« ទ្រព្យសម្បត្តិច្រើនណាស់ » ដើម្បីកម្លាំងនៃយុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។
សម័យប្រជុំព្រឹកថ្ងៃសៅរ៍
ទ្រព្យសម្បត្តិច្រើនណាស់
ការដកស្រង់
នៅពេលដែលសេចក្តីស្រឡាញ់របស់ព្រះរៀបចំស្ថានភាពសម្រាប់ជីវិតផ្ទាល់ខ្លួនរបស់យើង សម្រាប់ទំនាក់ទំនងរបស់យើងចំពោះគ្នាទៅវិញទៅមក និងជាចុងក្រោយសម្រាប់អារម្មណ៍របស់យើងចំពោះមនុស្សជាតិទាំងអស់ នោះភាពខុសគ្នាកាលពីមុន ការបែងចែកក្រុម និងការបែកបាក់គ្នាក្លែងក្លាយនឹងចាប់ផ្តើមរសាត់បាត់ទៅ ហើយសេចក្តីសុខសាន្តនឹងកើនឡើង ។ …
ប្រាកដណាស់ អ្វីដែលយើងកំពុងនិយាយទីនេះ គឺថ្លែងពីបញ្ញត្តិយ៉ាងសំខាន់ទីមួយដែលបានប្រទានឲ្យគ្រួសារមនុស្សលោក—គឺត្រូវឲ្យស្រឡាញ់ព្រះដោយស្មោះអស់ពីចិត្តទាំងស្រុង ដោយគ្មានចិត្តលាក់លៀម ឬដោះសាឡើយ មានន័យថា អស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំងរបស់យើង ។ សេចក្តីស្រឡាញ់បែបនេះចំពោះព្រះ គឺជា បញ្ញត្តិ យ៉ាងសំខាន់ទីមួយនៅក្នុងសាកលលោកនេះ ។ ប៉ុន្តែ សេចក្ដីពិត ដ៏ធំទីមួយនៅក្នុងសាកលលោកនេះគឺ ព្រះស្រឡាញ់យើង យ៉ាងពិត ប្រាកដ—អស់ពីព្រះទ័យ ដោយមិនលាក់លៀម ឬដោះសាឡើយ ទ្រង់ស្រឡាញ់ដោយអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង របស់ទ្រង់ ។ ហើយនៅពេលដែលកម្លាំងដ៏មហិមាទាំងនោះចេញពីព្រះទ័យរបស់ទ្រង់ និងបេះដូងរបស់យើង វេញចូលគ្នាជាធ្លុងមួយ នោះនឹងមាននូវអំណាចខាងព្រះវិញ្ញាណ និងសីលធម៌យ៉ាងពិតប្រាកដ ។ …
តាមរយៈការណ៍នេះ ហើយមានតែតាមរយៈការណ៍នេះប៉ុណ្ណោះ ដែលយើងអាចរក្សានូវបញ្ញត្តិយ៉ាងសំខាន់ទីពីរនេះបានយ៉ាងមានប្រសិទ្ធភាពនៅក្នុងរបៀបមួយ ដែលមិនស្ទាក់ស្ទើរ ឬទុកថាមិនសំខាន់ឡើយ ។ ប្រសិនបើយើងស្រឡាញ់ព្រះគ្រប់គ្រាន់ ហើយព្យាយាមមានសេចក្តីស្មោះត្រង់ទាំងស្រុងលើទ្រង់ នោះទ្រង់នឹងប្រទានដល់យើងនូវសមត្ថភាព លទ្ធភាព ឆន្ទៈ និងរបៀបដើម្បីស្រឡាញ់អ្នកជិតខាង និងខ្លួនយើង ។ ប្រហែលពេលនោះយើងអាចនិយាយជាថ្មីម្តងទៀតថា « ពិតជាគ្មានប្រជាជនណា ដែលរីករាយសប្បាយជាងប្រជាជនដែលបានត្រូវបង្កើតដោយព្រះហស្តនៃព្រះឡើយ » [ នីហ្វៃទី៤ ១:១៦ ] ។