« ដបទឹកដែលបែក » ប្រិយមិត្ត ខែ សីហា ឆ្នាំ ២០២៣ ទំព័រ–ទំព័រ ។
ដបទឹកដែលបែក
ឃាឌីស្រេកទឹក ។ តើសូហ្វៀអាចជួយបានដោយរបៀបណា ?
ដំណើររឿងនេះបានកើតឡើងនៅ សេរ៉ា ឡេអូន ។
សូហ្វៀបានស្ដាប់ដោយយកចិត្តទុកដាក់នៅពេលដែលគ្រូរបស់នាងពន្យល់លំហាត់គណិតវិទ្យានៅលើក្តារខៀន ។
គ្រូបានសួរថា « ដូច្នេះតើប្រាំបួនគុណនឹងបួនស្មើប៉ុន្មាន ? »
សូហ្វៀបានលើកដៃ ។ នាងបានឆ្លើយថា « សាមប្រាំមួយ » ។
គ្រូរបស់នាងញញឹម ។ « ត្រូវហើយ សូហ្វៀ ! »
ពេលរៀនចប់ហើយវាក៏ដល់ពេលទៅផ្ទះវិញ ។ សូហ្វៀបានដើរជាមួយមិត្តភក្តិរបស់នាង ។ ពួកគេទាំងអស់គ្នាបានទាញដបទឹករបស់ពួកគេដើម្បីផឹកទឹក ដែលនៅសល់ចុងក្រោយរបស់ពួកគេ ។ ថ្ងៃនោះក្តៅណាស់ !
ប៉ុន្តែសូហ្វៀបានឃើញអ្វីមួយប្លែក ។ មិត្តរបស់នាងខាឌីមិនបានយកទឹកមកផឹកទេ ។ នាងដើរដោយស្ងៀមស្ងាត់តែឯង ។
« ឃាឌី ដបទឹករបស់ឯងនៅឯណា ? » សូហ្វៀបានសួរ ។ មនុស្សគ្រប់គ្នាតែងតែស្រេកទឹកនៅពេលដែលរៀនចប់ ។
ខាឌីតបថា « ខ្ញុំបានធ្វើបែកដបទឹកកាលពីម្សិលមិញ ហើយខ្ញុំមិនមានដបទឹកថ្មីនៅឡើយទេ » ។ « ដូច្នេះឥឡូវខ្ញុំមិនមានអ្វីដាក់ទឹកទៅសាលារៀនទេ » ។
សូហ្វៀសម្លឹងមើលដបទឹករបស់នាង ។ នាងប្រាថ្នាថានាងអាចចែករំលែកបាន ! ប៉ុន្តែទឹករបស់នាងបានអស់ហើយ ។
សូហ្វៀបានគិតអំពីដបទឹកដែលបែករបស់ខាឌីពេញមួយថ្ងៃ ។ វាមិនងាយស្រួលទេក្នុងការទទួលបានទឹកស្អាតនៅកន្លែងដែលពួកគេរស់នៅ ។ ក្មេងភាគច្រើនទទួលបានដបទឹកតែមួយប៉ុណ្ណោះដើម្បីប្រើពេញមួយឆ្នាំ ។ ពួកគេបានច្រកវាពីធុងទឹកស្អាតមកពីផ្ទះ ។ អ្នកអាចឈឺពីការផឹកទឹកផ្សេងទៀត ។ ប្រសិនបើខាឌីមិនមានដបទឹក នោះនាងមិនអាចយកទឹកពីផ្ទះទៅផឹកនៅសាលារៀនបានទេ ។
នៅព្រឹកស្អែកឡើងសូហ្វៀ បានគិតពីរបៀបដែលនាងអាចជួយ ខាឌីបាន ។ គ្រួសាររបស់សូហ្វៀមានដបទឹកជ័រដែលមានទឹកពេញ ។ សូហ្វៀបានបន្ថែមដបមួយទៀតទៅក្នុងកាបូបស្ពាយរបស់នាងជាមួយដបដែករបស់នាង ។ វាធ្វើឲ្យកាបូបនោះធ្ងន់ជាងមុនបន្តិច ប៉ុន្តែនាងមិនខ្វល់ពីរឿងនោះទេ ។
ពេលនាងទៅរៀននាងបានរកឃើញខាឌី ។
« ខាឌី ដបទឹករបស់ឯងនៅឯណា ? » សូហ្វៀបានសួរ ។
ខាឌីបានគ្រវីក្បាល សម្លឹងចុះក្រោម ។
សូហ្វៀបាននិយាយថា « មិនអីទេ » ។ « ខ្ញុំមានដបមួយឲ្យឯង ! »
នាងបានឲ្យដបទឹកទៅខាឌី។ ខាឌីញញឹម ។
« អរគុណសូហ្វៀ » ។ ខាឌីបានឱបមិត្តរបស់នាងយ៉ាងណែន ។
ក្នុងអំឡុងពេលរៀន ខាឌីបានផឹកដបទឹករបស់នាងជាមួយក្មេងៗផ្សេងទៀត ។ សូហ្វៀសប្បាយចិត្តណាស់ដែលបានឃើញមិត្តរបស់នាងមិនចាំបាច់ស្រេកទឹកទៀត ។
ជារៀងរាល់ថ្ងៃក្នុងសប្ដាហ៍នោះ សូហ្វៀបានយកដបទឹកមកលើសសម្រាប់មិត្តរបស់នាង ។ បន្ទាប់មកនៅព្រឹកមួយម្តាយរបស់សូហ្វៀបានលើកកាបូបស្ពាយរបស់នាងឡើង ។
ម៉ាក់បាននិយាយថា « ហឺ » ។ « មានអារម្មណ៍ថាវាធ្ងន់ជាងធម្មតា » ។ នាងបានបើកកាបូបស្ពាយ ហើយទាញដបទឹកដែលលើសនោះមក ។
« សូហ្វៀតើកូនមានចេតនាដាក់ដបទឹកលើសទៅសាលារៀនឬ ? » ម៉ាក់បានសួរ
សូហ្វៀបានងក់ក្បាល ។ « ដបទឹករបស់ខាឌីបែក ហើយនាងមិនទាន់រកបានដបទឹកថ្មីទេ ។ ដូច្នេះនៅសាលារៀននាងអត់មានទឹកផឹកទេ » ។
« តើកូនដាក់ដបទឹកលើសឲ្យនាងតាំងពីពេលណាមក ? » ម៉ាក់បានសួរ
សូហ្វៀបាននិយាយថា « តែសប្ដាហ៍នេះប៉ុណ្ណោះ » ។ « ខ្ញុំមិនចង់ឲ្យខាឌីស្រេកទឹកទេ » ។
ម៉ាក់បានញញឹម ។ « វាជារឿងល្អណាស់កូន ដែលចេះគិតពីមិត្តរបស់កូន ។ នោះគឺជាអ្វីដែលព្រះយេស៊ូវនឹងធ្វើ ។ ម៉ាក់សប្បាយចិត្តណាស់ដែលឃើញកូនធ្វើជាមនុស្សដូចជាព្រះយេស៊ូវ » ។ ម៉ាក់បានឱបសូហ្វៀ ។ « ហើយម៉ាក់គិតថា ម៉ាក់ដឹងពីវិធីមួយទៀតដែលយើងអាចជួយនាងបាន » ។
ម៉ាក់បានឲ្យដបទឹកដែកមួយទៅសូហ្វៀ ។ « ចូរឲ្យដបនេះទៅមិត្តកូនជំនួសវិញ ដូច្នេះនាងអាចបន្តប្រើវាឡើងវិញបាន ។ វិធីនេះកូនមិនចាំបាច់យកដបប្លាស្ទិចទៅជារៀងរាល់ថ្ងៃទេ » ។
« ពិតមែនឬម៉ាក់ ? » សូហ្វៀបានសួរ ។
ម៉ាក់បានងក់ក្បាល ។ « ចាសកូន ។ គ្រាន់តែសុំឲ្យនាងថែរក្សាវាឲ្យគង់ទៅបានហើយ » ។
សូហ្វៀបានយកដបទឹកទៅសាលារៀន ។ រឿងទីមួយដែលនាងធ្វើពេលដល់សាលា គឺឲ្យដបទឹកទៅខាឌី ។
ខាឌីបានលាន់មាត់ថា « អស្ចារ្យណាស់ » ។ « អរគុណសូហ្វៀ » ។ ខាឌីបានឱបនាងយ៉ាងណែន ។
សូហ្វៀមានអារម្មណ៍កក់ក្តៅនៅក្នុងចិត្ត ។ នាងបានដឹងថានាងបានជួយមិត្តរបស់នាងដូចជាព្រះយេស៊ូវដែរ ។