« បុណ្យអ៊ីស្ទើរដែលត្រូវចងចាំ » ទស្សនាវដ្តី ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៤ ទំព័រ ១៤-១៥ ។
បុណ្យអ៊ីស្ទើរដែលត្រូវចងចាំ
យ៉ូណាសទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវនៅពេលគាត់ច្រៀង ។
ដំណើររឿងនេះបានកើតឡើងនៅប្រទេសហ្វាំងឡង់ ។
ចូណាសបានសើចនៅពេលដែលគាត់រត់ប្រណាំងជាមួយនឹងបងប្អូនរបស់គាត់ទៅកាន់បន្ទប់ទទួលភ្ញៀវសម្រាប់រាត្រីក្រុមគ្រួសារ ។ គាត់នៅតែអាចធុំក្លិនកូនចៀមដុតមកពីអាហារពេលល្ងាចបុណ្យអ៊ីស្ទើរ ។ ហើយគាត់នៅតែអាចភ្លក់រសជាតិ ប៉ាសា ដ៏ផ្អែមដែលជារសជាតិបង្អែមបុណ្យអ៊ីស្ទើរបែបប្រពៃណីរបស់ពួកគេ ។
បន្ទាប់ពីក្រុមគ្រួសារបានអង្គុយចុះហើយ បងប្រុសច្បងរបស់ចូណាស ឈ្មោះទ្រីស្តានបានក្រោកឈរឡើង ។
ទ្រីស្តានបាននិយាយថា « រីករាយបុណ្យអ៊ីស្ទើរ ! » ។ គាត់បានចាប់ផ្ដើមរាត្រីក្រុមគ្រួសាររបស់ពួកគេដោយមានចម្រៀង និងការអធិស្ឋាន ។ បន្ទាប់មកវាដល់ពេលសម្រាប់កម្មវិធីតន្ត្រីដ៏ពិសេសរបស់ពួកគេ ។ មនុស្សគ្រប់គ្នាបានត្រៀមចម្រៀងមួយអំពីព្រះយេស៊ូវគ្រីស្ទដើម្បីចែកចាយ ។
ទ្រីស្តានបានលេងហ្គីតាដោយកេះខ្សែនីមួយៗដោយប្រុងប្រយ័ត្ន ។ បន្ទាប់មកប្អូនប្រុសរបស់គាត់អាយណាបានលេងព្យាណូ ។ ម្រាមដៃរបស់គាត់បានលេងខ្ទង់ព្យាណូយ៉ាងរលូន ។ ម៉ាក់ប៉ា និងបងប្រុសផ្សេងទៀតរបស់ចូណាស ក៏បានលេងចម្រៀងផងដែរ ។ ចូណាសចូលចិត្តស្តាប់តន្ត្រីរបស់គ្រួសារគាត់ ។
ចុងក្រោយគឺដល់វេនរបស់ចូណាស ។ គាត់បានដកដង្ហើមធំ ហើយបានចាប់ផ្ដើមច្រៀង ។
« ក្នុងគ្រាដែលខ្ញុំត្រូវល្បូងឲ្យជ្រើសរើសផ្លូវខុស តែខ្ញុំព្យាយាមស្តាប់តាមសម្លេងខ្សឹបដ៏តូចរហៀង ចូរស្រឡាញ់គ្នាដូចព្រះទ្រង់ស្រឡាញ់អ្នក » ។*
នៅពេលចូណាសច្រៀង បេះដូងរបស់ចូណាសពោរពេញដោយសេចក្ដីស្រឡាញ់ ។ ចូណាសបាន រលីងរលងទឹកភ្នែកដោយក្តីរីករាយ ។ វាមានអារម្មណ៍ដូចជាព្រះវិញ្ញាណបរិសុទ្ធបានប្រាប់ដល់ចូណាសថាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវស្រឡាញ់គាត់ ។
លោកប៉ាបាននិយាយថា « អរគុណអ្នកទាំងអស់គ្នាដែលបានចែកចាយទេពកោសល្យរបស់អ្នកទាំងអស់គ្នា » ។ ប៉ាបានលើករូបភាពមួយឡើង ។ វាបានបង្ហាញអំពីព្រះយេស៊ូវគ្រីស្ទកំពុងលុតជង្គង់ ហើយអធិស្ឋាននៅក្បែរដើមឈើមួយ ។ « តើនរណាដឹងថាមានអ្វីកើតឡើងនៅក្នុងរូបភាពនេះ ? »
ចូណាសបានលើកដៃឡើង ។ « នោះគឺព្រះយេស៊ូវកំពុងអធិស្ឋាននៅក្នុងសួនច្បារគែតសេម៉ានី » ។
លោកប៉ាបានងក់ក្បាល ។ « ត្រូវហើយ ។ នោះគឺជាកន្លែងដែលទ្រង់ទទួលរងនូវរាល់ការឈឺចាប់ និងទុក្ខព្រួយទាំងអស់របស់យើង » ។
ម៉ាក់បាននិយាយថា « ទ្រង់បានយាងទៅសួនច្បារគែតសេម៉ានីមុនពេលទ្រង់សុគត » ។ « ក្រោយពីទ្រង់សុគត ទ្រង់បានមានព្រះជន្មរស់ឡើងវិញ ។ នេះគឺជាផ្នែកទាំងអស់នៃដង្វាយធួនរបស់ទ្រង់ ។ ព្រះយេស៊ូវបានធ្វើរឿងទាំងអស់នេះដោយសារទ្រង់ស្រឡាញ់យើង » ។
ម៉ាក់បានចាក់វីដេអូមួយអំពីបុណ្យអ៊ីស្ទើរដំបូង ។ នៅពេលវីដេអូចប់ គ្រប់គ្នាបានស្ងប់ស្ងាត់មួយនាទី ។ ចូណាសទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទម្ដងទៀត ។
« ឥឡូវដល់ពេលសម្រាប់សកម្មភាពរបស់យើងហើយនៅ ? » ចូណាសសួរ ។
ម៉ាក់បានក្រោកឈរពីកៅអី ហើយដើរទៅកាន់ទូរមួយ ។ « ច៎ាស ! ចូណាស តើកូនជួយម៉ាក់បានទេ ? »
ចូណាស និងម៉ាក់បានដកកាវបិទ កន្ត្រៃ និងទស្សនាវដ្ដីសាសនាចក្រមួយគំនរចេញ ។ ពួកគេបានរាយរបស់ទាំងនោះនៅលើកម្រាលឥដ្ឋ ។ បន្ទាប់មកម៉ាក់បានឲ្យពួកគេម្នាក់ៗនូវទិនានុប្បវត្តិបុណ្យអ៊ីស្ទើរពិសេសមួយ ។ « ចូរយើងរចនារូបរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងទិនានុប្បវត្តិរបស់យើងសម្រាប់បុណ្យអ៊ីស្ទើរ » ។
ចូណាសអង្គុយលើកម្រាលឥដ្ឋ ហើយបានបើកសៀវភៅកំណត់ត្រារបស់គាត់ ។
ប៉ាបានយកប៊ិចមួយដើម្បីសរសេរនៅក្នុងទិនានុប្បវត្តិរបស់គាត់ ។ « នៅជាប់នឹងរូបភាពរបស់កូន កូនអាចសរសេរនូវអ្វីដែលកូននឹងធ្វើដើម្បីធ្វើតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវ ដើម្បីឲ្យកូនអាចកាន់តែក្លាយដូចជាពួកទ្រង់ខ្លាំងឡើង » ។
ចូណាសបានបើកទំព័រនៅក្នុងទស្សនាវដ្ដីមួយ ។ គាត់បានរកឃើញរូបភាពព្រះយេស៊ូវគ្រីស្ទញញឹម ។
ចូណាសបានកាត់រូបភាពនេះចេញ ហើយបានបិទវានៅចំកណ្តាលទំព័រទិនានុប្បវត្តិរបស់គាត់ ។ គាត់បានគិតអំពីសេចក្ដីស្រឡាញ់ទាំងអស់ដែលគាត់បានទទួលមកពីព្រះអង្គសង្គ្រោះនៅថ្ងៃនោះ ។ បន្ទាប់មកគាត់បានសរសេរថា « ខ្ញុំនឹងដើរតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវដោយស្តាប់តាមប៉ា និងម៉ាក់ និងជួយធ្វើកិច្ចការផ្ទះ ។ ខ្ញុំនឹងស្រឡាញ់បងប្អូនប្រុសរបស់ខ្ញុំឲ្យច្រើនជាងមុន » ។ គាត់បានលើកវាឡើងដើម្បីបង្ហាញដល់ម៉ាក់ ។ ម៉ាក់បានអាននូវអ្វីដែលគាត់បានសរសេរ ហើយញញឹម ។
ចូណាសនឹងចងចាំបុណ្យអ៊ីស្ទើរនេះសម្រាប់ពេលដ៏យូរ ។ គាត់ទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទនៅពេលគាត់ច្រៀង ហើយនៅពេលបានរៀនអំពីទ្រង់ ។ ហើយគាត់ទទួលបានសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវនៅពេលគាត់ព្យាយាមធ្វើដូចទ្រង់ ។
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទពិតជាស្រឡាញ់ចូណាសណាស់ ។ ហើយចូណាសក៏ស្រឡាញ់ទ្រង់ទាំងទ្វេដែរ ។