« ការជជែកជាមួយនឹង វិល អំពីការជួយដល់ជនភៀសខ្លួន » ទស្សនាវដ្តី ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៤ ទំព័រ ៤០–៤១ ។
ការជជែកជាមួយនឹង វិល អំពីការជួយដល់ជនភៀសខ្លួន
វិល មកពីរដ្ឋ ផែនសីលវេញ៉ា ស.រ.អា. ។ យើងបានសួរគាត់នូវសំណួរមួយចំនួនអំពីគម្រោងមួយ ដែលគាត់បានធ្វើដើម្បីជួយដល់អ្នកដទៃ ។
សូមធ្វើការណែនាំខ្លួនឯង ។
ខ្ញុំមានអាយុ ១១ ឆ្នាំ ។ ខ្ញុំចូលចិត្តលេងកីឡាបាល់ទាត់ និង ឡាកូស ដុតនំខូឃីស៍ ហែលទឹក ជិះស្គី និងជិះស្គីស្បែកជើងរអិលមានកង់ ។ ខ្ញុំក៏លេងព្យាណូ និងវីយ៉ូឡុងផងដែរ ។ ពណ៌ដែលខ្ញុំចូលចិត្តគឺពណ៌ខៀវចាស់ ហើយអាហារដែលខ្ញុំចូលចិត្តជាងគេ គឺស៊ុត ( ក្រឡុក ចៀន ស្ងោរ–ខ្ញុំចូលចិត្តទាំងអស់ ! ) ។ នៅពេលខ្ញុំធំឡើង ខ្ញុំចង់ធ្វើជាវេជ្ជបណ្ឌិតដូចជាប៉ារបស់ខ្ញុំដែរ ។
តើអ្វីបានធ្វើឲ្យប្អូនមានគំនិតដើម្បីជួយគេ ?
ខ្ញុំបានឮថាក្រុមគ្រួសារជាច្រើនមកពីប្រទេសមួយផ្សេងទៀត កំពុងរត់គេចខ្លួនដើម្បីសុវត្ថិភាពរបស់ពួកគេ ។ ពួកគេមួយចំនួនបានផ្លាស់ប្តូរទៅតំបន់មួយ ដែលនៅជិតនោះ ។ ភ្លាមនោះខ្ញុំបានគិត « តើខ្ញុំអាចជួយពួកគេបានយ៉ាងដូចម្ដេច ? »
ខ្ញុំបានពោលពាក្យអធិស្ឋានមួយដើម្បីដឹងអំពីរបៀបដែលខ្ញុំអាចជួយបាន ។ បន្ទាប់មកម្តាយរបស់ខ្ញុំបានទទួលអ៊ីម៉ែលមកពីសមាគមសង្គ្រោះស្តេក ។ ពួកគេបានស្នើឲ្យមនុស្សបរិច្ចាគវត្ថុនានា ដើម្បីផ្តល់ជូនដល់ក្រុមគ្រួសារជនភៀសខ្លួន ។ ខ្ញុំដឹងថាការអធិស្ឋានរបស់ខ្ញុំត្រូវបានឆ្លើយតប !
តើប្អូនជួយដោយរបៀបណា ?
ខ្ញុំចូលចិត្តដុតនំ ( ជំនាញពិសេសរបស់ខ្ញុំគឺនំខូឃីស៍ ) ដូច្នេះខ្ញុំបានសម្រេចចិត្តលក់នំខូឃីស៍ដើម្បីរកប្រាក់សម្រាប់គ្រួសារទាំងនេះ ។ ខ្ញុំបានធ្វើក្រដាសប្រកាស ហើយជិះស្បែកស្គីដែលមានកង់របស់ខ្ញុំទៅជុំវិញតំបន់ជិតខាងដើម្បីយកនំទាំងនោះទៅឲ្យពួកគេ ។ ឆ្កែរបស់ខ្ញុំ កូកូ ក៏មកដែរ ។
អ្នកជិតខាងរបស់ខ្ញុំជាច្រើនមានចិត្តរំភើប ក្នុងការទិញនំខូឃីស៍របស់ខ្ញុំ ។ ចំពោះប្រាក់ដែលខ្ញុំរកបាន ខ្ញុំបានទិញឆ្នាំង និងខ្ទះដើម្បីបរិច្ចាគ ។
តើប្អូនមានអារម្មណ៍យ៉ាងណាដែរ ?
ខ្ញុំមានអារម្មណ៍ល្អដោយដឹងថាក្រុមគ្រួសារទាំងនេះនឹងអាចធ្វើម្ហូបដោយប្រើឆ្នាំង និងខ្ទះទាំងនេះ ។ ខ្ញុំគ្រាន់តែចង់ស្រមៃថាអាហារដែលធ្វើនៅផ្ទះដោយងាយស្រួលនឹងមានរសជាតិឆ្ងាញ់យ៉ាងណា នៅពេលដែលអ្នករស់នៅក្នុងប្រទេសថ្មីមួយ ។
ខ្ញុំបានរៀននៅក្នុងអង្គការបឋមសិក្សាថា « កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ( ម៉ូសាយ ២:១៧ ) ។ ខ្ញុំមានអារម្មណ៍ថា ព្រះវរបិតាសួគ៌ស្រឡាញ់ខ្ញុំ និងប្រជាជនដែលផ្លាស់មកក្នុងតំបន់របស់ខ្ញុំ ។
តើប្អូនមានដំបូន្មានអ្វីខ្លះដល់អ្នកដទៃដែលចង់ជួយដែរទេ ?
ស្វែងរកវិធីដើម្បីបម្រើនៅក្នុងវួដ ឬស្តេករបស់អ្នក ។ អ្នកក៏អាចជួយដល់អង្គការផ្តល់ទីជម្រកនៅក្នុងតំបន់របស់អ្នកបានផងដែរ។ មានវិធីជាច្រើនដើម្បីជួយគ្រប់កន្លែងទាំងអស់ !