង​បាន​និយាយ​ពាក្យ​លាគ្នា អ៊ីសាបេឡា មិន​បាន​សួរ​រក​ខ្សែក​នោះ​ទេ ។ នាង​ច្បាស់​ជា​ភ្លេច​ហើយ ។ ហើយ​ខារ៉ូឡាញណា​ក៏​មិន​បាន​រំឭក​នាង​ដែរ ។

ខារ៉ូឡាញណា​មាន​អារម្មណ៍​មិន​ល្អ​ចំពោះ​ការ​យក​ខ្សែក​នោះ​ទៅ​ផ្ទះ ។ ប៉ុន្តែ​នាង​ចង់​ទុក​វា​ឲ្យ​យូរ​បន្តិច​នៅ​ជាមួយ​នាង ។ នាង​មិន​អើពើ​នឹង​អារម្មណ៍​មិន​ល្អ​នោះទេ ហើយ​នាង​ដាក់​ខ្សែក​នោះ​នៅ​ក្រោម​ខ្នើយ​របស់​នាង ។

ថ្ងៃ​បន្ទាប់​គឺ​ជា​ថ្ងៃ​សៅរ៏ ។ ខារ៉ូឡាញណា​បាន​ធ្វើ​កិច្ចការ​ផ្ទះ​របស់​នាង ហើយ​បាន​ចេញ​ទៅ​ខាង​ក្រៅ​ផ្ទះ​ដើម្បី​លេង ។ នាង​ភ្លេច​អំពី​ខ្សែក​ឲ្យ​ឈឹង ។

ប៉ាប៉ា​បានហៅ « ខារ៉ូឡាញណា ! » ។ « តើ​កូន​អាច​មក​ទីនេះ​បាន​ទេ ? »

ខារ៉ូឡាញណា​បាន​រត់​មក​ក្នុង​ផ្ទះ ។ នាង​តបថា « ច៎ាស ! »

ប៉ាប៉ា​កាន់​ខ្សែក​នៅ​ក្នុង​ដៃ​របស់​គាត់ ។ « ម៉ាម៉ា​បានរក​ឃើញ​ខ្សែក​នេះ​នៅ​ក្រោម​ខ្នើយ​របស់​កូន ។ តើ​វា​ជា​អ្វី ? »

« វា​ជា​របស់​អ៊ីសាបេឡា ប៉ា » ។ ខារ៉ូឡាញណា​បាន​ស្រក់​ទឹក​ភ្នែក ។ « ខ្ញុំ​បាន​រក្សា​ទុក​វា​ឲ្យ​មាន​សុវត្ថិភាព​នៅ​ក្នុង​ហោប៉ៅ​របស់​ខ្ញុំ ពេល​យើង​លេង​កាល​ពី​ម្សិល​មិញ ។ តែ​ក្រោយ​មក​ខ្ញុំ​សម្រេច​ចិត្ត​យក​វា​មក​ផ្ទះ » ។

ម៉ាម៉ា​បាន​អង្គុយចុះ​ជាមួយ​ខារ៉ូឡាញណា​នៅលើ​សាឡុង ។ « អរគុណ​ដែល​កូន​ប្រាប់​ការពិត ។ តើ​កូន​គិត​ថា​កូន​គួរ​ធ្វើ​អ្វី​ខ្លះ​ពេល​នេះ ? »

ខារ៉ូឡាញណា​នៅ​ស្ងៀម ។ នាង​បាន​គិត​អំពី​ព្រះយេស៊ូវ ។ ទ្រង់​ពិត​ជា​ចង់​ឲ្យ​នាង​មាន​ភាព​ស្មោះ​ត្រង់ ហើយ​យក​ខ្សែក​នេះ​ទៅ​ឲ្យ​គេវិញ ។

ខារ៉ូឡាញណា​បាន​និយាយ​ថា « ខ្ញុំ​គួរ​តែ​ឲ្យ​វា​ទៅ​អ៊ីសាបេឡា វិញ​ហើយ​ប្រាប់​នាង​ថា​ខ្ញុំ​សុំ​ទោស » ។ នៅ​ពេល​ដែល​នាង​បាន​និយាយ​ពាក្យ​ទាំងនោះ អារម្មណ៍​មិន​ល្អ​នោះ​បាន​រលាយ​បាត់​ទៅ​វិញ ។ នាង​មាន​អារម្មណ៍​កក់ក្តៅ​នៅក្នុង​ចិត្ត ។

ខារ៉ូឡាញណា​បាន​ទៅ​ផ្ទះ​របស់​អ៊ីសាបេឡា ។

ខារ៉ូឡាញណា​បាន​និយាយ​ថា « សួស្តី » ។ នាង​បាន​ប្រគល់​ខ្សែក​ឲ្យ​អ៊ីសាបេឡា​វិញ ។ « ខ្ញុំ​សុំទោស​ដែល​ខ្ញុំ​បាន​យក​របស់​ឯង​ទុក ។ តើ​ឯង​នឹង​អត់ទោស​ឲ្យ​ខ្ញុំទេ ? »

អ៊ីសាបេឡា​បាន​ឆ្លើយ​ថា « ចាស » ។ « អរគុណ​ដែល​ឯង​យក​វា​មក​ឲ្យ​វិញ » ។ បន្ទាប់​មក​នាង​ញញឹម ។ « ចង់​លេង​បិទ​ពួន​ម្តង​ទៀត​ទេ ? »

« ច៎ាស ! ឯង​អាច​រាប់​មុន​–​ខ្ញុំនឹង​ទៅ​ពួន ! »

នៅ​យប់​នោះ​ខារ៉ូឡាញណា​បាន​ពោលពាក្យ​អធិស្ឋាន ។ « ឱ ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​ដ៏ជា​ទីស្រឡាញ់ សូម​មេត្តា​អត់​ទោស​ដល់​កូន​ផង ដែល​កូន​បាន​ទុក​ខ្សែក​របស់​គេ ។ ហើយ​សូម​អរគុណ​ដែល​ទ្រង់​បាន​ជួយ​ទូល​បង្គំ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ឡើងវិញ » ។

ខារ៉ូឡាញណា​មាន​អារម្មណ៍​កក់​ក្តៅ​ម្តង​ទៀត ។ នាង​សប្បាយ​ចិត្ត​ដែល​នាង​អាច​ធ្វើ​អ្វី​ដែល​ព្រះ​យេស៊ូវ​ចង់​ឲ្យ​នាង​ធ្វើ ។

alt text
alt text here

រចនា​រូបភាព​ដោយ ស៊ូ ធីអូឌូរូ