ប្រិយមិត្ត
តំណក់​នៃ​សេចក្ដីជំនឿ
ខែ មីនា ឆ្នាំ ២០២៤


« តំណក់​នៃ​សេចក្ដីជំនឿ » ទស្សនាវដ្តី ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៤ ទំព័រ​៣០-៣១ ។

តំណក់​នៃ​សេចក្ដីជំនឿ

យ៉ាកុប​មាន​បញ្ហា​មួយ—គាត់​តែងតែ​ងងុយដេក !

ដំណើររឿង​នេះ​បាន​កើតឡើង​នៅ​ប្រទេសប្រេស៊ីល ។

alt​text

« យ៉ាកុប តើ​ប្អូន​ដឹង​ចម្លើយ​ទេ ? » លោកស្រី ឡេលីស​សួរ ។

យ៉ាកុប​បាន​បើក​ភ្នែក​របស់​គាត់ ហើយ​ងើប​មុខឡើង ។ មិត្ត​រួម​ថ្នាក់​របស់​គាត់​ទាំងអស់​បាន​សម្លឹង​មើល​គាត់ ។ គ្រូបង្រៀន​របស់​គាត់​ក៏​បាន​សម្លឹង​មើល​គាត់​ផងដែរ ។ គាត់​មាន​អារម្មណ៍​ថា​ថ្ពាល់​របស់​គាត់​ឡើងក្តៅ ។ គាត់​ដេកលក់​នៅក្នុង​ថ្នាក់រៀន​ទៀតហើយ !

គាត់​បាន​ឆ្លើយ​ថា « សុំទោស​លោកស្រី ឡេលីស » ។ « តើ​អ្នកគ្រូ​អាច​និយាយ​សំណួរ​នេះ​ម្តង​ទៀត​បាន​ទេ ? »

« បាន​កូន ។ ប៉ុន្តែ​សូម​ឈប់​ដេក​នៅក្នុង​ថ្នាក់​រៀន » ។

គាត់​បាន​អង្គុយ​ចុះ​នៅលើ​កៅអី​របស់​គាត់ ។ « បាទ​អ្នកគ្រូ » ។

យ៉ាកុប​បាន​មក​សាលា​ថ្មី​របស់​គាត់​កាលពី​ពីរ​បី​សប្តាហ៍​មុន ។ គាត់​ចូលចិត្ត​រៀន ហើយ​មិត្ត​រួម​ថ្នាក់​របស់​គាត់​គឺ​ល្អៗ​ណាស់ ។ ប៉ុន្តែ​មាន​បញ្ហា​មួយ—គាត់​តែងតែ​ងងុយដេក ! សាលា​ថ្មី​របស់​គាត់​នៅ​ឆ្ងាយ​ណាស់ ដូច្នេះ​គាត់​ត្រូវ​ភ្ញាក់​តាំងពី​ព្រលឹមស្រាងៗ​ដើម្បី​ទៅដល់​ទីនោះ​ឲ្យ​ទាន់​ពេល ។

ដំបូង​វា​ងាយ​ស្រួល​នៅក្នុង​យកចិត្ត​ទុកដាក់​នៅក្នុង​ថ្នាក់​រៀន ។ ប៉ុន្តែ​វា​កាន់​តែ​ពិបាក​ឡើងៗ ។ ពេល​ខ្លះ យ៉ាកុប​នឿយ​ហត់​ខ្លាំង​ណាស់ ហើយ​គាត់​បាន​ដេក​លក់ ។

នៅ​ថ្ងៃ​បន្ទាប់ នាយក​សាលា​បាន​សុំ​ឲ្យ​យ៉ាកុប និង​ឪពុក​ម្តាយ​របស់​យ៉ាកុប​ជួប​ជាមួយ​គាត់ ។ គាត់​បាន​ញញឹម ហើយ​ស្វាគមន៍​ពួកគេ​ចូល​ទៅក្នុង​ការិយាល័យ​របស់​គាត់ ។

គាត់​បាន​និយាយ​ថា « ខ្ញុំ​រីករាយ​ណាស់​ដែល​អ្នក​នៅ​ទី​នេះ » ។ « យ៉ាកុប​ជា​សិស្ស​ល្អ​ណាស់ ។ ប៉ុន្តែ​គ្រូ​របស់​គាត់​និយាយ​ថា​គាត់​មិន​ចាប់​អារម្មណ៍​នឹង​ថ្នាក់​រៀន​របស់​គាត់​ទេ ។ ពេលខ្លះ គាត់​មិន​យកចិត្តទុកដាក់ ហើយ​គាត់​ហាក់​ដូច​ជា​នឿយហត់​ខ្លាំង​ណាស់ ។ « តើ​គាត់​កើតអី​ទេ ? »

ម្តាយ​របស់​គាត់​បាន​ងក់ក្បាល ។ « យ៉ាកុប​ព្យាយាម​ខ្លាំងណាស់​ដើម្បី​មកសាលា​រៀន​នៅ​ទីនេះ ប៉ុន្តែ​សាលា​នៅ​ឆ្ងាយ​ពី​ផ្ទះ​យើង ។ គាត់​ត្រូវ​ភ្ញាក់​តាំងពី​ព្រលឹម​ស្រាងៗ​ជារៀង​រាល់ថ្ងៃ ។ ដូច្នេះ​គាត់​ងងុយដេក​នៅក្នុង​ថ្នាក់​ពេលព្រឹក​របស់គាត់ » ។

នាយក​សាលា​និយាយថា « អូ៎!​ប៉ុណ្ណឹង​ទេឬ ? » ។ « អ្នក​គួរ​សាកល្បង​ប្រើ​ដំណាក់​កាហ្វេ ! សូម​ដាក់​កាហ្វេ​រសជាតិ​ខ្លាំង​ពីរបី​ដំណក់​ចូលទៅ​ក្នុង​ភេសជ្ជៈ​របស់​យ៉ាកុប​ជា​រៀង​រាល់​ព្រឹក​ទៅ ។ នោះ​នឹង​ធ្វើ​ឲ្យ​គាត់​លែង​ងងុយដេក​ហើយ » ។

យ៉ាកុប​មុខ​ស្រពោន ។ « ប៉ុន្តែ​គ្រួសារ​របស់​យើង​អត់​ផឹក​កាហ្វេ​ទេ​លោកស្រី » ។

នាយក​សាលា​មើល​ទៅ​ដូច​ជា​ច្របូកច្របល់ ។ « វា​នឹង​ពិបាក​ក្នុង​ការរៀន ប្រសិន​បើ​ប្អូន​ចេះតែ​ដេក​លក់​អ៊ីចឹង ។ យ៉ាងហោចណាស់​ប្អូន​គួរតែ​គិត​អំពី​រឿងនេះ » ។

នៅពេល​ដែល​ពួកគេ​ចាក​ចេញពី​ការិយាល័យ​នាយក​សាលា យ៉ាកុប​បាន​មាន​គំនិត​ច្របូកច្របល់ ។ គាត់​ចង់​ធ្វើ​ឲ្យ​បាន​ប្រសើរ​ឡើង​នៅ​សាលា​រៀន ប៉ុន្តែ​គាត់​ក៏​ចង់​ធ្វើ​តាម​បទ​ប្បញ្ញត្តិ​ផង​ដែរ ។

យប់​នោះ​គ្រួសារ​របស់​គាត់​បាន​អាន​អំពី​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​នៅក្នុង​ព្រះគម្ពីរ ។

នៅពេល​ដល់​វេន​របស់​យ៉ាកុប គាត់​បាន​អានថា « ហើយ​ពួក​បរិសុទ្ធ​ទាំងអស់​ដែល​នឹក​ចាំ​កាន់​តាម ហើយ​ប្រព្រឹត្ត​តាម​ពាក្យ​សម្ដី​ទាំង​នេះ . . . នឹង​រក​ឃើញ​ប្រាជ្ញា និង​ផល​ថ្លៃ​វិសេស​នៃ​ចំណេះវិជ្ជា ។ ហើយ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ » ។*

បន្ទាប់មក​គាត់​មាន​គំនិត​មួយ !

គាត់​បាន​ក្រោក​ចេញពី​កៅអី​របស់​គាត់ ។ « ជំនួស​ឲ្យ​ដំណក់​កាហ្វេ ខ្ញុំ​នឹង​ប្រើ​តំណក់​នៃ​សេចក្តី​ជំនឿ​វិញ ! »

ប៉ា​របស់​គាត់​បានសួរ​ថា « តើ​កូនចង់​មានន័យ​ថាម៉េច ? »

យ៉ាកុប​ញញឹម ។ « រាល់​ពេលព្រឹក​មុន​អាហារ​ពេលព្រឹក​យើង​អាច​និយាយ​ការអធិស្ឋាន​មួយ ហើយ​ទូលសុំ​ឲ្យ​ព្រះវរបិតាសួគ៌​ប្រទានពរ​ដល់កូន ដើម្បី​កុំ​ឲ្យកូន​មាន​អារម្មណ៍​ងងុយ​គេង ។ ការអធិស្ឋាន​របស់យើង​នឹង​ប្រៀបដូចជា​តំណក់​នៃ​សេចក្តី​ជំនឿ ! »

ម៉ាក់ និង​ប៉ា​ក៏​ញញឹម​ដែរ ។ ប៉ា​បាន​ឆ្លើយ​ថា « ស្តាប់​ទៅ​ដូចជា​គំនិត​ល្អ​ណាស់ ! »

នៅ​ព្រឹក​ស្អែក​ឡើង គ្រួសារ​របស់​ពួកគេ​បាន​លុតជង្គង់ ហើយ​បាន​និយាយ​នៅក្នុង​ការអធិស្ឋាន សុំឲ្យ​យ៉ាកុប​នឹង​មាន​ថាមពល​ដើម្បី​កុំ​ឲ្យ​ងងុយ​គេង ។ ពួកគេ​បាន​ធ្វើ​រឿង​ដូច​គ្នា​នៅ​ថ្ងៃ​ស្អែក ។ ហើយ​ថ្ងៃ​បន្ទាប់ទៀតៗ​ផងដែរ ។ ជារៀង​រាល់យប់ យ៉ាកុប​បាន​ព្យាយាម​ចូលគេង​ពីព្រលប់ ។ ហើយ​រៀងរាល់​ព្រឹក​គ្រួសារ​របស់​យ៉ាកុប​មាន​ជំនឿ​ថា​ព្រះវរបិតាសួគ៌​នឹង​ជួយ​ដល់​គាត់ ។

យូរៗទៅ ដំណក់​នៃ​សេចក្ដី​ជំនឿ​របស់​ពួកគេ​បាន​មាន​ដំណើរការ ។ យ៉ាកុប​អាច​យកចិត្ត​ទុកដាក់​ពេញ​មួយ​ថ្ងៃ​បាន ! ព្រះ​បាន​ឆ្លើយតប​ការអធិស្ឋាន​របស់​ពួកគេ ។ ហើយ​យ៉ាកុប​បាន​ដឹងថា​គាត់​មាន​មោទនភាព​ចំពោះ​ខ្លួនឯង ដែល​បាន​ធ្វើ​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ ។

alt​text

« យ៉ាកុប ត្រៀមខ្លួន​សម្រាប់​ថ្នាក់​រៀន​ហើយ​ឬនៅ ? » លោកស្រី ឡេលីស​បាន​សួរ​នៅ​ពេលព្រឹក​មួយ​នៅ​ពេល​ដែល​គាត់​ដើរ​ចូល​ទៅក្នុង​ថ្នាក់រៀន ។

យ៉ាកុប​បាន​ងក់ក្បាល​ដោយ​ញញឹម​យ៉ាង​ធំ​នៅលើ​មុខ​របស់​គាត់ ។ គាត់​មាន​ដំណក់​នៃ​សេចក្តី​ជំនឿ​របស់​គាត់​មុន​ទៅ​សាលា​រៀន ។ គាត់​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​អ្វី​ទាំងអស់ !

ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ រ៉ាឃ្វិល ម៉ាធីន