« ពេលវេលាបន្ថែមជាមួយ ម៉ាក្ស » ទស្សនាវដ្តី ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៤ ទំព័រ ៤២ ។
សំណេរដោយក្មួយៗ
ពេលវេលាបន្ថែមជាមួយ ម៉ាក្ស
នៅពេលខ្ញុំទៅបោះជំរំនៅតាមឆ្នេរសមុទ្រជាមួយគ្រួសាររបស់ខ្ញុំ មិត្តភក្តិពីរបីនាក់ និងឆ្កែរបស់ខ្ញុំ ម៉ាក្ស ។ យើងហែលទឹក ហើយលេងពេញមួយថ្ងៃ ។ បន្ទាប់មក យើងបានទៅមើលកាំជ្រួចពេលមេឃងងឹត ។ យើងទាំងអស់គ្នាមានពេលវេលាដ៏អស្ចារ្យ ។
នៅពេលគេបាញ់កាំជ្រួចចប់ ខ្ញុំបានរកមើល ម៉ាក្ស ។ ប៉ុន្តែម៉ាក្សបានបាត់ហើយ ! ខ្ញុំបានតក់ស្លុត ហើយស្រែកថា ម៉ាក្ស បានបាត់ ។ ខ្ញុំបានហូរទឹកភ្នែកលើថ្ពាល់ យើងបានដើររកម៉ាក្សនៅក្នុងព្រៃ ។ ខ្ញុំមានអារម្មណ៍ថាសំឡេងតូចមួយប្រាប់ខ្ញុំឲ្យអធិស្ឋាន ដូច្នេះខ្ញុំក៏បានអធិស្ឋាន ។ ប៉ុន្តែរូបកាយខ្ញុំទាំងមូលមានអារម្មណ៍ថាទន់ដូចជាមី ហើយខ្ញុំភ័យខ្លាចជំនួស ម៉ាក្ស ។
យើងមិនបានរកឃើញម៉ាក្សទេ ដូច្នេះយើងបានដើរត្រឡប់ទៅតង់របស់យើងវិញ ។ ខ្ញុំបានបន្តអធិស្ឋាននៅក្នុងគំនិតរបស់ខ្ញុំ ប៉ុន្តែខ្ញុំបានចាប់ផ្ដើមបាត់បង់សេចក្ដីសង្ឃឹម ។ ខ្ញុំយំរហូតទាល់តែដេកលក់ ។
ពីរបីម៉ោងក្រោយមក ឪពុកម្ដាយរបស់ខ្ញុំបានមកដាស់ខ្ញុំឲ្យភ្ញាក់ ។ ម៉ាក្ស កំពុងអង្គុយក្បែរខ្ញុំ ! ឪពុកម្តាយរបស់ខ្ញុំបានឮសំឡេងប្រឡៅករបស់ ម៉ាក្ស នៅខាងក្រៅតង់របស់យើង ។ ខ្ញុំបានឱបវាយ៉ាងណែន ហើយបានអរព្រះគុណដល់ព្រះដោយស្ងៀមស្ងាត់ ចំពោះការឆ្លើយតបការអធិស្ឋានរបស់ខ្ញុំ ។
បីឆ្នាំក្រោយមក ម៉ាក្ស ឈឺខ្នងហើយវាមានការឈឺចាប់ជាខ្លាំង ។ វាមិនអាចព្យាបាលបានទេ ដូច្នេះយើងត្រូវនិយាយលាវា ។ ព្រះវរបិតាសួគ៌បានលួងលោមខ្ញុំ ហើយបានប្រទានសេចក្ដីសុខសាន្តដល់ខ្ញុំ ។ ព្រះវិញ្ញាណបរិសុទ្ធបានរំឭកខ្ញុំថា យើងស្ទើរតែបាត់បង់ ម៉ាក្ស កាលពី ៣ ឆ្នាំមុន ប៉ុន្តែព្រះបានជួយយើងឲ្យរកវាឃើញ ។ ខ្ញុំមានអំណរគុណដែលទ្រង់បានផ្តល់ពេលវេលាបន្ថែមទៀតដល់យើង ដើម្បីស្រឡាញ់ម៉ាក្ស ។
ខ្ញុំដឹងថាព្រះឆ្លើយតបការអធិស្ឋានទាំងឡាយ ហើយផ្ដល់នូវការលួងលោមនៅក្នុងការសាកល្បងនានា ។ ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគឺសម្រាប់មនុស្សគ្រប់គ្នា ។ ខ្ញុំមានអំណរគុណយ៉ាងខ្លាំងចំពោះអ្វីដែលព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌បានធ្វើសម្រាប់គ្រួសាររបស់ខ្ញុំ និងខ្ញុំ ។