« អំណោយដំណឹងល្អនៅកោះហ្គាំ » ដើម្បីកម្លាំងនៃយុវជន ខែ មករា ឆ្នាំ ២០២៣ ។
អំណោយដំណឹងល្អនៅ កោះហ្គាំ
នៅលើកោះនៃសមុទ្រ ហ្វ្រង់ឆេស្កា ស្វែងរកមិត្តភាព និងការលួងលោមតាមរយៈដំណឹងល្អ ។
ជាមួយឆ្នេរខ្សាច់ ទឹករលកតិចៗ និងរូងភ្នំពីបុរាណ ស្តាប់ទៅកោះហ្គាំហាក់ដូចជាវិស្សមកាលក្នុងសុបិន ប៉ុន្តែវាគឺជាថ្ងៃធម្មតាសម្រាប់ជីវិតរបស់ហ្វ្រង់ឆេស្កា ដែលមានអាយុ ១៥ ឆ្នាំ ! នាងចូលចិត្តឆ្នេរសមុទ្រដ៏ស្រស់ស្អាត ។ « សប្បាយណាស់ក្នុងការចេញទៅក្រៅ ហើយគយគន់ធម្មជាតិ » ។
បានកើត ហើយធំឡើងនៅលើកោះហ្គាំ នាងចូលចិត្តធ្វើអ្វីៗនៅខាងក្រៅ ។ នាងនិយាយថា « ខ្ញុំជាមនុស្សចូលចិត្តចេញក្រៅ ដូច្នោះខ្ញុំពិតជាមិនចូលចិត្តនៅខាងក្នុងផ្ទះនោះទេ » ។ នាងចូលចិត្តជិះទូកលេងនៅលើសមុទ្រ ជ្រមុជទឹកមើលមច្ឆា និងដើរលេងតាមព្រៃភ្នំជាមួយឪពុកម្តាយ និងបងប្អូនស្រីពីរនាក់ទៀត ។ ជាពិសេសពួកគេចូលចិត្តដើរលេងតាមព្រៃភ្នំនៅកន្លែងដែលមានរូងភ្នំពីបុរាណ ។
នាងនិយាយថា « ខ្ញុំមានអារម្មណ៍ស្និទ្ធស្នាលជាមួយនឹងបងប្អូនស្រីរបស់ខ្ញុំណាស់ ។ ពួកគេគឺជាមិត្តសម្លាញ់របស់ខ្ញុំ » ។ បងស្រីរបស់នាងកំពុងរៀននៅរដ្ឋហាវៃ ។ ហ្វ្រង់ឆេស្កា ពន្យល់ថា « ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាកត្តាដ៏ធំមួយនៅក្នុងការជួយយើងទំនាក់ទំនងគ្នា » ។ នាងចូលចិត្តនៅជិត និងមានទំនាក់ទំនងគ្នា ។
ជាគំរូដល់មនុស្សដទៃ
ហ្វ្រង់ឆេស្កាគឺជាសិស្សឆ្នាំទីពីរនៅឯសាសាកាតូលិកក្មេងស្រីមួយ នាងជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយតែម្នាក់គត់នៅទីនោះ ។ ក្នុងនាមជាសមាជិកសាសនាចក្រតែម្នាក់ឯងនៅក្នុងសាលារបស់នាង គឺគួរឲ្យភ័យខ្លាចបន្តិចពេលដំបូង ប៉ុន្តែនាងស៊ាំទៅហើយក្នុងការត្រូវបានអ្នកដទៃមើលឃើញនាងខុសពីគេ ។ បន្ថែមទៀត អ្នកផ្សេងទៀតដែលនៅជុំវិញនាងគិតថា វាឡូយម៉្យាងដែរ ដែលនាងជាផ្នែកមួយនៃសាសនាផ្សេង ។
ឧទាហរណ៍ ថ្ងៃមួយមិត្តភក្តិរបស់នាងផឹកកាហ្វេនៅពេលអាហារថ្ងៃត្រង់ ហើយ ហ្វ្រង់ឆេស្កា អាចពន្យល់ពីពាក្យសម្ដីនៃប្រាជ្ញាវាងវៃទៅដល់ពួកគេ ។
ហ្វ្រង់ឆេស្កា ក៏ជ្រើសរើសមិនជេរ បើទោះបីជាអ្នកផ្សេងទៀតនៅសាលាជេរក៏ដោយ ។ នាងនិយាយថា « កាលពីមុនខ្ញុំត្រូវបានល្បួងប៉ុន្មានដងដែរ ប៉ុន្តែមានអ្វីមួយដែលទប់ខ្ញុំឲ្យរឹងមាំ នោះគឺជាទំនាក់ទំនងផ្ទាល់រវាងខ្ញុំនឹងព្រះវរបិតាសួគ៌តាមរយៈការអធិស្ឋាន » ។ នាងបន្ថែមថា « ខ្ញុំមិនគួរធ្វើរឿងទាំងអស់នោះទេ ពីព្រោះវាខុស ហើយពីព្រោះខ្ញុំស្រឡាញ់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ » ។
ស្វែងរកមិត្តភក្តិ
ពេលខ្លះវាអាចមានអារម្មណ៏ឯកោ ដែលជាសមាជិកនៃសាសនាចក្រតែម្នាក់ឯងនៅក្នុងសាលារបស់នាង ។ នៅពេលនាងជាសិស្សឆ្នាំទីមួយ ហ្វ្រង់ឆេស្កា មានអារម្មណ៏ឯកោមែនទែនក្នុងអំឡុងពេលមានជំងឺរាតត្បាត ហើយមិនមានមិត្តភក្ដិច្រើននោះទេ ។ នាងមានការភ័យខ្លាចក្នុងការនិយាយជាមួយឪពុកម្តាយរបស់នាងអំពីរឿងនេះ ប៉ុន្តែពេលនាងអធិស្ឋាន នាងមានអារម្មណ៍ថា ត្រូវប្រាប់ពួកលោកពីអារម្មណ៍របស់នាង ។
ជាគ្រួសារមួយ ពួកគេបានសម្រេចចិត្តអធិស្ឋានឲ្យនាងអាចរកមិត្តភក្តិដែលនាងអាចទុកចិត្តបាន ។ ជាអព្ភូតហេតុ ពេលពួកគេបញ្ចប់ការអធិស្ឋាន នោះពួកគេបានឮសំឡេងគោះទ្វាររបស់ពួកគេ ។ នោះគឺជាមិត្តម្នាក់របស់នាងមកពីវួដផ្សេង ហើយនាងបានយកនំខុកឃីមកឲ្យផងដែរ ! ហ្វ្រង់ឆេស្កាបានដឹងថា ព្រះវរបិតាសួគ៌ទ្រង់ស្តាប់ឮនូវការអធិស្ឋានរបស់ពួកគេ ។
ស្តេករបស់ហ្វ្រង់ឆេស្កា រួមមានសមាជិកមកពីកោះហ្គាំ និងកោះជាច្រើនទៀត ។ វួដរបស់នាងមានយុវវ័យមួយក្រុមតូច ប៉ុន្តែវួដរបស់នាងប្រៀបដូចជាគ្រួសារមួយអ៊ីចឹង ។ សមាជិកមានភាពស្និទ្ធស្នាល ហើយការណ៏នេះលើកទឹកចិត្តនាងឲ្យទៅព្រះវិហាររៀងរាល់ថ្ងៃអាទិត្យ ។ ពួកគេគឺជាឥទ្ធិពល និងជាគំរូដ៏ល្អនៅក្នុងជីវិតរបស់នាង ។
ហ្វ្រង់ឆេស្កា បានរកឃើញកម្លាំងនៅក្នុងថ្នាក់សិក្ខាសាលារបស់នាងផងដែរ ។ នាងនិយាយថា « ថ្នាក់សិក្ខាសាលាគឺជាចំណុចដ៏សំខាន់មួយនៃសប្តាហ៍របស់ខ្ញុំ » ។ « នៅពេលខ្ញុំទៅរៀននៅថ្នាក់សិក្ខាសាលា ខ្ញុំមានអារម្មណ៏ថាការព្រួយបារម្ភទាំងឡាយរបស់ខ្ញុំបានបាត់អស់រលីង » ។
នាងចូលចិត្តទៅរៀននៅថ្នាក់សិក្ខាសាលា មិនថាអនឡាញ ឬដោយផ្ទាល់ទេ ហើយនាងមិនដែលអវត្តមាននោះទេលើកលែងតែចាំបាច់ប៉ុណ្ណោះ ។ នាងនិយាយថា សប្តាហ៍របស់នាងកាន់តែប្រសើរជាងមុន ដោយសារនាងជ្រើសរើសចូលរៀនក្នុងថ្នាក់សិក្ខាសាលា ។ ប្រសិនបើនាងមានភាពតានតឹងក្នុងសប្តាហ៍នោះ នាងប្រាកដថាត្រូវទៅថ្នាក់សិក្ខាសាលា ព្រោះនាងមានអារម្មណ៍សុខសាន្តនៅទីនោះ ។
យុវវ័យក៏មានសកម្មភាពនានាប្រហែលពីរទៅបីដងក្នុងមួយខែផងដែរ ។ ហ្វ្រង់ឆេស្កា ថែមទាំងបានរៀបគម្រោងសកម្មភាពមួយក្នុងចំណោមសកម្មភាពទាំងឡាយ—ជារាត្រីលេងល្បែងកម្សាន្តដែលមានក្តារហ្គេមសប្បាយៗជាច្រើន និងល្បែងកម្សាន្តព្រះគម្ពីរ ។ ពួកគេមិនអាចជួបគ្នាបានច្រើនទេក្នុងអំឡុងពេលនៃជំងឺរាតត្បាត ដូច្នេះនៅពេលដែលពួកគេបានជួបគ្នា ពួកគេរីករាយយ៉ាងខ្លាំង ។
ក្រុមយុវនារីថែមទាំងបានបង្កើតវីដេអូចម្រៀងមួយបទដោយខ្លួនពួកគេផ្ទាល់ ជាមួយនឹងបទចម្រៀងយុវវ័យរបស់សាសនាចក្រ « Good Day » ហើយបានចុះផ្សាយវាដើម្បីចែកចាយសេចក្ដីស្រឡាញ់ និងលើកស្ទួយដល់អ្នកដទៃទៀតផងដែរ ។ « ប្រព័ន្ធផ្សព្វផ្សាយសង្គមពិតជាអាចនាំមនុស្សគ្រប់គ្នាឲ្យរួបរួមគ្នាបាន ជាពិសេសនៅពេលដែលយើងមិនអាចឃើញគ្នាទៅវិញទៅមក » ។
ទន្ទឹងរងចាំទៅព្រះវិហារបរិសុទ្ធ
នៅក្នុងសន្និសីទទូទៅខែ តុលា ឆ្នាំ ២០១៨ ព្រះវិហារបរិសុទ្ធ យីហ្គូ កោះហ្គាំត្រូវបានប្រកាស ។ ហ្វ្រង់ឆេស្កា និយាយថា « ក្រុមយុវវ័យមានសេចក្តីរំភើបក្រៃលែង—យើងទាំងអស់គ្នាបានអធិស្ឋានដើម្បីបានវា » ។ ក្រោយមក នាងបានមើលការសាងសង់យ៉ាងអន្ទះសា និងរងចាំនូវព្រះវិហារបរិសុទ្ធផ្ទាល់របស់នាង ដែលនឹងត្រូវសាងសង់ហើយនៅក្នុង ខែ ឧសភា ឆ្នាំ ២០២២ ។
កាលពីមុន ពួកគេតែងតែធ្វើដំណើរទៅប្រទេសហ្វីលីពីនដើម្បីទៅព្រះវិហារបរិសុទ្ធ ។ ដើម្បីចំណាយលើការធ្វើដំណើរ ពួកគេបានសន្សំប្រាក់ដោយការលក់នំ និងលាងរថយន្ត ។ ដោយសារវាជាការធ្វើដំណើរដ៏ធំមួយ នោះពួកគេគ្រោងទៅលេងប្រហែលមួយសប្តាហ៍ ។ ហ្វ្រង់ឆេស្កា រំភើបចិត្តដែលអាចទៅព្រះវិហារបរិសុទ្ធបានកាន់តែញឹកញាប់ ហើយទទួលពរជ័យដែលបានមកពីធ្វើពិធីបុណ្យជ្រមុជទឹកឲ្យបុព្វការីជនរបស់នាង ។
ការលួងលោមតាមរយៈការអធិស្ឋាន
ហ្វ្រង់ឆេស្កា និយាយថា នាងព្រួយច្រើន ប៉ុន្តែការអធិស្ឋានបានជួយដល់នាង ។ « ការអធិស្ឋានគឺពិតជាមានអំណាចយ៉ាងខ្លាំង ។ ដោយគ្រាន់តែទូលទៅកាន់ព្រះវរបិតាសួគ៌ពិតជាសម្រាលទុក្ខដល់ខ្ញុំ ។ ទ្រង់ព្រះសណ្ដាប់ ហើយអាចជួយខ្ញុំបាន » ។
នាងនិយាយថា « នៅពេលខ្ញុំអធិស្ឋាន ចម្លើយមិនតែងតែមករកខ្ញុំភ្លាមៗទេ » ។ « វាដូចជាអារម្មណ៏នៃការណែនាំដែលជួយដល់ខ្ញុំ ជាអារម្មណ៍នៃវត្តមានរបស់ទ្រង់ និងសេចក្តីស្រឡាញ់របស់ទ្រង់ ។ វាលួងលោមខ្ញុំ និងធ្វើឲ្យខ្ញុំមានអារម្មណ៏ប្រសើរជាងមុន » ។
ដំបូន្មានរបស់នាងទៅកាន់យុវវ័យផ្សេងទៀតនោះគឺ ៖ « ចូរអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ ។ និយាយទៅកាន់ទ្រង់ ។ វាពិតជាជួយច្រើនណាស់ » ។
នាងនិយាយថា ម្ដាយរបស់នាងក៏មានការព្រួយបារម្ភដែរ ប៉ុន្តែក៏ជាអ្នកគាំទ្រដ៏ធំផងដែរ ។ « ម្តាយរបស់ខ្ញុំគឺជាពរជ័យមកពីព្រះវរបិតាសួគ៌ ហើយគាត់បានណែនាំខ្ញុំជាច្រើន » ។
នាងនិយាយថា « គ្រួសារគឺជាពរជ័យដ៏ធំមួយ » ។ « ប្រសិនបើអ្នកកំពុងជួបបញ្ហាអ្វីមួយ ខ្ញុំគិតថាការនិយាយដោយបើកចំហរទៅកាន់គ្រួសារ និងមិត្តភក្តិគឺជារឿងសំខាន់ណាស់ » ។
ហ្វ្រង់ឆេស្កា ចង់ឲ្យមនុស្សម្នាក់ៗឃើញពរជ័យប្រចាំថ្ងៃរបស់ព្រះអម្ចាស់ ។ « ពរជ័យប្រចាំថ្ងៃអាចជារឿងដែលសាមញ្ញៗណាស់ ។ ការទៅសាលារៀន គឺជាពរជ័យដ៏ធំមួយ ។ មានអព្ភូតហេតុដ៏អស្ចារ្យជាច្រើន ប្រសិនបើយើងចំណាយពេលដើម្បីកត់សម្គាល់អព្ភូតហេតុទាំងនោះ ។ ខ្ញុំពិតជាមានអំណរក្រៃលែងដែលមានដំណឹងល្អនៅក្នុងជីវិតខ្ញុំ » ។