« ខ្ញុំអធិស្ឋានថាទ្រង់នឹងប្រើប្រាស់យើង » ដើម្បីកម្លាំងនៃយុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។
សម័យប្រជុំរសៀលថ្ងៃសៅរ៍
ខ្ញុំអធិស្ឋានថាទ្រង់នឹងប្រើប្រាស់យើង
ការដកស្រង់
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ស្ថិតនៅក្រោមបទបញ្ជាដ៏ទេវភាពដើម្បីមើលថែជនក្រីក្រ ។ វាគឺជាសរសរបង្គោលមួយនៃកិច្ចការនៃសេចក្តីសង្គ្រោះ និងភាពតម្កើងឡើង ។ …
សាសនាចក្រឆ្លើយតបចំពោះបទបញ្ជាដ៏ទេវភាពនេះតាមរបៀបផ្សេងៗគ្នាជាច្រើន រួមមាន ៖
-
ការងារបម្រើដែលយើងធ្វើតាមរយៈសមាគមសង្គ្រោះ កូរ៉ុមបព្វជិតភាព និងថ្នាក់ទាំងឡាយ ។
-
ការតមអាហារ និងការប្រើប្រាស់ដង្វាយតមអាហារ ។
-
កសិដ្ឋាន និងរោងចក្រធ្វើម្ហូបកំប៉ុងសម្រាប់សុខុមាលភាព ។
-
មជ្ឈមណ្ឌលស្វាគមន៍សម្រាប់ជនអន្តោប្រវេសន៍ ។
-
កម្មវិធីគាំទ្រដល់ទណ្ឌិត ។
-
កិច្ចខិតខំខាងមនុស្សធម៌របស់សាសនាចក្រ ។
-
និងកម្មវិធី JustServe ដែលមានសម្រាប់ផ្គូផ្គងអ្នកស្ម័គ្រចិត្តទៅនឹងឱកាសបម្រើនានា ។
… ខណៈដែលគម្រោងទាក់ទងទៅនឹងកូវីដ-១៩ ដែលមានចំនួនជាង ១៥០០ គម្រោង ផ្ដោតខ្លាំងបំផុតដល់ការជួយសង្គ្រោះរបស់សាសនាចក្រនៅក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ នោះសាសនាចក្រក៏បានឆ្លើយតបទៅនឹងគ្រោះធម្មជាតិចំនួន ៩៣៣ និងវិបត្តិជនភៀសខ្លួនក្នុង ១០៨ ប្រទេសផងដែរ ។ …
និយាយដល់កិច្ចខិតខំខាងមនុស្សធម៌របស់សាសនាចក្រ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ធ្លាប់បានថ្លែងថា « ការអធិស្ឋានត្រូវបានឆ្លើយតប … ភាគច្រើនបំផុត … ដោយព្រះប្រើប្រាស់មនុស្សផ្សេងទៀត ។ មែនហើយ ខ្ញុំអធិស្ឋានថាទ្រង់នឹងប្រើប្រាស់យើង » [ « Neonatal Resuscitation with Elder Holland » ( វីដេអូ ) សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១១ នៅលើគេហទំព័រ youtube.com ] ។ …
បងប្អូនប្រុសស្រី តាមរយៈការងារបម្រើ ដង្វាយ ពេលវេលា និងសេចក្ដីស្រឡាញ់របស់បងប្អូន បងប្អូនគឺជាចម្លើយដល់ការអធិស្ឋានជាច្រើន ។ ប៉ុន្តែនៅតែមានកិច្ចការជាច្រើនដែលត្រូវធ្វើបន្តទៅទៀត ។ ក្នុងនាមជាសមាជិកដែលបានជ្រមុជទឹករួចហើយនៃសាសនាចក្រ យើងស្ថិតនៅក្រោមសេចក្ដីសញ្ញាដើម្បីមើលថែអ្នកដែលត្រូវការជំនួយ ។ កិច្ចខិតខំនីមួយៗរបស់យើង ពុំចាំបាច់តែមានប្រាក់ ឬក៏នៅទីតាំងដ៏ឆ្ងាយនោះទេ តែវាពិតជាតម្រូវឲ្យមានការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ និងដួងចិត្តដែលមានឆន្ទៈដើម្បីទូលទៅកាន់ព្រះអម្ចាស់ថា « ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ » [ អេសាយ ៦:៨ ] ។