« របៀប ៤ យ៉ាងដែលព្រះយេស៊ូវគ្រីស្ទពង្រឹង ប្អូន » ដើម្បីកម្លាំងនៃយុវជន ខែ មករា ឆ្នាំ ២០២៣ ។
របៀប ៤ យ៉ាង ដែលព្រះយេស៊ូវគ្រីស្ទពង្រឹង ប្អូន
ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារ ព្រះគ្រីស្ទ ។
ភីលីព ៤:១៣
នៅលើពិភពលោកនេះ ពួកគ្រីស្ទានមានអំណរចំពោះខគម្ពីរនេះ ៖ « ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំ » ( ភីលីព ៤:១៣ ) ។
នៅពេលមនុស្សបានឮបែបនេះ ពួកគេមួយចំនួនប្រហែលជាគិតថា វាមានន័យថាពួកគេអាចឆ្លងផុតការសាកល្បងណាមួយ ឈ្នះការប្រកួតណាមួយ ហើយបំណងប្រាថ្នាទាំងអស់នឹងក្លាយជាការពិត ។ ប៉ុន្តែវាមិនមែនជាអ្វីដែលខគម្ពីរនេះបានបង្រៀននោះទេ ។
វាត្រូវបានសរសេរដោយសាវកប៉ុលខណៈពេលដែលលោកនៅក្នុងគុក ។ ក្នុងនាមជាអ្នកទោសម្នាក់ មានរឿងជាច្រើនដែលប៉ុល មិន អាចធ្វើបាន ប៉ុន្តែគាត់បានដឹងថា ព្រះយេស៊ូវគ្រីស្ទអាចពង្រឹងគាត់ឲ្យធ្វើអ្វីដែលសំខាន់បំផុត ។
វាក៏ដូចគ្នាដែរសម្រាប់ប្អូន !
១ ព្រះគ្រីស្ទពង្រឹងប្អូនឲ្យ ដឹង
ព្រះយេស៊ូវគ្រីស្ទបានប្រទានដល់ប្អូននូវវិធីដ៏សំខាន់ៗមួយចំនួនដែលប្អូនអាចដឹងពីអ្វីដែលពិត ។ ទ្រង់បានបង្រៀនយើងទាំងអស់គ្នាឲ្យអធិស្ឋានជានិច្ច( សូមមើល នីហ្វៃទី ៣ ១៨:១៨ ) ហើយសួរដើម្បីដឹងថាអ្វីជាការពិត ( សូមមើល មរ៉ូណៃ ១០:៤–៥ ) ។ ប្អូនក៏អាចស្វែងយល់ និងដឹងអ្វីដែលជាការពិតតាមរយៈការសិក្សាព្រះគម្ពីរនានារបស់ប្អូនផងដែរ ។
ការអធិស្ឋាន និងសិក្សាព្រះគម្ពីរនាំមកនូវព្រះវិញ្ញាណចូលក្នុងជីវិតរបស់ប្អូន ។ ព្រះវិញ្ញាណអាចមានបន្ទូលទៅកាន់ « គំនិតរបស់អ្នក និង …ចិត្តរបស់អ្នក » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៨:២ ) « បំពេញព្រលឹងរបស់អ្នកដោយសេចក្ដីអំណរ » និង « បំភ្លឺគំនិតរបស់អ្នក » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១១:១៣ ) ។
តាមរបៀបទាំងនេះ ប្អូនអាច « ស្តាប់ទ្រង់ »—ស្តាប់នូវព្រះបន្ទូលទាំងឡាយរបស់ព្រះអង្គសង្គ្រោះ និងធ្វើតាមអ្វីដែលទ្រង់បានមានបន្ទូល ។ ប្រធាន រ័សុល អិម ណិលសុនបានបង្រៀនថា នេះគឺជា « លំនាំសម្រាប់ជោគជ័យ សុភមង្គល និងអំណរនៅក្នុងជីវិតនេះ » ។១
២ ព្រះគ្រីស្ទពង្រឹងប្អូនឲ្យ ធ្វើ
កម្លាំងមានដល់ប្អូនពេលប្អូនខិតខំរក្សាបទបញ្ញត្តិ និងធ្វើការជ្រើសរើសត្រឹមត្រូវដែលនាំទៅរកភាពសុខសាន្ត និងសុភមង្គល ។ ព្រះយេស៊ូវ គ្រីស្ទពង្រឹងប្អូនឲ្យធ្វើបែបនេះ ទោះបីជាជម្រើសទាំងនោះពិបាកធ្វើក៏ដោយ ។ ពេលខ្លះប្អូនអាចជ្រើសរើសនូវជម្រើសដែលមិនល្អ ។ សំណាងណាស់ ដែលដង្វាយធួនរបស់ទ្រង់ធ្វើឲ្យមាននូវការប្រែចិត្ត ។ ដោយសារព្រះយេស៊ូវគ្រីស្ទ ប្អូនអាចបានជ្រះស្អាត និងរកឃើញនូវភាពរីករាយ ។ ទ្រង់អាចពង្រឹងប្អូនឲ្យ « ធ្វើ ល្អជាង និង ធ្វើ ជាមនុស្សប្រសើរជាង”២ រៀងរាល់ថ្ងៃ ។
៣ ព្រះគ្រីស្ទពង្រឹងប្អូនឲ្យ យកឈ្នះ
កាលពីពេលនៅក្នុងគុក ប៉ុលបានសរសេរ ៖ « ខ្ញុំបានរៀនឲ្យមានសេចក្តីសន្តោសក្នុងសណ្ឋានគ្រប់យ៉ាង ។
ខ្ញុំធ្លាប់ទ្រាំឲ្យមានសេចក្តីចង្អៀតចង្អល់ ហើយក៏ធ្លាប់មានសេចក្តីរីករាយដែរ ៖ក្នុងសារពើទាំងអស់ហើយ » ( ភីលីព ៤:១១–១២ ) ។
ឬនិយាយម្យ៉ាងទៀតថា ប៉ុលបានរៀនថា តាមរយៈព្រះគ្រីស្ទ លោកអាចយកឈ្នះ និងរៀនពីការសាកល្បង និងបញ្ហាប្រឈមមុខទាំងឡាយរបស់លោកបាន ។ ព្រះយេស៊ូវគ្រីស្ទអាចពង្រឹងប្អូនឲ្យធ្វើដូចគ្នានេះដែរ ។
ព្រះអង្គសង្គ្រោះបានរង « ការឈឺចាប់ និងទុក្ខវេទនា និង ការល្បួងគ្រប់បែបយ៉ាង » ។ ទ្រង់លើកដាក់លើខ្លួនរបស់ព្រះអង្គនូវជំងឺឈឺចាប់ទាំងឡាយរបស់យើង ដើម្បី « ទ្រង់អាចដឹង … តើត្រូវជួយ [ វិធីដើម្បីជួយ ] រាស្ត្រទ្រង់បែបណាតាមជំងឺរបស់គេ » ( អាលម៉ា ៧:១១–១២ ) ។ មិនថាប្អូនប្រឈមមុខនឹងអ្វីនោះទេ ព្រះយេស៊ូវគ្រីស្ទអាចពង្រឹងប្អូនឲ្យស៊ូទ្រាំ និងសម្រេចកិច្ចការដែលប្អូនមិនអាចធ្វើដោយខ្លួនឯងបាន ។
៤ ព្រះគ្រីស្ទពង្រឹងប្អូនឲ្យ ក្លាយទៅជា
ព្រះយេស៊ូវគ្រីស្ទបានធ្វើឲ្យការរស់ឡើងវិញក្លាយជាការពិតសម្រាប់យើងទាំងអស់គ្នា ហើយទ្រង់បានធ្វើឲ្យមានជីវិតអស់កល្បជានិច្ចចំពោះអស់អ្នកដែលប្រែចិត្ត ទទួលពិធីបរិសុទ្ធដែលចាំបាច់ ហើយធ្វើ និងរក្សាសេចក្ដីសញ្ញាដែលទាក់ទងជាមួយនឹងពិធីបរិសុទ្ធទាំងនោះ ។ បើគ្មាន ព្រះគ្រីស្ទ នោះយើងមិនអាចបំពេញនូវអ្វីដែលព្រះវរបិតាសួគ៌ចង់បានបំផុត—សម្រាប់យើងដើម្បីប្រែក្លាយឲ្យកាន់តែដូចទ្រង់ និងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ និងដើម្បីគង់នៅជាមួយទ្រង់ទាំងទ្វេអស់កល្បជានិច្ចនោះទេ ។
ប្អូនអាចប្រែក្លាយកាន់តែដូចព្រះយេស៊ូវគ្រីស្ទ ពេលប្អូនរៀនពីទ្រង់ ពឹងផ្អែក និងទុកចិត្តលើទ្រង់ ហើយធ្វើតាមគំរូរបស់ទ្រង់ ។ ការណ៏នេះនឹងដឹកនាំប្អូនឲ្យរស់នៅដោយមានសេចក្តីជំនឿ សេចក្តីសង្ឃឹម សេចក្តីសប្បុរស ភាពអត់ធ្មត់ ការបន្ទាបខ្លួន ភាពបរិសុទ្ធ និងការស្តាប់បង្គាប់កាន់តែច្រើនឡើង ។ ទាំងអស់នេះគឺជាគុណលក្ខណៈរបស់ព្រះអង្គសង្រ្គោះ ។
នៅពេលប្អូនព្យាយាមខិតខំដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទ ទ្រង់នឹងធ្វើជាក្តីសង្ឃឹមរបស់ប្អូន និងជាពន្លឺរបស់ប្អូន ដែលនឹងដឹកនាំប្អូនឲ្យក្លាយជាអ្វីគ្រប់យ៉ាងដែលទ្រង់ដឹងថាប្អូនអាចក្លាយទៅបាន ។ ហើយ ជាមួយសាវកប៉ុល ប្អូននឹងអាចនិយាយបានថា « ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំ » ។