ប្រិយមិត្ត
មេមាន់ និង​កូនមាន់
ខែ មីនា ឆ្នាំ ២០២៤


« មេមាន់ និង​កូនមាន់ » ទស្សនាវដ្តី ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៤ ទំព័រ ៤-៥ ។

មេមាន់ និង​កូនមាន់

លោក​ប៉ា​បាន​និយាយ​ថា ៖ « ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ព្រះបន្ទូល​អំពី​រឿង​នេះ​នៅក្នុង​ព្រះគម្ពីរ » ។

ដំណើររឿង​នេះ​បាន​កើតឡើង​នៅក្នុង​ស.រ.អា. ។

alt text

កូនមាន់​រោមទន់​ពណ៍​លឿង​ប្រាំ​ក្បាល​បាន​សម្លឹង​មើល​ទៅ ក្លារ៉ា ។ ចិប ចិប ចិប !

រៀងរាល់​និទាឃៈ​រដូវ​ម្តងៗ គ្រួសារ​របស់​ក្លារ៉ាបាន​ទិញ​កូនមាន់​ដើម្បី​ចិញ្ចឹម ។ ថ្ងៃនេះ នាង​មាន​ឳកាស​ជួយ​លោកប៉ា​យក​កូនមាន់​ទាំងនោះ​ទៅ​ផ្ទះ ដើម្បី​រស់​នៅ​ជាមួយ​មាន់​ផ្សេង​ទៀត​របស់​ពួកគេ ។

ផ្លូវ​ដែល​ពួកគេ​កំពុង​បើកបរ​គឺ​មាន​ភាពរលាក់។ ប៉ុន្តែ ក្លារ៉ា​បាន​កាន់​ប្រអប់​ដែលមាន​កូន​មាន់​យ៉ាងជាប់​នៅលើ​ភ្លៅ​របស់​នាង ។ នាង​បាន​អង្អែល​កូនមាន់​មួយ​ក្នុង​ចំណោម​កូនមាន់​ទាំងនោះ​ដោយ​ចុង​ម្រាម​ដៃ​របស់​នាង ។ វា​ទន់​ខ្លាំង​ណាស់ !

ពេលក្លារ៉ា និង​លោកប៉ា​ត្រឡប់​មកដល់​ផ្ទះ​វិញ ពួកគេ​បាន​ដើរ​ទៅ​ទ្រុងមាន់​ដែល​នៅ​ខាង​ក្រោយ​ផ្ទះ ។ ទ្រុងមាន់​គឺ​ជា​រោង​តូច​មួយ​ដែល​មេមាន់​ទាំងអស់​រស់នៅ និង​ធ្វើ​សំបុក​របស់​ពួកវា ។

« តើ​គួរដាក់​កូនមាន់​ទាំងនេះ​ជាមួយ​មេមាន់​មួយណា ? » លោកប៉ា​សួរ ។

ក្លារ៉ា បាន​សម្លឹង​មើល​ជុំវិញ​ខ្លួន ។ មេមាន់​មួយ​កំពុង​ប្រមូល​ចំបើង​ចូល​ទៅ​ក្នុង​ពំនូក ។ ចំបើង​នេះ​នឹង​ធ្វើ​ឲ្យ​សំបុក​កក់ក្ដៅ​សម្រាប់​កូន​មាន់​ថ្មី​ទាំងនេះ ។ ប្រហែល​ជា​វា​អាច​ជា​មេមាន់​ដ៏​ល្អ ។

« អាមួយនេះ » ក្លារ៉ា​បាន​និយាយ​ដោយ​ចង្អុល​ទៅ​មេមាន់​មួយ ។

លោកប៉ា​បាន​លើក​កូន​មាន់​មួយ​ចេញ​ពី​ប្រអប់​ដោយ​ថ្នមៗ​ហើយ​ដាក់​វា​នៅ​ក្បែរ​មេមាន់​នោះ ។ មេមាន់​បាន​សម្លឹង​មើល​ទៅ​កូន​មាន់​នោះ ។ មេមាន់​នោះ​បាន​លើក​ស្លាប​វា​ឡើង ហើយ​ភ្លាម​នោះ​កូន​មាន់​បាន​បាត់​ទៅ !

« តើ​វា​បាន​បាត់​ទៅណា ? តើ​កូនមាន់​នោះ​មិនអី​ទេ​មែន​ទេ ? » ក្លារ៉ា បាន​សួរ ។

លោកប៉ា​បាន​ងក់ក្បាល ។ « មើល​ន៏ »

កូនមាន់​បាន​អើតក្បាល​ចេញពី​ក្រោម​រោម​របស់​មេមាន់ ។

« តើ​ហេតុអ្វី​បាន​ជា​មេមាន់​ធ្វើ​ដូច្នេះ ? » ក្លារ៉ា បាន​សួរ ។

លោក​ប៉ា​បាន​និយាយ​ថា « ដើម្បី​ការពារ​កូនមាន់ » ។ « មេមាន់​នឹង​រក្សា​កូនមាន់​ឲ្យ​មាន​សុវត្ថិភាព និង​កក់​ក្តៅ​នៅ​ក្រោម​ស្លាប​របស់​វា » ។

ក្លារ៉ា បាន​ជួយ​លោកប៉ា​ឲ្យ​ដាក់​កូនមាន់​ផ្សេង​ទៀត​ជាមួយ​មេ​ថ្មី​របស់​ពួក​វា ។ មេមាន់​បាន​លើក​ស្លាប​របស់​វា​ឡើង​ដើម្បី​ប្រមូល​កូនមាន់​ទាំងអស់​ឲ្យ​នៅ​ជិត ។

លោក​ប៉ា​បាន​និយាយ​ថា « កូន​ដឹង​ទេ ព្រះយេស៊ូវគ្រីស្ទ​បាន​និយាយ​អំពី​រឿង​នេះ​នៅក្នុង​ព្រះគម្ពីរ » ។

« ពិតមែន​ឬ ? » ក្លារ៉ា បាន​សួរ ។ « តើ​ទ្រង់​មាន​បន្ទូល​ថាម៉េច ? »

« ចាំប៉ា​នឹង​បង្ហាញ​ដល់​កូន » ។

ក្លារ៉ា និង​លោក​ប៉ា​បាន​ចូល​ទៅ​ក្នុង​ផ្ទះ ។ លោក​ប៉ា​យក​ព្រះគម្ពីរ​របស់​គាត់​ចេញមក ។ បន្ទាប់មក​លោកប៉ា​ក៏​ចាប់​ផ្តើម​អាន ។

« ជា​ញឹកញាប់​យ៉ាង​ណា​ទៅ ដែល​យើង​បាន​ប្រមូល​អ្នក​រាល់​គ្នា ដូច​ជា​មេមាន់​ប្រមូល​កូន​របស់​វា​នៅ​ក្រោម​ស្លាប​វា បើ​សិន​ជា​អ្នក​រាល់​គ្នា​ព្រម​ប្រែចិត្ត ហើយ​ត្រឡប់​មក​រក​យើង​ដោយ​អស់​ពី​ដួងចិត្ត » ។*

ក្លារ៉ា បាន​គិត​អំពី​កូន​មាន់​នីមួយ​ៗ​នៅក្រោម​រោម​របស់​មេមាន់ ។ « ដូច្នេះ​ព្រះយេស៊ូវ​ប្រមូល​យើង​ដូច​ជា​មេមាន់​នាំ​កូនមាន់​ចូលទៅ​ក្រោម​ស្លាប​របស់​វា​អ៊ីចឹងឬ ? » ក្លារ៉ា បាន​សួរ ។

លោក​ប៉ា​បាន​ឆ្លើយ​ថា « ត្រឹមត្រូវ​ហើយ » ។ « ទ្រង់​រក្សា​ពួកយើង​ឲ្យ​មាន​សុវត្ថិភាព​ដូចជា​មេមាន់​រក្សា​កូន​មាន់​របស់​វា​ឲ្យ​មាន​សុវត្ថិភាព​អ៊ីចឹង​ដែរ ។ ប៉ុន្តែ​ទ្រង់​ការពារ​យើង​លើសពី​ភាពត្រជាក់​នេះ​ទៅទៀត ។ ទ្រង់​ដឹង​ថា​ពេលណា​យើង​ឈឺចាប់ ឬ​ឈឺថ្កាត់ ឬ​សោកសៅ ។ ទ្រង់​ប្រទាន​ដល់​យើង​នូវ​សេចក្ដី​សុខសាន្ត និង​ការលួងលោម ។ ទ្រង់​មាន​ព្រះទ័យ​ខ្វល់ខ្វាយ​អំពី​យើង » ។

ព្រឹក​ស្អែក​ឡើង ក្លារ៉ា​បាន​ឲ្យ​ចំណី​មេមាន់ និង​កូន​មាន់​ថ្មី​របស់​នាង ។ វា​ធ្វើ​ឲ្យ​នាង​គិត​អំពី​ព្រះគម្ពីរ​ដែល​លោកប៉ា​បាន​អាន ។ នាង​ញញឹម​នៅពេល​នាង​គិត​អំពី​ព្រះយេស៊ូវ ។ នាង​បាន​ដឹង​ថា​ទ្រង់​ស្រឡាញ់​នាង ហើយ​មាន​ព្រះទ័យ​ខ្វល់ខ្វាយ​អំពី​នាង ដូច​ជា​មេមាន់​ដែល​បាន​ថែ​រក្សា​កូនមាន់​អ៊ីចឹងដែរ ។

ដំណើររឿង​ជា PDF

រូបភាព​ដោយ អាសៀ អ៊ីរ៉ាឌី